សំដីពិតជនរងគ្រោះដែលរស់នៅភូមិព្រៃចាន់ ក្នុងតំបន់ទាហានថៃបំពានកម្ពុជា
ភូមិព្រៃចាន់ មានទីតាំងស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះមានភូមិមួយទៀត ដែលជាអតីតជំរំណងចាន់មានចម្ងាយឆ្ងាយពីគ្នាប្រហែល ១០គីឡូម៉ែត្រ គឺភូមិជោគជ័យ។ ជំរំណងចាន់គឺជាឈ្មោះជំរំភៀសខ្លួនខ្មែរដំបូងគេ ក្នុងអំឡុងសង្គ្រាមខ្មែរក្រហមជាមួយកងទ័ពវៀតណាមចាប់ពីឆ្នាំ១៩៧៩។
ជំរំណងចាន់ជាអតីតជំរំជនភៀសខ្លួនរបស់ប្រជាជនខ្មែរ និងទាហានខ្មែរក្នុងរបបប្រល័យពូជសាសន៍ ដែលធ្លាប់បានឆ្លងកាត់សោកនាកម្មយ៉ាងជូរចត់ ដែលស្ថិតនៅភូមិណងចាន់ ស្រុកគោកសូង ខេត្តស្រះកែវ(ប្រទេសថៃ) ដែលជាអតីតទឹកដីខ្មែរ។ ក្នុងអំឡុងទសវត្សរ៍ទី៨០ និង៩០ ទឹកដីនេះពុំមានប្រជាជនថៃ ឬទាហានថៃរស់នៅឡើយ ហើយទីតាំងនេះមានប្រឡាយខណ្ឌចែកព្រំប្រទល់ប្រទេសទាំងពីរ។ ដូចនេះមិនដូចអ្វីដែលថៃអះអាង ហើយទាមទារថា ជាទឹកដីរបស់ខ្លួននោះទេ។ កាលជំនាន់នោះកម្ពុជាមានសាក្សីរស់ជាច្រើន ដែលអាចបញ្ជាក់បានថាទឹកដីជំរំណងចាន់ ឬភូមិជោគជ័យ និងភូមិព្រៃចាន់ នេះគឺជាទឹកដីរបស់ខ្មែរ។
ផ្សាភ្ជាប់នឹងករណីនេះ ខាងក្រោមនេះគឺជាសាច់រឿង ហ៊ុល ម៉ាលីស ដែលបានរៀបរាប់ពីសាច់រឿងដែលធ្លាប់ រស់នៅភូមិព្រៃចាន់ ហើយគាត់ប្រាប់ពីស្ថានភាពក្នុងភូមិព្រៃចាន់ ដែលទាហានថៃតែងតែឈ្លានពានមកលើទឹកដីកម្ពុជា។
នាងខ្ញុំឈ្មោះ ហ៊ុល ម៉ាលីស អាយុ៥២ឆ្នាំ ហើយខ្ញុំមានស្រុកកំណើតនៅក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ បច្ចុប្បន្នខ្ញុំរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប្ដីរបស់ខ្ញុំឈ្មោះ ថុង គឹមលាង អាយុ៥៥ឆ្នាំ ហើយយើងមានកូនចំនួន ៤នាក់ (ស្រី២នាក់ និងប្រុស២នាក់)។ ខ្ញុំ និងប្ដី បានមករស់នៅភូមិព្រៃចាន់រយៈពេលជិត៣០ឆ្នាំមកហើយ។ ខ្ញុំបានមករស់នៅភូមិព្រៃចាន់ក្នុងជំនាន់ប៉ារ៉ា ដែលកាលនោះត្រូវបានហៅឈ្មោះថាជាជំរំថ្មី។ ដំបូងឡើយមូលហេតុដែលខ្ញុំ និងគ្រួសារផ្លាស់មករស់ភូមិព្រៃចាន់ ដោយសារខ្ញុំមានបងធ្វើជាប៉ូលីសនៅអូរបីជាន់។ បងខ្ញុំប្រាប់ថានៅភូមិព្រៃចាន់ ស្រួលរស់នៅ និងងាយស្រួលក្នុងការប្រកបរបររកស៊ី ដោយកាលនោះដែលនៅពេលដែលខ្ញុំ និងគ្រួសាររស់នៅក្នុងស្រុកកំណើត ខ្ញុំប្រកបរបរធ្វើស្រែចម្ការ ជាការងារបញ្ចេញកម្លាំងខ្លាំង ហើយពេលនោះខ្ញុំឃើញប្ដីហត់ហឿយខ្លាំង និងមានជំងឺ ធ្វើការហូតជាប់ចង្កេះ ពិបាកបែបនេះទើបខ្ញុំ និងប្ដីសម្រេចចិត្តមករស់នៅភូមិព្រៃចាន់ ដើម្បីប្រកបរបរលក់ដូរបន្តិចបន្ទួច។
នៅពេលដែលខ្ញុំមកដល់ភូមិព្រៃចាន់ដំបូង ខ្ញុំឃើញថាមានប្រជាជនរស់នៅជាច្រើនគ្រួសារ ហើយប្រជាជនទាំងអស់នោះបានមករស់នៅភូមិព្រៃនេះយូរណាស់មកហើយ។ ពេលមកដល់ក្នុងព្រៃចាន់ខ្ញុំ និងប្ដីបានទិញដីមួយកន្លែងដែលមានទំហំតូចមួយ រួចធ្វើផ្ទះតូចសម្រាប់ស្នាក់នៅពីរនាក់ប្ដីប្រពន្ធ និងដើម្បីប្រកបរបរលក់ដូរ។ ខ្ញុំបានបើកលក់អាហារដូចជា គុយទាវ, បាយ, បបរ និងកាហ្វេ។ ចំណែកឯប្ដីរបស់ខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើជាមេភូមិព្រៃចាន់នេះ ប៉ុន្តែសព្វថ្ងៃប្ដីរបស់ខ្ញុំបានឈប់ធ្វើជាមេភូមិហើយ។ បច្ចុប្បន្នផ្ទះរបស់ខ្ញុំនៅទល់មុខសាលារៀនព្រៃចាន់ ចាប់ពីផ្ទះរបស់ខ្ញុំចម្ងាយប្រហែល២០០ម៉ែត្រ មានបន្ទាយទាហានខ្មែរមួយ ហើយមួយវិញទៀតចម្ងាយប្រហែល៤គីឡូម៉ែត្រ ពីនេះមានប្រាសាទស្ដុកកក់បុរាណ និងចម្ងាយប្រហែល ៣-៤គីឡូម៉ែត្រទៀត គឺជាបង្គោលឡាក់លេខ៤៣។
ក្រោយមកទៀតមិនយូរប៉ុន្មានខ្ញុំបានទិញដីមួយកន្លែងទៀត មានទំហំប្រហែលជាង២០០ម៉ែត្រ ដែលមានទំហំក្បាលដីប្រវែង៦០ម៉ែត្រ និងបណ្ដោយ២៥០ម៉ែត្រ ប៉ុន្តែដីនេះខ្ញុំមិនបានធ្វើផ្ទះទេ ខ្ញុំបានដាំដំណាំជាច្រើនមុខដូចជា ផ្លែក្រូច ផ្លែស្វាយ ផ្លែទៀប ផ្លែដូង ប្រេងខ្យល់ និងដាំដំណាំផ្សេងទៀតស្ទើរតែគ្រប់មុខ។
កន្លងមកខ្ញុំ និងគ្រួសាររស់ភូមិព្រៃចាន់យ៉ាងសប្បាយរីករាយ គ្មានការឈ្លានពាន ឬធ្វើបាបនោះទេប៉ុន្តែនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិស្រាប់តែមានគ្រឿងចក្ររបស់ទាហានថៃ បានបើកចូលថ្នល់ខ្មៅក្នុងបន្ទាយរបស់ទាហានថៃ ព្រោះតែពីថ្នល់ខ្មៅមកផ្ទះរបស់ខ្ញុំមានចម្ងាយប្រហែល៦០០ ទៅ ៧០០ ម៉ែត្រប៉ុណ្ណោះ។ នៅពេលឃើញបែបនេះធ្វើឲ្យខ្ញុំ និងអ្នកភូមិមានការភ័យខ្លាចជាណាស់។ រហូតដល់ម៉ោង២រសៀល ខ្ញុំកំពុងតែស្នាក់នៅក្នុងផ្ទះ ខ្ញុំបានឮសំឡេងយ៉ាងខ្លាំង ហើយនៅ ម៉ោងប្រហែល២យប់ គ្រួសារខ្ញុំ និងអ្នកភូមិទាំងអស់ដែលរស់នៅក្នុងភូមិព្រៃចាន់បាននាំគ្នារត់ភៀសខ្លួនទៅវត្តចាន់ស៊ី ដោយសារស្ថានពេលនោះមានភាពតានតឹងជាខ្លាំង។ បន្តដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានធ្វើការវាយកម្ទេចបន្ទាយទាហានរបស់ខ្មែរយើងខ្ទិចអស់។ រហូតដល់ថ្ងៃទី២៧ នៅពេលសភាពការណ៍ស្ងប់បន្តិចគ្រួសារខ្ញុំ និងអ្នកភូមិទាំងអស់បានត្រលប់មកភូមិព្រៃចាន់វិញ ព្រោះតែទាហានថៃបានដកថយចេញពីទឹកដីខ្មែរ ទៅបន្ទាយរបស់ទាហានថៃវិញ។ បន្ទាប់ពីអាផ្ទុះអាវុធនេះរួចក្នុងភូមិលែងមានហេតុការណ៍អ្វីកើតឡើងតទៅទៀត ប៉ុន្តែរំលងមិនយូរប៉ុន្មានផង ទាហានថៃនៅតែធ្វើសកម្មភាពបំពានចូលក្នុងភូមិព្រៃចាន់បន្តទៀត។
ឆ្លងមកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ទាហានថៃបានចូលមកដេញអ្នកភូមិព្រៃចាន់ម្ដងទៀត ទាហានថៃបានដេញប្រជាជនឲ្យចេញពីភូមិ ហើយប្រាប់ប្រជាជនខ្មែរថា កងកម្លាំងទាហានថៃកំពុងធ្វើការ ដូច្នេះត្រូវដេញប្រជាជនខ្មែរចេញ ហើយនៅពេលដែលទាហានថៃដេញប្រជាជនចេញពីភូមិនោះ ទាហានទាំងនោះប្រាប់ថា មិនចាំបាច់ឲ្យប្រជាជនយកអីវ៉ាន់ ឬរបស់របរទៅជាមួយនោះទេ។ ទាហានថៃដេញប្រជាជនចេញបម្រុងរាយបន្លាលួសនៅចំកណ្ដាលភូមិ ប៉ុន្តែទាហានថៃបានដកទៅដាក់ចំខាងក្រោយផ្ទះប្រជាជន៦ខ្នងវិញ ក្នុងនោះមានផ្ទះឈើ៣ខ្នង និងផ្ទះថ្ម៣ខ្នង និងដាក់លើដីប្រជាជនអស់ជាច្រើន។ ខ្ញុំពិតជាមានអារម្មណ៍សោកសាយចំពោះទង្វើរបស់ទាហានថៃណាស់ ដែលនៅតែបំពានទឹកដីខ្មែរ និងបំផ្លាញទ្រព្យសម្បត្តិប្រជាជនអស់ជាច្រើន។ សម្រាប់ខ្ញុំ ខ្ញុំមិនចង់បានអ្វីក្រៅពីសុខសន្តិភាពនោះទេ និងបានដីធ្លីរបស់ខ្ញុំមកវិញតែប៉ុណ្ណោះ[1]។
១ ឡុង ដានី សម្ភាសន៍ជាមួយ ហ៊ុល ម៉ាលិស ដែលរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥
អត្ថបទដោយ គាត ស្រីឡែន