ស្រី្តសម្រាលកូនក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ អ៊ឹង សេត មានអាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅរបប លន់ នល់ គាត់ឮសម្លេងគ្រាប់ទម្លាក់ស្ទើរតែរាល់ថ្ងៃតាមកន្លែងផ្សេងៗ ប្រជាជនរត់គេចរហូតមិនសូវបានរកស៊ី និងក្មេងៗមិនបានទៅសាលារៀន។ ប្រជាជនត្រូវរត់ចេញ​ពីផ្ទះទៅរស់នៅតាមវាលស្រែ និងក្នុងព្រៃ។ គាត់បានរៀបការមានគ្រួសារ និងសម្រាលបានកូនស្រីម្នាក់អំឡុងរបបខ្មែរក្រហម។

នៅក្នុង​របបខ្មែរក្រហម សេត រស់នៅភូមិអំពិល ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ គាត់ត្រូវបានគេប្រើឲ្យយកលាមក​មនុស្សមកធ្វើជី និងរែកដីធ្វើទំនប់។ ពេលនោះ សេត ស្ថិតនៅវ័យប្រមាណ៣០ឆ្នាំ ខ្មែរក្រហម​បាន​ឲ្យគាត់​រស់នៅរួមក្នុងសហករណ៍កងចល័តយុវជន។ ក្នុងរបបនោះ ក្រុមនេះត្រូវ​បានហៅថា កម្លាំងស្រួចរបស់អង្គការ ដែលត្រូវធ្វើស្រែឲ្យគ្រប់តាមផែនការដែល​បានកំណត់។ នៅទីនេះគាត់សម្រាលបានកូនស្រីម្នាក់ ទោះ​ជាគាត់នៅសរសៃខ្ចីក៏ត្រូវទៅធ្វើការស្រាលៗដែរដើម្បីបានរបបអាហារហូប។

សេត បានឃើញទាហានខ្មែរក្រហមក្មេងៗធ្វើទារុណកម្មលើ​យុវជនម្នាក់ និងបានបង្ខំឲ្យស្រែកខ្លាំងៗថាកុំយកតម្រាប់តាមខ្ញុំ។ គាត់​មិនដឹងថា យុវជននោះមានកំហុសអ្វីទេក្រោយពី​ធ្វើទារុណកម្មរួច ទាហានក៏បញ្ជូនទៅមន្ទីរសន្តិសុខក្នុងបរិវេណ​វត្តកំពង់អំពិលដែលមនុស្សភាគច្រើន​នៅទៅនេះត្រូវបានសម្លាប់។

ពេលកូនស្រីអាយុប្រមាណមួយខួប សេត កូន និងប្តីត្រូវបានជម្លៀសទៅតំបន់កោះអន្លង់ចិន ខេត្តកណ្តាល។ គាត់ត្រូវធ្វើដំណើរថ្មើរជើងដោយរែកកូន និងសំភារៈ​ផ្សេងៗ។ នៅតាមផ្លូវគាត់លំបាកខ្លាំងព្រោះកូនយំដោយសារអាកាសធាតុក្តៅ និងគ្មាន​អាហារហូប។ គាត់ត្រូវបានទាហាន​ខ្មែរក្រហមក្មេងៗគម្រាមជាញឹកញាប់។ ពេលមកដល់គាត់និងគ្រួសារ ត្រូវរស់នៅក្នុងខ្ទមដែលធ្វើខ្លួនឯង និងធ្វើការក្នុងកងចល័តធ្វើស្រែចម្ការ និងរែកជីកដីធ្វើទំនប់​។ ចំណែករបបអាហារវិញហូបបបរលាយជាមួយដំឡូង។ ដោយសារ​តែ​អាណិតកូន គាត់តែងទុករបបអាហារ​ឲ្យកូន។ ពេលនោះគាត់ធ្លាក់ខ្លួនឈឺជំងឺគ្រុនក្តៅ គាត់​ត្រូវ​បាន​អនុញ្ញាតឲ្យសម្រាក និងផ្តល់​​ថ្នាំ​រាងមូលៗដូចអាចម៍ទន្សាយ។

អំឡុងពេលច្រូតស្រូវប្រជាជនបានប្រាប់គាត់ថា មានកម្លាំងមករំដោះហើយ។ លុះព្រឹកឡើង​គាត់ឃើញមានកងកម្លាំងវៀត​​ណាមចូលដល់ក្នុងភូមិ ទាហានខ្មែរក្រហមបានរត់គេច។ គាត់ និងប្រជាជនបានទៅយក​អង្ករ និងអំបិល ប្រហុក ក្នុងរោងបាយដើម្បីត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅពេលធ្វើដំណើរគាត់បានឃើញសាក​សព​ជាច្រើនដែលគេ​សម្លាប់នៅស្អុយទុកចោលតាមផ្លូវ។

រឿងរ៉ាវដែល សេត នៅចងចំាមិនអាចបំភ្លេចបានគឺហេតុការណ៍ដែលគាត់ទៅសុំកន្ទក់ និងបាយក្រៀមយកមកបុកពូនជាដុំៗដាក់ចំហុយយកទៅ​ឲ្យ កូន ឪពុក និងប្តី ដែលមានរូបកាយស្គម​កំព្រឹងរស់នៅជិតគុម្ពឬស្សីហូប និងហេតុការណ៍គាត់រៀប​នឹង​ត្រូវគេនាំយកទៅសម្លាប់ដោយសារទៅលេងកូននៅកងកុមារត្រូវទាហាន​ខ្មែរក្រហមឃើញ​ ហើយគាត់បានលុតជង្គង់អង្វរទើបគេទុកជីវិត។

ក្នុងរបបនោះ សេត មានបងប្អូនប្រាំមួយនាក់ ប្អូនស្រីម្នាក់បានស្លាប់ដោយសារគ្រាប់មីន។ សេត នៅតែសុបិន្តឃើញការលំបាកពីសម័យ​ខ្មែរក្រហម ​ទោះបីរបបនេះបានកន្លងហួសជាង៤០ឆ្នាំហើយក៏ដោយ។

សម្ភាសន៍ដោយៈ សុខ ចន្ទ្រា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយៈ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin