អឹម លាប៖ ភាពអត់ឃ្លាន និងការបាត់បង់សេរីភាព
អឹម លាប[1] ភេទប្រុស អាយុ៦២ឆ្នាំ ជាកសិករ។ លាប បច្ចុប្បន្នរស់នៅភូមិរនាមត្នោត ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ។ លាប មានឪពុកឈ្មោះ អឹម ខាត់ (ស្លាប់) ហើយម្តាយឈ្មោះ យ៉ែម ម៉ៅ (ស្លាប់) និងមានបងប្អូន២នាក់ ក្នុងនោះមានស្រី១នាក់។ នៅឆ្នាំ១៩៧៩ លាប បានរៀបការជាមួយប្រពន្ធឈ្មោះ ម៉ួង យ៉ាត ដែលមានស្រុកកំណើតនៅ ភូមិរនាមត្នោត ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ។ សព្វថ្ងៃ លាប មានកូន ៦ នាក់ ក្នុងនោះស្រី៥ នាក់ និងប្រុស១នាក់។ លាប បានឆ្លងកាត់របបនយោបាយផ្សេងៗជាបន្តបន្ទាប់ រួមទាំងបទពិសោធន៍ដ៏ជូរចត់បំផុតនៅក្នុងសម័យខ្មែរក្រហម (១៩៧៥-១៩៧៩)។ រឿងរ៉ាវរបស់លាប បានគូសបញ្ជាក់យ៉ាងច្បាស់ពីសោកនាដកម្ម និងភាពអត់ឃ្លានដែលជាការបាត់បង់សេរីភាពទាំងស្រុងរបស់ប្រជាជនកម្ពុជា។
នៅឆ្នាំ ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ធ្វើឲ្យសាលារៀននៅតាមជនបទបិទទ្វារ។ នៅពេលដែលសង្រ្គាមផ្ទៃក្នុងចាប់ផ្តើមផ្ទុះឡើងខ្លាំង ឪពុកម្តាយរបស់លាប បានសម្រេចចិត្តដ៏លំបាកមួយ គឺបញ្ជូនកូនប្រុសវ័យប្រហែល១៣ឆ្នាំ រូបនេះ ឲ្យទៅបួស ដើម្បីគេចពីការចាប់ឲ្យធ្វើទាហាន។ ចាប់ពីឆ្នាំ១៩៧២ ដល់ ឆ្នាំ១៩៧៥ លាប បានចាប់ផ្តើមជីវិតជាព្រះសង្ឃដោយគង់នៅវត្តបទុមវតី នៅទីក្រុងភ្នំពេញ ។ នៅ ឆ្នាំ១៩៧៥ លាប បានរៀបរាប់ពីជីវិត និងការសិក្សារបស់គាត់នៅទីក្រុង ក៏មិនបានសុខស្រួលដែរ ដោយសារតែមានការវាយប្រហារដោយគ្រាប់រ៉ូកែតជាញឹកញាប់ ហើយ លាប មិនបានទៅលេង ឪពុក-ម្តាយ និងបងប្អូនទេ ដោយសារតែផ្លូវទៅស្រុកកំណើតត្រូវខ្មែរក្រហមកាត់ផ្តាច់។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ។ លាប និងព្រះសង្ឃរាប់រយអង្គ ត្រូវបង្ខំឲ្យនិមន្តចេញពីវត្តបទុមវត្តីតាមផ្លូវជាតិលេខ១ ហើយគាត់បានឃើញទិដ្ឋភាពឃោរឃៅ, ការបាញ់សម្លាប់ជនពិការ, ទាហាន និងអ្នកមានទ្រព្យសម្បត្តិ ដែលមិនព្រមចាកចេញពីផ្ទះសំបែង។ ក្រោយចេញពីភ្នំពេញ លាប បានទៅគង់នៅវត្តគៀនស្វាយ រយៈពេលប្រហែលកន្លះខែ ទើបធ្វើដំណើរទៅស្រុកកំណើតវិញ។ នៅខែមិថុនា ឆ្នាំ១៩៧៥ លាប បានទៅដល់ស្រុកកំណើត ខ្មែរក្រហមបង្ខំ លាប និងព្រះសង្ឃទាំងអស់សឹក ដោយប្រកាសថា “ព្រះសង្ឃគឺជាឈ្លើងរបស់សង្គម”។ ក្រោយពីលាចាកសិក្ខាបទ លាប ត្រូវបានចាត់ទុកជា «អ្នក១៧ មេសា» ដែលមានឋានៈទាបជាង ឪពុកម្តាយដែលជា «អ្នកមូលដ្ឋាន»។
អង្គការបានចាត់តាំង លាប ឲ្យចូលក្នុងកងយុវជន ដើម្បីធ្វើការងារធ្ងន់ៗទាំងយប់ ទាំងថ្ងៃ ប្រហែល១២ ម៉ោង ក្នុងមួយថ្ងៃ។ កម្លាំងពលកម្មរបស់លាប ត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្លាដើម្បី ជីកប្រឡាយ, លើកទំនប់, ធាក់រហាត់ទឹក និងធ្វើស្រែចម្ការ ហើយនៅខែវស្សា លាប ទៅធ្វើការនៅទំនប់ជើងដំរី ដែលក្នុងទឹកបឹងពោរពេញទៅដោយឈ្លើង ដែលបានបឺតឈាមអ្នកធ្វើការងារ។ ទោះបីជាយ៉ាងនេះក្តី យុវជនទាំងអស់ បានចាប់ឈ្លើងទាំងនោះដាក់ត្រឡោក។ អង្គការបានបង្ខំ លាប និងប្រជាជនឲ្យធ្វើការងារទាំងយប់ទាំងថ្ងៃ ក្រោមភ្លៀងធ្លាក់៧យប់ ៧ថ្ងៃ ដោយគ្មានទីជម្រកសមរម្យ ហើយអ្នកធ្វើការរស់នៅកណ្តាលវាល។ ទោះបីត្រូវបង្ខំឲ្យធ្វើការងារច្រើនក៏ដោយ ប៉ុន្តែការងារសម្រេចបានតែ ៥០% ប៉ុណ្ណោះ។
ចំណែករបបអាហារគឺខ្វះខាតខ្លាំងមានតែបបររាវៗ, សម្លរត្រកួន, សម្លរព្រលឹត ចែកតាមក្រុម ដែលមានរបបអង្ករមួយកំប៉ុងសម្រាប់មនុស្ស៨នាក់។ នៅពេលយប់ដោយសារតែទឹកឡើងខ្លាំង និងមានឈ្លើងផងនោះ លាប និយុវជនស្ទើរតែរកកន្លែងសម្រាកមិនបាន។ នៅពេលភ្លៀងធ្លាក់ខ្លាំងពេកទើបអង្គការ រំដោះយុវជនឲ្យទៅក្រោលគោដែលពោរពេញដោយអាចម៌គោ។ យុវជនរាប់រយនាក់បានកើបអាចម៌គោដើម្បីយកកន្លែងក្រាលកន្ទេលដេក។ លាប បានលួចទៅលេងឪពុកម្តាយដោយសារតែនឹកអ្នកទាំងពីរខ្លាំងពេក លាប ត្រូវដើរជាច្រើនគីឡូម៉ែត្រ និងត្រូវត្រឡប់ដល់កន្លែងធ្វើការវិញឲ្យបានមុនមាន់រងាវ ដើម្បីជៀសវាងការចាប់ខ្លួន។
នៅឆ្នាំ១៩៧៧ លាប ត្រូវបានជម្លៀសឲ្យទៅធ្វើការនៅស្រុកត្រាំកក់ (ស្រុកលេខ ១០៥)។ នៅទីនោះ លាប កាន់តែរងការរើសអើងពីសំណាក់អង្គការ ហើយគាត់បានឃើញមិត្តរួមការងារ២នាក់ ត្រូវអង្គការយកទៅសម្លាប់ដោយសារតែលួចអាហារហូបចុកនៅពេលយប់។ លាប បន្តធ្វើការងារនៅកងចល័តរហូតដល់ឆ្នាំ១៩៧៩។ រឿងវ៉ាវរបស់លាប បង្ហាញពីសារសំខាន់នៃសេរីភាព និងសន្តិភាព ដែលប្រជាជនកម្ពុជាធ្លាប់បានបាត់បង់ ហើយជាការដាស់តឿនឲ្យមានការចងចាំ និងថែរក្សាប្រវត្តិសាស្ត្រឈឺចាប់នេះ៕
[1] សម្ភាសន៍ដោយ៖ កែវ សុភី និង មីន សាណាស់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
អត្ថបទដោយ កែវ សុភី