ការគំរាមគំហែងរបស់ខ្មែរក្រហម ចំពោះជនជាតិឥស្លាម

ខ្ញុំឈ្មោះ ហ្វា សា អាយុ៥៩ឆ្នាំ រស់នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ខ្ញុំ គឺជនជាតិឥស្លាម។ ឪពុកខ្ញុំឈ្មោះ សាន់ ហ្វាម្ដាយឈ្មោះ សុខ យិន (ស្លាប់ទាំងពីរ)។ ខ្ញុំមានបងប្អូន៦នាក់ ស្រី៣នាក់ប្រុស៣នាក់។ ខ្ញុំមានប្រពន្ធ ឈ្មោះ ម៉ាត់ ពៅ និងមានកូន៧នាក់ ស្រី៣នាក់ប្រុស៤នាក់។
នៅឆ្នាំ១៩៧៥ ខ្ញុំ រៀនអក្ខរកម្ម បានបន្តិចបន្តួច នៅក្រោមដើមឈើ។ ខ្ញុំជាប្រជាជនថ្មី ដែលត្រូវខ្មែរក្រហមជម្លៀសពីខេត្តតាកែវ។ ខ្ញុំ និងគ្រួសារ ត្រូវខ្មែរក្រហមជម្លៀសទៅតាមផ្លូវជាតិលេខ៣ រហូតទៅដល់វត្តចម្បារ។ ពេលទៅដល់ កម្មាភិបាលខ្មែរក្រហមបញ្ជូនខ្ញុំ ឲ្យទៅនៅកងយុវជន។ ខ្មែរក្រហម បែងចែកកម្លាំង ឲ្យទៅជីកប្រឡាយ និងរែកដី ដោយកំណត់ធ្វើឲ្យរួចរាល់តាមផែនការ។ ការហូបចុកមិនគ្រប់ឡើយ ហូបតែបបរទេ។
ខ្ញុំធ្លាប់ដឹងថា ខ្មែរក្រហម បានចាប់មនុស្សយកទៅសម្លាប់ ដោយសារអ្នកទាំងនោះជាអ្នកចេះដឹង ដោយប្រើល្បិចបោកបញ្ឆោតប្រជាជនថា អ្នកណាធ្លាប់ធ្វើការអ្វី នឹងប្រគល់តួនាទីឲ្យវិញ។ ខណៈពេលនោះមានអ្នកខ្លះបានឆ្លើយថា ខ្លួនធ្លាប់ធ្វើគ្រូបង្រៀន ធ្វើទាហាន និងជានិស្សិតជាដើម។ អ្នកទាំងនោះសុទ្ធតែជាមុខសញ្ញាដែលត្រូវខ្មែរក្រហមសម្លាប់ចោលទាំងអស់។
ក្រោយមក នៅឆ្នាំ១៩៧៦ ខ្ញុំ និងគ្រួសារ ត្រូវខ្មែរក្រហមជម្លៀស ឲ្យទៅនៅស្រុកកោះអណ្ដែត។ ក្រោយមកខ្ញុំទៅរស់នៅភូមិចំបក់ឯមខាងកើត ស្រុកកោះអណ្ដែត ខេត្តតាកែវ ។ ខ្ញុំទៅរស់នៅទៅនោះបានរយៈពេលមួយឆ្នាំ ខ្មែរក្រហម បានប្រើឲ្យខ្ញុំ ទៅរែកដី ជីកប្រឡាយ កាប់ដីដំបូក និងលើកប្រព័ន្ធភ្លឺស្រែ។ ពេលនោះ ប្រធានកងមានចំនួន៣នាក់ ឈ្មោះ តាស៊ិន, រ៉ា និង ឯម។ គម្រប់ការរស់នៅ កម្មាភិបាលខ្មែរក្រហម បែងចែកប្រជនជន១៧ និងប្រជាជនមូលដ្ឋាន ដាច់ដោយឡែកពីគ្នា។ ទិន្នផលស្រូវធ្វើបានផលច្រើនណាស់ ប៉ុន្តែប្រជាជននៅតែហូបមិនបានគ្រប់គ្រាន់ដដែល។ របបហូបចុករួមគ្នាទាំងអស់ ហូបតែបបរមានតែទឹករាវៗ មានគ្រាប់បាយត្រឹមតែមួយ ឬពីរស្លាបព្រាតែប៉ុណ្ណោះ។
នៅក្នុងរបបខ្មែរក្រហម ក៏មានថ្ងៃឈប់សម្រាកដែរ ហៅថាថ្ងៃ «មហាហូប» ក្នុងពេលនោះ ប្រជាជនទាំងអស់បានហូបឆ្អែតមួយថ្ងៃ។ នៅក្នុងកម្មវិធីនេះ ខ្មែរក្រហមធ្វើតែសាច់ជ្រូកទេ ប៉ុន្តែខ្ញុំមិនអាចហូបបានទេ ពីព្រោះខ្ញុំ ជនជាតិឥស្លាម។ ខ្មែរក្រហមបានគំរាមគំហែង និងស្រែកសំឡុត ឲ្យហូបសាច់ជ្រូក ខ្ញុំប្រកែកថា «ខ្ញុំហូបមិនបានទេ សមមិត្តបង មិត្តយើងផ្សេងទៀត គាត់អាចហូបបានឲ្យគាត់ហូបទៅ ហើយ ខ្ញុំ ក៏អាចធ្វើការបានដូចអ្នកផ្សេងដែរ»។ កម្មាភិបាលខ្មែរក្រហមគម្រាមថា បើមិត្តឯងមិនព្រមហូប មិត្តឯងត្រូវតែស្លាប់។ បន្ទាប់មកទៀត ខ្ញុំឃើញខ្មែរក្រហមលីបំពង់សង្កែ មួយដើមប្រវែងប្រហែលជា២ម៉ែត្រ ហើយសួរមកខ្ញុំ ឥឡូវមិត្តឯងហូប ឬក៏មិនហូប។ ខ្ញុំ ក៏ហូបតាមការបញ្ជារបស់ខ្មែរក្រហម គ្រាន់តែដួសសម្លដាក់ចូលក្នុងមាត់ ខ្ញុំក៏ក្អួតចង្អោរចេញមកវិញ។ ខ្មែរក្រហម ឃើញក៏ដើរចេញ ដោយមិនបានធ្វើបាបខ្ញុំឡើយ។ ខ្ញុំធ្លាប់ឮ នៅតាមកងកន្លែងផ្សេង មានការសម្លាប់ជនជាតិឥស្លាម ដោយសារ តែមិនព្រមហូបសាច់ជ្រូក។ ក្នុងពេលនោះ ទីតាំងសម្លាប់មនុស្សធំជាងគេ មានមួយកន្លែងដែរ គឺគុកក្រាំងឆេះ (គុកក្រោមដី) នៅកោះអណ្ដែត។ ការនាំមនុស្សយកទៅសម្លាប់ខ្ញុំមិនដែលឃើញផ្ទាល់នឹងភ្នែកឡើយ។ ទីតាំងគុកក្រាំងឆេះ ហ៊ុំព័ន្ធទៅដោយដើមឈើដុះជុំវិញ និងឃើញមានរោងតូចមួយនៅទីនោះ។ ការសម្លាប់របស់ខ្មែរក្រហម ដោយសារតែប្រជាជន លួចបេះដំណាំដាំហូបបន្តិចបន្តួច ព្រោះខ្លួនមានការហេវហត់ ត្រូវខ្មែរក្រហមចោទថាខ្មាំង ហើយនាំយកទៅសម្លាប់អស់ជាច្រើន។ ការសម្លាប់មនុស្សភាគច្រើន អ្នកទាំងនោះជាប្រជាជនថ្មី ដែលត្រូវកងឈ្លបបញ្ជូនយកទៅសម្លាប់ ហើយក៏មានអ្នកស្លាប់ដោយសារដាច់បាយ រួមទាំងមានជំងឺ ដែលមិនមានថ្នាំព្យាបាល ទើបធ្វើអ្នកទាំងនោះបានស្លាប់អស់ជាច្រើននាក់ ។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមជម្លៀស ខ្ញុំនិងគ្រួសារ ទៅនៅត្រាំខ្នារ។ មុនពេលធ្វើដំណើរខ្មែរក្រហម បានចែកបាយម្នាក់មួយកញ្ចប់។ ក្នុងពេលនោះ ខ្មែរក្រហមបានជម្លៀសប្រជាជនតាមរថយន្ដ។ ខ្ញុំ និងប្រជាជនផ្សេងទៀត ភ័យខ្លាចយ៉ាងខ្លាំង គិតក្នុងចិត្តថាខ្លួនប្រហែលមិនមានជីវិតរស់ទៀតឡើយ។ ការធ្វើដំណើរចំណាយពេលអស់ជាច្រើនម៉ោង រហូតដល់ម៉ោង១២យប់ ទើបទៅដល់ទីតាំង។ លុះពេលទៅដល់ ខ្មែរក្រហមបញ្ជូន ខ្ញុំ និងគ្រួសារទៅរស់នៅ ភូមិភាគនិរតី (ភូមិភាគ៤០៥) ស្ថិតក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។[1]ការរស់នៅត្រាំខ្នារ ខ្ញុំ ពុំសូវពិបាកដូចនៅ ស្រុកកោះអណ្ដែតនោះទេ។ ប្រជាជនដែលរស់នៅឃុំនេះ សរុប៧០០គ្រួសារ សុទ្ធសឹងជាប្រជាជនអ្នកថ្មី។ បន្ទាប់មក ខ្មែរក្រហមសួរខ្ញុំថា កាលមុនមក ធ្លាប់ចេះរកត្រីដែរឬទេ។ ភ្លាមៗខ្ញុំឆ្លើយថា នេះជាមុខរបររបស់ខ្ញុំ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។ ប្រធានសហករណ៍ ឮដូច្នេះក៏ប្រជុំ ចាត់តាំងឲ្យខ្ញុំធ្វើខាងសេដ្ឋកិច្ច គឺត្រូវរកត្រីឲ្យបានពេញមួយទ្រុង ត្រឹមរយ:ពេលមួយថ្ងៃ។ ការរស់នៅឃុំស្នំក្រពើនេះ ការហូបចុកមិនសូវពិបាកទេ។ ខ្មែរក្រហមមិនដែលធ្វើបាបលើរូប ខ្ញុំឡើយ ព្រោះខ្ញុំធ្វើការទាន់ពេលវេលា ហើយប្រជាជនចំនួន៧០០គ្រួសារ ក៏ហូបបានឆ្អែតដូចៗគ្នាទាំងអស់។ កម្មាភិបាលខ្មែរក្រហមបានសរសើរខ្ញុំ ហើយថែមទាំងជម្រុញលើកទឹកចិត្តឲ្យខិតខំធ្វើការ ឲ្យកាន់តែល្អថែមទៀត។ ខ្ញុំ និងគ្រួសាររស់នៅទីនោះ រហូតដល់ថ្ងៃបែករបបខ្មែរក្រហម។
នៅក្នុងរបបខ្មែរក្រហម ការឈឺចាប់សម្រាប់ខ្ញុំផ្ទាល់ គឺខ្មែរក្រហមបង្ខំ ឲ្យធ្វើការធ្ងន់ៗ ធ្វើការហួសកម្លាំង និងហួសម៉ោងកំណត់។ ចំណែកការហូបចុកក៏មិនបានឆ្អែត ហើយសម្លាប់មនុស្សទាំងមិនមានកំហុសអ្វីទាំងអស់។
ការរៀបការក្នុងរបបខ្មែរក្រហម ធ្វើការប្ដេជ្ញា ដោយយុវជន និងយុវនារី ដែលធ្ចើការបានល្អ ទៅស្នើសុំចុះឈ្មោះដើម្បីរៀបការ។ ខ្មែរក្រហមបានហៅអ្នកនោះតាមបញ្ជីឈ្មោះ ឲ្យឡើងប្ដេជ្ញាយកគ្នាជាប្ដីប្រពន្ធអស់មួយជីវិត។ ការរស់នៅក្នុងរបបខ្មែរក្រហម ពុំមានសេរីភាពក្នុងការដើរហើរឡើយ។ ចំពោះការគោរពសាសនាពុំដែលឃើញមានទេ គឺឃើញតែប្រជាជនត្រូវទៅធ្វើការដូចៗគ្នាទាំងអស់។
ប្រសិនប្រៀបកាលពីរបបខ្មែរក្រហម មកដល់ពេលបច្ចុប្បន្នមានការខុសប្លែកគ្នាច្រើនណាស់។ ខ្ញុំធ្លាប់បាននិយាយរឿងរ៉ាវធ្លាប់ឆ្លងកាត់ពីរបបខ្មែរក្រហមឲ្យកូនចៅបានដឹង ប៉ុន្តែមិនប្រាកដថាក្មេងៗជឿទេ ព្រោះពួកគេមិនបានឆ្លងកាត់ ឬ កើតទាន់របបនេះឡើយ។
នៅឆ្នាំ ១៩៧៩ អំឡុងពេលបែករបបខ្មែរក្រហម ខ្ញុំ និងគ្រួសារបានរត់ចេញពីត្រាំខ្នារ រួចមកស្នាក់នៅត្រឹមដំណាក់សេកអស់រយៈពេលមួយយប់។ លុះស្អែកឡើង ក៏បន្តដំណើរតាមផ្លូវជាតិលេខ២ មកដល់ផ្សារស្វាយព្រៃ។ ខ្ញុំ និងគ្រួសារ រួមទាំងប្រជាជនជាច្រើនទៀត បានមកដល់ភូមិក្ដុលខាងជើង ក៏ឈប់សម្រាកក្រោមឈើធំមួយដែលមានម្លប់ត្រជាក់។ ស្របពេលនោះ មានកម្មាភិបាលខ្មែរក្រហមចំនួន៣នាក់ បានចេញពីក្នុងព្រៃ ហើយកៀរក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនផ្សេងទៀត ប្រហែល៥០ ទៅ៦០គ្រួសារ ត្រឡប់ទៅខាងត្នោតទេរវិញ។ ខ្ញុំ និងប្រជាជនទាំងអស់គិតថា ជីវិតពេលនេះមិនដឹងថាស្លាប់ ឬ រស់ទេ។ ខ្មែរក្រហមប្រាប់ថាកុំឲ្យប្រជាជនទៅមុខទៀត ព្រោះវៀតណាមនឹងសម្លាប់ពុកម៉ែចោលទាំងអស់។ លុះពេលទៅដល់ស្ពានត្នោតទេរ ខ្ញុំបានឮកម្មាភិបាលខ្មែរក្រហម និយាយគ្នាថា ទើបលាងដៃរួច ឥឡូវមកដល់ទៀតហើយ។ ខ្មែរក្រហមបញ្ជូនខ្ញុំ និងប្រជាជនផ្សេងទៀត ទៅរស់នៅខ្សាច់សរ សម្រាកនៅទីនោះរយៈមួយយប់។ ស្អែកឡើងទាហានយួន ចូលមកដល់ ទើបខ្ញុំ និងប្រជាជនបានរួចផុតជីវិត ហើយបានត្រឡប់មកស្រុកកំណើតវិញ។
ក្រោយបែករបបខ្មែរក្រហម ខ្ញុំចូលរៀនបន្តទៀត នៅសាលា លិសេ (បច្ចុប្បន្នជាសាលាជាស៊ីមតាកែវ)។ ខ្ញុំរៀនបានត្រឹមឌីប្លូមថ្នាក់ទី៨ ហើយក្រោយពីប្រឡងធ្លាក់នៅឆ្នាំ១៩៨៤ ខ្ញុំបានឈប់រៀន។ ខ្ញុំមិនចង់ឲ្យរបបខ្មែរក្រហមកើតឡើងវិញម្ដងទៀតទេ ព្រោះសម័យឥឡូវយើងមានសេរីភាព។ ក្នុងពេលនោះមានការចាប់យុវជនឲ្យចូលធ្វើទាហាន បើមិនស្ម័គ្រចិត្តក៏ត្រូវចាំបញ្ចូលឲ្យធ្វើទាហានដែរ។ ខណៈពេលនោះ ខ្ញុំក៏លើកដៃស្ម័គ្រចិត្តធ្វើទ័ពដោយខ្លួនឯង។ ខ្ញុំបានធ្វើសង្គ្រាមជាមួយទាហានខ្មែរក្រហម ចាប់ពីត្រាំកក់ ខេត្តកំពត ភ្នំដំរីរមាល ភ្នំវល្លិ៍ រហូតដល់ខេត្តប៉ៃលិន។ រហូតដល់ឆ្នាំ១៩៩៣ ខ្ញុំបានឈប់ធ្វើទាហាន ហើយត្រឡប់មករស់នៅជួបជុំគ្រួសារវិញ៕ [2]
អត្ថបទដោយ ជីម សុខគា
[1] ដកស្រង់ចេញពី, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) , មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០, បោះពុម្ពលើកទី២, ៣៣-៣៤។
[2] អត្ថបទដកស្រង់ចេញពីបទសម្ភាសន៍៖ ជាមួយអ្នករស់រានមានជីវិត ឈ្មោះ ហ្វា សា , បង្ហាញទុក្ខលំបាកដែលរស់នៅក្នុងរបបខ្មែរក្រហម , ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥។