ហោ ឈួនបាត់កូនឈ្មោះ ហោ ឆាយ ហៅ ឈួន ឆាយ នៅក្នុងឆ្នាំ១៩៧៨

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅឆ្នាំ១៩៧៥ ហោ ឆាយ ហៅ ឈួន ឆាយ បានមកលេងផ្ទះ ដើម្បីស្នើរសុំមាន់ ទា ពីសហករណ៍ភូមិខ្ចៅ។ ហោ ឆាយ ហៅ ឈួន ឆាយបានស្នាក់នៅផ្ទះមួយយប់។ ពេលប្រលឹមឡើងហោ ឆាយ ហៅ ឈួន ឆាយបានធ្វើដំណើរទៅ ភ្នំពេញវិញ។ បន្ទាប់ពីពេលនោះមកហោ ឆាយ ហៅ ឈួន ឆាយមិនដែលមកលេងផ្ទះទៀតទេ។ រហូតដល់ឆ្នាំ១៩៧៨ ហោឈួន បានទទួលដំណឹងថា ហោ ឆាយដែលត្រូវជាកូនប្រុសទី១២បានទៅសម្រាកព្យាបាលនៅខេត្តកំពង់ចាម។ ពេល ហោ ឆាយបានធូរស្រាលអង្គការបញ្ជូនទៅភ្នំពេញ។ ខាងក្រោមនេះជាសាច់រឿងរបស់ ហោ ឈួន[1]ដែលបាននិយាយពីដំណើរការនៃការបាត់ខ្លួនរបស់កូនប្រុស ឈ្មោះហោ ឆាយ៖

ហោ ឈួន ភេទប្រុស អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិខ្ចៅ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិខ្ចៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ប្រពន្ធខ្ញុំឈ្មោះ ប្រុក ស្រ៊ាង អាយុ៦៥ឆ្នាំ។ ខ្ញុំមានកូនចំនួន១២នាក់ ក្នុងនោះមានស្រី៤នាក់ និងប្រុស៨នាក់។ កូនខ្ញុំស្លាប់អស់២នាក់(ស្លាប់ដោយសារជំងឺកាលនៅតូចៗ)និងបាត់ខ្លួនម្នាក់។ កូនទី១ឈ្មោះហោ គីមសុន ភេទស្រី សព្វថ្ងៃរស់នៅក្នុងភូមិខ្ចៅ។ កូនទី២ ឈ្មោះហោ គឹមគឿន ភេទប្រុស(ស្លាប់តាំងពីនៅតូច)។ កូនទី៣ឈ្មោះ ហោ គឹមសឿន ភេទស្រី(ស្លាប់កាលពីនៅតូច)។ កូនទី៤ឈ្មោះហោ ឆន ភេទប្រុស សព្វថ្ងៃរស់នៅភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាល។ កូនទី៥ឈ្មោះហោ ស្រី ភេទស្រី រស់នៅភូមិខ្ចៅ។ កូនទី៦ឈ្មោះហោ ឡាច ភេទប្រុស សព្វថ្ងៃរស់នៅទីរួមខេត្តកំពង់ចាម។ កូនទី៧ឈ្មោះ ហោ រស់ ភេទប្រុស សព្វថ្ងៃរស់នៅច្បារអំពៅ។ កូនទី៨ឈ្មោះហោ ប៊ិច ភេទប្រុស សព្វថ្ងៃរស់នៅភូមិខ្ចៅ។ កូនទី៩ឈ្មោះហោ សុផល ភេទស្រី រស់នៅភូមិខ្ចៅ។ កូនទី១០ឈ្មោះហោ ឈឿន ភេទប្រុស សព្វថ្ងៃនៅស្រុកស្ទោង ខេត្តកំពង់ធំ។ កូនទី១១ ឈ្មោះហោ ស្រីពៅ ភេទស្រី រស់នៅភូមិខ្ចៅ។ កូនទី១២ ឈ្មោះហោ ឆាយ(បាត់ខ្លួន នៅក្នុងឆ្នាំ១៩៧៨)។

ហោ ឆាយ មានឈ្មោះដើមហៅថា ឈួន ឆាយ និងមានឈ្មោះបដិវត្តហៅថា ឈួន រី។ ហោ ឆាយកើតឆ្នាំកុរ។ សព្វថ្ងៃហោ ឆាយមានអាយុ៤៨ឆ្នាំ។ ហោ ឆាយមានទីកន្លែងកំណើតនៅក្នុងភូមិខ្ចៅ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។

កាលពីកុមារភាព ហោ ឆាយរៀននៅសាលាបឋមសិក្សាខ្ចៅត្រឹមថ្នាក់ទី១០(សង្គមចាស់)។ ហោ ឆាយបាន ឈប់រៀន រួចទៅនៅវត្តមុនីសាគរហៅវត្តខ្ចៅដែលស្ថិតនៅក្នុងភូមិខ្ចៅ ដើម្បីសិក្សារៀនសូត្រជាមួយព្រះសង្ឃ។ ព្រះចៅអធិ ការវត្តមុនីសាគរឬវត្តខ្ចៅបានបំបួសហោ ឆាយជា ”ភិក្ខុ” ។ ហោ ឆាយបួសនៅក្នុងវត្តមុនីសាគរឬវត្តខ្ចៅបាន៣វស្សា។

នៅចុងឆ្នាំ១៩៧៤ ខ្មែរក្រហមចូលដល់ក្នុងភូមិខ្ចៅ រួចបានបង្ខំឲ្យព្រះសង្ឃនៅក្នុងវត្តមុនីសាគរឬ វត្តខ្ចៅទាំងអស់លាចាកសិក្ខាបទ។ ហោ ឆាយលាចាកសិក្ខាបទបាន៤ថ្ងៃ។

នៅថ្ងៃទី៥ ខែវិច្ឆិកា ​ឆ្នាំ១៩៧៤ ឆាយ បានចូលបដិវត្ត។ ឆាយ ចូលធ្វើបដិវត្តន៍ដោយសារតែសមមិត្តអ៊ីម ដែលជាប្រធានសង្កាត់សូរគងបង្ខំ។ ឆាយ ចូលធ្វើកងឈ្លបដំបូងនៅក្នុងសង្កាត់សូរគង។ នៅក្នុងភូមិខ្ចៅយុវជនដែលមានអាយុចាប់ពី១៦ឆ្នាំឡើង អង្គការបានប្រមូលទៅធ្វើឈ្លបឃុំសូរគងទាំងអស់។ ពេលធ្វើឈ្លបឃុំសូរគង ឆាយ មិនដែលមកលេងផ្ទះទេ។ ប្រធានភូមិខ្ចៅឈ្មោះ ស៊ីម។ ឆាយធ្វើឈ្លបនៅមន្ទីរឃុំសូរគងបាន១ឆ្នាំ។ អង្គការបានបញ្ជូន ឆាយ ទៅភ្នំពេញ។ នៅភ្នំពេញ ឆាយ បានធ្វើជាសមាជិក កងពល៣១០ វរសេនាតូច១២១ វរសេនាធំ១២។

នៅក្នុងឆ្នាំ១៩៧៥ ឆាយ បានមកលេងផ្ទះ ដោយជិះម៉ូតូមកពីរនាក់ ហើយបានសម្រាកមួយយប់។ ប្រលឹមឡើងហោ ឆាយបានធ្វើដំណើរទៅភ្នំពេញវិញ។ ប្រហែលជា១០ថ្ងៃក្រោយមកអង្គការប្រើ ឆាយ ឲ្យមកស្នើរសុំមាន់ ទាពីសហករណ៍ភូមិខ្ចៅ។ កាលនោះហោ ឆាយស្នើ ទៅអង្គការបានទាចំនួនពីរក្បាល និងជ្រូកមួយក្បាល។ ឆាយបានស្នាក់នៅផ្ទះមួយយប់។ ព្រឹកឡើងឆាយ បានធ្វើដំណើរទៅភ្នំពេញវិញ។ ចាប់តាំងពីពេលនោះមក ឆាយ មិនដែលមកផ្ទះទៀតទេ។

