សង្គមបាក់ផ្នត់

សង្គមបាក់ផ្នត់ គឺជាសង្គមមួយដែលដឹកនាំបែបនិយមបក្សពួក ឬគ្រួសារនិយម។ សង្គមមួយនោះគឺតែងតែគិតពីផលប្រយោជន៍បក្សពួក និងគ្រួសាររបស់ខ្លួន ហើយបានកៀបសង្កត់ ព្រមទាំងជិះជាន់សិទ្ធិរបស់អ្នកដទៃ។ ជាកស្ដែងនៅក្នុងរបប លន់ នល់ ជារបបមួយដែលសម្បូរទៅដោយ អ្នកមូលធននិយម ដែលតែងតែធ្វើទុក្ខបុកម្នេញលើប្រជាជនក្រីក្រ។ ឈានចូលដល់របបខ្មែរក្រហម គឺមានការស្អប់ខ្ពើមវណ្ណៈមូលធន បានលុបបំបាត់ចោលទាំងស្រុងនូវការប្រកាន់បក្សពួក និងអ្នកមូលធននិយមទាំងអស់នោះ  ញ៉ន[1]«គេថាយើងធ្លាប់ឆ្ងាញ់វាបាក់ផ្នត់ពីសង្គមចាស់យើងនោះ គេថាយើងមិនជម្រុះជម្រះហ្នឹងហើយ គេឲ្យយើងទៅរៀនសូត្រ តែមិនមែនរៀនអក្សរទេ រៀនត្បូងចប ដល់អ៊ីចឹងហើយបានដឹងឆ្អឹងគរ»។ ខាងក្រោមនេះគឺជាការរៀបរាប់សាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអំពីរឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់របប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ អ៊ិន ញ៉ន ភេទប្រុស អាយុ៦០ឆ្នាំ (២០០១) រស់នៅភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅក្នុងតំបន់ដែលគាត់រស់នៅ ចាប់ផ្ដើមមានចលនាបដិវត្តន៍ខ្មែរក្រហមចាប់តាំងពីឆ្នាំ១៩៧០ មកម្ល៉េះ។ ចាប់ពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៦ អង្គការ រៀបចំឲ្យមានក្រុមប្រវាស់ដៃ ធ្វើស្រែរួម ហូបបាយរួម ហើយទិន្នផលដែលទទួលបាន  គឺត្រូវចែកគ្នាតាមកម្លាំងពលកម្មការងារ ប៉ុន្តែជាធម្មតាគឺដកចំនួន៥០% នៃទិន្នផលដែលទទួលបានសម្រាប់ការនាំចេញ។ នៅភូមិតាលាក់ខាងជើង ខ្មែរក្រហម បានបែងចែកសហករណ៍របស់គាត់ជា៣កង កងទី១ គឺកងពេញសិទ្ធិ កងទី២ជាកងបម្រុង និងកងទី៣គឺកងផ្ញើ។ កងពេញសិទ្ធិ (ប្រជាជនមូលដ្ឋាន) ភាគច្រើនគឺជាកម្មាភិបាលទ័ព និងកម្មាភិបាលមូលដ្ឋាន ហើយកងបម្រុងគឺជាប្រជាជនធម្មតា និងកងផ្ញើ(ប្រជាជនថ្មី) គឺមានន័យថាផ្ញើប្រជាជននៅសហករណ៍ ថ្ងៃណាមួយដែលអង្គការមានផែនការណ៍ អង្គការនឹងស្នើកងផ្ញើនោះទៅ (ស្មើនឹងការស្នើប្រជាជនយកទៅសម្លាប់)។  របបអាហារដែលបែងចែកតាមកងនីមួយៗគឺមានភាពខុសគ្នា កងពេញសិទ្ធិទទួលបានបាយស្រួយ ចំណែកឯ កងបម្រុងគឺទទួលបានបាយប៉ិកៗ ឬហៅថាបបរឈ្មោល រីឯ កងផ្ញើវិញគឺទទួលបានបបររាវមានទឹកច្រើនជាងគ្រាប់អង្ករ។ នៅក្នុងរបបខ្មែរក្រហម មិនត្រឹមតែមានការបែងចែកកងសម្រាប់មនុស្សពេញវ័យនោះទេ សូម្បីតែកុមារក៏មានការបែងចែកកងកុមារជា៣ក្រុមដែរគឺ៖ កុមារកងមុខសញ្ញា, កុមារចល័ត និងកុមារប្រមូលផ្ដុំ ហើយកងទាំង៣នោះគឺមានតួនាទីខុសៗគ្នា។

នៅឆ្នាំ១៩៧៦ ខ្មែរក្រហម បាននាំកូនរបស់ ញ៉ន ចំនួន៤នាក់ មានឈ្មោះ រីម, ប៊ុន, រ៉ាន់, និងណៃ ឲ្យទៅធ្វើការងារនៅក្នុងកងកុមារ និងកងយុវជន ដោយលើកហេតុផលថាទុកឲ្យនៅផ្ទះអង្គការគ្មានបាយសម្រាប់ផ្គត់ផ្គង់ទេ។ កូនរបស់គាត់៣នាក់នៅក្នុងកងកុមារ គឺ រ៉ាន់ និង ប៊ុន នៅក្នុងកងមុខសញ្ញា ចំណែក រីម នៅក្នុងកងប្រមូលផ្ដុំ និងម្នាក់ទៀតនៅក្នុងកងយុវជន។ អំឡុងឆ្នាំនោះកូនរបស់គាត់មានអាយុចាប់ពី៤ឆ្នាំ ដល់៧ឆ្នាំ។ ប្រសិនជាក្មេងៗមិនទៅធ្វើការ ឪពុកម្ដាយគឺជាអ្នកទទួលខុសត្រូវចំពោះរបបអាហារដោយខ្លួនឯង កងឈ្លបបាននិយាយថា អង្គការមិនមានអាហារឲ្យអ្នកមិនធ្វើការឡើយ។ ពេលនោះសេដ្ឋកិច្ចទាំងអស់ គឺខ្មែរក្រហមជាអ្នកក្ដោបក្ដាប់ មានទាំងឆ្នាំងបាយ ជង្រុកស្រូវ និងអង្ករ។​ ប្រធានភូមិ បានចាត់តាំងកងឈ្លបចំនួន២ ឬ ៣នាក់ ដើម្បីឲ្យដើរប្រមូលកុមារនៅក្នុងសហករណ៍យកទៅកង។ នៅពេលធ្វើការ មានកងយុវជន ប្រើឲ្យកូនរបស់ ញ៉ន ឡើងបេះផ្លែដូង ចំពេលដែលអង្គការតាមទាន់។ អង្គការបានស្ដីបន្ទោសឲ្យកូនរបស់គាត់ថា៖ «អ្ហែងចិត្តធំ អ្ហែងកូនអាញ៉ន? កូនខ្ញុំឆ្លើយថា បានឪខ្ញុំឈ្មោះញ៉ន។ អ្ហែងថ្លើមធំណាស់ ឥឡូវអ្ហែងកាប់ស៊ី ស៊ីឲ្យអស់។ គេវ៉ៃកូនខ្ញុំ គេដាក់១២ដើមរំពាក់ ហើយអត់អាវទេ សឹងតែឆេះហើយខ្នងកូនខ្ញុំ»

ដោយទ្រាំនឹងភាពលំបាកមិនបាន កូនប្រុសរបស់ ញ៉ន បានលួចរត់ចេញពីកង ហើយអង្គការបានឲ្យកុមារកងឈ្លបតាមចាប់ត្រឡប់ទៅវិញ។ បន្ទាប់ពីចាប់បានត្រឡប់ទៅវិញ អង្គការបានបញ្ជាឲ្យវាយធ្វើបាបជាខ្លាំង។ ញ៉ន បានបញ្ជាក់ថា ការងារដែលអង្គការប្រើឲ្យកូនប្រុសរបស់គាត់ធ្វើ គឺការងារប្រៀបដូចជាការងាររបស់មនុស្សពេញវ័យ ទាំងដែលពេលនោះកូនរបស់គាត់មានអាយុត្រឹមតែ៧ឆ្នាំប៉ុណ្ណោះ។ ការងារដែលអង្គការចាត់តាំងឲ្យកុមារកងមុខសញ្ញា ធ្វើគឺរែកដីដំបូក កុមារទាំងអស់ត្រូវធ្វើការងារប្រៀបដូចជាមនុស្សចាស់។ នៅក្នុងរបបខ្មែរក្រហមគឺប្រើឲ្យប្រជាជនធ្វើការគ្រប់ស្រទាប់អាយុ មិនលើកលែងសូម្បីតែជាកូនក្មេង។ យើងអាចមើលឃើញថា កុមារដែលមានអាយុត្រឹម៦ ទៅ ៧ឆ្នាំ គឺជាវ័យដែលត្រូវក្រេបជញ្ជក់យកនូវចំណេះវិជ្ជា ប៉ុន្តែកុមារទាំងអស់នោះបែរជាមិនបានសិក្សារៀនសូត្រ ហើយទៅធ្វើការងារ។ អង្គការ បានបង្រៀន និងបណ្ដុះគំនិតឲ្យកងកុមារទទួលស្គាល់ថា អង្គការជាឪពុក ជាម្ដាយ ជាអ្នកមានគុណ ដូច្នេះហើយត្រូវតែគោរព និងស្រឡាញ់អង្គការ​។ ពេលនោះគឺពិបាកក្នុងការជួបសួរសុខទុក្ខគ្នាទៅវិញទៅមកណាស់ ថ្វីត្បិតតែជាម្ដាយឪពុកក្ដី គឺអង្គការមិនអនុញ្ញាតឲ្យចេញចូលផ្ដេសផ្ដាសឡើយ។ នៅពេលដែលមានសមាជិកគ្រួសារណាម្នាក់មានជំងឺ ឧទាហរណ៍ថាមានកូនឈឺនៅក្នុងកងកុមារ អ្នកដែលជាម្ដាយឪពុកបានស្នើសុំដើម្បីទៅមើលកូនឈឺ អង្គការមិនអនុញ្ញាតឲ្យទៅទេ ហើយឆ្លើយបកត្រឡប់វិញថា៖ «ទៅធ្វើអ្វី នៅទីនោះមានគ្រូពេទ្យសម្រាប់ព្យាបាលហើយ ទៅនាំតែខាតការងារ»

នៅក្នុងរបបខ្មែរក្រហម គឺបានរំលោភបំពានលើសិទ្ធិរបស់ប្រជាជន មិនថាជាមនុស្សចាស់ ឬកូនក្មេង។ ការអប់រំ និងសាសនា ត្រូវបានលុបបំបាត់ចោល។ សាលារៀន ត្រូវវាយកម្ទេច ឬយកទៅធ្វើជាមន្ទីរសន្តិសុខ រីឯវត្តអារាមក៏ដូចគ្នាដែរ មិនមានការគោរពប្រណិប័តន៍សាសនាតាមប្រពៃណី រូបបដិមាត្រូវវាយទម្លាក់ក្នុងទឹក ហើយអាគារវត្តអារាមត្រូវយកធ្វើជារោងបាយ ឃ្លាំង មន្ទីរសន្តិសុខ ឬវាយកម្ទេចចោល។ ក្នុងអំឡុងពេលនោះប្រជាជនទាំងអស់មិនសូវមានទំនុកចិត្តលើគ្នានោះទេ ព្រោះតែអង្គការបានបណ្ដុះគំនិតឲ្យតាមដានគ្នាទៅវិញទៅមក សូម្បីតែជាបងប្អូនបង្កើត ម្ដាយឪពុកនិងកូន គឺតែងតែមានការប្រយ័ត្នរៀងៗខ្លួន។ កុមារមួយចំនួនហ៊ានលើកដៃសម្លាប់ម្ដាយឪពុកខ្លួនឯងដោយសារតែការញុះញង់របស់អង្គការ។ ពេលខ្លះខ្មែរក្រហមបានបញ្ជាឲ្យប្អូនវាយសម្លាប់បងបង្កើតក៏មាន ញ៉ន៖ «បើអាប្អូន មិនហ៊ានវ៉ៃបងអាហ្នឹងគេយកអាប្អូនទៅធ្វើទណ្ឌកម្ម ដល់ហើយអានេះវាថាប្អូនក៏អាចយល់បង បងក៏អាចយល់ប្អូន ចឹងដល់ធ្វើតាមគេទៅ វ៉ៃបែកក្បាលហូរឈាម អាហ្នឹងបងប្អូន» ។ ញ៉ន បានបន្ថែមថា ប្អូននោះគឺវាយបងប្រុសរបស់ខ្លួនឯងដោយបង្ខំ ដោយសារតែរឿងយកចបកាប់លាក់ ដូច្នេះហើយអង្គការបានគិតថា បងប្រុសគឺរំលោភសិទ្ធិប្អូន។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ បងប្អូនទាំង២នាក់នោះ មិនដឹងថាខ្ចាត់ព្រាត់ទៅដល់ទីណានោះទេ មិនប្រាកដថានៅរស់រានមានជីវិត ឬបានស្លាប់បាត់បង់ជីវិត។

បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ ញ៉ន គឺនៅតែនឹកឃើញពីភាពឈឺចាប់ដែលរូបគាត់ និងកូនៗរបស់គាត់បានឆ្លងកាត់។ គាត់នៅតែមានអារម្មណ៍ថាខឹងសម្បារដល់ប្រធានកង, សមាជិក និងប្រធាន សហករណ៍ដែលគ្រួសាររបស់បានរស់នៅ ដែលបានវាយធ្វើបាប និងប្រើឲ្យធ្វើការងារលើសកម្លាំង៕

ដោយ នេន ស្រីមុំ


[1] សម្ភាសន៍ជាមួយ អ៊ិន ញ៉ន ដោយ គឹម កែវកន្និដ្ឋា. នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០១. មជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin