អតីតកងទ័ពពិសេសខ្មែរក្រហម ត្រូវជាប់គុកដោយសារគណៈកងចាប់ខុស (ចាប់ច្រលំ)

អ៊ីម ពេញ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ

អ៊ីម ពេញ[1] ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។​ ពេញ ជាកសិករ មានប្រពន្ធឈ្មោះ គូ អាន (អតីតយុវនារីខ្មែរក្រហម) អាយុ ៤៨ឆ្នាំ ជាកសិករ មានកូន៨នាក់ ស្រី៣នាក់។ ម្តាយ ពេញ ឈ្មោះ សម (ស្លាប់)  និងមានបងប្អូន ៨នាក់ ស្រីម្នាក់ (បាត់ខ្លួនរហូតដល់សព្វថ្ងៃ)។

អំឡុងឆ្នាំ១៩៧០ ពេញ បួសបាន ៣ វស្សានៅវត្តពានជុង ឃុំព្រែកអំពិល ស្រុកស្អាង ខេត្តកណ្តាល រួចក៏សឹកដើម្បីចូលបម្រើការជាអ្នកការពារភូមិ។ បន្ទាប់មកទៀត ពេញ ចូលបម្រើទ័ពកងពិសេសខ្មែរក្រហម និងទៅសមរភូមិប្រយុទ្ធជាមួយទាហាន លន់ នល់ នៅខាងស្រែអំបិលក្រោយពីរដ្ឋប្រហារទម្លាក់សម្តេច សីហនុ។ ទ័ពកងពិសេសនេះ មាន ខឿន ប្រជាធានក្រុមយុវជនភូមិអង្គម៉ាចេក, តាឃ្លឹង មីងវន ជាប្រធានភូមិអង្គម៉ាចេក និង ពេញ ជាសមាជិកក្រុមយុវជនអង្គម៉ាចេក។ នៅក្នុងភូមិ យុវជន និងយុវនារី ត្រូវប្តូរវេនគ្នាដើម្បីយាមពេលយប់នៅស្នាក់ការ (រោងប្រក់ស្បូវ) តែពេលថ្ងៃ ពេញ និងក្រុមយុវជន យុវនារី ត្រូវជីកប្រឡាយ, ជីកព្រែក, ជីកដី, រកម្ហូប និងភ្ជួរស្រែ តាមការចាត់តាំងរបស់ប្រធានក្រុម។ មិនតែប៉ុណ្ណោះ ពេញ ត្រូវបានចាត់តាំងឲ្យទៅសមរភូមិប្រយុទ្ធជាច្រើនកន្លែង ដូចជា នៅពោធិ៍ចិនតុង និងឡធ្យូង ជាដើម។ ពេញ ខិតខំធ្វើការតាមការចាត់តាំងរបស់ថ្នាក់លើ ឬប្រធានក្រុមមិនឲ្យមានកំហុសទេ។

ពេញ និងប្រពន្ធ បានស្រលាញ់គ្នាលួចលាក់ក្នុងរបបខ្មែរក្រហម ហើយបានរត់គេពីភូមិដោយភ័យខ្លាចពីបទខុសសីលធម៌[2] ដែលបានចែងក្នុងច្បាប់របស់ខ្មែរក្រហម។ ពេញ រត់ទៅតំបន់២៥[3] រួចចុះបញ្ជីរដាក់ថាមានគ្រួសារ (មានប្រពន្ធ)។ បន្ទាប់មក អាន ជាប្រពន្ធ ក៏លួចរត់ទៅតំបន់២៥ជួប ពេញ ដែរ ព្រោះបើ អាន មិនទៅទេ ពេញ ប្រាកដជាត្រូវស្លាប់ដោយសារកុហកអង្គការ[4]។ តែជាអកុសល ពេញ និងប្រពន្ធឈ្មោះ អាន ត្រូវខ្មែរក្រហមចាប់បាន រួចបញ្ជូនទៅដាក់គុកព្រែកឫស្សី (ខាងត្បូងផ្សារព្រែកវាល) ទាំងពីរនាក់។ បន្ទាប់មក​ អាន ត្រូវបានចាត់តាំងឲ្យធ្វើជាអ្នកចែកអាហារដល់អ្នកទោសនៅក្នុងគុកនៅពេលថ្ងៃ។ ពេលចាប់ទៅដាក់គុកដំបូង ពេញ មិនត្រូវបានធ្វើបាបទេ ព្រោះមាន ស៊ី និង ឈាង ដែលនៅធ្វើការក្នុងគុកស្គាល់ ពេញ ថាជាយុវជនដែលស្មោះត្រង់ជាមួយអង្គការណាស់។ រយៈពេលប្រហែលដប់ថ្ងៃដែល ពេញ នៅក្នុងគុក ពេញ បានឃើញអ្នកទោសម្នាក់ឈ្មោះ សម (តាសម) ត្រូវបានខ្មែរក្រហមអូសកាត់មុខខ្លួន យកទៅកប់នៅគុម្ពចេកទាំងដែល សម មិនទាន់ដាច់ខ្យល់នៅឡើយ។ នៅក្នុងគុកព្រែកឫស្សី អ្នកទោសជាប់ខ្នោះជើង[5] ដែលភ្ជាប់ដោយរនុកដែកមានទំហំប៉ុនកដៃក្មេងដាក់ជាជួរៗ[6] មាន១០០ ទៅ ២០០នាក់ ថែមទាំងបែងចែកជាពីរផ្នែក គឺ គុកងងឹត (ក្រោមផ្ទះជញ្ជាំងបូកអាចម៍គោ) និងគុកធម្មតា (នៅលើផ្ទះធំប្រក់ក្បឿង)។ ពេញ ត្រូវជាប់ខ្នោះនៅលេខរៀងទី៥០ដូចអ្នកទោសដទៃទៀតក្នុងគុកធម្មតា តែដោយឡែកអ្នកទោសដែលមានស្ថានភាពទោសធ្ងន់ធ្ងរត្រូវដាក់ចូលទៅក្នុងគុកងងឹត។ នៅក្នុងគុក ពេលដេកអ្នកទោសទាំងអស់ត្រូវតែស្តាប់តាមបញ្ជារបស់អ្នកយាមគុក ពេលដែលអ្នកយាមគុកប្រាប់ឲ្យដេក ត្រូវតែដេកឲ្យបានស្របគ្នាទោះបីជាក្នុងមួយជួរមាន១០០នាក់ ឬ២០០នាក់ក៏ដោយ បើមិនដូច្នោះទេគឺត្រូវអ្នកយាមគុកធ្វើទារុណកម្មទៀត។ តាមការចំណាំរបស់ ពេញ ពេលដែលអ្នកយាមគុកហៅអ្នកទោស នៅម៉ោងប្រហែល៤ទៀបភ្លឺ គឺជាពេលដែលហៅអ្នកទោសយកទៅសម្លាប់ចោល ជាពិសេសពេលដែលឮសម្លេងស្រែក ដឹងតែស្លាប់តែម្តង។ នៅក្នុងគុកព្រែកឫស្សី ពេញ ស្គាល់អ្នកទោស៣នាក់ទៀត មានឈ្មោះ តាខ្លង (ស្លាប់) តាសុន(ស្លាប់) និងតាសុង។

នៅក្នុងគុកបានប្រមាណជាកន្លះខែ ពេញ ត្រូវបានចោទប្រកាន់បន្ថែមថា ជាខ្មាំង រៀបគម្រោងសម្លាប់គណៈឃុំ ហើយត្រូវបានបញ្ជូននៅក្នុងគុកងងឹត និងទទួលទារុណកម្មយ៉ាងព្រៃផ្សៃរាល់ថ្ងៃ។ ពេញ រៀបរាប់ថា៖ «ខ្ញុំនៅក្នុងគុកងងឹតយូរ។ ពេលដែលគេយកចេញទៅសួរចម្លើយ គេដោះសោរខ្នោះជើង រួចដាក់ខ្នោះដៃក្រឹប និងភ្ជុងកាំភ្លើងអាការួចឲ្យដើរទៅមុខ។ ពេលនោះខ្ញុំបានចេញមកក្រៅត្រូវពន្លឺថ្ងៃមើលមិនដឹងទិសតំបន់ រង្វេងវង្វាន់មិនដឹងទៅណាមុខ ទៅណាក្រោយទេ។ ដើរទុចៗតិចៗ។ គេថាឲ្យមើលទៅផ្ទះខាងមុខ។ ខ្ញុំឃើញផ្ទះមួយលើកសរសរខ្ពស់ តែពេលខ្ញុំដើរទៅដល់ ខ្ញុំឃើញមនុស្សពីរនាក់មាឌធំៗ និងមានរទេះសេះសម្រាប់ដឹកឫស្សីពីងពុង។ ពេលនោះស្រាប់តែខ្មែរក្រហមបញ្ជាឲ្យខ្ញុំឡើងលើតុ។ ខ្ញុំនឹកគិតថា ខ្ញុំឡើងមិនរួចទេ ព្រោះដៃជាប់ខ្នោះ តែខ្ញុំមិនហ៊ាននិយាយតបវិញឡើយព្រោះខ្លាចទទួលទារុណកម្ម។ ពេលនោះ ខ្ញុំត្រូវបានខ្មែរក្រហមចងភ្ជួរទៅលើ យោលតេកតោកជើងឃ្លាតពីដីប្រហែលមួយម៉ែត្រកន្លះ ហើយនិយាយថា ខ្ញុំជាខ្មាំង និងបានរៀបចំឧបាយកលក្បត់ តែខ្ញុំប្រកែកថាមិនដឹងអ្វីទាំងអស់។ ខ្ញុំជាកងពិសេសដែលត្រូវចាត់តាំងឲ្យរកម្ហូបពីអ្នកភ្ជួរ និងជីកព្រែក ជីកដីតែប៉ុណ្ណោះ។ ពេលនោះ អ្នកសួរចម្លើយម្នាក់ រុញយោលខ្ញុំទៅវិញទៅមក ហើយម្នាក់ទៀតវាយធ្វើទារុណកម្មខ្ញុំសន្លប់ ២ដង។ អ្នកសួរចម្លើយនៅតែបន្តសួរដដែលឲ្យខ្ញុំឆ្លើយ តែខ្ញុំមិនដឹងឆ្លើយថាម៉េចបើខ្ញុំដឹងថាខុសអ្វីផង។ ខ្ញុំត្រូវខ្មែរក្រហមវាយបន្ថែមរហូតដល់សន្លប់សន្លប់ម្តងទៀតជាលើកទី៣។ ដោយការធ្វើទារុណកម្ម និងសន្លប់ច្រើនដងពេក ក្រោយពេលដឹងខ្លួនមកវិញ ខ្ញុំ បានឆ្លើយថា ពិតបានធ្វើអញ្ចឹងមែន តែខ្ញុំនៅតែត្រូវអ្នកសួរចម្លើយធ្វើទារុណកម្មបន្តទៀត ព្រោះខ្ញុំនិយាយមិនទាន់អស់សេចក្តីដែលវាចង់បាន។ ពេលនោះអ្នកសួរចម្លើយបានបញ្ជាឲ្យយកកៅស៊ូមករុំមុខខ្ញុំជិតដាច់ខ្យល់ជាច្រើនដង តែមិនឲ្យយើងស្លាប់ទេ និងបន្ថែមថា ខ្ញុំបានរៀបចំផែនការឲ្យគណៈឃុំចុះយប់ ចុះអាធ្រាត្រ បំណងចង់ឲ្យគណៈឃុំបាក់កងាប់។ ខ្ញុំនៅតែឆ្លើយថា មិនបានដឹងរឿងនេះទេ។»[7]

អ្នកសួរចម្លើយនៅតែបន្តធ្វើទារុណកម្មលើ ពេញ រហូតសន្លប់ជាច្រើនដង។ ពេញ នៅតែឆ្លើយថា មិនដឹងអ្វីទាំងអស់។ ពេលនោះ ពេញ ត្រូវអ្នកសួរចម្លើយដោះយកអាវក្រណាត់តេតារ៉ុងចេញ។ អាវនេះ ម្តាយពេញ បានឲ្យជាងកាត់ដេរ ដេរឲ្យ ពេញ តាំងពីពេលធ្វើជាយុវជនភូមិ ព្រោះម្តាយចង់ឲ្យពេញមានសម្លៀកបំពាក់ត្រឹមត្រូវសមរម្យជាយុវជន។ សួរចប់រួចរាល់ហើយ ខ្មែរក្រហមបានយក ពេញ ទៅដាក់ក្នុងគុកងងឹតបន្ត។ ពេញ មិនដែលមានសង្ឃឹមថានឹងអាចរស់ត្រលប់ទៅផ្ទះវិញទេ ព្រោះខ្លួនប្រាណនៅសល់តែស្បែកដណ្តប់ឆ្អឹង។ សក់ក្បាលមានចៃពេញណែនក្បាល សូម្បីតែរោមជើងក៏មានចៃដែរ។ ជាសំណាងល្អ ប្រពន្ធ ពេញ ដែលជាប់គុកជាមួយគ្នា ធ្វើការនៅកន្លែងធ្វើអង្ករ (មុនពេលដែលធ្វើការជាអ្នកចែកអាហារឲ្យអ្នកទោស) និងលួចចាក់ស្មុគដើម្បីលាក់អង្ករយកទុកដាំបាយឲ្យ ពេញ ពេលដែលអ្នកយាមសម្រាកពេលយប់។ ពេញ អាចយកអង្ករដាក់ចូលក្នុងបបរឲ្យក្លាយជាបាយ បើមិនដូច្នេះទេ ពេញ ប្រហែលជាស្លាប់បាត់បង់ជីវិតនៅក្នុងគុកងងឹត និងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនេះ បាត់ទៅហើយ។ អាន (ប្រពន្ធ ពេញ) លួចដាំបាយពេលដែលដាំបបររួចនៅសល់ទឹកបបរ មានទាំងត្រីឆ្តោ លួចយកទៅឲ្យ ពេញ ពេលកណ្តាលអាធ្រាត្រអ្នកយាមដេកលក់អស់ អាន លូនទៅដល់កន្លែងប្តីស្ទាបប៉ះដៃ ហើយរុំភួយជិតកក្បាល ពេញ រួចឲ្យហូបបាយរាល់យប់។

ប្រហែលមួយខែក្រោយមកទៀត ខ្មែរក្រហមបានរៀនចំកន្លែងងូតទឹកសម្រាប់ឲ្យអ្នកទោស ដែលមានប្រវែងប្រហែលម្ភៃម៉ែត្រស្ទើរ។ ខ្មែរក្រហមប្រកាសថា ឲ្យអ្នកទោសមានសិទ្ធមួយថ្ងៃដើម្បីទៅងូតទឹកម្តង។ នៅពេលនោះ អ្នកទោសទាំងអស់ត្រូវតែទៅដល់ទីកន្លែងពេលដែលរាប់ដល់បី បើមិនដូច្នេះទេ នឹងត្រូវទទួលទារុណកម្ម ពេញ មានការព្រួយបារម្ភជាខ្លាំងព្រោះតែ ពេញ និងអ្នកទោសដទៃទៀតពុំមានកម្លាំងគ្រប់គ្រាន់ដើម្បីរត់ ឬដើរឲ្យបានលឿនតាមការកំណត់របស់អ្នកយាមគុកឡើយ។ ពេលចុះងូតទឹកអ្នកទោសត្រូវស្រាតចុះទឹកទាំងអស់គ្នាក្នុងស្រះរួមមួយ ហើយអ្នកទោសណាដែលមិនធ្វើតាមត្រូវទទួលទារុណកម្មនៅនឹងកន្លែង។ ពេលវេលាដែលអ្នកទោសមានសេរីភាពពេញលេញ គឺនៅពេលដែលងូតទឹកនេះឯង។ អ្នកទោសអាចមានស្នាមញញឹម មានកម្លាំងសើចរកគ្នា ងូតទឹក លុបមុខ លាងសម្អាតខ្លួនប្រាណ និងសក់។ មួយសន្ទុះក្រោយមក អ្នកយាមគុកបញ្ជាឲ្យអ្នកទោសឡើងលើគោកវិញដោយរាប់ដល់បី បើឡើងមិនទាន់ទេត្រូវទទួលទារុណកម្មទៀត។

ថ្ងៃមួយ ខ្មែរក្រហមវ័យចំណាស់ម្នាក់ប្រាប់ពេញថា បីខែទៀត ពេញ ត្រូវដោះលែងហើយ។ ពេញ ជាប់គុកយូររហូតមិនបានចាំថាខ្លួនជាប់អស់ប៉ុន្មានខែ ឬប៉ុន្មានឆ្នាំទេ។ ថ្ងៃមួយ ខ្មែរក្រហមម្នាក់មកក្នុងគុកហៅឈ្មោះ ពេញ ថា «មិត្តពេញ»។ ពេលនោះ ពេញ ចាប់អារម្មណ៍ថាមានអ្នកហៅឈ្មោះ តែមិនសូវច្បាស់ព្រោះធ្លាប់តែលឺហៅឈ្មោះមិនពិរោះ ឬមានពាក្យថាមិត្តពីមុខបែបនេះទេ។ ប្រពន្ធរបស់​ពេញ ស្ពាយបង្វិច និង​ចូលមកក្នុង​គុក ព្រមទាំងឆ្លើយប្រាប់អ្នកយាមថា ជាប្រពន្ធរបស់ ពេញ រួចក៏ជួយគ្រា ពេញ ដែលមិនពុំមានកម្លាំង ស្គមស្គាំង ស្បែកដណ្តប់ឆ្អឹង ដើរទៅតុមួយដើម្បីបំពេញសំណុំបែបបទចេញពីគុក។ ទៅដល់តុ ពេញ លែងដៃពីប្រពន្ធរួចតោងតុ ស្រាប់តែមានគណៈកងម្នាក់មកសុំទោស ពេញ និងប្រពន្ធ ដោយប្រាប់ថា ចាប់ច្រឡំជាមួយឈ្មោះ ឈាន ដែលត្រូវកងទ័ពចម្រាញ់ជ្រើសរើសឲ្យធ្វើជាគណៈឃុំ ហើយ ឈាន ត្រូវបានចាប់ទៅគណៈគុកនៅជ្រៃអូរព្នៅបាត់ទៅហើយ។ ទម្រាំតែស្រាវជ្រាវដឹងថាចាប់ច្រលំ ពេញ ត្រូវរងទារុណកម្ម សួរចម្លើយ និងជាប់គុករាប់ខែរាប់ឆ្នាំ ស្ទើរតែបាត់បង់ជីវិតទៅហើយ។ ពេញ និងប្រពន្ធ ត្រូវបានគណៈកងធ្វើលិខិតឲ្យត្រលប់ទៅរស់នៅសហករណ៍វិញ ថែមទាំងផ្តាំផ្ញើឲ្យប្រពន្ធ ពេញ ជួយមើល ពេញ កុំឲ្យដួលតាមផ្លូវត្រលប់ទៅវិញទៀត។

ធ្វើដំណើរទៅដល់សហករណ៍ដំបូង ពេញ និងប្រពន្ធ ឮសម្លេងគោះជួងកុមារម៉ឺងៗ។ ប្រពន្ធ ពេញ បានដើរចូលទៅ។ ពេលនោះប្រធានសហករណ៍បានចែកបបរឈ្មោល (សម្រាប់ ពេញ គឺជាបាយជ្រាយ) និងម្ហូប (មានឆា មានស្ងោរ) ឲ្យទៅអ្នកទាំងពីរ។ ពេញ ឃ្លានពេកហូបតែពីរម៉ាត់ អួលប៊ិះតែស្លាប់តែអ្នកក្នុងសហករណ៍ជួយទាន់ពេលវេលា។ ពេញ រស់នៅក្នុងគុកទទួលបបរដែលមានអង្ករតែ២-៣គ្រាប់ និងទឹកមួយកូនចានរយៈពេលយូរ ទើបធ្វើក្រពះពោះវៀនរបស់ ពេញ រួមតូចពិបាកក្នុងការរំលាយអាហារដែលមានកាកច្រើន។ ពេញ បានរំឭកថា ប្រសិនបើជាបាយប្រហែលមិនរស់ទេពេលនោះ។ សូម្បីតែពេលដែល ពេញ ហូបទឹកត្នោតលឿនពេកក៏ក្រពះមិនទាន់ទទួលដែលបណ្តាលឲ្យ ពេញ អួលទឹកត្នោតម្តងទៀតភ្លាមៗ។ តែពេលនៅក្នុងគុក អាន មានមាឌធំទ្រលុកទ្រលន់ ព្រោះមានអាហារគ្រប់គ្រាន់ និងមានអាយុទើបតែ ១៦ឆ្នាំទេ ចំណែក ពេញ មានអាយុ ២៣ឆ្នាំ។

ពេញ និងប្រពន្ធ បានធ្វើដំណើរបន្តទៀតដល់សហរណ៍មួយទៀត ស្រាប់តែមានអ្នកសួរថា ហេតុអ្វីទើបចេញពីពេទ្យទាំងមិនទាន់ជាពីជំងឺបែបនេះ? តែ អាន មិនហ៊ានប្រាប់គេត្រង់ថាទើបតែចេញពីគុកនោះទេ ព្រោះមិនចង់ឲ្យគេដឹង (ធ្វើដំណើរទៅដល់សហរកណ៍មួយហើយមួយទៀត មិនមានអ្នកសួររកសំបុត្រដែលមានត្រាពីខាងគណៈកងទេ)។ អ្នកនៅក្នុងសហករណ៍បានរៀបចំបាយទទួល ហូបរួច ពេញ និងប្រពន្ធធ្វើដំណើរបន្តទៅដល់សហរណ៍ដែលត្រូវរស់នៅ។ ពេលទៅដល់អ្នកស្រុកភូមិដែលស្គាល់ ពេញ បានសួរសុខទុកបណ្តើរយំបណ្តើរ។ យាយចាន់ បានរត់មកឱប ពេញ យំផង សុំទោសផងដែលចាប់ច្រលំ។ នៅក្នុងភូមិ ពេញ និងប្រពន្ធធ្វើការតាមធម្មតា តែ ពេញ មិនមានកម្លាំងគ្រប់គ្រាន់ទេ ថែមទាំងឈឺដោយគ្មានថ្នាំព្យាបាលត្រឹមត្រូវផង។ ថ្នាំដែលមានគឺមានតែថ្នាំបុកសូនជាដុំមូលៗប៉ុនមេជើងព្យាបាលជំងឺរាប់ម៉ឺនមុខ ប៉ុន្តែមិនដឹងថាថ្នាំនោះមានប្រសិទ្ធភាពដែរឬយ៉ាងណា។ មានពេលមួយនៅសហករណ៍មានអាហារហូប ពេញ ទុកចាំដល់ពេលយប់ហូបនៅក្នុងរោងតែម្នាក់ឯង ព្រោះតែឃ្លានខ្លាំងមិនចង់ចែកជាមួយអ្នកណាឡើយ។ ពេលដែល ពេញ មានកម្លាំងគ្រប់គ្រាន់ដូចដើមវិញហើយ ខាងសហករណ៍ចែកភារកិច្ចឲ្យ ពេញ ធ្វើការដូចប្រជាជនឯទៀតដែរ។

នៅពេលវៀតណាមចូលមក ពេញ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាកងឈ្លបនៅសហករណ៍ ដោយចែកកាំភ្លើងអាកាចាស់ៗឲ្យ ពេញ ដើម្បីទុកការពារខ្លួន ពេលសភាពការណ៍វឹកវរ មានការបាញ់គ្នាទៅវិញទៅមក។ កងទ័ពវៀតណាមចូលមកដល់ព្រែកក្រួស នៅជិតវត្តថ្មី។ ពេលនោះ ពេញ ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅបង្កប់ខ្លួន ដោយទៅបោកស្រូវ នៅលើភ្នំ ដែលមានជង្រុកស្រូវធំៗ តែ ពេញ បានរបបអាហារតែបបរខាប់ប៉ុណ្ណោះ។ ពីមួយកន្លែងទៅមួយកន្លែង ពេញ ឃើញមានជង្រុកស្រូវធំៗដែលខ្មែរក្រហមដឹកយកទៅទុកនៅលើភ្នំ។ ពេញ មិនដឹងថាខ្មែរក្រហមត្រៀមដើម្បីប្រយុទ្ធគ្នាឬយ៉ាងណាទេ។ នៅយូរៗទៅមិនមានមេកើយច្បាស់លាស់។ កងទ័ពមានការដណ្តើមគ្នា សម្លាប់គ្នាឯង។ ពេញ ក៏សម្រេចចិត្តលួចរត់ចេញពីកងត្រលប់ទៅស្រុកកំណើត ជួបឪពុកម្តាយ ប្រពន្ធ និងកូនវិញ។ ពេលនៅលើភ្នំ ពេញ មិនបានដឹងពីសភាពការណ៍នៅក្នុងប្រទេស ឬនៅក្នុងភូមិថា ប្រជាជនជួបជុំគ្រួសារ សប្បាយរីករាយឡើយ ពេញ ទទួលបានតែដំណឹងត្រឹមថា យួនក្បត់តែប៉ុណ្ណោះ។ ពេលដែលមានការប្រកាសមេក្រូតាមព្រៃថា៖ «បងប្អូនអើយ កុំជឿពាក្យឃោសនាយួន កូនចៅមកវិញមកចូលខាងយើងនេះវិញសប្បាយណាស់»។[8] ពេញ មិនជឿទេ ព្រោះខាងខ្មែរក្រហមបានប្រាប់ថា «យួនសម្លាប់ឪពុកម្តាយយើងស្លាប់អស់ហើយ អារកអស់ហើយ ពុះនឹងដើមស្លាកំបុតក្បាលទាំងរស់»[9] ទើបមិនហ៊ានត្រលប់មកភូមិវិញទេ។ ពេញ ធ្វើដំណើរចុះពីលើភ្នំត្រលប់ទៅភូមិវិញ មានការទទួលរាក់ទាក់ពីអ្នកភូមិជាខ្លាំង ជាពិសេសអ្នកដែលមានកូនឡើងទៅលើភ្នំបានសួរនាំ ពេញ និង ពោក ពីកូនរបស់គាត់ ព្រោះមិនទាន់ឃើញត្រលប់មកភូមិវិញ។

ក្រោយពីរបបខ្មែរក្រហមដួលរលំ ពេញ នៅតែមានបញ្ហាសុខភាពដែលបន្សល់ពីការធ្វើទារុណកម្មនៅក្នុងគុកឫស្សី។ ពេញ ពុំមានកម្លាំងគ្រប់គ្រាន់, សម្ពាធឈាមខ្សោយ, ឆាប់វិលមុខ, ថប់ដង្ហើម, មានជំងឺក្រពះពោះវៀន, មានជំងឺសួតដោយសារជក់បារីច្រើន ដើម្បីបន្ថយអារម្មណ៍តានតឹង, គិតច្រើនច្របូកច្របល់, សម្រាន្តមិនលក់, យល់សប្តិអាក្រក់ជាពិសេសយល់សប្តិឃើញការធ្វើទារុណកម្ម និងជីវិតនៅក្នុងរបបខ្មែរក្រហមជាដើម។ ជាពិសេសទៅទៀត ពេញ មានការភ្លេចភ្លាំងច្រើន ដោយធ្លាប់ប៉ះទង្គិចក្បាលពេលសួរចម្លើយក្នុងគុក និងត្រូវអ្នកយាមធ្វើទារុណកម្មរហូតដល់សន្លប់ជាច្រើនដង។ ពេលដែល ពេញ រំឭកពីរបបខ្មែរក្រហម ពេញ នៅតែនឹកឃើញថារបបខ្មែរក្រហមហាក់ដូចជាទើបតែកើតឡើងថ្មីៗ ដក់ជាប់នូវកំហឹងឈឺចាប់ និងមិនអាចបំភ្លេចបាន។ ពេញ តែងតែនិយាយប្រាប់ដល់កូនៗ និងចៅៗ ក៏ដូចជាក្មេងជំនាន់ក្រោយពីបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ដើម្បីកុំឲ្យរបបដ៏ឃោរឃៅនេះត្រលប់មកវិញម្តងទៀត។

អត្ថបទដោយ គឹម សុវណ្ណដានី


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា «បទសម្ភាសន៍ជាមួយ អ៊ីម ពេញ ដោយ ជួង សុភារិទ្ធ» នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៧, ចម្លងចេញពីកាស្សែតដោយ មាស
កញ្ចនា, ឯកសារលេខ VOT០៤១៥។

[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, «យុវជន និងយុវនារីបដិវត្តិ» ចេញផ្សាយ ខែកុម្ភៈ ឆ្នាំ១៩៧៤, លេខ ២, ឯកសារលេខD២១៣៧៩, ទំព័រទី២៧។

[3] ហ៊ុយ វណ្ណៈ, «កងពលខ្មែរក្រហមលេខ៧០៣៖ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង» អត្ថបទបោះពុម្ពផ្សាយលើកទី៣ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០០៣។

[4] មជ្ឈមណ្ឌលឯកសារកម្ពុជា, «មន្ទីរ៨៧០៖ សេចក្តីណែនាំអំពីការប្រើពាក្យអង្គការ និងពាក្យបក្ស» ចេញផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៧៧, ឯកសារលេខD០១២៦៦។

[5] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៦៣។

[6] ដូចខាងលើ

[7] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ អ៊ីម ពេញ ដោយ ជួង សុភារិទ្ធ» នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៧, ចម្លងចេញពីកាស្សែតដោយ មាស
កញ្ចនា, ឯកសារលេខ VOT០៤១៥, ទំព័រទី២-៣។

[8] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ អ៊ីម ពេញ ដោយ ជួង សុភារិទ្ធ» នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៧, ចម្លងចេញពីកាស្សែតដោយ មាស
កញ្ចនា, ឯកសារលេខ VOT០៤១៥, ទំព័រទី១៦។

[9] ដូចខាងលើ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin