អ៊ៀម ឈុនគី ជាមិត្តនារីរៀនជួសជុលម៉ាស៊ីន

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅឆ្នាំ១៩៧៨ អ៊ៀម ឈុនគី ត្រូវបានអង្គការជ្រើសរើសឲ្យទៅរៀនជួសជុលម៉ាស៊ីនឡាន និងម៉ាស៊ីន ផ្សេងៗ នៅមុខទ្វារគុកទួលស្លែង។ ខាងក្រោមនេះជាសាច់រឿង អ៊ៀម ឈុនគី៖

នាងខ្ញុំឈ្មោះ អ៊ៀម ឈុនគី[1] អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិវ៉ារិន្ទទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅក្នុងភូមិរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ប៊ុន និង ម្ដាយឈ្មោះ មៀច។ ឪពុកម្ដាយខ្ញុំស្លាប់ប្រហែលជាង១០ឆ្នាំ។ ខ្ញុំមានបងប្អូនបង្កើតទាំងអស់ចំនួន៨ នាក់(ស្លាប់៤នាក់)។ ប្ដីខ្ញុំឈ្មោះ សន ម៉ៅ មានអាយុ៣៩ឆ្នាំ។  ខ្ញុំមានកូនស្រីចិញ្ចឹមម្នាក់ឈ្មោះ សុខនី អាយុ៨ឆ្នាំ។ សព្វថ្ងៃខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ។

កាលពីកុមារភាពខ្ញុំសិក្សាបានត្រឹមថ្នាក់ទី៧ នៅសាលាបឋមសិក្សាខ្ចៅ ស្ថិតក្នុងឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ កាលនោះខ្ញុំបានឃើញកុមារនាំគ្នាទៅសិក្សារៀនសូត្របានច្រើន។ នៅក្នុងបន្ទប់រៀនខ្ញុំមាន លោកគ្រូឈ្មោះ ឈិន ឈាងហួរ ជាគ្រូបន្ទុកថ្នាក់។ លោកគ្រូ ឈិន ឈាងហួរ មានប្រពន្ធហើយ ប៉ុន្តែប្រពន្ធ លោកគ្រូ ឈិន ឈាងហួរ ពូកែប្រចណ្ឌខ្ញុំជាមួយលោកគ្រូ។ ខ្ញុំខឹងប្រពន្ធលោកគ្រូ ឈិន ឈាងហួរ ពេក ទើបឈប់រៀន។

ពេលរដ្ឋប្រហារឆ្នាំ១៩៧០ ខ្ញុំធ្វើការងារជាមួយឪពុកម្ដាយនៅផ្ទះ។ នៅឆ្នាំ១៩៧៣ សមមិត្ត ហ៊ាង ណែ​នាំ​ខ្ញុំឲ្យចូលទៅតស៊ូ ដោយហ៊ាងបានឃោសនាថាជួយរំដោះភូមិស្រុក។ ហ៊ាង ជាប្រធានផ្នែកនារីសង្កាត់ ខ្ចៅ។ កូនប្រជាជននៅក្នុងភូមិវ៉ារិន្ទទី១ ចេញទៅមុនខ្ញុំច្រើន ប៉ុន្តែថ្ងៃខ្ញុំចេញទៅមានតែម្នាក់ឯងទេ។ ពេលនោះ ម្ដាយខ្ញុំបានឃាត់ ប៉ុន្តែខ្ញុំមិនសូវស្ដាប់។ ខ្ញុំបានចេញពីផ្ទះមកមន្ទីរឃុំស្វាយពាន់ (បច្ចុប្បន្នឃុំកំពង់ស្វាយ ខេត្តកំពង់ធំ) ដើម្បីធ្វើការឃោសនាអប់រំប្រជាជនឲ្យចេះតស៊ូ និងដើរតាមមិត្តហ៊ាង។ ខ្ញុំមិនសូវចេះឃោសនាទេ ។

នៅឆ្នាំ១៩៧៤ខ្ញុំបានចូលជាកងទ័ពតំបន់ខេត្តកំពង់ចាម កងពលលេខ៣១០ ដោយសារអង្គការជ្រើស រើស។ មិត្តហ៊ាង បានយកខ្ញុំមកនៅវត្តកំពង់សៀម ស្ថិតនៅភូមិថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បី ហ្វឹកហាត់ក្បួនកាន់កាំភ្លើងឈើ លូន ក្រាប និង បាញ់ ធ្វើជាទ័ព។ នៅកន្លែងហ្វឹកហាត់មានយុវនារីប្រមាណ ជា៣០០នាក់ និងប្រធានវរឈ្មោះមិត្តមន(ស្រី)។ ខ្ញុំហ្វឹកហាត់រយៈពេលកន្លះខែ អង្គការបញ្ជូនទៅទ័ពតំបន់ កំពង់ចាម។ ខ្ញុំនៅកងធំទី២ មានប្រធានកងធំឈ្មោះមិត្តថាត និងកងតូចឈ្មោះមិត្តសឿន សុទ្ធតែជាស្រីទាំងអស់​។ នៅតំបន់កំពង់ចាមខ្ញុំបានទៅប្រយុទ្ធនៅច្រើនកន្លែងរួមមាន បន្ទាយស៊ុបក្បាលដំរី និងបន្ទាយរមាស។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំបានកាន់បញ្ជីធ្វើប្រវត្តិរូបអ្នកទោសនារី និងតេអូរ(ទូរសព្ទ)។ ខ្ញុំស្រង់បញ្ជីឈ្មោះប្រវត្តិរូបអ្នកទោសនារីដែលអង្គការចាប់ខ្លួនបានរយៈពេល៣ខែ។ នៅក្នុងមួយថ្ងៃមិត្តឡាយ ជាប្រធានកងពល បញ្ជាឲ្យខ្ញុំសរសេរប្រវត្តិរូបក្នុងមួយថ្ងៃ៣៦៥នាក់ ប៉ុន្តែខ្ញុំធ្វើការមិនទាន់ទេ។ ខ្ញុំបានរកមនុស្ស ៤នាក់(ស្រីទាំងអស់)មកជួយសរសេរបានរួច។ កងទ័ពភាគច្រើនខុសសីលធម៌ និងមួយចំនួនទៀតត្រូវបាន ចាប់ខ្លួនដោយសារពាក្យចោទប្រកាន់។ បញ្ជីឈ្មោះប្រវត្តិរូបដែលខ្ញុំធ្វើរួចត្រូវបញ្ជូនទៅឲ្យមិត្តឡាយដោយផ្ទាល់។

នៅចុងឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួនខ្ញុំយកទៅដាក់នៅព្រៃស រយៈពេល១ឆ្នាំ។ ប្រធាន​កង​នារី​នៅព្រៃស ឈ្មោះមិត្តផល និង មិត្តហ៊ុយ ជាប្រធាននៅព្រៃស។ ខ្ញុំទៅដល់ដំបូងអង្គការឲ្យថតរូបរួចធ្វើប្រវត្តិរូប រួចបែងចែកខ្ញុំ ទៅនៅក្នុងក្រុមធ្វើស្រែ។ ខ្ញុំធ្វើស្រែទាំងយប់ថ្ងៃគ្មានសិទ្ធដើរទៅណា។ នៅ​ម៉ោង៣ និង០០នាទី ទៀបភ្លឺជារៀងរាល់ ថ្ងៃខ្ញុំត្រូវងើបទៅប្រជុំជួរ ដើម្បីចេញទៅធ្វើការងារ។ ខ្ញុំចាប់ផ្ដើមធ្វើការងារ​តាំង​ពី​ព្រឹក​រហូតដល់ម៉ោង១១ និង០០នាទី ព្រឹក ទើបបានឈប់សម្រាកហូបបាយថ្ងៃត្រង់បានកន្លះម៉ោង។ នៅ​ពេល​ថ្ងៃអង្គការឲ្យធ្វើពលកម្ម លើកដី និងបន្តប្រជុំជួរទៅស្ទូងស្រែបន្តទៀត។ ពេលយប់ឡើងខ្ញុំត្រូវ​ដេញ​កណ្ដុរ និង​ដក, ស្ទូងសំណាបទាំងយប់។ ខ្ញុំនៅព្រៃសបានប្រមាណជាមួយឆ្នាំ។

នៅឆ្នាំ១៩៧៨ អង្គការបានដកកម្លាំងក្លាហានចំនួន៦នាក់ ទៅគុកទួលស្លែង ដើម្បីរៀនជួសជុលម៉ាស៊ីនឡាន និងម៉ាស៊ីនផ្សេងៗទៀតរយៈពេល៣ខែ។ ខ្ញុំត្រូវបានអង្គការជ្រើសរើសយកក្នុងចំណោម៦នាក់នោះ និងបានមករៀនជួសជុលម៉ាស៊ីននៅជិតគុកទួលស្លែង។ ខ្ញុំបានរៀនជួសជុលម៉ាស៊ីនជាមួយក្រុមសួរចម្លើយ នៅក្នុងគុកទួលស្លែង។ អំឡុងពេលរៀននោះមានសមាជិកប្រមាណជា៣០នាក់ ក្នុងនោះមានយុវនារី៦នាក់។ ដំបូងខ្ញុំរៀនជាមួយគ្រូជាអ្នកទោសជនជាតិវៀតណាមបានប្រមាណជា១០ថ្ងៃ។ នៅក្នុងមួយថ្ងៃខ្ញុំរៀនធ្វើម៉ាស៊ីន ចាប់ពីម៉ោង៧ និង០០នាទីព្រឹក ដល់ម៉ោង១១ និង០០នាទីព្រឹក។ ពេលថ្ងៃខ្ញុំត្រូវរៀនចាប់ពីម៉ោង១ និង០០ នាទី រសៀល ដល់ម៉ោង៥ និង០០នាទីរសៀល។ សមាជិកដែលរៀនជួសជុលម៉ាស៊ីនជាមួយខ្ញុំពេលយប់ឡើងត្រូវសួរចម្លើយអ្នកទោសនៅក្នុងគុកទួលស្លែង។ នៅក្នុងក្រុមខ្ញុំស្គាល់យុវជនម្នាក់ឈ្មោះស្រ៊ឺ ជាអ្នកសួរចម្លើយ ប៉ុន្តែគាត់ ជាមនុស្សសុភាពរាបសារ និងស្លូតបូត។ បន្ទាប់ពីលោកគ្រូជនជាតិវៀតណាមបាត់ខ្លួន ខ្ញុំបានរៀនធ្វើម៉ាស៊ី ជាមួយមិត្តម្នាក់ទៀតឈ្មោះ មិត្តរី ដែលមានទីកន្លែងកំណើតនៅស្រុកកោះធំ ខេត្តកណ្ដាល។ ពេលនោះខ្ញុំបានស្នាក់ នៅក្នុងសាលាបឹងកេងកង ជាមួយ និងមិត្តនារីពេទ្យ។ ខ្ញុំនៅធ្វើម៉ាស៊ីនរហូតដល់បែកឆ្នាំ១៩៧៩។

នៅឆ្នាំ១៩៧៩ ខ្ញុំកំពុងតែដោះខ្ចៅម៉ាស៊ីនលាង បានឮសំឡេងកាំភ្លើង។ ខ្ញុំបាននាំគ្នារត់ចេញពី ទួលស្លែង ធ្វើដំណើរទៅភូមិលាជ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ខ្ញុំបាននាំគ្នាដើររហូតបាន ជួបជាមួយយុទ្ធជនម្នាក់ឈ្មោះនី ជាជនជាតិចារ៉ាយ មានកាន់ភ្លើងអាកាមួយដើម និងមានគ្រាប់៤បង់។ ខ្ញុំបានសុំ នី ស្នាក់នៅមួយយប់ លុះព្រឹកឡើង នី បានឲ្យខ្ញុំប្រមូលនារីឲ្យបាន១២នាក់។ ខ្ញុំប្រមូលបាន១២នាក់ រួចបានបបួលមកស្នាក់នៅជាមួយគ្នា។ ជារៀងរាល់យប់ នី តែងតែឲ្យខ្ញុំកាន់កាំភ្លើងអាកា ប៉ុន្តែថ្ងៃនេះខុសពីរាល់ ដង ខ្ញុំឃើញទឹកមុខ នី ក្រញូវ និងបាននិយាយសុំកាំភ្លើងពីខ្ញុំ។ ពេលនោះខ្ញុំបានគិតថា នី បានអន់ចិត្តជាមួយ នារីៗ ដែលបង្អាប់ថាខ្លួនខ្ជិលមិនជួយការងារ។ ខ្ញុំបានប្រគល់កាំភ្លើងឲ្យ នី រួចខ្ញុំធ្វើដំណើរទៅកន្លែងសម្រាក។ នៅម៉ោងប្រមាណជា៨ និង០០នាទីយប់ នី បានបាញ់រះទៅលើរោងដែលខ្ញុំ និងក្រុមនារីកំពុងសម្រាក ប៉ុន្តជា សំណាងខ្ញុំបានរត់រួច។ ចំណែកនារីទាំង១២នាក់នោះ មួយចំនួនត្រូវរបួស និងស្លាប់។ នារីដែលត្រូវរបួសទាំង នោះបានស្រែកហៅខ្ញុំជួយដោយសេចក្ដីអាណិតខ្ញុំបានត្រឡប់មកវិញ ហើយ នី បានបាញ់ត្រូវជើងខ្ញុំចំនួន២ គ្រាប់ ធ្វើឲ្យបែកឆ្អឹងជើង។ ខ្ញុំដើរមិនទេ រួចខ្ញុំព្យាយាមវាររហូតទៅដល់ភូមិថ្មី ខេត្តកំពង់ស្ពឺ។ ខ្ញុំប្រឹងវារ រយៈពេលបីខែបានដល់មន្ទីឬពេទ្យ។ ខ្ញុំនៅក្នុងព្រៃមិនបានព្យាបាលទេ។ រយៈពេល៣ខែ ខ្ញុំហូបតែផ្លែល្ហុងមិនដែលស្គាល់ជាតិបបរ ហើយជើងខ្ញុំចាប់ផ្ដើមសះនៅមុខតូច ប៉ុន្តែឆ្អឹងខាងក្នុងបែកខ្ទេច។ ខ្ញុំមកព្យាបាល នៅមន្ទីរពេទ្យឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មួយយប់ និងបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកថ្ពង បាន២យប់ ទើបគ្រូពេទ្យបញ្ជូនទៅពេទ្យនៅនៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ខ្ញុំសម្រាកព្យាបាលរយៈពេលបីឆ្នាំ។ ពេទ្យវៀតណាមវះបាន៧ថ្ងៃ ខ្ញុំបានដើររួច។ ខ្ញុំបានសុំពេទ្យត្រឡប់ទៅស្រុកកំណើតវិញ។ ខ្ញុំបានមកជួបបងប្អូននៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៨០ ខ្ញុំបានត្រឡប់មកផ្ទះវិញ។ ខ្ញុំបានរៀបការជាមួយលោក សន ម៉ៅ នៅឆ្នាំ១៩៨៣ ។

អត្ថបទដោយ វី ស៊ីថា


[1] លេខឯកសារ KCI0228 ,តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា , បទសម្ភាស អ៊ៀម ឈុនគី, សម្ភាសដោយ ឡុង ដានី, ១៦ មីនា ២០០៣។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin