អ្នកចម្រៀងក្នុងរបបខ្មែរក្រហម

(ព្រៃវែង)៖កាលពីក្មេងខ្ញុំច្រៀងបានពីរោះទើបអ្នក​ដឹកនាំក្នុងសហករណ៍តែងតែហៅខ្ញុំទៅច្រៀងពេល​ខ្មែរក្រហមមានកម្មវិធីជួបជុំគ្នាម្តងៗ។” នេះគឺជាការៀបរាប់របស់ ហម សាវឿន បច្ចុប្បន្នមានអាយុ ៦១ឆ្នាំ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​​។ សាវឿន ជាកូនទីប្រាំមួយក្នុងគ្រួសារដែលមានបងប្អូនចំនួន៩នាក់។

ក្នុងរបប លន់ នល់ គាត់រស់នៅស្រុកកំណើតរបស់ខ្លួន​នៅភូមិជ្រាវ ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ដោយសារតែឪពុកម្តាយគឺជាកសិករ​ មានជីវភាពខ្វះខាត គាត់ពុំបានសិក្សាអប់រំច្រើនទេ ពោលគឺរៀនបានត្រឹមថ្នាក់បឋមសិក្សាប៉ុណ្ណោះ។ នៅក្នុង​ភូមិរបស់​សាវឿន មានសភាពវឹកវរ បង្កឡើង​ដោយ​សង្រ្គាម និងការទម្លាក់គ្រាប់​បែក ជំរុញ​ឲ្យ​ប្រជាជនបានគេច​ទៅរស់នៅក្នុងព្រៃ។ ប្រជាជន​មួយចំនួនអាចបន្ត​រស់នៅក្នុងភូមិនៅពេលថ្ងៃ និងត្រូវ​ទៅពួនក្នុងរណ្តៅត្រង់សេនៅពេលយប់។ អ្នកភូមិ និងគ្រួសាររបស់ សាវឿន រស់នៅក្នុងស្ថានភាពភិតភ័យ។ ជាក់ស្ដែង មានគ្រួសារមួយក្នុងភូមិបានស្លាប់ទាំងគ្រួសារដោយសារការទម្លាក់គ្រាប់បែក។ បន្ទាប់ពីហេតុការណ៍នោះ គ្រួសារគាត់បានផ្លាស់ប្តូរទីលំនៅទៅ​ភូមិស្វាយជួ ប្រហែលមួយឆ្នាំទើបត្រលប់​មកភូមិវិញ។ ការរស់នៅទីនោះ មានការលំបាក​ដោយសារគា្មនជម្រក និងគ្មានស្បៀងអាហារហូបគ្រប់គ្រាន់។ នៅភូមិស្វាយជួ ម្តាយគាត់បានស្លាប់ដោយសារតែជំងឺ និងការខ្វះខាតអាហារ។

នៅឆ្នាំ១៩៧៥ ពេល សាវឿន មកដល់ភូមិកំណើតវិញ ទាហានខ្មែរក្រហម​បានចូលកាន់កាប់ភូមិ និងបានឲ្យប្រជាជនទាំងអស់ចេញពីផ្ទះសម្បែង ទៅរស់នៅតាមសហករណ៍ដោយតម្រូវ​ឲ្យធ្វើការងាររួម និងបានលុបបំបាត់កម្មសិទ្ទិឯកជន រាល់ទ្រព្យសម្បត្តិទាំងអស់ត្រូវ​ប្រមូលទុកជា​ទ្រព្យសម្បត្តិរួម។

អង្គការបានប្រើឲ្យ សាវឿន ទូលជី មើលគោ និងសម្តែងសិល្បៈ និងច្រៀងចម្រៀងដែល​លើកសរសើរពីរបបខ្មែរក្រហម។ សាវឿន៖ «ខ្ញុំជាកុមារឈានមុខ ខ្ញុំច្រៀងពីរោះ បានជាអង្គការឧស្សាហ៍ហៅខ្ញុំទៅច្រៀង នៅពេលមានកម្មវិធីជួបជុំគ្នាម្តងៗ។ ពេលខ្ញុំច្រៀង ខ្ញុំបានធូរស្បើយពីការធ្វើកិច្ចការងារ និងទទួលបានរបប​អាហារហូបចុកគ្រប់គ្រាន់ ដែលជាធម្មតាខ្ញុំទទួលបានបបរ២វែកក្នុង១ថ្ងៃដូចកុមារដទៃទៀតក្នុងកងកុមារ។”

ឪពុករបស់ សាវឿន ត្រូវខ្មែរក្រហមប្រើឲ្យធ្វើត្បាល់សម្រាប់កិនស្រូវ​។ ក្រោយមកឪពុកគាត់ត្រូវបានអង្គការនាំយកទៅសម្លាប់ដោយសារបានជំទាស់ទៅនឹងអង្គការ ដែលចង់យកផ្ទះគាត់ធ្វើជាកម្មសិទ្ធរបស់សហករណ៍។

បន្ទាប់ពីឪពុកស្លាប់ សាវឿន និងបងប្អូនត្រូវបានខ្មែរក្រហមជម្លៀស​តាមរថភ្លើងពីស្រុកកំណើតឲ្យទៅខេត្តបាត់ដំបង។ នៅទីនេះគាត់ត្រូវរស់នៅក្នុងព្រៃ និងធ្វើការងារច្រើនលើសនៅខេត្តព្រៃវែងទ្វេដង។ គាត់​ត្រូវជីក​ទំនប់ និងលើកប្រឡាយធំៗ និងជ្រៅៗ តាមផែនការដែលអង្គការបានកំណត់។ ក្រោយសាវឿនធ្វើការងារនេះបានមួយរយៈ អ្នកគ្រប់គ្រងនៅការដ្ឋានដឹងថាគាត់ច្រៀងពីរោះក៏បានប្តូរការងារឲ្យទៅធ្វើនៅផ្នែកសិល្បៈវិញ។ គាត់​បានច្រៀងចម្រៀងជាច្រើនបទ ដែលនិពន្ធឡើងក្នុងរបបនោះ។ ប្រជាជន និងថ្នាក់ដឹក​នាំនៅការដ្ឋានចូលចិត្តស្តាប់បទចម្រៀងដែលគាត់ច្រៀងណាស់​។ គ្រប់គ្នានៅទីនោះបានសរសើរថា សាវឿន ច្រៀងពីរោះ​។ តាមការរៀបរាប់របស់ សាវឿន ​ជំនាញច្រៀងនេះបានធ្វើឲ្យគាត់មានសំណាងជាងប្រជាជនដទៃទៀតដែលជម្លៀសពីខេត្តព្រៃវែងមករស់នៅខេត្តបាត់ដំបង​ ក្នុង​នោះភាគច្រើនបានទទួលរងទុក្ខវេទនាខ្លាំង និងមួយចំនួនបានស្លាប់។

សាវឿន៖ ”ខ្ញុំមិនត្រូវបានអង្គការប្រើឲ្យធ្វើការងារធ្ងន់​ៗ​ដូចប្រជាជនដទៃនៅបាត់ដំបង មានសិទ្ធិបេះផ្លែឈើផ្សេងៗហូប និងមានសិទ្ធិប្រើប្រជាជនឲ្យធ្វើការដោយសារខ្ញុំចេះច្រៀង និងសម្ដែង”។

នៅខេត្តបាត់ដំបង សាវឿន ធ្លាប់ឃើញខ្មែរក្រហម រៀបការឲ្យយុវជនយុវនារីមួយចំនួនដោយបង្ខំ និងបានគំរាមថានឹងយកទៅ​រៀនសូត្រប្រសិនបើបដិសេធ។ ការរៀបការធ្វើឡើង​លើយុវជន-យុវនារី ចំនួនពី២៥ ទៅ៥០គូ រៀបចំនៅសាលារៀន ឬនៅផ្ទះបាយរួម ដោយឲ្យបុរសអង្គុយមួយជួរ ស្រីអង្គុយមួយជួរ​។ អ្នកគ្រប់គ្រងសហករណ៍ជាអធិបតី បានហៅប្តីប្រពន្ធតំណាងមួយគូទៅពីរគូឡើងបេ្តជ្ញាចិត្តដោយ​សន្យាថានឹងស្រឡាញ់គ្នាអស់មួយជីវិត។ ពិធីមានរយៈពេលខ្លី និងគ្មានសាច់ញាតិទាំងសងខាងចូលរួម។ បងពីរនាក់របស់គាត់បានរៀបការនៅពេលនោះ។

សាវឿន រស់​នៅខេត្តបាត់ដំបងបានបីខែ របបខ្មែរក្រហមក៏ដួលរលំ​។ គាត់បានស្វែងរកបងប្អូន និងយកស្រូវអង្ករពីកន្លែងគាត់រស់នៅ ធ្វើដំណើររយៈពេលមួយខែកន្លះត្រលប់មករស់នៅស្រុកកំណើតវិញ​។

នៅឆ្នាំ១៩៨៥ គាត់បានរៀបការមានគ្រួសារ និងប្រកបរបបធ្វើស្រែរហូតដល់ពេលសព្វថ្ងៃ។ក្នុងរបបខ្មែរក្រហមគាត់បានបាត់បង់សមាជិកគ្រួសារចំនួន១០នាក់។ បច្ចុប្បន្ន សាវឿន មានជំងឺទឹកនោមផ្អែម និងជំងឺថ្លើម​។

សម្ភាសន៍ដោយ ភា បូរី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin