ប្រវត្តិភូមិកោះប្រាក់ជាស្រុកកំណើតខ្ញុំ

ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

តាមដំណើររឿងនិយាយតៗគ្នាមកអំពីប្រវតិ្តភូមិកោះប្រាក់ កាលដើមឡើយមានគ្រួសារមួយចូលមករស់នៅលើកោះមួយនេះដំបូងបង្អស់គឺគ្រួសារលោកតាប្រាក់។ កោះមួយនេះបានកកើតឡើងប្រហែលជា២០០ឆ្នាំ។ ដំបូងឡើយមិនទាន់មានរូបរាងជាកោះទេ តែដោយសារតែទឹកទន្លេមេគង្គហូរកាត់ជារៀងរាល់ឆ្នាំ ចាប់ពីរដូវទឹកតម្លើងពីខែកក្តដារហូតខែវិច្ឆិការ បាននាំយកដីល្បាប់ជាច្រើនបណ្តាលឲ្យកកស្ទះដុះជាដី លេចចេញជារូបរាងបង្កើតបានជាកោះតូចមួយ។

អំឡុងពេលជាច្រើនឆ្នាំមកទៀត កោះមួយនេះចាប់ផ្តើមរីកធំឡើងៗរហូតបង្កើតបានផ្ទៃដីធំទូលាយរាប់រយហិចតាតែមិនទាន់មានមនុស្សចូលមករស់នៅទេ។ កោះមួយនេះមានផ្ទៃដីសម្បូរទៅដោយដើមរុក្ខជាតិតូចៗ សម្បូរស្មៅនិងមានទឹកលិចជារៀងរាល់ឆ្នាំ។ បន្ទាប់មកទៀតប្រជាជនដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ទីនេះបានចាប់អារម្មណ៍មើលឃើញថា កោះមួយនេះពិតជាមានសារសំខាន់ ពីព្រោះផ្ទៃដីធំនិងមានលក្ខណៈអំណោយផល។ ប្រជាជនមានគំនិតចង់ប្រកបមុខរបរកសិកម្មធ្វើជាស្រែចម្ការនិងងាយស្រួលប្រកបមុខរបរនេសាទត្រី ផងក៏នាំគ្នាចូលសាកល្បងធ្វើស្រែចម្ការមុនដំបូងបង្អស់រួមមាន៖ ប្រជាជនភូមិ​គគីរ, ភូមិដូនសរ, ភូមិក្បាលកោះនិង ភូមិចន្លក់ដែលមានលំនៅដ្ឋានមិនឆ្ងាយពីកោះមួយនេះ។

នៅពេលប្រជាជនចូលមកប្រកបរបរកសិកម្មជាលើកដំបូងដាំដុះគ្រប់មុខ រួមមាន៖ ដំណាំ ពោត, សណ្តែក, ល្ងរ, ត្រឡាច, ត្រសក់, ស្ពៃ,  ល្ពៅ, ខ្ទឹមបារាំង និងថ្នាំជក់(សម្រាប់ធ្វើជាបារី)កញ្ឆា(ជាប្រភេទដូចថ្នាំញៀនដែរ)។ ពេលនោះប្រជាជនមិនទាន់បានសាងសង់ផ្ទះសំបែងសម្រាប់រស់នៅលើកោះនេះភ្លាមទេ ធ្វើត្រឹមកូនខ្ទមតូចៗដើម្បីការពារចម្ការសម្រាកនៅពេលថ្ងៃឬពេលមានភ្លៀងនិងត្រឡប់មកផ្ទះវិញនៅពេលរសៀលថ្ងៃរៀបលិច។