នៅក្នុងសម័យខ្មែរក្រហមខ្ញុំត្រូវបានអង្គការចាត់តាំងឲ្យធ្វើការងារខាងសិប្បកម្មធ្វើជាជាងផ្ទះរហូត។ នៅក្នុងមួយថ្ងៃខ្ញុំធ្វើការរហូត ឈប់សម្រាកតែម៉ោងបាយទេ។ ពេលយប់ខ្លះខ្ញុំទំនេរក៏យកកាំកង់មួយដុំមកកាត់ដំ ដើម្បីយកធ្វើជារហាត់ទឹក។ ប្រពន្ធខ្ញុំអង្គការឲ្យដកសំណាប។ កូនខ្ញុំមួយចំនួនអង្គការចាត់តាំងឲ្យធ្វើជាកងចល័ត។ ខ្ញុំហូបតែបបរទឹកៗលាយជាមួយពោត។ ខ្ញុំចេះតែហូប ដើម្បីយកកម្លាំងធ្វើការងារ។ ខ្ញុំហូបមិនគ្រប់គ្រាន់ទេ ហើយត្រូវអង្គការប្រើឲ្យធ្វើការងារធ្ងន់ៗជាកក្ដាធ្វើឲ្យរាង្គកាយខ្ញុំហើម។ ពេលនោះអង្គការឲ្យខ្ញុំទៅអារឈើ ប៉ុន្តែគណៈស្រុកកងមាស ឈ្មោះ កាន បានឃើញរាងកាយខ្ញុំហើម ក៏បញ្ជូនខ្ញុំមកផ្ទះវិញ។ សមមិត្តកាននិយាយប្រាប់ខ្ញុំថា កុំទាន់ទៅអារឈើ។

ខ្ញុំធ្លាប់ឃើញសមមិត្តកាន មកចាប់ចង អ៊ីន យកទៅមន្ទីរសន្តិសុខឃុំសូរគង។ អ៊ីន ជាប្រជាជនថ្មីដែលអង្គការជម្លៀសមកពីទីក្រុងភ្នំពេញ។ សមមិត្តកាន និយាយថាចាប់អ៊ីន ដើម្បីយកទៅសារភាព ព្រោះមានសមមិត្តម្នាក់រាយការណ៍ថា អ៊ីន មិនស្មោះត្រង់ជាមួយអង្គការ ដោយនិយាយថា“អង្គការមិនឲ្យប្រជាជនហូបគ្រប់គ្រាន់និងប្រើឲ្យធ្វើការគ្មានពេលសម្រាក”។ នៅមន្ទីរប្រធានសន្តិសុខឃុំសូរគង អ៊ីនបានសារភាពថា “ខ្លួនពិតជាបាននិយាយបែបនេះមែន”។ បន្ទាប់ពីសារភាពរួច អ៊ីនត្រូវអង្គការយកទៅសម្លាប់នៅមាត់ទន្លេ(ខេត្តកំពង់ចាម)។

នៅឆ្នាំ១៩៧៦ ខ្ញុំឃើញអង្គការសម្លាប់ប្រជាជនថ្មីច្រើនណាស់។ ប្រជាជនចាស់បើខុសសីលធម៌ អង្គការបញ្ជូនទៅវត្តអូរត្រកួន[2] (វត្តមុនីសាលវ័នហៅ វត្តអូរត្រកួន[3] ស្ថិតនៅក្នុងឃុំពាមជីកង ខេត្តកំពង់ចាម)។ ម៉ៅ ជាប្រធានកងតូចភូមិខ្ចៅបានធ្វើខុសសីលធម៌ជាមួយស្ដី្រម្នាក់ដែលអង្គការជម្លៀសមកពីភ្នំពេញ។ ម៉ៅ បានធ្វើឲ្យស្ដី្រម្នាក់នោះមានផ្ទៃពោះ ដោយខ្លាចអង្គការដឹងអំពីរឿងរ៉ាវដែលបានធ្វើខុសសីលធម៌នេះ ម៉ៅ បាននាំស្ដី្រនោះទៅវាយចោល។ នៅពេលដែលអង្គការតាមដានដឹងថាម៉ៅធ្វើខុសសីលធម៌ អង្គការបានបញ្ជូនម៉ៅទៅវត្តអូរត្រកួន ហើយចាប់ពីពេលនោះមកខ្ញុំមិនដែលឃើញម៉ៅទៀតទេ។

ប្រជាជនថ្មីឈ្មោះ ម៉ុន បានលួចជីកដំឡូងនិងលួចកាច់ពោតយកមកស្ងោរហូប ប៉ុន្តែត្រូវបានអង្គការចាប់បាន រួចសម្លាប់ចោលនៅក្នុងភូមិខ្ចៅ។ អង្គការធ្វើបែបនេះ ដើម្បីកុំឲ្យមានសមមិត្តផ្សេងទៀតយកគំរូតាមជនក្បត់។ ខ្ញុំពិតជាខ្លាចខ្លាំងណាស់។ ខ្ញុំមិនហ៊ានធ្វើខុសឬលួចអ្វីទេ។

នៅចុងឆ្នាំ១៩៧៨ ខ្ញុំទទួលដំណឹងថា ឆាយ បានទៅនៅស្រុកមេមត់ ខេត្ដកំពង់ចាម ដើម្បីនៅការពារព្រំដែនកម្ពុជា-វៀតណាម។ ឆាយ បានវាយជាមួយកងទ័ពវៀតណាម ហើយបានជាន់មីនត្រូវរបួស។ ឆាយ  មកដេកសម្រាកព្យាបាលនៅខេត្ដកំពង់ចាម។ ពេល ឆាយ បានធូរស្បើយ អង្គការបញ្ជូនទៅភ្នំពេញវិញ។ ចាប់តាំងពីពេលនោះមក ហោ មិនដែលផ្ដល់ដំណឹងមកគ្រួសារទៀតទេ។

សព្វថ្ងៃខ្ញុំនៅតែមានសង្ឃឹមថា ឆាយ នៅរស់រានមានជីវិត។ ខ្ញុំនៅតែចាំមើលផ្លូវ ឆាយ រហូត។ ពេលខ្លះខ្ញុំសុបិន្តថា ឆាយ មកផ្ទះ ដោយស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ។

 

អត្ថបទដោយ​៖ វី ស៊ីថា

[1] មជ្ឈមណ្ឌលឯកសារកម្ពុជា (I02072) KCI0266 សម្ភាសន៍ជាមួយ ហោ ឈួន អាយុ៦៩ឆ្នាំ ត្រូវជាឪពុក និងឈ្មោះ ប្រុក ស្រ៊ាង អាយុ៦៥ឆ្នាំ ត្រូវជាម្ដាយ រស់នៅភូមិខ្ចៅ ជុំសូរគង ស្រុកកងមាស ខេត្តកំបង់ចាម ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០០៣ សម្ភាសន៍ដោយៈ ឡុង ដានី, ចម្លងចេញពីកាសែតដោយ អ៊ូច សំអឿន , មាន៣៤ទំព័រ។

[2] DK PRISON , updated by February 18, 2008 , Prepared by pheng pong-rasy  មានមន្ទីរសន្តិសុខចំនួន១៩៦ក្នុងនោះមាន មន្ទីរសន្តិសុខវត្តអូរត្រកួន  មានលេខរៀងទី២៦ដែលស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម 030702។

[3] https://rac-app.com/tour/detail/k06038, វិមានរំឭកវិញ្ញាណក្ខន្ធថ្មីមួយ ត្រូវបានធ្វើឡើងនៅក្នុងបរិវេណវត្តមុនីសាលវ័ន ឬវត្តអូរត្រកួន កាលពីខែឧសភា ឆ្នាំ១៩៩២ ដើម្បីដាក់តម្កល់អដ្ឋិធាតុដែលគាស់ចេញពីរណ្ដៅមួយចំនួនក្នុងចំណោមរណ្ដៅទាំង៤៦៧។ យោងតាមឯកសារ ដែលទទួលបានពីសាលាស្រុកកងមាសបានឱ្យដឹងថា ចំនួនសាកសពដែលត្រូវខ្មែរ ក្រហមសម្លាប់គឺមាន រហូតដល់ទៅ៣២,៦៩០នាក់។ ក្នុងចំនួនសាកសពទាំងនេះ ភាគច្រើនជាប្រជាជនជម្លៀសពីទីក្រុងភ្នំពេញ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin