ប្រធានយោធាវរសេនាតូចលេខ១២៣ នៃភូមិភាគបូព៌ា

(រូបតំណាង)

វរសេនាតូចលេខ១២៣ ក្នុងកងពលលេខ៣ តំបន់២៣ នៃភូមិភាគបូព៌ា មានទីតាំងស្ថិតនៅទីរួម​ខេត្តស្វាយរៀង។ កាលពីឆ្នាំ១៩៧៥ ប្រធានវរសេនាតូចនេះបានចូលរួមធ្វើសង្រ្គាមរហូតទទួលជ័យ​ជម្នះលើរបប លន់ នល់ ដោយវាយចូលតាមតំបន់អរិយក្សត្រឆ្ពោះមកជ្រោយចង្វារ និងបន្តចូលមកឈរជើងនៅទីក្រុងភ្នំពេញមួយរយៈ។ នៅឆ្នាំ១៩៧៦ វរសេនាតូចលេខ១២៣ បានប្តូរទៅជាវរសេនាតូចលេខ៥០៨ ប្រចាំការនៅតាមតំបន់ព្រំដែនជាមួយប្រទេសវៀតណាម។

អ៊ិន ថន ហៅ អ៊ិន ចាន់ថន ភេទប្រុស អាយុ៥៣ឆ្នាំ (២០០៥)[1] និងមានបងប្អូនចំនួន៩នាក់ ស្រី៣នាក់ ប្រុស៦នាក់។ ក្នុងរបបខ្មែរក្រហមបងប្អូនរបស់ ថន ស្លាប់អស់៤នាក់។ គាត់មានស្រុកកំណើតនៅ ភូមិគួយ ឃុំដូនស ស្រុកស្វាយរៀង (បច្ចុប្បន្នស្រុកស្វាយជ្រំ) ខេត្ដស្វាយរៀង។ ថន មានឪពុកឈ្មោះ អ៊ិន ផន និងម្តាយឈ្មោះ ម៉ៅ សយ។ ថន ឈប់រៀនត្រឹមថ្នាក់ទី៩ ពីសង្គមចាស់ នៅសាលាដូនស។​ ក្រោយពីឈប់រៀនគាត់បានបួសជាព្រះសង្ឃនៅវត្ដទង់មាស។ នៅឆ្នាំ១៩៧០ ថន បានលាចាកសិក្ខាបទ។ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧០ ថន និងឈ្មោះ សុខន, វុធ, ស៊ូ, ថេត, និង សារឿន ត្រូវឈ្មោះ វ៉ា សាមិត្ត នាំឲ្យចូលធ្វើបដិវត្ដន៍​ នៅស្រុករមាសហែក ខេត្ដស្វាយរៀង។ គាត់ចូលធ្វើបដិវត្តន៍ដោយសារមានការឈឺចាប់ដោយសារពួកចក្រពតិ្ដបានជិះជាន់ប្រជាជន។[2]

នៅក្នុងរបប លន់ នល់ ភូមិដែល ថន រស់នៅមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ នៅក្នុងភូមិមានកងទ័ពយៀកកុងរាប់រយនាក់មកចូលរួមជាមួយចលនាកម្លាំងខែ្មរក្រហម ដើម្បីវាយប្រយុទ្ធជាមួយទាហាន លន់ នល់ ដែលមានទាហានធីវគីគាំទ្រ។ ទាហាន លន់ នល់ បំពាក់ដោយគ្រឿងសព្វាវុធទំនើបៗ មានទំាងទាហានជើងគោក, ជើងទឹក, និងជើងអាកាស។ ទាហានជើងអាកាសដែលគ្រំាទ្រដោយសហរដ្ឋអាមេរិកមកទម្លាក់គ្រាប់បែកតាមតំប​ន់​ព្រំដែនបណ្តាលឲ្យប្រជាជនរងរបួស និងស្លាប់ ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទះសម្បែងអស់យ៉ាងច្រើន។

ថន ពេលចូលអង្គការបដិវត្តន៍ដំបូងគ្រាន់តែជាយុទ្ធជនម្នាក់ស្ថិតនៅក្នុងភូមិដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀងក្រោមការគ្រប់គ្រងរបស់ឈ្មោះ ពៅ។ នៅពាក់កណ្តាលឆ្នាំ១៩៧១ ថន ក្លាយជាសមាជិកក្រុមអនុសេនាតូចលេខគ៤ តំបន់២៣ ក្នុងភូមិភាគបូព៌ាគ្រប់គ្រងដោយឈ្មោះ ស ចំរើន​។ នៅក្នុងឆ្នាំ១៩៧៣ ថន ត្រូវដំឡើងតួនាទីជាប្រធានយោធាវរសេនាតូចលេខ១២៣ នៃកងពលលេខ៣ ដឹកនាំកម្លាំងយោធាប្រមាណ៤០០នាក់។ នៅពេលនោះ ថន ស្គាល់ឈ្មោះ វែង លេខាតំបន់២៣ និងឈ្មោះម៉ុន ជាសេនាធិការយោធាភូមិភាគ ដែលគ្រប់គ្រងកងពលលេខ១, កងពលលេខ២, កងពលលេខ៣ និងកងពលលេខ៤ របស់ភូមិភាគបូព៌ា។

នៅខែមេសា ឆ្នាំ១៩៧៥ ថន រៀបរាប់ថាយោធាគ្រប់កងពលនៃភូមិភាគបូព៌ាវាយចូលទីក្រុងភ្នំពេញ។ គាត់ក្នុងនាមជាប្រធានវរសេនាតូចលេខ១២៣ ដឹកនាំកម្លាំងយោធាវាយចូលតាមដងទនេ្ល​មេគង្គ​, ស្រុកល្វាអែម, ស្រុកខ្សាច់កណ្តាល​, ស្រុកអរិយក្សត្រ, ក្បាលជ្រោល, ជ្រោយចង្វារ និងបន្តចូលមកទីក្រុងភ្នំពេញ។ កងពលផ្សេងទៀតនៃភូមិភាគបូព៌ាវាយចូលតាមតំបន់នានាតាមផ្លូវជាតិលេខ១ និងលេខ៧ ឆ្ពោះមកភ្នំពេញ។ “ការវាយចូលភ្នំពេញនៅពេលនោះយោធារបស់ភូមិភាគបូព៌ាបានស្លាប់ និងរងរបួសជាច្រើន។ ការវាយលុកចូលទីក្រុងភ្នំពេញមិនមែនជាការងាយស្រួលឡើយ។ នៅតាមសមរភូ​មិខ្សែក្រវាត់ក្រុងភ្នំពេញរដ្ឋាភិបាល លន់ នល់ បានពង្រាយកម្លាំងថ្មើរជើង និងកងរថក្រោះជាច្រើនគ្រឿង ដើម្បីទប់ទល់ជាមួយកងទ័ពខ្មែរក្រហម ដែលកំពុងតែរុលទៅមុខឥតឈប់ឈរ”។[3]

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមទទួលជ័យជម្នះទាំងស្រុង លើរបប លន់ នល់ វរសេនាតូចលេខ១២៣ របស់ ថន ទទួលបញ្ជាឲ្យឈរជើងការពារទីតាំងមន្ទីររដ្ឋសភាជាតិ “បច្ចុប្បន្នតុលាការកំពូល” ក្បែរព្រះបរមរាជវាំង។ យោធាទាំងអស់គ្មានសិទ្ធិធ្វើដំណើរចេញពីទីតាំងដែលខ្លួនឈរជើងនោះទេ។ នៅក្បែរព្រះបរមរាជវាំង ថន ឃើញទុក្ខវេទនារបស់អ្នកភ្នំពេញរាប់ពាន់ ម៉ឺននាក់ដែលត្រូវយោធាខ្មែរក្រហមបង្ខំឲ្យចាកចេញពីផ្ទះ។ គាត់ក៏ឃើញប្រជាជនធ្វើដំណើរនៅកកស្ទះពេញផ្លូវ, ប្រជាជនរែក និងទូលសម្ភារ ព្រមទាំងរុញរទេះអ្នកជំងឺ និងជនចាស់ជរា ចាកចេញពីផ្ទះយ៉ាងប្រញាប់ប្រញាល់។ “ពេលរំដោះបានក្រុងភ្នំពេញយោធាខ្មែរក្រហមស្លៀកឯកសណ្ឋានពណ៌ខ្មៅ, ពាក់មួកកន្តឹប, ស្បែកជើងសង្រែក, បង់កក្រមា, ប្រដាប់ដោយអាវុធគ្រប់ដៃបានធ្វើដំណើរជាក្រុមៗចូលទីក្រុងទៅ​តាមមុខព្រួញរៀងៗខ្លួនដើម្បីបំពេញតួនាទីបង្ខំជម្លៀសប្រជាជនឲ្យ​អស់ពីទីក្រុងក្នុងរយៈពេលបីថ្ងៃ។ ប្រជាជនរាប់លាននាក់ត្រូវបានបង្ខំចិត្តចាកចេញពីទីក្រុងភ្នំពេញទៅកាន់ទីជនបទ តាមបញ្ជារបស់កងទ័ពខ្មែរក្រហម។ នៅលើទ្រូងផ្លូវនានាក្នុងទីក្រុងភ្នំពេញណែនណាន់តាន់តាប់ទៅដោយហ្វូងប្រជាជន និងយោធាដែលកំពុង​តែជ្រួលច្របល់”។[4]

ទីក្រុងភ្នំពេញដែលជាទីក្រុងពាណិជ្ជកម្មធ្លាប់តែមានមនុស្សច្រើនអ៊ូអរបានក្លាយទៅជាទីក្រុងគ្មានមនុស្សរស់នៅហាក់ដូចជាទីក្រុងដែលគេបោះបង់ចោល។ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧៥ វរសេនាតូចលេខ១២៣ របស់ ថន ត្រូវបានថ្នាក់លើដកឲ្យទៅប្រចាំការនៅខេត្តព្រៃវែង ដើម្បីការពារសភាពការណ៍ផ្ទៃក្នុង និងការពារសង្រ្គាមជាមួយវៀតណាម។ នៅក្នុងឆ្នាំ១៩៧៦ វរសេនាតូចលេខ១២៣ បានប្តូរទៅជាវរសេនាតូចលេខ៥០៨វិញ។ នៅក្នុងឆ្នាំ១៩៧៧ វរសេនាតូចលេខ៥០៨ របស់ ថន ត្រូវបានផ្លាស់ប្តូរ​ឲ្យទៅប្រចាំការនៅតំបន់ព្រំដែនបាវិត ខេត្តស្វាយរៀង។ នៅពេលនោះ ថន បានឮដំណឹងថាមានការចាប់ខ្លួន ចាន់ ចក្រី[5] ដែលជាមេបញ្ជាការកងទ័ពម្នាក់នៅភូមិភាគបូព៌ា។ ក្រោយមកកម្មាភិបាល និងយោធាជាច្រើននៃភូមិភាគនេះត្រូវបានចាប់ខ្លួននាំឲ្យ ថន និងយោធាវរសេនាតូចលេខ៥០៨មានការភិតភ័យ។

នៅក្នុងឆ្នាំ១៩៧៨ ថន បានដឹងថាកម្មាភិបាល, យោធា, និងប្រជាជនភូមិភាគបូព៌ា ត្រូវបានមជ្ឈិមចាប់ខ្លួនកាន់តែច្រើនឡើងៗ បន្ទាប់ពីការធ្វើអត្តឃាតរបស់លេខាភូមិភាពបូព៌ា សោ ភឹម។ នៅក្នុង ខែសីហា កងទ័ពវៀតណាមបានធ្វើសង្គ្រាមជាមួយយោធាខ្មែរក្រហមនៅតាមតំបន់ព្រំដែន។ វរសេនាតូច៥០៨ របស់ ថន ទទួលបន្ទុកទៅធ្វើការប្រយុទ្ធក្នុងសមរភូមិជាមួយវៀតណាម។  ថន និងយោធា៤នាក់ បានរងរបួស និងត្រូវកងទ័ពវៀតណាមក្នុងសមរភូមិចាប់ខ្លួនបាន។ ប៉ុន្តែជាសំណាងល្អ គាត់ និងយោធា៤នាក់ត្រូវកងទ័ពវៀតណាមនាំយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យទីក្រុងព្រៃនគររហូត​ដល់ជាសះស្បើយ។ ថន ត្រូវកងទ័ពវៀតណាមផ្តល់ម្ហូបអាហារហូបចុកគ្រប់គ្រាន់ និងការថែទាំក្នុងនាមជាឈ្លើយសឹកនៅជំរំឡាំសឺងយ៉ាងត្រឹមត្រូវ។

នៅចុងឆ្នាំ១៩៧៨ ថន បានដឹងថាមានយោធា និងកម្មាភិបាលខ្មែរក្រហមមួយចំនួនបានរត់គេចខ្លួនពីប្រទេសកម្ពុជាចូលទៅប្រទេសវៀតណាមតស៊ូដើម្បីធ្វើសង្រ្គាមតស៊ូរំដោះប្រទេស និងប្រជាជនចេញពីរបបខ្មែរក្រហម។ នៅបន្ទាយស៊ិនឡុក យោធា និងកម្មាភិបាលខ្មែរក្រហមដែលរត់គេចចូលទៅប្រទេសវៀតណាម​ត្រូវបានកងទ័ពវៀតណាមបង្ហាត់បង្រៀនពីយុទ្ធសាស្រ្តទ័ព និងការប្រយុទ្ធ។ ថន បានស្នើសុំកងទ័ពវៀតណាមដើម្បីចូលរួមហាត់ជាមួយប៉ុន្តែត្រូវវៀតណាមបដិសេធក្រោមហេតុផលថា ថន ជាឈ្លើយសឹកដែលកងទ័ពវៀតណាមចាប់ខ្លួនមិនមានសិទ្ធិចូលរួមហាត់ពីយុទ្ធសាស្រ្តទ័ពទេ។ បន្ទាប់ពីហាត់យុទ្ធសាស្រ្តទ័ពរួច យោធា និងកម្មាភិបាលខ្មែរក្រហមបានត្រលប់ចូលមកប្រទេសកម្ពុជាវិញ និងផ្តួលរំលំរបបខ្មែរក្រហមរហូតទទួលបានជ័យជម្នះទាំងស្រុងនៅ ខែមករា ឆ្នាំ១៩៧៩។

នៅខែមីនា ឆ្នាំ១៩៧៩ ថន បានត្រលប់ពីជំរំឡាំសឺងប្រទេសវៀតណាម មករស់នៅស្រុកកំណើតវិញ។ នៅក្នុងឆ្នាំ១៩៨១ គាត់បានរៀបការជាមួយនារីនៅក្នុងភូមិ។ ការរស់នៅឆ្លងកាត់របបខ្មែរក្រហម ក្នុងនាមជាអ្នកដើរតាមរបបនេះម្នាក់គាត់យល់ថា មេដឹកនាំរបបខ្មែរក្រហមដំបូងដឹកនាំប្រទេសបានត្រឹមត្រូវ ប៉ុន្តែក្រោយមកកម្មាភិបាលជាន់ខ្ពស់មានការសង្ស័យ និងមិនទុកចិត្តគ្នាកាន់តែខ្លាំងឡើងៗ ទើបបណ្តាលឲ្យមានការកាប់សម្លាប់មនុស្សច្រើនស្ទើរពាសពេញផ្ទៃប្រទេស រហូតរបបកម្ពុជាប្រជាធិបតេយ្យបានប្រែក្លាយពីជ័យជម្នះទៅជាបរាជ័យទាំងស្រុងបន្ទាប់ពីបានដឹកនាំប្រទេសត្រឹមរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ៕

—x—

ឯកសារយោង

[1] ឯកសារលេខSVI0064 (២០០៥). សម្ភាសន៍ជាមួយឈ្មោះ អ៊ិន ថន ហៅ អ៊ិន ចាន់ថន រស់នៅភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង, ចំនួន៥២ទំព័រ, នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៥, មជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឯកសារI08278,ទំព័រទី៣, ប្រវត្តិរូបរបស់ឈ្មោះ អ៊ិន ថន, មជ្ឈមណ្ឌលឯកសារកម្ពុជា។

[3]ហ៊ុយ វណ្ណៈ(២០០៣), កងពលខ្មែរក្រហមលេខ៧០៣ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង, បោះពុម្ភលើកទី១, មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ២៩។

[4]ស្ទួន, ទំព័រទី៣១- ៣៤

[5] ចាន់ ចក្រី ឈ្មោះហៅក្រៅ “មាន”។ មាន ជាមេបញ្ជជាការកងពល ១៧០ នៃកងទ័ពបដិវត្តិន៍កម្ពុជា។ គណៈមជ្ឈិមបានចាប់ខ្លួន មាន នៅឆ្នាំ១៩៧៦ ដោយចោទប្រកាន់ថា ជាប់ទាក់ទងនឹងការបះបោរដំបូងប្រឆាំងនឹងបក្សកុម្មុនីស្តកម្ពុជា (ប.ក.ក) ក្រោយមក មាន ត្រូវបានសម្លាប់នៅមន្ទីរសន្តិសុខ ស-២១ ឬហៅថាគុកទួលស្លែង។ ប្រភព អ.វ.ត.ក. ចូលមើលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥, តំណភ្ជាប់៖ https://www.eccc.gov.kh/directory/khmer-rouge-profile/chan-chakrei

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin