អ៊ីង ផន៖ កងទ័ពជើងទឹកការពារកោះពូលូវៃ
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ១៩៧៥ ផន ត្រូវបានផ្លាស់ចេញពីកំបូលបញ្ជូនឲ្យទៅធ្វើកងទ័ពជើងទឹកនៅក្រុងព្រះសីហនុ ដើម្បីឲ្យទៅជួយការពារដែនសមុទ្ទ និងការពារនៅលើកោះពូលូវៃ។ ផន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖
អ៊ីង ផន[1] ភេទប្រុស អាយុ៧៦ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ ផន មានស្រុកកំណើតនៅភូមិខ្នាចចោរ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្នរស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ផន មានឪពុកឈ្មោះ ប៊ូ អ៊ីង (ស្លាប់)និងម្ដាយឈ្មោះ វង់ អោម (ស្លាប់)។ ផន មានបងប្អូនបង្កើតចំនួន៦នាក់(ប្រុស១នាក់ ស្រី៥នាក់) ហើយ បងស្រី ផន បានទទួលមរណៈភាពចំនួន៣នាក់(ដោយសារជំងឺ)។ ផន ជាកូនទី៥ នៅក្នុងគ្រួសារ។
កាលពីក្មេង ផន បានរៀនត្រឹមថ្នាក់ទី៩ សង្គមចាស់ នៅសាលាក្នុងវត្តមុន្នីរង្សី។ មូលហេតុដែល ផន ឈប់រៀនដោយសារផ្លូវធ្វើដំណើរទៅរៀនមានចម្ងាយឆ្ងាយ ហើយនៅក្នុងគ្រួសារមានជីវភាពក្រីក្រ និងមានភាពខ្វះខាតជាខ្លាំង។ នៅឆ្នាំ១៩៦៧ ផន បានសម្រេចចិត្តសុំម្ដាយចូលបួសនៅក្នុងវត្តមុន្នីរង្សី បានចំនួន៥វស្សា ដែលព្រះចៅអធិការមានព្រះនាម មិន ឡែម (ស្លាប់)។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្ដម សីហនុ ចេញពីមុខតំណែង។ នៅក្នុងអំឡុងពេលនោះ នៅក្នុងវត្តមុន្នីរង្សីមិនទាន់មានហេតុការណ៍អ្វីកើតឡើងទេ ព្រះសង្ឃអាចគង់នៅក្នុងវត្តបានធម្មតា។ បន្ទាប់ពីរដ្ឋប្រហារបានរយៈពេល២ឆ្នាំ នៅក្នុងស្រុកត្រាំកក់ ចាប់ផ្ដើមមានភាពច្របូកច្របល់។ បន្ទាប់មក ផន បានសឹកពីបួសត្រឡប់មកជួយធ្វើស្រែម្ដាយបាន១ឆ្នាំ ទើបស្ម័គ្រចិត្តចូលបម្រើកងទ័ពបដិវត្តខ្មែរក្រហមដែលមានទីតាំងនៅខាងលិចខេត្តតាកែវ។ បន្ទាប់ពីចូលរួមជាមួយកងទ័ពបដិវត្តន៍បានចំនួនមួយសប្ដាហ៍ ផន ត្រូវបានបញ្ជូនឲ្យទៅហ្វឹកហាត់ក្បួនយុទ្ធសាស្រ្តកងទ័ពនៅក្នុងកងតំបន់១៣ ។ បន្ទាប់ពីហ្វឹកហាត់ចប់ កងតំបន់១៣បានរៀបចំកម្លាំងទៅវាយជាមួយកងទ័ព លន់ នល់ នៅតាមផ្លូវជាតិលេខ៤ ហើយបានបន្តវាយចេញពីផ្លូវជាតិលេខ៤ ទៅអង្គស្នួល រួចបានបន្តវាយចេញពីអង្គស្នួលទៅខាងលិចកំបូល(ភ្នំពេញ) ទើបទទួលដំណឹងថាកងទ័ពខ្មែរក្រហម វាយរំដោះបានទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
បន្ទាប់ពីទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញកងតំបន់១៣ទាំងអស់ ត្រូវបានផ្លាស់ទៅក្រុងព្រះសីហនុ ដើម្បីឲ្យទៅចូលរួមជាមួយកងពល១៦៤ ដែលមានទីតាំងឈរជើងនៅចំណោទរាម និងឈរជើងនៅតាមឆ្នេរអូរឈើទាល។ កងពល១៦៤ គឺជាកងទ័ពជើងទឹកដែលមានតួនាទីការពារដែនសមុទ្ទ ដែនកោះនៅក្នុងក្រុងព្រះសីហនុ ដែលគ្រប់គ្រងដោយតា មុត។ បន្ទាប់មកកងពល១៦៤ ត្រូវបានបែងចែកជា៣ កងវរសេនាធំ៖ កងវរសេនាធំ៦១ កងវរសេនាធំ៦២ និងកងវរសេនាធំ៦៣។ ផន ត្រូវបាន តា មុត បញ្ចូលទៅក្នុងកងវរសេនាធំ៦២ ដើម្បីបញ្ជូនឲ្យទៅការពារនៅលើកោះពូលូវៃ ដែលគ្រប់គ្រងដោយឈ្មោះ មៀច ។ ផន រស់នៅលើកោះពូលូវៃបានរយៈពេល៣ខែ ដោយសារតែនៅលើកោះមានភ្លៀងធ្លាក់ជោគជាំទើបបណ្តាលឲ្យ ផន បានកើតជំងឺគ្រុនចាញ់។ បន្ទាប់មក ផន ត្រូវបានបញ្ជូនយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រុងព្រះសីហនុ។ ដោយសារសភាពជំងឺធ្ងន់ ផន ត្រូវសម្រាកព្យាបាលអស់រយៈពេល៨ខែ ទើបជាសះស្បើយ។ បន្ទាប់ពីជាសះស្បើយ ផន ត្រូវបាន តា មុត បញ្ជូនត្រឡប់ទៅកោះពូលូវៃវិញ។
នៅឆ្នាំ១៩៧៧ កងទ័ពខ្មែរក្រហមនៅខាងភូមិភាគបូព៌ាចាប់ផ្ដើមមានទំនាស់ព្រំដែនជាមួយកងទ័ពវៀតណាម។ នៅពេលនោះ កងវរសេនាធំ៦២ ដែលការពារនៅលើកោះពូលូវៃ ត្រូវបាន តា មុត ដកចេញពីកងពល១៦៤ បញ្ជូនឲ្យទៅស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ដើម្បីរួមបញ្ចូលកម្លាំងជាមួយកងពល៦០៣ ចាំទប់ទល់ និងវាយតតាំងជាមួយកងទ័ពវៀតណាម ដែលដឹកនាំដោយ តាវិន (កូនប្រសារតា ម៉ុក)។ បន្ទាប់ពីវាយតតាំងជាមួយកងទ័ពវៀតណាមអស់ជាច្រើនខែ កងទ័ពខ្មែរក្រហមបានអស់គ្រាប់ និងអស់ស្បៀងអាហារ។ បន្ទាប់មក តា វិន បានបញ្ជាឲ្យកងទ័ពទាំងអស់ដកថយចេញពីស្រុកមេមត់ ដោយឆ្លងកាត់ស្រុកក្រូចឆ្មារ ស្រុកស្ទឹងត្រង់ រហូតមកដល់ទីរួមខេត្តកំពង់ធំ ហើយបានបន្តដំណើរចេញពីទីរួមខេត្តកំពង់ធំមកស្នាក់នៅតាមព្រំដែននៅទំនប់ដាច់ជាបណ្ដោះអាសន្ន។ បន្ទាប់ពីស្នាក់នៅព្រំដែនទំនប់ដាច់បានប្រហែលកន្លះខែ តា វិន ត្រូវបាន តាម៉ុក បញ្ជាកូនចៅមកបាញ់សម្លាប់។ បន្ទាប់ពី តា វិន បានស្លាប់កងពល៦០៣ ត្រូវបានប្ដូរទៅជាកងពល៦១៦ ដោយឲ្យ តា ញ៉ាន់ និង តា បាវ គ្រប់គ្រងជំនួស។ បន្ទាប់ពីរស់នៅព្រំដែនអស់ជាច្រើនខែ កងពលលេខ១១៦ បានរៀបចំផ្លាស់ទៅកន្លែងថ្មី។ ដោយសារមានបញ្ហាសុខភាពទន់ខ្សោយរ៉ាំរ៉ៃដោយសារជំងឺគ្រុនចាញ់មិនអាចធ្វើដំណើរទៅជាមួយកងទ័ពបាន ផន ត្រូវបាន តា ញ៉ាន យកទៅបញ្ចូលជាមួយកងពល៦១២ ដែលមានទីតាំងឈរជើងនៅព្រំដែនជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលគ្រប់គ្រងដោយ តា ហឿន។ បន្ទាប់ពីរស់នៅជាំស្រងាំបានប្រហែលកន្លះឆ្នាំ ផន ត្រូវបាន តា ហឿន រៀបចំឲ្យមានគ្រួសារ។ បន្ទាប់ពីរៀបចំរួច ផន និងប្រពន្ធត្រូវបាន តា ហឿន ផ្លាស់បន្តទៀតឲ្យទៅចូលរួមជាមួយកងពល៨០២ ដែលមានជំរំនៅលើភ្នំគ-៧ និងគ្រប់គ្រងដោយ តា រ៉ែន។ ផន រស់នៅក្នុងកងពល៨០២ បានរយៈពេលមួយខែ តា រ៉ែន ត្រូវបានផ្លាស់ចេញដោយឲ្យ តា ឆន មកគ្រប់គ្រងជំនួសវិញម្ដង។ តា ឆន មកគ្រប់គ្រងកងពល៨០២បានប្រហែលកន្លះឆ្នាំ ត្រូវបានថ្នាក់លើផ្លាស់ចេញឲ្យទៅគ្រប់គ្រងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។ ចំណែកកងពល៨០២ បានឲ្យ តា ឌឿន មកគ្រប់គ្រងជំនួស។
នៅឆ្នាំ១៩៧៨ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិ បានសហការជាមួយកងទ័ពវៀតណាមបានវាយចូលមកដល់ជំរំគ-៧។ ខណៈពេលនោះ តា ឌឿន បានបញ្ជាឲ្យកងទ័ពទាំងអស់រៀបចំកម្លាំងចាំទប់ទល់ជាមួយកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិ និងកងទ័ពវៀតណាម ដោយកងទ័ពទាំងពីរមានកម្លាំងច្រើនមិនអាចទប់ទល់បាន តា ឌឿន បានបញ្ជាឲ្យកងទ័ពទាំងអស់ដកថយមកឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដើម្បីចូលរួមកម្លាំងជាមួយអង្គភាពតា ឆន ចាំវាយបកទៅលើកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិ និងកងទ័ពវៀតណាម។ បន្ទាប់ពីវាយមិនទទួលបានជ័យជម្នះ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិ និងកងទ័ពវៀតណាម បានដកកម្លាំងត្រឡប់ទៅវិញ។ នៅក្នុងឆ្នាំ១៩៩២ កងទ័ពរដ្ឋាភិបាលកម្ពុជា និងកងទ័ពវៀតណាមបានវាយចូលមកដល់ឃុំព្រះប្រឡាយម្ដងទៀត ដោយមើលទៅកងទ័ពទាំងពីរមានកម្លាំងនិងអាវុធល្អៗជាច្រើន ដែលមិនអាចយកទប់ទល់បាន តា ឆន បានបញ្ជាឲ្យកងទ័ពទាំងអស់ដកថយចូលទៅក្នុងដីថៃ ដើម្បីបោះជំរំស្នាក់នៅបណ្ដោះអាសន្ន។
បន្ទាប់ពីសន្និសីទទីក្រុងបារីសត្រូវបានបញ្ចប់ ផន និងកងទ័ពខ្មែរក្រហមផ្សេងទៀត ដែលរស់នៅក្នុងដីបានធ្វើដំណើរត្រឡប់មកព្រំដែនប្រទេសកម្ពុជាវិញ ហើយបានផ្ដាច់ខ្លួនចូលរួមជាមួយកងទ័ពរដ្ឋាភិបាលនៅស្រុកត្រពាំងប្រាសាទ។ បន្ទាប់មក ផន និងកងទ័ពផ្សេងទៀត ត្រូវបានកងទ័ពរដ្ឋាភិបាលជម្លៀសមកអូរបាយតាប់ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ នៅថ្ងៃ០៥ ខែមិថុនា ឆ្នាំ១៩៩៨ កងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាលកម្ពុជា នៅស្រុកអន្លង់វែង បានសមាហរណ៍កម្មស្រុះស្រួលចាប់ដៃគ្នា។ បន្ទាប់មក ផន និងកងទ័ពផ្សេងទៀត ត្រូវបានកងទ័ពរដ្ឋាភិបាលផ្លាស់ឲ្យមកភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ហើយ ផន ត្រូវបានកងទ័ពរដ្ឋាភិបាលចែកដីមួយចំនួនសម្រាប់សាងសង់ផ្ទះរស់នៅ និងប្រកបរបរធ្វើស្រែចម្ការ។ បន្ទាប់មកទៀត ផន ត្រូវបានដកចេញពីខាងកងទ័ពបញ្ចូលឲ្យទៅធ្វើជាអាជ្ញាធរស្រុកត្រពាំងប្រសាទរហូតដល់ឆ្នាំ២០០៦ បានចូលនិវត្តន៍។ នៅឆ្នាំ២០០៩ មានការជ្រើសរើសក្រុមប្រឹក្សាថ្មី ពេលនោះ ផន ត្រូវបានលោកវណ្ណ កុសល ដែលជាអភិបាលស្រុកត្រពាំងប្រសាទ បានជ្រើសរើសឲ្យចូលក្រុមប្រឹក្សាបានមួយអាណត្តិទើបចូលនិវត្តន៍ម្ដងទៀត។ បន្ទាប់ចូលនិវត្តន៍ ផន និងប្រពន្ធប្រកបរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត ហើយបានបន្តធ្វើរហូតមកដល់សព្វថ្ងៃ៕
អត្ថបទដោយ ចាន់ ណារិទ្ធ
[1] បទសម្ភាសន៍ជាមួយ អ៊ីង ផន ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ សម្ភាសន៍ដោយ ឡុង ដានី, បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា។