ការរៀបការនៅសម័យខ្មែរក្រហម

(ព្រៃវែង)៖ ហោ ចាន់ មានអាយុ៦៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង​។

នៅក្នុងរបបខ្មែរក្រហម ចាន់ មានអាយុប្រមាណជា១៧ឆ្នាំ។ គាត់ត្រូវបានអង្គការបំបែកឲ្យរស់នៅឆ្ងាយពីឪពុក​ម្តាយ ដោយត្រូវទៅធ្វើទាហានប្រចាំការនៅឆ្ងាយពីភូមិ​។ ចំណែកបងប្អូន និងឪពុកម្តាយរបស់ចាន់ត្រូវរស់នៅផ្សេង​ៗគ្នានៅភូមិកំណើត។

បន្ទាប់ពីធ្វើទាហានបានមួយឆ្នាំ ចាន់ ត្រូវបានខ្មែរក្រហមផ្លាស់ឲ្យមកស្រុកកំណើតវិញ និងឲ្យរៀបការ។ គាត់បន្តថា ពិធីរៀបការខ្មែរក្រហមជាអ្នករៀបចំ មានចំនួន២០គូ។ ពិធី មានរយៈពេលខ្លី ប្តីប្រពន្ធតំណាងត្រូវឡើងប្តេជ្ញាចិត្ត ស្រឡាញ់គ្នាអស់មួយជីវិត និងបង្កើតកូនឲ្យអង្គការ។ នៅក្នុងពិធីរៀបការ​ពុំមានសាច់ញាតិទាំងសងខាងចូលរួមនោះទេ ហើយស្រី្តបុរសក៏ក្លាយជាប្តីប្រពន្ធពេញសិទ្ធិ។ ប្តីប្រពន្ធអាចរស់នៅជាមួយគ្នាបានតែមួយរយៈពេលខ្លី ក៏បែកគ្នាទៅ​ធ្វើការតាមកន្លែងរៀងៗខ្លួនវិញ។

អង្គការបានកំណត់របបអាហារ ដោយម្នាក់ៗទទួលបាននូវបបររាវៗ ឬបាយតិចតួច។ ចាន់ សង្កេតឃើញថា ខ្មែរក្រហមចែកឲ្យហូបដើម្បីកុំឲ្យតែប្រជាជនស្លាប់តែប៉ុណ្ណោះ។

ក្រោយមកឪពុករបស់ចាន់ត្រូវបានអង្គការចាប់ដាក់គុក និងបានសម្លាប់ចោលដោយចោទប្រកាន់ថាជាខ្មាំង។ ចំណែកគ្រួសារបងស្រីគាត់ត្រូវបាននាំយកទៅសម្លាប់ទាំងអស់ដោយគ្មានមូលហេតុ។

ចាន់ បាននិយាយបន្ថែមថា ក្នុងរបបនោះ បងប្អូន ឬអ្នក​ស្គាល់ពេលជួបមុខគ្នាមិនហ៊ានសួរសុខទុក្ខគ្នាទេ ព្រោះខ្លាចអង្គការដឹងយកទៅរៀនសូត្រ។ នៅពេលយប់ឈ្លបខ្មែរក្រហមតែងតែលបស្តាប់តាមផ្ទះប្រសិនបើមានគ្រួសារណា ដែលមានសមាជិកត្រូវបានសម្លាប់ហ៊ាននិយាយពិភាក្សាគ្នាសមាជិកផ្សេងៗច្បាស់ជាត្រូវសម្លាប់ដែរមិនខាននៅព្រឹកថ្ងៃបន្ទាប់។

ដោយ​សារតែ​ការលំបាកខ្លាំងជាពន់ពេក ចាន់ ធ្លាប់គិតថា ចង់រត់ភាសខ្លួនទៅប្រទេសវៀតណាម។ ប៉ុន្តែគាត់គិតថា ប្រសិនបើខ្លួនរត់គេចអាចត្រូវវៀតណាមបញ្ជូនមកវិញ និងសមាជិកគ្រួសារអាចរងគ្រោះ។ ដូច្នោះគាត់បានទ្រាំរស់នៅទាំងវេទនារហូតដល់របបខ្មែរក្រហមបានដួលរលំទាំងស្រុកនៅដើមឆ្នាំ១៩៧៩។

នៅក្នុងរបបខ្មែរក្រហមរឿងរ៉ាវដែលចាន់ចងចាំមិនអាចបំភ្លេចបានគឺការដែលគាត់ និងគ្រួសារ​បានខិតខំធ្វើការងារគ្មានពេលសម្រាកប៉ុន្តែត្រូវបានអង្គការចាត់ទុកថាជាខ្មាំង។ ការហូបចុកមិនគ្រប់គ្រាន់គាត់ស្គមសល់តែស្បែក និងឆ្អឹង ក្បាលជង្គង់ធំជាងក្បាល គ្មានកម្លាំងកំហែងក្នុងខ្លួន។ គាត់គ្មានសិទ្ធិសេរីភាព។ ខ្មែរក្រហមបានសម្លាប់ឪពុក និងបងប្អូនគាត់ទាំងគ្មានកំហុស។

ក្រោយរបបខ្មែរក្រហមដួលរលំ ចាន់ និងប្រពន្ធដែលបានរៀបការក្នុងរបបខ្មែរក្រហមក៏ត្រឡប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្នគាត់មានកូនប្រាំពីរនាក់ ស្រីបួន​នាក់​ និងប្រកបរបបធ្វើស្រែចម្ការ។

ចាន់ មានជំងឺលើសជាតិស្ករ។ គាត់បានទៅជួបគ្រូពេទ្យរៀងរាល់បីខែម្តង។

សម្ភាសន៍ដោយ ហេង ស្រីអូន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin