ប្រធានសន្តិសុខស្រុកមុខកំពូល ប្រចាំតំបន់២២ ភូមិភាគបូព៌ា

(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា) (រូបតំណាង)
ខ្ញុំឈ្មោះ ហឹង អឿន[1] ភេទប្រុស អាយុ២៧ឆ្នាំ នៅក្នុងឆ្នាំ១៩៧៧។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិកន្លែងចក ឃុំមៀន ស្រុកអូររាំងឪ (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) តំបន់២២ ភូមិភាគបូព៌ា។ ខ្ញុំមានឪពុកឈ្មោះ ហឹង និងម្ដាយឈ្មោះ ឌី មានមុខរបរគឺជាកសិករ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់គឺស្រីចំនួន៤នាក់ និង ប្រុសចំនួន៥នាក់។ បងប្អូនខ្ញុំចូលបដិវត្តន៍ចំនួន៦នាក់ និងរស់នៅសហករណ៍ចំនួន៣នាក់។
ខ្ញុំចូលបដិវត្តន៍ដំបូងក្នុងភូមិកន្លែងចកមានតួនាទីជាឈ្លបភូមិ[2]ដែលអ្នកចូលជាកូនចៅប្រជាជនក្រីក្រ ពោរពេញទៅដោយស្មារតីស្នេហាជាតិ ស្នេហាស្រុកកំណើត ពោរពេញទៅដោយកំហឹងវណ្ណៈ បានស្ម័គ្រចិត្តលះបង់គ្រួសារ ចូលធ្វើឈ្លបបដិវត្តន៍ ដោយមានអ្នកទទួលខុសត្រូវឈ្មោះ ឡាង គឺជាប្រធានភូមិ។ បន្ទាប់មកទៀតខ្ញុំនៅក្នុងអង្គភាពសិល្បៈតំបន់២២ អ្នកទទួលខុសត្រូវ សុខុម គឺជាប្រធានសិល្បៈប្រចាំតំបន់២២ ភូមិភាគបូព៌ា។ ក្រោយមកអង្គការផ្លាស់ខ្ញុំមកក្នុងអង្គភាពវរសេនាតូចលេខ២២២ប្រចាំតំបន់២២ ឈ្មោះ ឆេន គឺជាប្រធានវរសេនាតូច។ មិនយូរប៉ុន្មានអង្គការក៏ចាត់តាំងខ្ញុំនៅសន្តិសុខស្រុកមុខកំពូល មានតួនាទី គឺជាអ្នកទទួលខុសត្រូវប្រធានសន្តិសុខស្រុកមុខកំពូល។ សន្តិសុខស្រុកមុខកំពូលមានមន្ទីរសន្តិសុខវត្តរកាកោង[3] ស្ថិតនៅភូមិរការកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល និងមន្ទីរសន្តិសុខសាលារៀនសិរីមង្គល ស្ថិតនៅសាលាសិរីមង្គល ក្នុងភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ខ្ញុំទទួលការអប់រំឱ្យធ្វើសកម្មភាពប្រឆាំងបដិវត្តន៍នៅខែមករា ឆ្នាំ១៩៧៥ ពីឈ្មោះ ផុន គឺជាលេខាស្រុកមុខកំពូល តំបន់២២។ មូលហេតុ ផុន អប់រំសតិអារម្មណ៍ខ្ញុំបាន គឺថ្ងៃមួយ ផុន ហៅខ្ញុំទៅធ្វើការងារប្រចាំថ្ងៃ នៅក្នុងភូមិឈើទាលភ្លោះ ឃុំស្វាយរំពាល ស្រុកមុខកំពូល ដែលមន្ទីរស្រុកបោះទីតាំងនៅទីនោះ។ ក្រោយពីខ្ញុំធ្វើការងាររួចរាល់ ផុន ឱ្យខ្ញុំនៅនិយាយលេងជាមួយគាត់។ ក្រោយពីសំណេះសំណាលជាមួយ ផុន មួយសន្ទុះគាត់ក៏បានសួរខ្ញុំអំពីការងារខ្ញុំធ្លាប់ធ្វើពីមុននិងវណ្ណៈភាពរបស់ខ្ញុំហើយនៅខែឧសភា ផុន ហៅរូបខ្ញុំឱ្យទៅជួបគាត់ម្ដងទៀតនៅមន្ទីរស្រុក បោះទីតាំងនៅក្នុងភូមិព្រែកដំបង ឃុំព្រែកដំបង ស្រុកមុខកំពូល តំបន់២២។ ពេលខ្ញុំទៅដល់ទីនោះដំបូង ផុន និងខ្ញុំបាននិយាយគ្នាលេង ក្រោយពីបាននិយាយគ្នាបានមួយសន្ទុះ ផុន ក៏បានសួរខ្ញុំអំពីសភាពការណ៍នៅមូលដ្ឋានយ៉ាងម៉េច? ខ្ញុំបានប្រាប់គាត់ថាសភាពការណ៍មិនមានអ្វីប្រែប្រួលទេ ប៉ុន្តែចំពោះបញ្ហារស់នៅហូបចុករបស់ប្រជាជនដែលទើបតែចេញពីទីក្រុងភ្នំពេញ និងប្រជាជនចាស់នៅក្នុងមូលដ្ឋានគឺមានការខ្វះខាតច្រើនហើយរបបអាហារនៅតែខ្វះខាត។ ផុន និយាយ សភាពការណ៍នៅក្នុងស្រុកមុខកំពូល ប្រជាជនទាំងក្មេងទាំងចាស់មានការខ្វះខាតស្បៀងមិនគ្រប់គ្រាន់ធ្វើឱ្យប្រជាជនខ្លះមិនពេញចិត្តនឹងបដិវត្តន៍ និងមិនពេញចិត្តរបៀបរស់នៅរបស់យើង។ ខ្ញុំក៏លើកឡើងពីបំណងរបស់ខ្ញុំចង់សូមអង្គការផ្លាស់ទៅសហករណ៍វិញដោយសារសុខភាពរបស់ខ្ញុំនៅមន្ទីរសន្តិសុខអត់ងងុយច្រើន ហើយខ្ញុំមិនសូវបានចុះជាប់ជាក់ស្ដែងនាំឱ្យបងប្អូនមើលស្រាលក្នុងការដឹកនាំរបស់ខ្ញុំ។
ក្រោយពីការអប់រំខ្ញុំធ្វើសកម្មភាពបង្កទំនាស់នៅក្នុងមន្ទីរឱ្យមានភាពស្មុគស្មាញដើម្បីឱ្យបក្សពិបាកដោះស្រាយ, សម្ភារផ្សេងៗមិនតាមអង្គការកំណត់ដូចជាវិទ្យុ ម៉ូតូ កង់ជាដើម, ការដើរហើរសេរី, សាកសួរខ្មាំងបន្លំ ដើម្បីឱ្យខ្មាំងអាចរួចខ្លួន។ នៅក្នុងខែឧសភា នេះខ្ញុំចូលជាសេ-អ៊ី-អា ជាផ្លូវការ។ កម្មវិធីបញ្ជូនជាសមាជិក សេ-អ៊ី-អា ចាប់ផ្ដើមនៅវេលាម៉ោង៦ដល់ម៉ោង៨យប់ទើបចប់។ អ្នកចូលជាមួយខ្ញុំមានឈ្មោះ ខ្លូត គឺជាអនុប្រធានសន្តិសុខ ស្រុកមុខកំពូល, ចេង គឺជាសមាជិកទី១ មន្ទីរសន្តិសុខស្រុកមុខកំពូល។ អ្នកឧទ្ទេសនាមមាន ផុន គឺជាលេខាស្រុកមុខកំពូល, ជាង គឺជាអនុលេខាស្រុកមុខកំពូល។ បន្ទាប់ពីបញ្ជូលជាសមាជិក សេ-អ៊ី-អា ភារកិច្ចរបស់ពួកយើងម្នាក់ៗគឺត្រូវបង្កប់ខ្លួនឱ្យជ្រៅនៅក្នុងជួរបដិវត្តន៍។ ក្រោយពីការណែនាំខាងលើ ផុន ដាក់ផែនការឱ្យយើងអនុវត្តន៍គឺ ត្រូវបំផុសបញ្ហាសីលធម៌ រវាងបុរសនិងស្រ្តី[4] ដែលជាសីលធម៌ទី៦ នៅក្នុងមន្ទីរ, បំផុសយុវជនយុនារីឱ្យស្អប់អង្គការដឹកនាំ ស្លៀកពាក់ ហូបមិនគ្រប់គ្រាន់, ការសួរចម្លើយខ្មាំងប្រសិនបើជួប សេ-អ៊ី-អា ចាស់ត្រូវដោះលែង, អ្នកទោសដែលចាប់មកពីមូលដ្ឋានត្រូវអប់រំឱ្យប្រឆាំងបដិវត្តន៍, ត្រូវក្ដាប់ចំនួនទាហាន និងរដ្ឋការនៅក្នុងស្រុកឱ្យបាន, ត្រូវក្ដាប់សភាពកាណ៍ដែលថ្នាំងថ្នាក់ជាមួយអង្គការ, ត្រូវកសាងកម្លាំងនៅក្នុងមន្ទីរឱ្យបានច្រើន សម្រាប់ជួយដល់សកម្មភាពទៅថ្ងៃមុខ និងលាក់ការណ៍សម្ងាត់កុំឱ្យបែកការណ៍។ ក្រោយពីឧទ្ទេសនាម ផុន និង ជាង ណែនាំខ្សែឱ្យខ្ញុំស្គាល់មាន តួ គឺជាសេដ្ឋកិច្ចស្រុកមុខកំពូល, ឃឹម ប្រពន្ធរបស់តួ ក្រោយមកអង្គការចាប់, ង៉ុយ គឺជាអ្នកក្ដាប់ប្រវត្តិរូបស្រុកមុខកំពូល, ថន គឺជាប្រធានមន្ទីររោងពុម្ពស្រុកមុខកំពូល, ធួក គឺជាប្រធានកសិកម្ម ស្រុកមុខកំពូល, ហ៊ុំ គឺជាលេខាឃុំ ព្រែកលាប ស្រុកមុខកំពូល និង មឿន គឺជាលេខាឃុំកោះដាច់ ស្រុកមុខកំពូល។
ក្រោយពីខ្ញុំបញ្ជូលអ្នកទាំងអស់ជាសមាជិក សេ-អ៊ី-អារួចមកខ្ញុំបានឧទ្ទេសនាមអ្នកទាំងប្រាំពីរនាក់ឱ្យឈ្មោះ ខ្លូត ស្គាល់ហើយឱ្យចូលប្រជុំនៅមូលដ្ឋានដើម្បីដាក់ផែនការឱ្យអ្នកទាំងប្រាំពីរនាក់អនុវត្តន៍ ក្រោយមកខ្ញុំត្រូវដាច់ទំនាក់ទំនងហើយក្ដាប់សកម្មភាពទាំងប្រាំពីរនាក់មិនបាន។ បន្ទាប់មកទៀតចាប់ពីខែឧសភា ឆ្នាំ១៩៧៦ដល់ខែឧសភា ឆ្នាំ១៩៧៧ ខ្ញុំបានបន្តកសាងកម្លាំងបន្ថែមទៀតនៅក្នុងមន្ទីរបានចំនួន១៣នាក់គឺជាភ្នាក់ងារសន្តិសុខ២នាក់ និងអ្នកទោសចំនួន១១នាក់។ ខ្លឹមសារអូសទាញសន្តិសុខចំនួន២នាក់គឺដោយលើកអំពីសភាពការណ៍បដិវត្តន៍សង្គមនិយមនិងរបបចាស់។ ខ្ញុំអប់រំថា«របបសង្គមនិយមការស៊ីចុក ស្លៀកពាក់គ្រប់គ្រាន់គ្មានអ្នកណាត្រួតពិនិត្យអង្កេត អ្នកណាចង់ហូបយ៉ាងម៉េចក៏តាមស្រេចតែខ្លួនឯង ស្លៀកពាក់តាមចិត្តចង់។ ក្រោយពីខ្ញុំលើកហេតុផលប្រាប់ហើយ អ្នកទាំង១១នាក់ ឲ្យជឿជាក់និងបាក់ចិត្តមកលើខ្ញុំហើយបានបញ្ជូលជាសមាជិក សេ-អ៊ី-អា នៅខែឧសភាឆ្នាំ១៩៧៧។ សមាជិក សេ-អ៊ី-អា ដែលខ្ញុំអប់រំបានទាំង១៣នាក់រួមមាន៖ បាន និង ពេញ គឺជាយុទ្ធជនសន្តិសុខស្រុកមុខកំពូល, ចាន់ ព្រុំ, វណ្ណាថា, ពៅ ភឹន, គឹម សេង, ឌុ ចំរើន, ចាន់ ខុន, ទេព មុន្នី, ទើប វាសនា, ឈួន យ៉េត, យឹម ស៊្រុន, ប៊ូ ភិន សុទ្ធតែជាអ្នកទោស។ ក្រោយមកយើងបានដាក់ផែនការឱ្យអ្នកទាំង១១នាក់ឱ្យអនុវត្តន៍នៅថ្ងៃមុខដែលមានខ្លឹមសារបំផុសប្រជាជនឱ្យធ្វើសកម្មភាពទាមទារ របបសេរីឱ្យមានទីផ្សារ ចាយលុយ, ឱ្យមានព្រះសង្ឃសម្រាប់ធ្វើបុណ្យ, បំផុសប្រជាជនឱ្យប្រឆាំងនឹងរបបសមូហភាព, បង្កប់ខ្លួនស៊ីរូងផ្ទៃក្នុងបក្ស, ត្រូវក្ដាប់សភាពការណ៍នៅក្នុងមូលដ្ឋានឱ្យជាប់នៅក្នុងដៃហើយធ្វើសកម្មភាពឱ្យខ្លាំងដោយស្របច្បាប់។ ក្រោយមកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៧៧ អង្គការចាប់រូបខ្ញុំមកសួរចម្លើយ៕
អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា
[1] ឯកសារចម្លើយសារភាព J០០២៦៣ : រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម។
[2] ឯកសារ D00092 «យុវជនឈ្លបស្រុកកៀនស្វាយប្ដេជ្ញាផ្តន្ទាទោសពួកអាក្បត់ឱ្យសក្តសមនឹងអំពើឧក្រិដ្ឋវា» យុវជន និង យុវនារីបដិវត្តន៍ លេខ២,ខែកញ្ញា ឆ្នាំ១៩៧៣.ទំព័រ៦៧។
[3]ផេង ពង្សរ៉ាស៊ី,«គុកខ្មែរក្រហម» ,ទស្សនាវដ្ដីស្វែងរកការពិត,ឆ្នាំទី៧ លេខ៨៧,ខែមីនា ២០០៧,ទំព័រ៨។
[4] ឯកសារD២១៤០៨ «យកចិត្តទុកដាក់ បំពាក់បំប៉នបន្ថែមអំពីសីលធម៌១២ប្រការរបស់ជនបដិវត្ត» យុវជន និង យុវនារីបដិវត្ត លេខ១០,ខែតុលា ឆ្នាំ១៩៧៨.ទំព័រ៣៦-៣៧។