ហោ ម៉ៅ៖ ប្រធានផ្នែកចរន្ត អគ្គិសនី
ឯកសារលេខ J00218 សរសេរដោយដៃ មានចំនួន១៣ទំព័រ និយាយអំពី សកម្មភាពរបស់ ហោ ម៉ៅ មានតួនាទី ប្រធាន ផ្នែកចរន្តអគ្គិសនី បានទាក់ទងជាមួយវៀតណាមជាច្រើនលើកច្រើនសា ក្នុងគម្រោងផែនការបំផ្លាញបដិវត្តន៍។ នៅថ្ងៃចុងក្រោយ អំឡុងពេលដែល ម៉ៅ មានបំណង ចង់ទៅជួប វៀតណាមបន្តទៀត ម៉ៅ ត្រូវបានយោធាខ្មែរក្រហមចាប់ខ្លួនបញ្ជូនមកមន្ទីរស-២១ និងត្រូវបានសួរចម្លើយ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៨។
ខាងក្រោមជាចម្លើយសារភាព របស់ ហោ ម៉ៅ
ហោ ម៉ៅ[1] ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង តំបន់២២។ កាលនៅពីតូច អំឡុងពេល ម៉ៅ មានអាយុ១០ឆ្នាំ ឪពុកម្តាយរបស់ ម៉ៅ បានបញ្ជូន ម៉ៅ ឲ្យទៅនៅវត្តកំពង់ប្រាំង។ ប៉ុន្តែ រយៈពេល៣ថ្ងៃក្រោយមក ម៉ៅ បានរត់មករស់នៅជាមួយ ឪពុកម្តាយវិញ។
នៅខែមករា ឆ្នាំ១៩៧៤ ម៉ៅ បានចូលបដិវត្តន៍ យោធាតំបន់២២ដំបូង តាមរយៈឈ្មោះ សុន, ជាប្រធានភូមិកំពង់ប្រាំង។ ពេលនោះ ម៉ៅ បានចូលហ្វឹកហាត់ បច្ចេកទេសយោធា នៅភូមិអំពិល ឃុំអំពិល ស្រុកស៊ីធរកណ្តាល តំបន់២២។ បន្ទាប់ពី ម៉ៅ បានហ្វឹកហាត់ បច្ចេកទេសយោធាបានចំនួន កន្លះខែ ម៉ៅ ត្រូវអង្គការ ដកឲ្យមកការពារ អង្ករ នៅភូមិតាខៃ ឃុំខ្ទះកណ្តាល ស្រុកស៊ីធរកណ្តាល។ អៀន ដែលជាប្រធានមន្ទីរកសិដ្ឋាននៅទីនោះ បានអូសទាញ ម៉ៅ ឲ្យធ្វើសកម្មភាពក្បត់ជាច្រើន។ ចាប់តាំងពីពេលនោះមក ម៉ៅ បានរួមសកម្មភាពក្បត់ជាមួយ អៀន ជាប់រហូត។ អៀន បានអប់រំ ម៉ៅ ឲ្យទាក់ទងជាមួយប្រធានក្រុមដឹកជញ្ជូន យកបាយ និង ម្ហូបអាហារទៅសមរភូមិមុខ ដែលជាសមរភូមិវិហារសួគ៌។ នៅពេលរែកបាយ ចេញទៅសមរភូមិម្តងៗ អៀន បានណែនាំ ម៉ៅ ឲ្យយកបាយទាំងនោះ ទៅចាក់ចោលនៅក្នុងត្រង់សេ(លេណដ្ឋាន)ចាស់ៗ ព្រមទាំងបំផុសឲ្យយុទ្ធជនដឹកជញ្ជូន រត់ទៅផ្ទះអស់។ នៅចុងឆ្នាំ១៩៧៤ ម៉ៅ បានធ្វើសកម្មភាពបំផ្លាញថ្នាំពេទ្យ និងយកគ្រាប់បែកទៅចងនៅតាមផ្លូវ បណ្តាលឲ្យផ្ទុះ ត្រូវកងទ័ពរបស់បដិវត្តន៍។
នៅខែឧសភា ឆ្នាំ១៩៧៥ អង្គការបានដក ម៉ៅ, អៀន, និង អេង ចេញពីកងដឹកជញ្ជួន ឲ្យមកនៅកសិដ្ឋានយោធាតំបន់២២ ជាមួយ ជនពិការ។ ពេលនោះ ម៉ៅ បានបង្ករសកម្មភាព ប្រលែង គោ ក្របី ឲ្យទៅស៊ីដំឡូង, សណ្តែក, ស្រូវ និង ស្ពឺ ព្រមទាំងបង្ករទំនាស់នៅក្នុងក្រសួងកសិដ្ឋាន ធ្វើឲ្យពិបាក ក្នុងការដោះស្រាយ។
នៅឆ្នាំ១៩៧៦ ម៉ៅ ត្រូវ អៀន ណែនាំឲ្យទាក់ទងជាមួយ ផុន ជាប្រធានផ្នែកចរន្តអគ្គិសនី, វុធ ជាប្រធានមន្ទីរបណ្តាញអគ្គិសនី ផ្សារតូច ទី១, អឹម ជាអនុប្រធានមន្ទីរបណ្តាញ, ឆឺន ជាប្រធានក្រុម និង យ៉ាន ជាប្រធានក្រុម។ សកម្មភាពរបស់ ម៉ៅ នៅពេលនោះ គឺទទួលការណែនាំពី វុធ ឲ្យបំផ្លាញប្រដាប់វាស់ភ្លើង និងធ្វើឲ្យឡានដឹកជញ្ជូនសម្ភារផ្សេងៗខូច។
នៅខែមិថុនា ឆ្នាំ១៩៧៦ ផុន បានហៅកម្លាំងចំនួន៣នាក់ មាន ម៉ៅ, យ៉ាន និង ថាវ ឲ្យទៅប្រជុំនៅផ្ទះចរន្តអគ្គិសនី នៅមាត់ទន្លេ ក្បែរគល់ស្ពានជ្រោយចង្វារ។ ផុន ណែនាំឲ្យអ្នកទាំងបី ធ្វើសកម្មភាពបំផ្លាញ ចរន្ត ត ខ្សែភ្លើង និងបំផ្លាញប្រេងឡាន។ ផុន ណែនាំ ឲ្យ ម៉ៅ ទាក់ទងជាមួយវៀតណាម ក្នុងគម្រោងបំផ្លាញបដិវត្តន៍។ បន្ទាប់ពីការប្រជុំចប់ ម៉ៅ, ផុន និង យ៉ាន បានយកម៉ូតូ របស់ វុធ ជិះទៅទាក់ទងជាមួយវៀតណាមជាលើកទី១ ក្នុងរូបភាពទៅធ្វើភ្លើង។ ផុន និង យ៉ាន ជាអ្នកចូលទៅទាក់ទងជាមួយវៀតណាម ចំណែកឯ ម៉ៅ នៅចាំម៉ូតូ ខាងក្រៅ។ បន្ទាប់ពីនោះមក ផុន បានឲ្យ ម៉ៅ ដើរប្រមូលគ្រាប់កាំភ្លើងឲ្យបានច្រើន ដើម្បីត្រៀមទុកវាយបដិវត្តន៍នៅថ្ងៃក្រោយ។ ផុន បាន ណែនាំ ម៉ៅ ឲ្យស្គាល់ពីខ្សែទាក់ទងចំនួន៧នាក់ ក្នុងនោះ ម៉ៅ បានធ្វើសកម្មភាពតែជាមួយមនុស្សចំនួន៣នាក់ប៉ុណ្ណោះ គឺ ថុន, សារ៉េន និង ព្រីង។
នៅខែមេសា ឆ្នាំ១៩៧៧ ពេល ម៉ៅ និង សៀង ទៅកាប់មែកឈើ ចេញពីខ្សែភ្លើង ម៉ៅ និង សៀង បានចូលទៅទាក់ទងជាមួយខ្សែ វៀតណាម។ វៀតណាម បានសួរពីសភាពការណ៍នៅក្នុងទីក្រុងភ្នំពេញ។ ម៉ៅ និង សៀង បានរាយការណ៍ឲ្យវៀតណាម ពីខ្សែក្បត់នៅក្នុងរោងចក្រចំនួន៦នាក់ ត្រូវបានអង្គការចាប់ខ្លួន ដោយសារតែអ្នកទាំងអស់នោះ ប្រុងនឹងរត់ចេញទៅប្រទេសវៀតណាម។ បន្ទាប់ពីរាយការណ៍ឲ្យវៀតណាមរួច វៀតណាម បានណែនាំឲ្យ ម៉ៅ និង សៀង ធ្វើសកម្មភាពនៅក្នុងទីក្រុងបន្តទៀត និងត្រូវ ទាក់ទងកម្លាំងឲ្យបានច្រើន ព្រមទាំងធ្វើសកម្មភាពដើរបំផុសបំផុល កម្មករនៅក្នុងរោងចក្រ និយាយពីប្រទេសវៀតណាម មានរោងចក្រសម្បូរបែប មិនមែនអន់ ដូចនៅកម្ពុជា។ ម៉ៅ, សៀង និង ព្រីង បានធ្វើសកម្មភាពបន្តទៀត ដូចជាបំផ្លាញអំពូលភ្លើង, បារ៉ែត, ខ្សែភ្លើង និងធ្វើឲ្យម៉ូទ័របូមទឹក ឆេះអស់ចំនួន១។
នៅខែកញ្ញា ឆ្នាំ១៩៧៧ ថុន ណែនាំ ម៉ៅ និង សៀង ឲ្យទាក់ទងទៅវៀតណាមម្តងទៀត។ អំឡុងពេលដែល ម៉ៅ និង សៀង ទៅកាប់ឈើ នៅចម្ការមនដដែល ម៉ៅ និង សៀង បានចូលទៅទាក់ទងជាមួយវៀតណាមតែម្តង។ ពេលនោះ ម៉ៅ និង សៀង បានជួបជាមួយវៀតណាមចំនួន២នាក់ ហើយ វៀតណាម បានសួរនាំ ម៉ៅ និង សៀង ពីសភាពការណ៍កម្លាំងក្បត់នៅទីក្រុងភ្នំពេញ។ ម៉ៅ និង សៀង បានរាយការណ៍ឲ្យវៀតណាម ពីឈ្មោះ ចាន់ ចក្រី[2] ជាអតីតលេខា កងពល(១៧០) ភូមិភាគបូព៌ា និង សំរិត ហៅ លី ផែន[3] ជាអតីតមេដឹកនាំជាន់ខ្ពស់ផ្នែកយោធានៅភូមិភាគ បូព៌(២០៣) ត្រូវបានអង្គការចាប់ខ្លួន។ វៀតណាម បានណែនាំឲ្យ អ្នកទាំងពីរ ខិតខំធ្វើសកម្មភាពនិង ក្តាប់សភាពការណ៍បន្តទៀត។
នៅខែធ្នូ ឆ្នាំ១៩៧៧ ម៉ៅ ត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅក្នុងរោងចក្រ ឡ ឥដ្ឋ។ បន្ទាប់ពី ថុន ត្រឡប់ មកពីរកត្រីវិញ ថុន បាន ហៅ ម៉ៅ, ព្រីង និង សារ៉េន មកប្រជុំ។ ថុន ណែនាំឲ្យអ្នកទាំងបី ធ្វើសកម្មភាពបំផុសមិនឲ្យកម្មកររៀនបច្ចេកទេសធ្វើឥដ្ឋ និងមិនចាំបាច់ឲ្យកម្មករប្រឹងប្រែងធ្វើការពេកទេ។ ថុន ណែនាំឲ្យ ម៉ៅ ធ្វើសកម្មភាពជាមួយវៀតណាមបន្តទៀត ហើយរាយការណ៍ឲ្យវៀតណាម ពីសភាពការណ៍នៅក្នុងក្រុង និង ទាក់ទង រកផ្លូវរត់ទៅប្រទេសវៀតណាម។
ក្រោយពីប្រជុំ ចប់ ម៉ៅ និង សៀង រកលេស ទៅជួបវៀតណាមបន្តទៀត ក្នុងរូបភាព ទៅរកបារ៉ែត ដើម្បី ត ភ្លើងចូលរោងចក្រ ឡ ឥដ្ឋ ប៉ុន្តែមិនទាន់បានជួបវៀតណាមផង ក៏ត្រូវយោធារបស់អង្គការ ចាប់ខ្លួនបានតែម្តង។
សរសេរដោយ ថុន ស្រីពេជ្រ
ឯកសារយោង
[1] ឯកសារ J00218 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«សេចក្តីកំណត់ហេតុសួរចម្លើយ ហោ ម៉ៅ៖ ប្រធាន ផ្នែកចរន្តអគ្គិសនី»។
[2] ដារ៉ារដ្ឋ មេត្តា, ទស្សនាវដ្តីស្វែងរកការពិត មានចំណងជើង«លី ផែន ហៅ សំរិត អតីតអនុលេខាសេនាធិការយោធាភូមិភាគបូព៌ា(២០៣)»(ភ្នំពេញ៖ ខែ តុលា ឆ្នាំ២០១៨)។
[3] ស្ទួន