នៅពេលប្រជាជនបានដឹងថាកោះមួយនេះមានលក្ខណៈអំណោយផលក៏នាំគ្នាមកកាប់ឆ្ការព្រៃទៅតាមកម្លាំងរាងៗខ្លួនមិន​ដណ្តើមគ្នាមិនឈ្លោះប្រកែកគ្នា​ គ្មានអាជ្ញាធរណា​មក​​គ្រប់គ្រងនិងបែងចែកដីធ្លីឲ្យ​ទេ។ នៅលើកោះមួយនេះ ប្រជាជនប្រកបមុខរបរធ្វើស្រែចម្ការបានតែក្នុងរដូវទឹកស្រក ប៉ុន្តែពេលរដូវទឹកឡើងចាប់ពីខែកញ្ញារហូតដល់វិចិ្ឆការ «ដាំដំណាំមិនបានទេ» ព្រោះដីសម្រាប់ដាំដំណាំត្រូវទឹកលិច​ទាំងស្រុងនៅសល់តែទីទួលផ្ទះ។ នៅឆ្នាំខ្លះទីទួលផ្ទះក៏ត្រូវទឹកលិចទាំងស្រុងថែមទៀត។ ចាប់ពីខែធ្នូ ទឹកចាប់ផ្តើម​ស្រក​​ទៅ​វិញ​ទើបប្រជាជននាំគ្នាភ្ជួររាស់ដីដាំដំណាំបន្តទៀត ដីនៅលើកកោះមួយនេះសម្បូរដោយជីជាតិដំណាំដាំផ្សេងៗមិនចាំបាច់ប្រើជីដែលមានជាតិគីមីទេ យ៉ាងច្រើនប្រើត្រឹមជីអាចម៌គោ។ នៅពេលប្រជាជនចេះតែនាំគ្នា​មកកាន់​តែ​​ច្រើនឡើងៗហើយកោះមួយនេះចេះតែដុះបន្តពីមួយឆ្នាំទៅមួយឆ្នាំមានផ្ទៃដីរាប់រយហិចតារហូតមានប្រជាជនជាង១០០គ្រួសារចូលមករស់នៅបានកើតចេញជាភូមិតែមិនទាន់មានឈ្មោះនិងពុំមានវត្តអារាមសម្រាប់ធ្វើបុណ្យទានតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ​យើង។

​ប្រជាជនដែល​រស់នៅកោះទាំងអស់បាននាំគ្នាពិភាក្សាឡើង ដើម្បីសាងសង់ជាវត្តមួយមានឈ្មោះថា «វត្តកោះប្រាក់» ហើយបាននាំគ្នា​ដាក់ឈ្មោះកោះនេះថា ភូមិកោះប្រាក់ ដែលទៅឲ្យត្រូវឈ្មោះ វត្តកោះប្រាក់។ ប្រជាជននាំគ្នាហៅភូមិកោះប្រាក់តៗគ្នាជារាងរហូតមកតែម្តងទៅ។ បន្ទាប់មកទៀតបានបង្កើតរដ្ឋបាលភូមិឃុំច្បាស់លាស់នៅពេលប្រទេសបារាំងមកដាក់នឹមអាណានិគមមកលើប្រទេសកម្ពុជានៅទូទាំងប្រទេស។ ភូមិកោះប្រាក់កាលសម័យបារាំងត្រួតត្រាបានបែងចែកភូមិមួយនេះជាពីរឃុំ៖ ប្រជាជនរស់នៅត្រឹមចំណុចវត្តចាប់ពីខាងលិចទៅឋិតនៅក្នុងឃុំភូមិធំ ចំណែកប្រជាជនរស់នៅចាប់ពីខាងកើតវត្តចូលក្នុងឃុំគគីរ (សព្វថ្ងៃឋិតនៅក្នុងឃុំភូមិធំតែមួយ)។

បច្ចុប្បន្ននេះវត្តកោះប្រាក់មានអាយុកាល១៥០ឆ្នាំនិងមានព្រះចៅអធិការចំនួន​៧អង្គ​។ ព្រះចៅអធិការវត្តកោះប្រាក់ មុនដំបូងមានព្រះនាមថាៈ ទី១ ព្រះសពនង, ទី២ ព្រះសពយឹម, ទី៣ ព្រះសពប៉ែន, ទី៤ ព្រះសព​សាំង, ទី៥ ព្រះសពឯក,​ទី៦ ព្រះសពវ៉ន និងទី៧ ព្រះគ្រូកោសលវិជ្ជា យុង កុសល ជាព្រះចៅអធិការវត្តកោះប្រាក់ ព្រះអង្គបានចំណាយពេលវេលាគ្រប់បែបយ៉ាងដើម្បីកសាងវត្តមួយនេះឡើង​និងបានបង្កើតសាលាបាលីមួយចំនួនទៀតមានព្រះសង្ឈមកពីវត្តផ្សេងៗចូលមកសិក្សារៀនសូត្ររាប់រយអង្គ។

ប្រជាជនរស់នៅភូមិកោះប្រាក់ក៏មិនខុសពីភូមិផ្សេងទៀតដែរ ធ្លាប់ឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយ រួមមានកត្តាភូមិសាស្រ្ត, កត្តាសង្គម និងកត្តានយោបាយ។ ការរកស៊ីធ្វើការងារនិងប្រកបមុខរបរកសិកម្មធ្វើស្រែចម្ការទាំងជីវភាពរស់​នៅ​ប្រចាំថ្ងៃ មានការប្រែប្រួលខ្លះៗអាស្រ័យទៅលើកត្តាសង្គមនិងធម្មជាតិ។

លើកលែងតែរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់១៩៧៩ ប្រជាជនរស់នៅភូមិកោះប្រាក់ក៏មិនខុសពីប្រជាជនរស់នៅក្នុងភូមិដ៏ទៃទៀតដែរ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមឡើងកាន់អំណាចបានប្រកាសឲ្យប្រជាជនប្រមូលទ្រព្យឯកជនដាក់ជាសម្បត្តិសមូលហភាព(ដាក់រួម)មិនអនុញ្ញាតឲ្យមានទ្រព្យសម្បត្តិឯកជន។ ខ្មែរក្រហមបានជម្លៀសប្រជាជននៅភូមិកោះប្រាក់ ចេញពីភូមិចំនួនពីរលើក។  ប្រជាជនធ្វើដំណើរចេញពីភូមិដោយថ្មើរជើង ខ្លះមានកង់ ខ្លះមានរទេះ និងមានមធ្យោបាយរាងខ្លួនទៅតាមគ្រួសារនីមួយៗរហូតបានដល់ផ្លូវជាតិលេខ១។ ប្រជាជនបានបោះចោលរបស់របរណាមិនអាចយកទៅតាមខ្លួនបានរួចឡើងជិះរថយន្តតាមបញ្ជាអង្គការរហូតដល់ភ្នំពេញ។ សម្រាកបានមួយយប់បានឡើងជិះរថភ្លើងបន្តទៅភូមិភាគពាយព្យដូចជាខេត្តពោធិ៍សាត់និងខេត្តបាត់ដំបង។  ចំណែកប្រជាជនរស់នៅក្នុងភូមិកោះប្រាក់ដែលមិនបានជម្លៀសទៅឆ្ងាយ ខ្មែរក្រហមចាត់តាំងឲ្យធ្វើការងាររួមហូបបាយរួមនៅតាមសហករណ៍ គ្មានរបបអាហារហូបចុកគ្រប់គ្រាន់។ រីឯការងារធ្ងន់ធ្ងរដូចជាលើកទំនប់, ជីកប្រឡាយ, ដកស្ទូងភ្ជួររាល់ និងគាស់គល់ឈើដោយចប កាំបិតសឹកថាគ្មានពេលសម្រាក។ ជួនកាលប្រជាជនធ្វើការងារនៅពេលយប់ថែមទៀត ដែលជាហេតុធ្វើឲ្យមានជំងឺហេវហត់បាក់កម្លាំងនិងគ្មានថ្នាំសម្រាប់ព្យាបាលជាទូទៅជំងឺអ្វីក៏ដោយមានតែថ្នាំអាចម៌ទន្សាយ។ របបខ្មែរក្រហមឃោឃៅណាស់ ជម្លៀសប្រជាជនចេញពីស្រុកកំណើត បែកបាក់បងប្អូនឪពុកម្តាយ និងកាប់សម្លាប់ប្រជាជនថែមទៀត។

នៅឆ្នាំ១៩៧៩ នៅពេលប្រទេសកម្ពុជារួចផុតពីរបបខ្មែរក្រហមភ្លាម ប្រជាជនរស់នៅភូមិកោះប្រាក់ដែលបានជម្លៀសទៅភូមិភាគពាយព្យភាគតិចបំផុតបានវិលមករស់នៅស្រុកកំណើរវិញ គ្រួសារខ្លះស្លាប់អស់ ខ្លះបានរស់រានមានជីវិតបានមកវិញក៏ចាប់ផ្តើមប្រកបមុខរបរធ្វើស្រែចម្ការឡើងវិញដូចជំនាន់សង្គមរាស្រ្តនិយម និងមានកូនចៅមួយចំនួនបន្តរៀនសូត្របានខ្ពង់ខ្ពស់ក្លាយជាមន្រ្តីរាជការ ខ្លះបានធ្វើការងារនៅស្ថាប័នអង្គការសង្គមស៊ីវិលនិងការងារក្រុមហ៊ុននានា ។

នៅអំឡុងឆ្នាំ១៩៩៩ វត្តកោះប្រាក់ និងលំនៅដ្ឋានប្រជាជនជាច្រើនខ្នងរួមទាំងសាលាបឋមសិក្សាវត្តកោះប្រាក់ចំនួនបីខ្នង(មានចំនួន១២បន្ទប់)បានបាក់ធ្លាក់ចូលទៅ​ក្នុង​​ទឹកទន្លេមេគង្គ ដោយសារអ្នករកស៊ីបូមដីខ្សាច់ពីបាតទន្លេ ​និងដោយសារគ្រោះធម្មជាតិ ។ ប្រជាជននាំគ្នារុះរើផ្ទះសំបែងទៅរកទីកន្លែងដែលមានសុវត្ថភាព។ ព្រះចៅអធិការវត្តព្រះនាម សុខ វ៉ន ព្រមទាំងព្រះសង្ឃជាច្រើនអង្គ​រួមទាំងប្រជាជននៅក្នុងភូមិនាំគ្នាជួយរុះរើវត្តដែលនៅសេសសល់ ប្រមែប្រមូលយកឈើបានមួយចំនួនយកទៅកសាងវត្តកោះប្រាក់ឡើងវិញនៅភូមិទួល​ស្បូវជាប់ភូមិកោះប្រាក់។

នៅអំឡុងឆ្នាំ២០០១ ដោយសារមានកំណើនប្រជាជនកាន់តែច្រើនរស់នៅ ភូមិកោះប្រាក់ចាស់មានគំនិតផ្តួចផ្តើមកសាងវត្តថ្មីមួយទៀតឈ្មោះថា វត្តពុទ្ធអណ្តែតរង្សី។   បច្ចុប្បន្ននេះប្រជាជនរស់នៅភូមិកោះប្រាក់បានកើនឡើងរហូតដល់ទៅ​១៣  ០៣គ្រួសារ និងមានប្រជាជនរស់នៅអចិន្រ្តៃយ៍ចំនួន៥៤១៧នាក់ នៅក្នុងនោះមានស្រីចំនួន​២៧៦៧នាក់[1]។(ដងស្រង់ចេញពីរបាយណ៍ការភូមិឆ្នាំ២០១៧)

អត្ថបទដោយ៖ សុខ វណ្ណៈ

កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន

[1] ដកស្រង់បទសម្ភាសប្រជាជននៅភូមិកោះប្រាក់ចំនួន៧នាក់មានឈ្មោះ លោកតាហ៊ឹម ហួន តាយឹម តាសួង តាប៉ាន់ សំបុក លោកឈុន ផល លោកយាយតុប រឿង លោកយាយនៅ អាត និងព្រះចៅអធិការវត្តកោះប្រាក់ ព្រះនាមព្រះគ្រូកោសលវិជ្ជា យុង កុសល។ ប្រជាជនភូមិកោះប្រាក់សរុបមានចំនួន៥៤១៧នាក់នៅក្នុងនោះមានស្រីចំនួន២៧៦៧នាក់និងចំនួនគ្រួសារមាន១៣០៣ (ដកស្រង់ចេញពីរបាយណ៍ការភូមិឆ្នាំ២០១៧)។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin