ហួន ឃីម៖ អតីតជំនួយការឃុំកំពាន់ ស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា

ហួន ឃីម[1] ត្រូវបានខ្មែរក្រហមជ្រើសរើសជាជំនួយការប្រធានកងធំឈ្មោះ ទូច លន់ (ប្រធានឃុំកំពាន់) ស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា ចាប់ពីតាំងពីឆ្នាំ១៩៧២ រហូតដល់ពាក់កណ្តាលឆ្នាំ១៩៧៨។ បន្ទាប់មកគណៈឃុំកំពាន់ទាំងអស់ ត្រូវបានកងទ័ពខ្មែរក្រហមមកពីភូមិនិរតីចាប់ខ្លួន និងយកទៅសម្លាប់ដោយចោទប្រកាន់ថាជាជនក្បត់។ ហួន ឃីម បានរៀបរាប់បទពិសោធន៍ជាជំនួយការ ឃុំកំពាន់របស់ខ្លួនដូចខាងក្រោម៖
ខ្ញុំឈ្មោះ ហួន ឃីម ភេទប្រុស អាយុ ៨០ឆ្នាំ មានស្រុកកំណើតនៅភូមិរំលេច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម (បច្ចុប្បន្ននៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ)។ ខ្ញុំមានប្រពន្ធឈ្មោះ ហាក់ លីអេង អាយុ ៦៨ឆ្នាំ និងមានកូនចំនួន៥នាក់(ក្នុងនោះកូនស្រី៣)។ ខ្ញុំមានឪពុកឈ្មោះ ហួន វ៉ាង (ស្លាប់ឆ្នាំ១៩៩១) និងម្តាយឈ្មោះ វង់ ធី (ស្លាប់អាយុ៦៦ឆ្នាំ)។ ខ្ញុំមានបងប្អូនចំនួន ៥នាក់ (ស្រី២) ហើយខ្ញុំជាកូនទីបី។
កាលពីកុមារភាព ខ្ញុំបានចូលរៀននៅសាលាក្នុងភូមិរំលេច ឃុំរំចេក ចប់ថ្នាក់បឋមសិក្សា ព្រមទាំងត្រូវប្រលងចូលរៀននៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។ ខ្ញុំបានប្រលងជាប់ និងបន្តទៅរៀននៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម បានប្រហែល៦ខែ រួចក៏ឈប់រៀនក្នុងឆ្នាំ១៦៦៨ ដោយសារជីវភាពគ្រួសារខ្វះខាត។
នៅពាក់កណ្តាលឆ្នាំ១៩៦៨ គ្រួសារខ្ញុំបានសម្រេចចិត្តចាកចេញពីភូមិកំណើតទៅរស់នៅកន្លែងមានដីធ្លីសម្រាប់ដាំដំណាំ។ ឪពុកខ្ញុំ បានសួរព័ត៌មានពីអ្នកស្គាល់គ្នាថា ទៅរស់នៅកន្លែងណាមានដីសម្រាប់ដាំដុះ? អ្នកស្គាល់គ្នាបានប្រាប់ថា នៅស្រុកមេមត់មានដីច្រើន អាចដំដុះបាន។ គ្រាដំបូង ពេលគ្រួសារខ្ញុំមកដល់ភូមិកំពាន់ ឃុំកំពាន់ យើងរស់នៅជាមួយអ្នកភូមិប្រមាណជា១០គ្រួសារ។ ប្រជាជនក្នុងភូមិកំពាន់ ភាគច្រើនជាជាតិដើមភាគតិចស្ទៀង។ នៅឆ្នាំដំបូង គ្រួសារខ្ញុំមានសមាជិក៥នាក់ បានចាប់ដីធ្លី កាប់ឆ្ការព្រៃបាន១ហិកតាសម្រាប់ដាំដំណាំ។ កាលជំនាន់នោះ គ្រួសារខ្ញុំដាំដំណាំដូចជាស្រូវ សណ្តែក និងល្ង។ ក្រៅពីដាំដំណាំ យើងអាចទៅធ្វើជាកម្មករធ្វើចម្ការកៅស៊ូឲ្យបារាំង ដែលមានជនជាតិយួនជាអ្នកបកប្រែ។
នៅឆ្នាំ១៩៧០ មានកងទ័ពវៀតកុង និងទាហានធីវគីបាញ់គ្នានៅផ្លូវជាតិលេខ៧ រហូតវាយចូលដល់ភូមិលោ ឃុំកំពាន់។ កងទ័ពវៀតកុង បានចូលមកដល់ភូមិកំពាន់ ឃុំកំពាន់ ដោយរស់នៅក្នុងព្រៃ និងតាមអូរជាយភូមិកំពាន់។ ចំណែកទាហានធីវគី អត់បានចូលដល់ភូមិទេ បានត្រឹមនៅតាមផ្លូវជាតិលេខ៧។ យន្តហោះអាមេរិកកាំងទម្លាក់គ្រាប់មកលើកងទ័ពវៀតកុង នៅក្នុងព្រៃតាមអូរ ព្រែក ប៉ុន្តែការទម្លាក់គ្រាប់មិនបានប៉ះពាល់ប្រជាជនរស់នៅក្នុងភូមិឡើយ។ មិត្តភក្កិរបស់ខ្ញុំម្នាក់ ដែលជាកងទ័ពវៀតកុង បាននាំខ្ញុំទៅមើលកន្លែងដែលក្រុមរបស់គាត់ដាំបន្លែសម្រាប់ផ្គត់ផ្គងកងទ័ព អំឡុងពេលវាយប្រហារនៅផ្លូវជាតតិលេខ៧។ ខ្ញុំចេះនិយាយភាសាវៀតណាមបន្តិចបន្តួច ដោយសាររស់នៅជាមួយវៀតកុងរយៈពេលយូរ។
នៅឆ្នាំ១៩៧១ ខ្ញុំចូលបម្រើការងារជាទ័ពស្រុកមេមត់ ជាមួយមេបញ្ជាការទ័ពស្រុកមេមត់ឈ្មោះ ពេជ្រ សួន។ ពេលនោះ ខ្ញុំធ្លាប់ឃើញកងទ័ពវៀតកុង ចាប់បានទាហានអាមេរិកកាំង និងធីវគីមួយចំនួនមកដាក់នៅឃុំកំពាន់។ ចំណែកកងទ័ពវៀតកុងដែលត្រូវរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទឹកទុំ ក្នុងឃុំកំពាន់ជាកន្លែងសម្រាប់ព្យាបាលធំជាងគេនៅក្នុងស្រុកមេមត់។ មន្ទីរពេទ្យនៅក្នុងភូមិទឹកទុំ ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលកងទ័ពវៀតកុងដែលវាយនៅក្នុងខេត្តកំពង់ចាម និងព្រៃវែង។ មន្ទីរពេទ្យនេះ មិនព្យាបាលប្រជាជនឡើយ។
នៅចន្លោះឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងទ័ពវៀតកុងបានបញ្ជូនទាហានអាមេរិកកាំងស្បែកខ្មៅម្នាក់ ដែលមានឈ្មោះហៅក្រៅថា ឪអាយ៉េ មកឲ្យកងកម្លាំងខ្មែរក្រហម។ ទាហានអាមេរិកកាំងស្បែកខ្មៅនោះ មានមាឌធំ ខ្ពស់ ត្រូវបានខ្មែរក្រហមបញ្ជូនទៅមន្ទីរសន្តិសុខចំការកាហ្វេនៅភូមិលោ ឃុំកំពាន់។ ប្រធានសន្តិសុខចំការកាហ្វេមាន ឈ្មោះ កាវ បាន។ ខ្ញុំបានដឹងថា មានជនជាតិអាមេរិកកាំងនៅជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខចំការកាហ្វេ ដោយសារអ្នកដាំស្លនៅមន្ទីរសន្តិសុខឬគុកចំការកាហ្វេឈ្មោះ ហ៊ាង ជាអ្នកប្រាប់។
នៅឆ្នាំ១៩៧២ ខ្ញុំបានឈប់ពីការងារជាកងទ័ពស្រុកមេមត់ និងមកបម្រើការងារជាជំនួយការគណៈកងធំកំពាន់ (គណៈឃុំកំពាន់)។ ប្រធានកងធំកំពាន់ មានឈ្មោះ ទូច លន់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនពីភ្នំពេញឲ្យមករស់នៅភូមិកំពាន់ ឃុំកំពាន់ ដែលក្នុងនោះមានប្រមាណ៤០គ្រួសារ។ ដោយសារមានចំនួនមនុស្សច្រើន អ្នកខ្លះត្រូវខ្មែរក្រហមចាត់តាំងឲ្យស្នាក់នៅតាមផ្ទះប្រជាជន ហើយខ្លះធ្វើខ្ទមរស់នៅក្នុងព្រៃជាយភូមិ។ គណៈកងធំកំពាន់បានចាត់តាំងប្រជាជនឲ្យធ្វើការងារពលកម្មទៅតាមក្រុមនីមួយៗដូចជា ក្រុមរកឃ្មុំមាន៧នាក់ ក្រុមកាប់ឫស្សីមាន៤នាក់ រកជ័រទឹក៨នាក់ និងក្រុមធ្វើការងារស្រែចម្ការ។ ប្រជាជន មានការងារធ្វើគ្រប់ៗគ្នា។ ក្នុងឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៦ ឃុំកំពាន់គ្មានអាហារគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនមូលដ្ឋាន និងអ្នកជម្លៀសមកពីភ្នំពេញទេ។ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ឃុំកំពាន់ ផ្តោតលើផ្នែកសំខាន់ៗចំនួនពីរ គឺក្រុមរកទឹកឃ្មុំ និងក្រុមរកជ័រទឹក ដើម្បីយកទៅដោះដូរស្រូវអង្ករ និងប្រហុកជាមួយស្រុកផ្សេងៗតាមដងទន្លេមេគង្គក្នុងតំបន់២១។ ក្រុមរកទឹកឃ្មុំ អាចប្រមូលផលទឹកឃ្មុំបានចំនួន៦កាន(ក្នុងមួយកានមានចំណុះ៣០លីត្រ) នៅក្នុងមួយថ្ងៃ។ បន្ទាប់ពីបានទឹកឃ្មុំ ខ្ញុំត្រូវទាក់ទងទៅខាងតំបន់២១ ដើម្បីដោះដូរទឹកឃ្មុំ ជាមួយនឹងស្រូវ អង្ករ និងប្រហុក។ គណៈកងធំកំពាន់ បានផ្តល់ព័ត៌មានទៅកម្មាភិបាលតំបន់២១ឲ្យមកទទួលយកទឹកឃ្មុំ និងជ័រទឹក។ បន្ទាប់មក កម្មាភិបាលតំបន់២១បានដឹកស្រូវ អង្ករ និងប្រហុកមកឃុំកំពាន់វិញ។ បន្ទាប់មកប្រធានកងតូច (ប្រធានសហករណ៍) មានតួនាទីបែងចែកស្រូវ អង្ករ និងប្រហុក ទៅឲ្យប្រជាជនតាមចំនួនសមាជិកគ្រួសារ ប៉ុន្តែការហូបចុកនៅតែមានការខ្វះខាត។
នៅឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៧ ខ្ញុំត្រូវបានបញ្ជូនទៅភូមិលោ ដោយក្នុងអង្គភាពខ្ញុំមានសមាជិកចំនួន៧នាក់ ចុះធ្វើការងារក្នុងភូមិលោ។ ក្នុងនោះក៏មានសមាជិកម្នាក់ឈ្មោះ អុក រី ជាអ្នកយាមនៅមន្ទីរសន្តិសុខចំការកាហ្វេ និងមានតួនាទីដើរស៊ើបការណ៍ប្រជាជន រកអ្នកមិនស្មោះត្រង់ជាមួយអង្គការ, ធ្វើខុសសីលធម៌ ឬនិយាយមិនល្អជាមួយអង្គកាជាដើម។ ក្នុងឆ្នាំ១៩៧៦ មានអ្នកទោសប្រមាណ១០ ទៅ២០នាក់ ហើយអ្នកមានទោសធ្ងន់ ត្រូវបានបញ្ជូនទៅគុកស្រែសង្កែ (ចំណុចស្រែសង្កែស្ថិតក្នុងភូមិសុខសាន្ត ឃុំរំចេក ស្រុកមេមត់)។ ពេលនោះខ្ញុំបានសួរទៅកាន់អ្នកយាមមន្ទីរសន្តិសុខចំការកាហ្វេថា៖ “តើឯងបានអីឲ្យអ្នកទោសស៊ី អុក រី ឆ្លើយមកវិញថា មានតែបបរ ទាល់យូរៗមានបាយហូបម្តង។” អ្នកទោសភាគច្រើននៅទីនេះ ខ្ជិលធ្វើការងារពលកម្ម, មានសកម្មភាពប្រឆាំងជាមួយកងតូច, ខុសសីលធម៌ ឬលួចរបស់របរហូបចុកជាដើម។ មន្ទីរសន្តិសុខចំការកាហ្វេ មានផ្ទះចំនួនប្រាំ។ ផ្ទះនៅចំកណ្តាល គឺទុកសម្រាប់កម្មាភិបាលជួបប្រជុំ ឯផ្ទះបួនទៀតសម្រាប់ដាក់អ្នកទោស និងអ្នកយាមស្នាក់នៅ។
នៅឆ្នាំ១៩៧៨ កងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតី បានចូលមកដល់ឃុំកំពាន់ និងបានចាប់ ទូច លន់ ប្រធានកងធំ, គង់ សេង ជំនួយការកងធំ, ប្រធានកងតូច និងអ្នកជាប់ពាក់ព័ន្ធទាំងអស់។ អ្នកទាំងនោះ ត្រូវបានចោទប្រកាន់ថា បានក្បត់អង្គការបដិវត្តន៍ខ្មែរក្រហមនិងត្រូវយកទៅសម្លាប់។ ចំណែករូបខ្ញុំ បានឈប់ធ្វើការងារជាជំនួយការកងធំ មកជាប្រជាជនធម្មតាវិញ។ ខ្ញុំ និងប្រជាជនឃុំកំពាន់ទាំងអស់ ត្រូវបានកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតី ជម្លៀសមករស់នៅស្រុកអូររាំងឪ តំបន់២២។ ខ្ញុំ និងប្រជាជនទាំងអស់ បានវិលត្រលប់មកឃុំកំពាន់វិញ បន្ទាប់ពីកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
អត្ថបទដោយ៖ ឡុង ដានី
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា ឡុង ដានី សម្ភាសជាមួយ ហួន ឃីម អាយុ៨០ឆ្នាំ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។