ការចងចាំអំពីទឹកជំនន់លិចភូមិឆ្នាំ១៩៧៨ នៅក្នុងរបបខ្មែរក្រហម

ប្រភព៖ ស៊ាង ចិន្ដា/ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ហុក ណៃវេង រស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ណៃវេង ខ្ញុំរៀបការប្ដីឈ្មោះ អាន រី និងមានកូនសរុបចំនួន៥នាក់។ ណៃវេង រៀននៅសាលាបឋមសិក្សាវត្តចុងកោះរហូតដល់ថ្នាក់ទី១០ចាស់។ ដោយសារតែមានជីវិតក្រីក្រ ណៃវេង ឈប់រៀននិងជួយការងារឪពុកម្ដាយនៅផ្ទះ។ បន្ទាប់ពីមានរដ្ឋប្រហារលន់ នល់នៅឆ្នាំ១៩៧០ បាតុកម្មបានផ្ទុះឡើងដោយមានការចូលរួមរបស់អ្នកភូមិ។
នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ សង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានចាប់ផ្ដើម។ នៅពេលនោះ ណៃវេង រត់ភៀសខ្លួនទៅកោះចិន និងបានស្នាក់នៅទីនោះដោយសង្ឃឹមថា ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញ។ ចាប់ពីឆ្នាំ១៩៧៣ដល់ឆ្នាំ១៩៧៤ កងទ័ពរំដោះខ្មែរក្រហមបើកការវាយប្រហារកាន់តែខ្លាំងឡើងៗ ដើម្បីកាន់កាប់ទីរួមខេត្តកំពង់ចាម។ នៅពេលនោះ ទាហានម៉ារីន លន់ នល់ ដែលបើកតាមបណ្ដោយទន្លេ តែងតែបាញ់រះមកលើតំបន់រំដោះខ្មែរក្រហម។ ណៃវេង រត់ទៅពួនក្នុងរណ្ដៅត្រង់សេ។
នៅចុងឆ្នាំ១៩៧៤ ណៃវេង បានវិលត្រឡប់មកភូមិវិញ និងត្រូវបានមេភូមិដាក់ធ្វើការនៅក្នុងកងប្រវាស់ដៃដើម្បីធ្វើស្រែ។[1] ក្នុងគ្រាដែលសង្គ្រាមរវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម វាយប្រយុទ្ធគ្នាចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ប្រជាជនរស់នៅតំបន់រំដោះខ្មែរក្រហមត្រូវបានរៀបចំឲ្យទៅជា «កងប្រវាស់ដៃ» ដែលមានគ្នាពី១០ទៅ៣០គ្រួសារក្នុងមួយក្រុម។[2] ណៃវេង រៀបការប្ដីឈ្មោះ អាន រី នៅឆ្នាំ១៩៧៦ គឺបន្ទាប់ពីសហករណ៍កម្រិតទាបទៅកម្រិតខ្ពស់ត្រូវបានបង្កើត។ ការរៀបត្រូវបានរៀបចំដោយអង្គការ និងមានចំនួនចាប់ពី៣ទៅ១០គូ ក្នុងពិធីតូច ហើយចាប់ពី៣០ទៅ៥០គូ ឬរហូតដល់ជាង១០០គូ ក្នុងពិធីរៀបការធំនីមួយៗ។[3] បន្ទាប់មក គ្រួសាររបស់ណៃវេង ត្រូវបានបែកចែកទៅធ្វើការងារក្នុងកងរៀងៗខ្លួនរួម មាន៖ ទី១ កងទារកដ្ឋាន គឺសម្រាប់កូនរបស់ណៃវេង ដើម្បីឲ្យយាយៗមើលថែរក្សា នៅពេលដែលឪពុកម្ដាយចេញទៅធ្វើការងារ។ ទី២ គឺកងកុមារសម្រាប់ប្អូនប្រុសស្រីរបស់ណៃវេងដើម្បីដើរប្រមូលលាមកសត្វ និងកាប់ទន្រ្ទានខេត្តយកទៅធ្វើជីដាក់ស្រែ។ ទី៣ គឺកងចល័តបុរសសម្រាប់ប្អូនប្រុសរបស់ណៃវេង ដែលត្រូវបានចាត់តាំងធ្វើការងារនៅទិសដៅការដ្ឋានឆ្ន័ត្រ រួមមាន៖ ជីកដី លើកដី និងភ្ជួររាស់។ ជាអកុសល ប្អូនប្រុសរូបនេះត្រូវបានកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចាប់យកទៅសម្លាប់។ ទី៤ គឺកងចល័តនារីវ័យកណ្ដាលសម្រាប់រូបខ្លួន និងប្ដីដែលត្រូវបានចាត់តាំងធ្វើការងារនៅទិសដៅការដ្ឋានកោះសូទិន រួមមាន៖ ដាំដុះដំណាំ, ភ្ជួររាស់, ដកស្ទូង, និងច្រូតកាត់។ ណៃវេង និងប្ដីត្រូវធ្វើការងារពីព្រលឹមទល់ព្រលប់។ ទី៥ គឺកងវ័យជរាសម្រាប់ឪពុកម្ដាយចាស់ៗដើម្បីជួយមើលថែរក្សាកូនរបស់អ្នកភូមិ ដែលត្រូវទៅធ្វើការងារនៅតាមការដ្ឋាន។[4]
នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបានចូលមកគ្រប់គ្រងភូមិ និងចាប់ផ្ដើមការចាប់ខ្លួនកម្មាភិបាលមូលដ្ឋាន និងរឹតត្បិតរបបអាហារ។[5] ណៃវេង និងប្ដីត្រូវបានដាក់ការងារធ្វើកាន់តែច្រើនឡើង និងគ្មានពេលសម្រាកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៨ ភូមិរបស់ណៃវេង ត្រូវបានទឹកជំនន់លិច និងមិនមានដីដើម្បីធ្វើស្រែ និងដំាដំណាំនោះឡើយ។ បើទោះបីជាទឹកលិចអស់ក៏ដោយ ខ្មែរក្រហមនៅតែបន្តបង្ខំឲ្យអ្នកភូមិធ្វើការនៅតាមផ្ទះរៀងខ្លួនអស់រយៈពេល១ខែ។ ជាញឹកញាប់ កងឈ្លបខ្មែរក្រហមត្រូវបានបញ្ជូនមកដើម្បីតាមដានអ្នកភូមិ ថាតើអ្នកភូមិណាមិនធ្វើការឬនិយាយអ្វីខ្លះ។ ក្នុងរយៈពេលជាងមួយខែនៃទឹកជំនន់នេះ ណៃវេងមានពេលសម្រាកនៅលើផ្ទះ និងអាចទៅហូប បាយនៅរោងបាយរួមដែលស្ថិតនៅទីទួលមួយនៅក្នុងភូមិ។ បើទោះបីជាមិនទៅធ្វើការងារនៅតាមការដ្ឋានក៏ដោយ ណៃវេង នៅតែបន្តការងារ និងមិនហ៊ានឈប់សម្រាកច្រើនឡើយ ពីព្រោះកងឈ្លបខ្មែរ ក្រហមតែងតែចែវទូកស៊ើបការណ៍នៅក្រោមផ្ទះអ្នកភូមិ។ ខ្មែរក្រហមនៅតែបន្តការបង្ខំធ្វើការងារ, ការបង្អត់អាហារ និងការសម្លាប់ប្រជាជនទម្លាក់ចោលចូលទឹកទន្លេ ដើម្បីបំបិទភស្ដុតាងនៃបទឧក្រិដ្ឋរបស់ខ្លួន។[6] នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចូលមកដល់រំដោះប្រជាជនចេញពីខ្មែរក្រហម។ ណៃវេង និងគ្រួសារ រួចផុតពីសេចក្ដីស្លាប់ ប៉ុន្តែបានបាត់បង់ប្អូនប្រុសម្នាក់៕
ដោយ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
[1] ហុក ណៃវេង, «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម», សម្ភាសដោយ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេនដល័រ, គ្រីស្ដូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅប្រទេសកម្ពុជា ឆ្នាំ២០២០), ទំព័រ៣៩-៤០
[3] ដូចឯកសារយោងខាងលើ
[4] ដូចឯកសារយោងខាងលើ, ទំព័រ៤២-៤៣
[5] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេនដល័រ, គ្រីស្ដូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅប្រទេសកម្ពុជា ឆ្នាំ២០២០), ទំព័រ៤៨-៥០
[6] តាំង រីនិត, «KR used 1978 floods to massacre thousands of villagers», កាសែតខ្មែរថាម៍ ជាភាសាអង់គ្លេស, ចុះផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ (ចូលអាននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅគេហទំព័រ៖
https://www.khmertimeskh.com/501585632/kr-used-1978-floods-to-massacre-thousands-of-villagers/)