ហួត ហាំ បម្រើការជាខ្សែរយៈប្រជៀវក្រហម

រូបថតចុងឆ្នាំ១៩៧៧ រូបថតពីសៀវភៅកងពលខ្មែរក្រហម៧០៣(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ហួត ហាំ[1] ដែលមាន​ឈ្មោះបដិវត្តិន៍ ហួត ហីម បាន​សរសេរនៅក្នុង​ចម្លើយសារភាពរបស់ខ្លួនថា៖ «​ខ្ញុំឈ្មោះ​ហួត ហាំ ភេទប្រុស​ អាយុ​២២ឆ្នាំ (១៩៧៥)។​ ខ្ញុំ​មាន​ស្រុកកំណើត​​នៅភូមិ​ត្រពាំង​ស្វាយ ឃុំ​សស្ដំ ស្រុក​ពួក តំបន់​៣០៤ (សៀមរាប​)​។ ខ្ញុំមាន​បងប្អូន​ចំនួន​៦នាក់ (ប្រុស​៥នាក់ និងស្រី​១នាក់)។

មុនបដិវត្ដន៍ ​ខ្ញុំប្រកប​របរ​ធ្វើស្រែ​ និង​ស៊ី​ឈ្នួលកៀរ​ត្រី​ឲ្យ​គេ មានវណ្ណៈភាពជា​កសិករ​កណ្ដាល​ថ្នាក់ក្រោម​។ ខ្ញុំបាន​ចូលរួម​ក្នុងចលនា​បដិវត្ដន៍​ខ្មែរក្រហម​នៅខែ​មេសា ឆ្នាំ​១៩៧៣​ ដោយមាន ហាប់ បួន ជាអ្នកឧទេ្ទសនាមខ្ញុំចូលទៅក្នុង​កង​​យោធានៅ​តំបន់វរសេនា​តូច​៣០៤​។ ខ្ញុំធ្លាប់​ប្រយុទ្ធគ្នា​​នៅសមរភូមិ​ជ្រោយ​រមួន​ បន្ទាប់មក​ខ្មាំងបាន​​ចាប់ខ្លួនខ្ញុំ​នៅចុងខែមេសា ឆ្នាំ​១៩៧៣​។ ការចាប់ខ្លួននេះ ដោយសារតែ​ខ្ញុំ​មិនមានភាព​ដាច់​ខាត​ចំពោះ​​ខ្មាំង​។​

ខ្ញុំត្រូវបានខ្មាំង​បញ្ជូនមកកាន់ខេត្ដ​ឧត្ដរមានជ័យ​រយៈពេល​៧ថ្ងៃ បន្ទាប់មកបញ្ជូន​ទៅគុក​ព្រៃ​ស បន្ទាប់មកទៀត​បញ្ជូនមក​គុក​ផ្សារ​ចាស់​។​ នៅគុ​កផ្សារចាស់ ខ្មាំង​បានបង្រៀនខ្ញុំរយៈពេល​ជាង​១ខែ​ អំពីទ្រឹស្ដី​កុម្មុយនីស្ដ, ទ្រឹស្ដី​យួនកុម្មុយនីស្ដ, ទ្រឹស្ដី​កាល់ម៉ាក្ស​, ទ្រឹស្ដីម៉ាឡេនីន, ទ្រឹស្ដី​លោកសេរី និងរៀនពីទ្រឹស្ដី​របបសាធារណរដ្ឋ​។​ នៅពេលនោះ គឹម អាន បាន​ចាត់តាំង​ខ្ញុំ​មិនឲ្យ​ជឿលើ​ខ្មែរក្រហម​ ដោយសារឃោសនា​ថា ខ្មែរក្រហម​ជាខ្ញុំ​កញ្ជះ​របស់យួន​កុម្មុយនីស្ដ​ ឃោសនាមិន​ឲ្យ​ជឿ​លើ​ចិនកុម្មុយនីស្ដ​ ថាចិនកុម្មុយនីស្ដ​ជាអ្នកឈ្លានពាន​ខ្មែរ, ឃោសនា​ ឬបំផុស​បំផុល​បំបែកបំបាក់​ប្រឆាំង​នឹងចលនាតស៊ូ​បដិវត្ដក្នុងគុក​ ដោយសារអ្នក​តស៊ូ​ក្នុង​គុកក្បត់​នឹងអង្គការ​បដិវត្ដន៍​, ឃោសនាមិន​​ឲ្យ​ជឿលើ​កម្លាំង​បដិវត្ដន៍​ ដោយសារ​បដិវត្ដន៍មិនអាច​​ធ្វើអ្វីឈ្នះគេនោះទេ ពីព្រោះ​សម្ភារ​ក៏គ្មាន​ កាណុង​ក៏គ្មាន យន្ដហោះ​ក៏គ្មាន គ្រាប់រំសេវ​សុំគេ តើវាយ​យ៉ាងម៉េច​ឈ្នះ​អាមេរិក ឃោសនា​ពីរបប​សាធារណៈរដ្ឋ​ លើកថា​សាធារណ​រដ្ឋ​គឺស្អាត​ស្អំ​ យុត្ដិធម៌​ សម្បូរ​គ្រប់មុខ​ មានតាំងយន្ដហោះ​គ្រប់ម៉ាក កាណុង​គ្រប់ធន់ គ្រាប់មិន​ចេះ​ខ្វះ អាចវាយ​ឈ្នះ​បដិវត្ដន៍​ សម្ភារ​រស់នៅសម្បូរ​តាំងពីការ​ស្លៀក​ពាក់​ ស៊ី​ចុក​ សម្បូរលុយ​ចាយ​ ធ្វើ​ការ​មាន​ប្រាក់​ខែ​រស់នៅ​ស្រួល​ មិនរស់នៅ​ដូច​តំបន់​រំដោះ​ ឃោសនា​អំពី​ខ្មែររំដោះ​ធ្វើការ​ងារ​គ្មានប្រាក់​ខែ​ ធ្វើបាបកម្ម កាប់សម្លាប់​ប្រជាជន​គ្មានគិតគូរ សម្លាប់​លោក​សង្ឃ​ រស់នៅ​ខ្វះសព្វមុខ​ ខ្មែររំដោះ គឺក្បត់ជាតិ​ ហើយជាកញ្ជះរបស់យួន និងចិន​កុម្មុយនីស្ដ។​

នៅពេលចេញពី​គុកមុនដំបូង ខ្ញុំបានរស់នៅក្នុង​កងវរ​៧០៦ កងពលទី២ វរសេនាតូច​ អនុសេនា​ធំ និងអនុសេនា​តូច នៅអង្គភាព​វរសេនា​ធំ៧០៦ បានចំនួន​១០ថ្ងៃ​ នាទីជាយុទ្ធ​ជន​ បន្ទាប់​មក​អង្គការ​បាន​បញ្ជូនខ្ញុំទៅកាន់​ពាណិជ្ជ​កម្ម​រដ្ឋផ្នែក​ភស្ដុភារនៅឯទួល​គោក​។ បន្ទាប់​ពីទទួលបាន​ការចាត់តាំងឈ្មោះហើយ ខ្ញុំ​បាន​ឃោសនា​បំផុស​បំផុល​អូសទាញ​មនុស្សបាន​ចំនួន​៤នាក់​។ ខ្ញុំបានរាយការណ៍​អំពីសកម្មភាព​នៅក្នុងគុកទៅឲ្យ​ អាន​ ចំនួន​២ដង៖ លើកទី១ ខ្ញុំបានអូសទាញ​បាន​ម្នាក់ឈ្មោះ អ៊ុយ នី និងឈានទៅដល់ការ​ចាប់ខ្លួន​ចំនួន៣នាក់ទៀត​យកទៅដាក់គុក​សាលា​ចិន។​

លើកទី២ ខ្ញុំរាយការណ៍​អំពីការអូសទាញ​បានមនុស្សចំនួន​៣នាក់ ហើយឈានទៅដល់​ការ​ចាប់ខ្លួន​មនុស្សចំនួន​២នាក់ផ្សេងទៀត​។ ក្រោយមក ខ្ញុំត្រូវបាន​ដោះ​លែងមកវិញ ហើយខ្ញុំក៏បា​នទៅជួបជាមួយ​ ថែ ដើម្បីទទួលផែនការបំបែកបំបាក់​សាមគ្គីភាព​ក្នុងកងជួរ​ និងកៀងគរប្រមូលកម្លាំង​ឲ្យចូលក្នុង​ខ្សែ​រយៈប្រជៀវ​ក្រហម​ ដើម្បីសម្លាប់​កម្មាភិបាល​ណា​ដែល​រឹង​រូស​។ មនុស្សចំនួន​២នាក់ បានចូលក្នុងចលនាបំផុស​បំផុល​ជាមួយ​ខ្ញុំ​ ដើម្បី​បំផ្លិច​បំផ្លាញ​គ្រឿង​ចក្រ​ យានយន្ដ ផ្ដាច់ខ្សែភ្លើង​ ឃោសនាបំបែក​ក្នុងជួរបដិវត្ដន៍​ ទាំងកម្មាភិបាល ទាំងយុទ្ធជន ដែលមិន​ព្រម​ចូល​ធ្វើជា​ខ្សែរយៈ​ប្រជៀវ​ក្រហម​ ឃោសនា​ឲ្យខិ​ត​ខំ​ប្រមូល​កម្លាំង​ឲ្យចូល​ក្នុង​ខ្សែ​រយៈ​ប្រជៀវ​ក្រហម​ ដើម្បី​វាយ​កម្លាំង​បដិវត្ដន៍​ដែលរឹង​រូសមិនព្រម​ចូល​ខាង​ប្រជៀវ​ក្រហម​ក្នុងការ​ឃោសនានេះ​ នៅក្នុង​ខែឧសភា ឆ្នាំ១៩៧៥។ ខ្ញុំឃោសនា​បានចំនួន​១៨នាក់ទៀត ដោយខ្ញុំបាន​បំផុស​បំផុល​​ឲ្យចូល​ក្នុងខ្សែ​រ​យៈ​ប្រជៀវ​ក្រហម​ ជម្រុញឲ្យមាន​ការ​ដុតផ្ទះ​ចំនួន​៥ខ្នង​ និងសម្ភារ​មួយចំនួនទៀតដូចជា៖ ឆ្នាំង កែវ តុ ទូ គ្រែ ក្រៅពីនេះ នៅមានការ​រាយ​ការណ៍​អំពី​ខ្មែរ​សេរី​នៅក្នុងគុកដែលខ្ញុំ​ទាក់ទង​។

គួរបញ្ជាក់ថា ចំពោះសញ្ញាបញ្ជាក់ថា​ជាខ្សែរយៈ​ប្រជៀវ​ក្រហម​ គឺមានការជួប​ជុំ​គ្នាច្រើន​ហើយចង់ទាក់ទង​គ្នា​ដើម្បី​ឲ្យស្គាល់​ជាខ្សែរយៈ​ប្រជៀវក្រហម គឺមួកពាក់ផ្អៀង​ទៅខាង​ឆ្វេង, មិនឲ្យបង់ក​ក្រមា ពាក់រូបផ្កាយ​ក្រហម​លើហោប៉ៅអា​វ​ខាងឆ្វេង​, មូលដៃអាវ​ខាងឆ្វេង​លើគួយដៃ​។ ក្រៅពីនេះ ខ្សែរយៈនេះ​ បានបង្ហាញ​តាមរយៈ​ការយកក្រដាស​ចេញពី​ហោប៉ៅខោ យកមកមូលនៅខាងមុខ បើមានអ្នកមូលក្រដាស​ឆ្លើយ​តាម​ អ្នកនោះជាខ្សែ​រយៈ​ប្រជៀវ​ក្រហម​ ហើយចេញ​ទៅវិញទាក់ទង​គ្នាដោយ​សម្ងាត់​ ហើយលាក្រដាស​នោះមើលឃើញ​សរសេរ​អក្សរ​ជាសញ្ញា​ប្រជៀវ​ក្រហម​ នោះពិតជាគ្នាយើង​ ហើយសួរថាធ្វើបាន​ប៉ុន្មាន​ ហើយបើមាន​ឆ្លើយ​តាមមាន​។ ចម្លើយ​សារភាព​ត្រូវបាន​ធ្វើឡើងនៅថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​១៩៧៥»៕

សង្ខេបចេញពីចម្លើយសារភាព​ដោយ សួត វិចិត្រ


[1] ចម្លើយសារភាពរបស់ ហួត ហាំ ឯកសារលេខAV DC-Cam J0863។ បញ្ជាក់ ៖ ចម្លើយសារភាពមិនត្រូវ​បាន​ចាត់ទុកថាត្រឹមត្រូវទាំងស្រុងទេ ដោយសារតែ​ជាចម្លើយ​ដែល​កើតចេញ​ពីអំពើទារុណកម្ម។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin