អ្នកធ្វើការនៅមន្ទីរក-៧
ខ្ញុំឈ្មោះ ហោម សាមិត្ត ហៅទូច មានឈ្មោះបដិវត្តន៍ដែលខ្មែរក្រហមដាក់ឲ្យថា ប្រាច មិត្ត។ ខ្ញុំមានអាយុ ៤១ឆ្នាំ (ឆ្នាំ២០០៤)។[1] ឪពុកខ្ញុំឈ្មោះ ប្រាច ហោម និងម្តាយឈ្មោះ សយ មុំ។ ឪពុកខ្ញុំបានស្លាប់នៅអំឡុងពេលបែករបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ នៅពេលដែលគាត់រត់ត្រលប់មកស្រុកកំណើតវិញ។ ខ្ញុំជាកូនទី២ ក្នុងចំណោមបងប្អូន ទាំងអស់១០នាក់។ បងប្អូនខ្ញុំប្រាំនាក់ បានស្លាប់ដោយសារជំងឺក្នុងអំឡុងរបបខ្មែរក្រហម និងដោយសារជាន់មីននៅពេលធ្វើដំណើរត្រលប់មកស្រុកកំណើតវិញបន្ទាប់ពីខ្មែរក្រហមដួលរលំ។ ប្អូនៗខ្ញុំបានជាន់មីនស្លាប់ ក្នុងឃុំតាអ៊ិន ត្រង់ម្តុំក្បែរគុម្ពឫស្សីដែលខ្មែរក្រហមធ្លាប់ពង្រាយពីមុន។ ខ្ញុំមានស្រុកកំណើតនៅភូមិភូមិតា ឃុំត្រពាំងរាំង ស្រុកឈូក ខេត្ដកំពត[2] ហើយឥលូវ ខ្ញុំរស់នៅក្នុងភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកឈូក ខេត្តកំពត ជាមួយកូនស្រីតែម្នាក់របស់ខ្ញុំ បន្ទាប់ពីប្តីរបស់ខ្ញុំបានស្លាប់នាពេលថ្មីៗ។ ខ្ញុំនិងប្តី បានរៀបការក្រោយរបបខ្មែរក្រហមដួលរលំទៅ។
កាលពីកុមារ ខ្ញុំបានរៀនសូត្របន្តិចបន្តួច ត្រឹមថ្នាក់ទី២។ ខ្ញុំឈប់រៀននៅពេលដែលខ្មែរក្រហមចូលមកក្នុងភូមិខ្ញុំ។ ពេលនោះ ខ្ញុំមានអាយុ១២-១៣ឆ្នាំ។ ពេលខ្មែរក្រហមចូលមកដល់នៅឆ្នាំ១៩៧៥ ខ្ញុំត្រូវបានដាក់ឲ្យទៅធ្វើការនៅទំនប់ម្លេចរហូតដល់កោះស្លា បានរយៈពេលប្រហែលពីរខែ។ ពេលនោះ ខ្ញុំធ្វើការទាំងឈឺផង ចាញ់ផង។ ការធ្វើទំនប់ មិនបានប្រព្រឹត្តទៅសមស្របទេ គឺយើងចេះតែរែកនិងលើកដីតាមគេបញ្ជា។ ខ្ញុំចាំបានថា នៅពេល មានទឹកជន់មក មានការលិចស្លាប់មនុស្សអស់ ២-៣កង ហូរអណ្តែតតាមទឹកអស់។ ក្រោយមក ខ្មែរក្រហមបានផ្លាស់ខ្ញុំឲ្យមកធ្វើការនៅក្នុងភូមិវិញ ដោយជើងខ្ញុំសុទ្ធតែដំបៅងារ ដែលធ្វើឲ្យខ្ញុំសឹងតែស្លាប់ម្តងៗ។
ក្រោយមក អង្គការជ្រើសរើសយកនិងតម្រូវឲ្យខ្ញុំទៅរៀនវិជ្ជាពេទ្យ។ តាមខ្ញុំដឹងគេចេះតែជ្រើសរើសមនុស្សយកទៅ។ នៅពេលនោះ ខ្ញុំមានអាយុ១៥ ឆ្នាំ គឺនៅ១៩៧៧។ ខ្មែរក្រហម បានបញ្ជូនខ្ញុំទៅតាខ្មៅជាមួយអ្នកភូមិពីរនាក់ផ្សេងទៀត។ ខ្ញុំនិងគ្នីគ្នាបានជិះឡានចេញពីកោះស្លាទៅឈូក ដោយស្នាក់នៅឈូកមួយយប់មួយថ្ងៃ ដើម្បីចាំឡើងឡានបន្តទៅគោលដៅ។ មុនត្រូវបញ្ជូនទៅតាខ្មៅ យើងត្រូវប្រមូលផ្តុំជាមួយអ្នកដទៃទៀត ដែលមកពីកន្លែងផ្សេងៗ នៅស្តាត (អូឡាំពិក) នៅភ្នំពេញ។ ខ្ញុំចាំថា មួយឡានៗ មានមនុស្សច្រើនដែរ ប្រហែលគេយកមនុស្សទៅមួយស្រុកឈូក ក៏ថាបាន។ យើងស្នាក់នៅ ស្តាត ពីរ-បីថ្ងៃ ទើបខ្មែរក្រហមបែងចែកមនុស្សទៅតាមទីតាំងផ្សេងៗ។ គ្នាខ្ញុំទាំងបីនាក់ដែលមកពីភូមិតែមួយ ត្រូវបញ្ជូនទៅនៅតាខ្មៅ ឲ្យនៅបម្រើអ្នកពិការ ដែលសុទ្ធតែទាហានរបួស បញ្ជូនមកពីពេទ្យ៧មករាមកគេឲ្យមកនៅហ្នឹង ព្រោះនៅពេទ្យនោះចង្អៀតពេក។ នៅតាខ្មៅ ខ្ញុំធ្វើការក្នុងអគារពេទ្យ ដែលសព្វថ្ងៃជាមន្ទីរពេទ្យក្រុងតាខ្មៅ។ ដំបូងឡើយ អ្នកគ្រប់គ្រងនៅទីនេះ ឈ្មោះតាសឿន និងបន្ទាប់មកផ្លាស់មកឈ្មោះ បុរិនវិញ។
នៅតាខ្មៅបាន មួយខែ ខ្មែរក្រហមធ្វើការបែងចែកមនុស្សជាថ្មី។ ខ្ញុំត្រូវផ្លាស់ទៅនៅម្តុំក្រៅវាំងនៅភ្នំពេញ ចំណែកឯអ្នកភូមិរបស់ខ្ញុំពីរនាក់ទៀត ត្រូវផ្លាស់ទៅនៅក្បាលជ្រោយទល់មុខវាំង (ជ្រោយចង្វារ)។ ខ្ញុំ នៅផ្ទះជិតសាលារចនា ស្ថិតនៅតាមផ្លូវស្របមាត់ទន្លេ ដែលទីនេះមានសមាជិក ស្រី-ប្រុស ចំនួនប្រមាណ៣០នាក់។ ខ្ញុំចាំបានថា មានកម្លាំងនៅយាមវាំងយ៉ាងតឹងរឹង និងមិនអនុញ្ញាតឲ្យមនុស្សចេញចូលទេ ប៉ុន្តែខ្ញុំមិនដឹងថាមាននរណានៅក្នុងវាំងនោះទេ។ បើតាមគេនិយាយតៗគ្នា សម្តេច សីហនុ ត្រូវដាក់ឃុំនៅកន្លែងភស្តុភារ។
នៅកន្លែងដែលខ្ញុំធ្វើការ ខ្មែរក្រហម ចាត់តាំងឲ្យខ្ញុំបោសសម្អាតថ្នល់ និងធ្វើការដាំបាយទទួលភ្ញៀវចិន មកទស្សនកិច្ច ពីប្រទេសចិន។ ខ្ញុំចាំថា ភ្ញៀវចិន មកហូបបាយល្ងាចតែមួយពេល រួចគេត្រលប់ទៅវិញ។ ក្នុងមួយរបបខ្មែរក្រហម ខ្ញុំឃើញភ្ញៀវចិនមកបានបីដង។ ភ្ញៀវទាំងនោះដើរតាមថ្នល់ និងធ្វើទស្សនកិច្ចវាំងជាដើម។ ខ្ញុំឃើញមានតែភ្ញៀវពីរនាក់ក្នុងម្តងៗ ធ្វើទស្សនកិច្ចជុំវិញវាំង ប៉ុន្តែនៅពេលហូបបាយល្ងាច ភ្ញៀវចិនមកគ្នាច្រើន ពេញរោងបាយ។ រោងបាយដែលខ្ញុំទៅធ្វើការស្ថិតនៅជិតវាំងក្បែរកន្លែងខ្ញុំស្នាក់ ម្តុំសាលារចនាដែរ។ នៅទីនេះ មានប្រធានប្រុសឈ្មោះ ពូលី មានវ័យខ្ទង់២៧ឆ្នាំ និងប្រធានស្រីម្នាក់ទៀត ឈ្មោះបងរ៉ាន។ ខ្ញុំឮមេក្រុមខ្ញុំឈ្មោះ យ៉ាត់ ហៅកន្លែងនេះថា មន្ទីរក-៧។ គាត់បានប្រាប់ខ្ញុំនិងអ្នកធ្វើការជាមួយគ្នាឲ្យ “ធ្វើការស្រួលបួល ប្រយ័ត្នបាត់ខ្លួន”។ ខ្ញុំចាំថាមានមនុស្សក្នុងក្រុមខ្ញុំប្រហែលជាង១០នាក់បានបាត់ដំណឹង។
ក្រៅពីដាំបាយឲ្យភ្ញៀវចិន និងបោសសម្អាតថ្នល់ ខ្មែរក្រហមឲ្យយើងរៀនអក្សរខ្មែរ ជាមួយគ្រូ បានប្រហែល១០ថ្ងៃដែរ។ ជំនាន់នោះ ខ្ញុំបានទៅមើលសិល្បៈ និងសៀកនៅស្តាត បាន៣ដងដែរ ដោយខ្មែរក្រហមជាអ្នកចាត់ចែងឲ្យយើងទៅ គឺយើងមិនអាចទៅខ្លួនឯងបានទេ។ យើងទៅមើលសិល្បៈដោយជិះកូនឡាន ដែលក្នុងមួយឡានមានមនុស្សច្រើនគួរសម។ ខ្ញុំចាំថាសៀកហ្នឹង និយាយអំពីបណ្តាំមាតា បណ្តាំឪ មានតួឈ្មោះយាយលោត។ តាមខ្ញុំចាំ សៀកនោះមានចំណងជើងថា “ពលិកម្មម៉ែយើង” ដែលរៀបរាប់ថា ពីដើមមកម្តាយនោះក្រ ត្រូវទៅរកត្រពាំងរកអី មកចិញ្ចឹមកូន ក្រោយមកប្តីស្លាប់ ទើបគាត់ចូលតស៊ូនិងពលីរហូតស្លាប់ដែរ។ កាលនោះ មានតែកម្មករក្នុងក្រុមទេទៅមើល ខ្ញុំពុំដែលឃើញអ្នកធំមកទេ ។
បន្ថែមលើការងារដែលខ្ញុំរៀបរាប់ខាងលើ ខ្ញុំត្រូវទទួលបន្ទុកដឹករបស់របរ, បាយ, ត្រី, កន្សែង និងក្រមារជាដើម ទៅច្បារអំពៅ ទៅឲ្យប្រជាជនកម្ពុជាក្រោម ដែលត្រូវកែនមកពីស្រុកក្រោម។ កម្ពុជាក្រោមទាំងនោះ និយាយខ្មែរដូចយើងដែរ មានស្រីប្រុស មានក្មេង ចាស់ ពេលនោះ គឺប្រហែលជានៅឆ្នាំ១៩៧៨។ក្រោយមក ខ្ញុំត្រូវចាត់ទៅដឹកដីយកមកចាក់ថ្នល់ នៅហួសស្ទឹងមានជ័យ គឺនៅកណ្តាលស្ទឹង ម្តុំស្ទឹងកន្ទួតខេត្តកណ្តាល។ នៅទីនោះ មានខ្សាច់ច្រើនណាស់ យើងកើបដីពីក្នុងស្ទឹងមកយកមកចាក់នៅវាំង ដើម្បីធ្វើថ្នល់ឡើងវិញ ព្រោះផ្លូវថ្នល់ម្តុំនេះ បានបាក់បែកជំនាន់សង្គ្រាម។ ចំពោះការហូបចុក នៅកន្លែងខ្ញុំគ្មានការពិបាកទេ។ យើងហូបគ្រប់គ្រាន់ តែយើងត្រូវគេហៅទៅធ្វើប្រវត្តិរូបច្រើនដង។ ខ្ញុំធ្លាប់សុំមកលេងស្រុកដែរ ប៉ុន្តែគេពុំអនុញ្ញាតឡើយ។
ខ្ញុំបន្តធ្វើការនៅទីនេះ រហូតដល់វៀតណាមចូលមកដល់។ នៅពេលរបបដួលរលំនៅឆ្នាំ១៩៧៩ ខ្ញុំ រត់ទៅដល់ពោធិ៍សាត់ គឺរត់ទៅទាំងអស់គ្នាមួយកងតែម្តង។ ក្រោយមក ខ្ញុំបានលួចរត់មកស្រុកវិញ តែឯកឯង និងជួបបងប្អូននៅតាមផ្លូវ។ នៅពេលដែលមកដល់ផ្ទះវិញ ខ្ញុំបានដឹងថាប្អូនតូចជាងគេរបស់ខ្ញុំម្នាក់ បានឈឺស្លាប់នៅក្នុងជំនាន់ខ្មែរក្រហម៕
ដោយ សុភ័ក្ត្រ ភាណា
[1] បទសម្ភាសន៍ជាមួយ ហោម សាមិត្ត ភេទស្រី អាយុ៤១ឆ្នាំ ដោយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ផាន់ សុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៤។
[2] ព័តមានដកស្រង់ពីឯកសារ I05168 តម្កល់នៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។