ហង់ សេង ហៅ សាយ ៖ ខ្ញុំពិការក៏ខ្មែរក្រហមបញ្ជូនឱ្យទៅវាយនៅសមរភូមិមុខលើកលែងតែអ្នកពិការភ្នែកទាំងសងខាងតែប៉ុណ្ណោះ

សមមិត្ត សុន សេន (រូបកណ្តាល) និងទីប្រឹក្សាចិន (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៧៦ សាយ បានសរសេរឆ្លើយតបទៅនឹងសំណួរអំពីប្រវត្តិរូបសង្ខេបរបស់ខ្លួនជូនអង្គការថ្នាក់លើ បូករួមទាំងសេចក្ដីសន្និដ្ឋានលើ៤ចំណុចមានដូចជា៖ ១)ចំណុចខ្លាំងគឺនយោបាយបានយល់ជ្រួតជ្រាបលើមាគ៌ាមួយកម្រិត។ សតិអារម្មណ៍បាននឹងនរ មិនងាករេពីជួរបដិវត្តន៍។ ការចាត់តាំងគឺគោរពបទបញ្ជាដាច់ខាត។ ២) ចំណុចខ្សោយគឺ នយោបាយមិនទាន់ជ្រួតជ្រាបពីបដិវត្តន៍សង្គមនិយម។ សតិអារម្មណ៍មិនទាន់នឹងនរ នៅមានការស្មុគស្មាញ។ ការចាត់តាំងមិនទាន់គោរពបទបញ្ជា ឱ្យបានម៉ឺងម៉ាត់នៅឡើយទេ។ ៣) ចំណុចពិសេស គឺគ្មាន។ និង៤)ទិសកសាង គឺខិតខំពង្រឹងនយោបាយ សតិអារម្មណ៍ចាត់តាំង ឱ្យបានទាន់បដិវត្តន៍សង្គមនិយម និងមានការដាច់ខាត[1]

ខាងក្រោមនេះគឺដកស្រង់ចេញពីបទសម្ភាសន៍របស់ សាយ ជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំទៅរយៈពេល២៥ឆ្នាំ៖

ខ្ញុំឈ្មោះ ហង់ សេង ហៅ សាយ[2] ជាឈ្មោះប្រើប្រាស់ក្នុងអំឡុងពេលធ្វើការឱ្យចលនាបដិវត្តន៍ខ្មែរក្រហម ហើយសព្វថ្ងៃនេះខ្ញុំដូរឈ្មោះមក មិន សេង វិញ។ ខ្ញុំមានអាយុ៤៨ឆ្នាំ (២០០៤) កើត និងបច្ចុប្បន្នរស់នៅបច្ចុប្បន្នក្នុងភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ សព្វថ្ងៃនេះខ្ញុំប្រកបរបរធ្វើស្រែ និងឡើងត្នោត។ ឪពុកខ្ញុំឈ្មោះ ហង់ មិន និងម្តាយឈ្មោះ ហប ម៉ន[3] ឬ ជា ម៉ន។ ឪពុកម្តាយខ្ញុំស្លាប់ក្នុងឆ្នាំ១៩៧៥ ដោយមូលហេតុអត់ឃ្លាន។ ខ្ញុំមានបងប្អូនចំនួន៦នាក់ នៅក្នុងនោះមានស្រី៣នាក់។ ខ្ញុំជាកូនទី៣ក្នុងគ្រួសារ។ ប៉ុន្ដែបងស្រីខ្ញុំម្នាក់ឈ្មោះ ម៉េន បានស្លាប់នៅក្នុងរបបខ្មែរក្រហម ដោយសារការអត់ឃ្លាន។ នៅឆ្នាំ១៩៨១ ខ្ញុំបានរៀបការប្រពន្ធឈ្មោះ សុខ យុត សព្វថ្ងៃអាយុ៤៥ឆ្នាំ (២០០៤) និងមានកូនចំនួន៧នាក់ ក្នុងនោះមានកូនស្រីចំនួន៣នាក់។

រំឭករឿងរ៉ាវកាលពីក្មេង ប្រហែលជាខ្ញុំអាយុបាន១៣ឆ្នាំ ខ្ញុំត្រូវផ្លាស់ទៅរស់នៅជាមួយបងស្រីខ្ញុំឈ្មោះ មិន មើ  ដែលបានទៅរស់នៅជាមួយប្ដីគាត់នៅភូមិត្រពាំងខ្លង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នៅឆ្នាំ១៩៦៩ ខ្ញុំបានចូលរៀនថ្នាក់ទី១២ (ចាស់) ក្នុងជំនាន់សង្គមរាស្រ្តនិយម។ ខ្ញុំរៀនបានដល់ថ្នាក់ទី១១ ក៏កើតមានព្រឹត្តការណ៍លោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ។ ដោយសាររដ្ឋប្រហារ ទើបខ្ញុំត្រូវឈប់រៀន។ ក្រោយពីឈប់រៀន ខ្ញុំព្យាយាមរៀនសូត្របន្តពីបងៗរហូតអាចសរសេរ និងអានអក្សរបានមកដល់សព្វថ្ងៃ។ បន្ទាប់មកទៀត ក្នុងភូមិក៏កើតមានរឿងចលាចលជាច្រើន ខ្ញុំឃើញតែប្រជាពលរដ្ឋនាំគ្នារត់គេចពីទាហាន លន់ នល់ និង យន្តហោះទាហាន លន់ នល់ ដែលតែងតែហោះចុះឡើងស្វែងរកកម្លាំងកងទ័ពខ្មែររំដោះ។ អ្នកភូមិរួមទាំងគ្រួសារខ្ញុំ បាននាំគ្នារត់ចូលពួនក្នុងព្រៃ នៅពេលឮដំណឹងថាទាហាន លន់ នល់ ចូលមកភូមិ។

នៅចន្លោះពីឆ្នាំ១៩៧០ ដល់១៩៧៣ កងទ័ពខ្មែរក្រហមមិនទាន់បានចូលគ្រប់គ្រងប្រជាជនក្នុងភូមិត្រពាំងខ្លងបានទាំងស្រុងនោះទេ។ ចំណែកបងថ្លៃខ្ញុំក៏ត្រូវទាហាន លន់ នល់ ចោទប្រកាន់ថាជាមេដឹកនាំខ្មែរក្រហម។ ហេតុនេះទាហាន លន់ នល់ បានចាប់យកទៅវាយធ្វើទារុណកម្មរហូតដល់គាត់ស្លាប់។ បងស្រីខ្ញុំ ត្រូវរស់នៅជាស្រ្តីមេម៉ាយនឹងជាមុខសញ្ញាតាមដានពីទាហាន លន់ នល់ ហេតុនេះគាត់ចេះតែនាំខ្ញុំរត់គេចចូលពួនក្នុងព្រៃ ព្រោះខ្លាចកម្លាំងទាហានលន់ នល់ មកចាប់ខ្ញុំម្នាក់ទៀត។

នៅចុងឆ្នាំ១៩៧៤ ឈ្មោះ យ៉ាន់ មានតួនាទីប្រធានសង្កាត់ច្រនាង បានជ្រើសរើសកម្លាំងយុវជន យុវនារីចំនួន១៧នាក់បូករួមទាំងខ្ញុំ ឱ្យចូលបម្រើកងទ័ពខ្មែររំដោះ ដើម្បីបញ្ជូនឱ្យទៅប្រយុទ្ធជាមួយកម្លាំងទាហាន លន់ នល់។ កាលនោះ ខ្ញុំមិនហ៊ានប្រកែកនឹងការស្នើសុំនោះឡើយ ព្រោះខ្លាចកងកម្លាំងរំដោះចាប់ខ្ញុំយកទៅសម្លាប់។ បន្ទាប់មកប្រធានសង្កាត់បានបញ្ជូនក្រុមខ្ញុំឱ្យទៅស្នាក់នៅ និងរៀនក្បួនយុទ្ធសាស្រ្តនៅខាងតំបន់ជើងព្រៃ ដែលមានប្រធានកងពលឈ្មោះ តាសាវ៉ាន់ និង តាអឿន ជាអ្នកគ្រប់គ្រង និងបង្ហាត់បង្រៀនរយៈពេលកន្លះខែ។ តាសាវ៉ាន់ និង តាអឿន ក្ដាប់យុវជន យុវនារី ដែលបានមកតាមបណ្ដាស្រុកចំនួន៤០០នាក់។ ខ្ញុំចេះក្បួនយុទ្ធសាស្រ្តតិចតួចរួច អង្គភាពបានបញ្ជូនខ្ញុំទៅសមរភូមិព្រែកអញ្ចាញ។ ចំណែកកម្លាំងផ្សេងទៀត ដែលបានហាត់រៀនមានជំនាញជាងក្រុមខ្ញុំ ត្រូវអង្គការបញ្ជូនឱ្យទៅវាយនៅតំបន់សៀមរាប។  កាលនោះ នៅសមរភូមិខ្ញុំខ្លាចខ្លាំងណាស់ តែខ្ញុំមិនហ៊ានរត់មកផ្ទះវិញទេ ព្រោះអ្នកដែលធ្លាប់រត់មកផ្ទះគឺត្រូវអង្គការចាប់ខ្លួន ឬអាចឈានដល់ការសម្លាប់។

ក្រោយពីវាយនៅសមរភូមិព្រែកអញ្ចាញទទួលបានជ័យជម្នះហើយ អង្គការបានបញ្ជូនខ្ញុំឱ្យទៅសមរភូមិផ្លូវជាតិលេខ៥ និងដាក់ទិសដៅ ត្រូវវាយចាប់ពីចំណុចសាលាលេខ៥ ចូលមកកាន់ព្រែកព្នៅ      បាសិត និងត្រពាំងព្រាយ។ ខ្ញុំវាយប្រយុទ្ធជាមួយទាហាន លន់ នល់ បានប្រហែលជាមួយខែ ក៏ត្រូវរបួសសុសសាច់ និងផ្នែកខាងក្បាល។ ហេតុនេះ ខ្ញុំត្រូវមកសម្រាកព្យាបាលនៅពេទ្យកងទ័ពរំដោះ ហៅក្រសាំងផ្អែមក្នុង ក្នុងស្រុកឧត្ដុង្គរយៈពេល៣ខែ។  ដោយសាររបួសខ្ញុំរៀងធ្ងន់ អង្គការក៏បញ្ជូនខ្ញុំឱ្យមកសម្រាកព្យាបាលបន្តនៅខាងតាប្រុក ស្រុកចំការលើ រយៈពេលកន្លះឆ្នាំទៀត ទើបខ្ញុំបានជាសះស្បើយ។ អំឡុងកងទ័ពខ្មែរក្រហមវាយយកទីក្រុងភ្នំពេញ ខ្ញុំនៅសម្រាកព្យាបាលខ្លួននៅឡើយទេ។ ខ្ញុំក៏បានជាពីមុខរបួស អង្គការក៏បញ្ជូនខ្ញុំឱ្យមករស់នៅវត្តគុក ក្នុងស្រុកជើងព្រៃ។ នៅវត្តគុក ខ្ញុំធ្វើស្អីមិនកើត អង្គការក៏បញ្ជូនខ្ញុំឱ្យមករស់នៅតំបន់បឹងបាយ៉ាប ក្រុងភ្នំពេញ និងស្ថិតក្រោមការគ្រប់គ្រងកងពលពិការ ក៥។ កងពិការ ក៥ គឺអង្គការចាត់តាំងឱ្យចុះទៅធ្វើស្រែនៅបរិវេណបឹងបាយ៉ាប ហើយក្រៅពីនោះគឺកងពិការ ក៥ ត្រូវទៅលើកផ្លូវថ្នល់តំបន់បឹងបាយ៉ាប និងជីកប្រឡាយសម្រាប់បង្កបង្កើនផលស្រូវជាដើម។ ខ្ញុំសង្កេតឃើញថា អង្គការប្រើប្រាស់កម្លាំងជនពិការទាំងអស់ លើកលែងតែអ្នកពិការភ្នែកទាំងសងខាងតែប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៦ អង្គការក៏ចាប់ផ្ដើមធ្វើបន្សុទ្ធកម្មខ្លាំងឡើងៗ ក្រោយពី កុយ ធួន មានតួនាទីជាលេខាភាគភូមិឧត្ដរ ត្រូវចាប់ខ្លួននិងសម្លាប់នៅគុកទួលស្លែង[4]។ បន្ទាប់ពីនោះកម្មាភិបាលនៅក្នុងភូមិភាគឧត្ដរ ត្រូវកងកម្លាំងភូមិភាគនិរតី ចោទថាជាកម្លាំង សេ-អ៊ី-អា និងត្រូវចាប់ខ្លួនសម្លាប់ជាបន្តបន្ទាប់។ អ្វីដែលខ្ញុំឆ្ងល់ គឺ កែ ពក មិនត្រូវបានចាប់ខ្លួនទេ ហើយថែមទាំងបានឡើងតួនាទីគ្រប់គ្រងភូមិភាគឧត្ដរជំនួស កុយ ធួន។ តាអឿន ដែលជាប្រធានកងពលក្ដាប់ខ្ញុំ និងប្រធានវរសេនាតូច ធំ ក៏ត្រូវចាប់ខ្លួនយកសម្លាប់ចោលទាំងអស់។ ក្រោយមកអង្គការចុះធ្វើប្រវត្តិរូបលើខ្លួនខ្ញុំជាច្រើនលើកច្រើនសារ។

នៅខែធ្នូ ឆ្នាំ១៩៧៧ អង្គការបានបញ្ជូនកងពល៣១០ បូកទាំងខ្ញុំ និងជនពិការផ្សេងៗទៀត លើកលែងតែអ្នកពិការភ្នែកទាំងសងខាង ឱ្យឡើងកប៉ាល់ ដើម្បីទៅវាយកងទ័ពវៀតណាម នៅតំបន់ស្រែថ្លុង ស្រុកមេមត់ ខេត្តកំពង់ចាម។ កាលនោះ ពេលទៅដល់ទីតាំងស្រែថ្លុង អង្គការបានឱ្យខ្ញុំសម្រាករយៈពេលមួយខែសិន។ ចូលដល់ថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៨ គឺអង្គការចាត់តាំងឱ្យចូលវាយតែម្ដង។ នៅពេលនោះ គឺមានកងទ័ពខ្មែរក្រហមជា ច្រើនបានស្លាប់។ ខាងសហករណ៍ក៏ចេះតែថែមកម្លាំងប្រជាជនធម្មតា ដែល មានអាយុប្រហែលជា១៥ឆ្នាំ ឱ្យមកធ្វើកងទ័ព។ កម្លាំងយុវជនក្មេងៗទាំងនោះមិនបានរៀនក្បួនយុទ្ធសាស្រ្តប្រយុទ្ធអ្វីនោះទេ ហេតុនេះបង្កឱ្យមានរបួស និងស្លាប់លើសលប់។

នៅខែសីហា ឆ្នាំ១៩៧៨ ខ្ញុំត្រូវរបួសក្បាលពេលប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាម។ អង្គការបានបញ្ជូនខ្ញុំឱ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យព-១៧ ក្នុងទីក្រុងភ្នំពេញ ដែលមានតា ជួន ជឿន ជាប្រធានពេទ្យ។ ខ្ញុំមិនដែលស្គាល់មុខតា ជួន ជឿន នោះឡើយ ប៉ុន្ដែបានឮក្រុមគ្រូពេទ្យហៅឈ្មោះគាត់តែប៉ុណ្ណោះ។ ខ្ញុំសម្រាកព្យាបាលរបួសរហូតដល់ដើមឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា «សាធារ ណរដ្ឋប្រជាមានិតកម្ពុជា»[5]។ ប៉ុន្ដែខ្ញុំត្រូវអង្គការបញ្ជូនតាមរយៈផ្លូវរថភ្លើង ជាមួយថ្នាក់ដឹកនាំខ្មែរក្រហមដទៃទៀតរហូតទៅដល់ថ្មគោល, បរវិល, សំឡូត និងស្រែអណ្ដូង ភូមិភាគពាយ័ព្យ។

អត្ថបទដោយ មីន សាណាស់


[1] ឯកសារលេខ, I03375, អំពីប្រវត្តិរូបសង្ខេបឈ្មោះ ហង សេង ហៅ សាយ ,តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, ហង់ សេង ហៅ សាយ ឯកសារលេខ KCI0998, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសន៍ដោយ ឡុង ដានី,ទីតាំងនៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម, នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០០៤។

[3] ហប ម៉ន គឺជាឈ្មោះ ដែល ហង់ សេង ហៅ សាយ សរសេរ ដាក់ក្នុងប្រវត្តិរូបសង្ខេបនៃរបបខ្មែរក្រហម។

[4] ដេវីដ ឆេនដល័រ, សំឡេងពីមន្ទីរ ស-២១ «ភាពព្រឺខ្លាច និងប្រវត្តិក្នុងគុកសម្ងាត់របស់ ប៉ុល ពត, បោះពុម្ពនៅកម្ពុជា ២០០៣, ប្រែសម្រួលជាភាសាខ្មែរដោយ សួ ប៊ុនស៊ូ, ទំព័រទី ៥២

[5] ចម្លងចេញពី៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ចំណងជើង «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» បោះពុម្ពឆ្នាំ២០២៥។ ប្រភពយោងសម្រាប់ការសរសេរអត្ថបទ៖ ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin