កក់ ឃីម៖ ប្រជាជនសហករណ៍ស្រែធំ

កក់ ឃីម[1] មានអាយុ៣៥ឆ្នាំ(១៩៧៧) ជាជនជាតិភាគតិចព្នង និងមានទីកន្លែងកំណើតនៅភូមិសេរីកា ឃុំខ្នាច ស្រុកក្រចេះ ខេត្តក្រចេះ។ ឃីម មានប្រពន្ធឈ្មោះ សន ខ្មៅ (នៅក្នុងចម្លើយសារភាពរបស់ឃីម ប្រពន្ធរបស់គាត់ត្រូវអង្គការខ្មែរក្រហមចាប់ខ្លួននៅឆ្នាំ១៩៧៧)។
នៅឆ្នាំ១៩៦៤ ឃីម បានចេញពីស្រុកកំណើតទៅរកស៊ីរុករានដី, កាប់ព្រៃ និងធ្វើស្រែ ជាមួយនឹងឪពុកម្ដាយក្មេក នៅភូមិស្រែធំ ឃុំស្រែធំ ស្រុកច្បារ ខេត្តមណ្ឌលគិរី។ រហូតដល់ឆ្នាំ១៩៦៧ ម៉ិ ជាមេឃុំ, យ៉េត ជាជំទប់ទីមួយ និងម្នាក់ទៀតឈ្មោះ ប្រជ្រើយ ក្រេត (ព្នង) ជាស្មៀនឃុំស្រែធំ បានទាក់ទង និងអប់រំឲ្យ ឃីម ធ្វើជាគិញសម្ងាត់តាមដានខ្មែរក្រហម និងវៀតកុង(វៀតណាមខាងជើង) ក្នុងករណីឃើញមានមនុស្សទាំងពីរក្រុមនេះចូលភូមិត្រូវតែរាយការណ៍ប្រាប់ទៅកាន់ ម៉ិ ឲ្យបានដឹងភ្លាម។ ការធ្វើការងារជាគិញសម្ងាត់នោះ ឃីម ទទួលបានប្រាក់ខែចំនួន៨០០រៀលក្នុងមួយខែ។ បន្ទាប់ពីនោះមក ម៉ិ បានឲ្យ ឃីម ជួបទាក់ទងជានឹងខ្សែចំនួនប្រាំនាក់ មានឈ្មោះដូចជា៖ ភ្អើញ (ព្នង), អណ្ដឺ (ព្នង), ពគាន ឈីត (ព្នង), ឡុង យីម និង ឡុង ឈាម។
នៅឆ្នាំ១៩៦៨ មេឃុំ ម៉ិ, ប្រជ្រើយ ក្រេត និង ជំទប់ យ៉េត បានហៅ ឃីម ទៅជួបនៅសាលាឃុំស្រែធំ ដើម្បីឲ្យ ឃីម ទាក់ទងធ្វើការជាមួយខ្សែថ្មីដែលអ្នកទាំងបីខាងលើទើបតែអប់រំបានចំនួនប្រាំពីរនាក់ទៀតដែលមានឈ្មោះដូចជា៖ ភីន, យន់ (ព្នង), តឹក (ព្នង), ស្រ៊ុន (ព្នង), តាល (ព្នង), ជ្រ័ម (ព្នង) និង អន់ នយ (ព្នង)។ នៅចុងឆ្នាំ១៩៦៨ តាមរយៈការប្រាប់ដំណឹងពី ពគាន (ព្នង) នៅពេលដែលគាត់ធ្វើដំណើរត្រលប់មកពីចម្ការ គាត់បានឃើញខ្មែរក្រហមចំនួនបីនាក់ ពួននៅក្នុងព្រៃអូរកញ្ជរ។ បន្ទាប់ពីដឹងដំណឹងភ្លាមនោះ ឃីម បាននាំរឿងនោះទៅប្រាប់មេឃុំ ម៉ិ បន្ទាប់មកមេឃុំ ម៉ិ បាននាំទាហានចំនួនបួននាក់ពីបន្ទាយកោះញែក ព័ន្ធចាប់បានខ្មែរក្រហមម្នាក់ឈ្មោះ ស្រេង។
នៅឆ្នាំ១៩៦៩ មេឃុំ ម៉ិ, ប្រជ្រើយ ក្រេត និងជំទប់ យ៉េត បានហៅខ្សែគិញទាំងអស់មករួមធ្វើការនៅសាលាឃុំស្រែធំ ហើយក្នុងនោះក៏មានវត្តមានចូលរួមរបស់ វង់ វ៉ន (ចៅហ្វាយស្រុកច្បារ) ដែរ មិនត្រឹមតែប៉ុណ្ណោះចៅហ្វាយស្រុកបានអប់រំខ្សែគិញទាំងអស់ដែលចូលរួមប្រជុំ ចំនួនបីចំណុច ទីមួយ គឺខ្សែគិញទាំងអស់ត្រូវចូលដៃចូលជើងជាមួយខ្មែរក្រហម ដើម្បីបង្កប់ស៊ីរូងផ្ទៃក្នុង។ ទីពីរ ត្រូវកសាងកម្លាំងបង្កប់ក្នុងជួរខ្មែរក្រហម និងទីបី គឺត្រូវតែយកជ័យជម្នះពីខ្មែរក្រហមឲ្យបាន។ នៅខែពិសាខ ឆ្នាំ១៩៧០ ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមបានចូលរំដោះភូមិ-ស្រុកដែល ឃីម និងបក្ខពួករស់នៅ ពីក្រោមអំណាចគ្រប់គ្រងរបស់ លន់ នល់។ អ្នកភូមិទាំងអស់នៅទីនោះមិនមាននរណាភៀសខ្លួនចេញពីផ្ទះរបស់ខ្លួនឡើយ គឺរស់នៅដូចធម្មតា។ រំលងមកប្រហែលមួយខែ អង្គការបានចាត់តាំងឲ្យ មេឃុំ ម៉ិ ធ្វើជាប្រធានឃុំស្រែធំ, ប្រជ្រើយ ក្រេត ឲ្យធ្វើជាប្រធានសេដ្ឋកិច្ចឃុំស្រែធំ, ជំទប់ យ៉េត ធ្វើជាប្រធានភូមិស្រែធំ និង ពគាន ឈីត ជាអនុប្រធានភូមិស្រែធំ។ បន្ទាប់មកអង្គការបានចាត់បញ្ជូនអ្នកទាំងបួននោះទៅសិក្សាចំនួនមួយខែ ហើយបន្ទាប់ពីត្រលប់មកវិញ មេឃុំ ម៉ិ បានចាត់តាំងឲ្យ ឃីម, ភីន, តាល, តឹក និង ស្រ៊ុន ធ្វើជាឈ្លបឃុំស្រែធំ ដើម្បីការពារប្រជាជន មិនបញ្ចប់ត្រឹមនេះ មេឃុំ ម៉ិ នៅតែជ្រើសរើស និងចាត់តាំងឈ្លបឃុំជាបន្តបន្ទាប់រហូតដល់ឈ្លបឃុំស្រែធំសរុបទាំងអស់មានចំនួន៣២នាក់។ ក្រោមមកទៀតមេឃុំ ម៉ិ បានចាត់តាំងឲ្យ ឃីម ធ្វើជាមេក្រុមឈ្លបសេដ្ឋកិច្ចឃុំស្រែធំ និងផ្ដល់ឲ្យសមាជិកប្រាំបួននាក់ នៅជាមួយនឹង ឃីម មានឈ្មោះដូចជា៖ តាល, ស្រ៊ុន, តឹក, ស៊ីន, ក្រេង (កាត់ខ្មែរ-ព្នង), ភ្ឌៀល (ព្នង), ប៉ុប (ព្នង), យ៉ាន (ព្នង) និង ថន។
ក្រោយពីការចាត់តាំងរួចរាល់ មេឃុំ ម៉ិ បានហៅសមាជិកចំនួន១៥នាក់ ចូលរួមការប្រជុំមួយនៅមន្ទីរស្រែធំ។ ខ្លឹមសារប្រជុំនៅពេលនោះមានចំនួនពីរចំណុចធំៗគឺ ទីមួយ៖ ឧទ្ទេសនាមឲ្យសមាជិកចូលរួមប្រជុំទាំងអស់បានស្គាល់ជាមួយនឹង ងុន ជាខ្សែសង្វាក់ដើម្បីងាយស្រួលទាក់ទងគ្នាធ្វើសកម្មភាព។ ទីពីរ៖ បង្គាប់ឲ្យសមាជិកទាំងអស់ធ្វើសកម្មភាពជាខ្មែរស ដោយធ្វើសកម្មភាពនៅពេលយប់ ហើយត្រូវយកដុំដីចោលទៅលើមន្ទីរបដិវត្តន៍ ឬចោលទៅលើផ្ទះរបស់ប្រជាជន ហើយត្រូវពិនិត្យមើលប្រសិនជាឃើញមានមនុស្សចេញមកម្នាក់ ឬពីរនាក់ ត្រូវចូលទៅទាក់ទងព្រោះនោះជាខ្សែ ប៉ុន្តែប្រសិនជាឃើញលើសពីពីរនាក់ ត្រូវដកខ្លួនថយព្រោះនោះមិនមែនជាខ្សែសង្វាក់នោះទេ។
នៅដើមឆ្នាំ១៩៧១ ងុន បានចាត់តាំង ឃីម, ភីន, តាល, ស្រ៊ុន និង យន់ ឲ្យលបស្ដាប់ខ្លឹមសារប្រជុំនៅមន្ទីរស្រុកច្បារ។ ពេលនោះ ឃីម និងសមាជិកក្ដាប់បានផែនការរបស់អង្គការចំនួនពីរចំណុច ទីមួយ៖ ពង្រឹងជំហរវាយខ្មាំងខាងមុខឲ្យដាច់ និងទីពីរ៖ វាយខ្មាំងនៅខាងក្រោយដែលជាខ្មែរស។ ឃីម បាននាំសមាជិកត្រលប់ទៅមន្ទីរវិញ ហើយអ្នកទាំងនោះក៏មិនភ្លេចរឿងយកដុំដីចោលទៅលើដំបូលមន្ទីរ។ នៅព្រឹកបន្ទាប់ ឃីម និងសមាជិកចំនួនបួននាក់ បាននាំដំណឹងនោះទៅប្រាប់ ងុន។ នៅពេលដែលដឹងដំណឹង ងុន មិនមានសកម្មភាពអ្វីនោះទេ គឺគ្រាន់តែណែនាំ ឃីម និងសមាជិក ត្រូវតែហ៊ានប្រឆាំងនឹងអង្គការ ព្រោះអង្គការបានយកប្រជាជនទៅធ្វើសង្គ្រាម ទាំងដែលពីមុនមកព្រឹត្តិការណ៍បែបនេះគឺមិនធ្លាប់កើតមានឡើយ មិនត្រឹមតែប៉ុណ្ណោះ អង្គការថែមទាំងប្រមូលយកទ្រព្យសម្បត្តិទាំងអស់របស់ប្រជាជនដាក់ជារបស់រួម។ ឃីម និងសមាជិកទាំងអស់បន្តធ្វើសកម្មភាពដដែលៗជារៀងរាល់ឆ្នាំរហូតដល់ពេលខ្មែរក្រហមវាយចូលកាន់កាប់ទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧៥ អង្គការបានដក ឃីម ចេញពីតំណែងមេក្រុមឈ្លបសេដ្ឋកិច្ចឃុំស្រែធំ ឲ្យធ្វើជាប្រជាជនធម្មតាធ្វើការងារនៅសហករណ៍ឃុំស្រែធំ ផ្នែកធ្វើនង្គ័ល, រនាស់, ត្បាល់កិន និងរហាត់ទឹក។ នៅចុងឆ្នាំ១៩៧៥ ឃីម, ភីន, ជ័ម និង អណ្ដាន បានលួចដុតស្រូវដែលប្រជាជនច្រូតរួចហើយដាក់ក្នុងរោង នៅភូមិមេគី ឆេះអស់ចំនួនមួយរោង។ ឈានចូលដល់ឆ្នាំ១៩៧៦ ងុន បាន ឃីម និងសមាជិកចំនួនប្រាំពីរនាក់ នៅក្នុងនោះមានពីរនាក់ជាខ្សែថ្មី ទៅប្រជុំ។ នៅក្នុងការប្រជុំ ងុន បានឧទ្ទេសនាម ពគ្រះ និង ពឆែ ឲ្យ ឃីម និងសមាជិកចំនួនប្រាំនាក់ទៀតស្គាល់ ដើម្បីទាក់ទងគ្នាធ្វើសកម្មភាពក្បត់នៅថ្ងៃខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះការប្រជុំនោះក៏ប្រាប់បន្ថែមឲ្យសមាជិកទាំងអស់ព្យាយាមពង្រីកកម្លាំងបន្ថែម បន្ទាប់ពីនោះការប្រជុំបានបញ្ចប់ និងបំបែកផ្លូវគ្នាទៅមន្ទីររៀងៗខ្លួន។ កន្លងមកចំនួនបីថ្ងៃក្រោយ អង្គការបានចាត់តាំងឲ្យ ឃីម, ភីន និងកម្លាំងចំនួនប្រាំមួយនាក់ទៀត ទៅអារឈើសម្រាប់យកមកធ្វើផ្ទះនៅភ្នំលហ៊ាល់ ចំនួនបីខែ។ ឃីម ទៅស្នាក់នៅ និងធ្វើការនៅទីនោះបានកន្លះខែគាត់ក៏វិលទៅយកអង្ករនៅភូមិមេគីវិញ។ ពេលនោះ ងុន ដឹងដំណឹងថា ឃីម ត្រលប់មកភូមិវិញ ក៏បានចាត់តាំង យើត ឲ្យទៅហៅ ឃីម ទៅផ្ទះរបស់គាត់ដើម្បីចាត់តាំងឲ្យ ឃីម ចូលរួមសកម្មភាពជាមួយ ភ្អើញ, អណ្ដឺ, ថន, បេន, តាល, ជ័ម និង ពគ្រះ នៅមន្ទីរសេដ្ឋកិច្ចស្រុកច្បារ។
នៅវេលាស្អែកពេលយប់ អ្នកទាំងអស់នោះបាននាំគ្នាធ្វើសកម្មភាពគប់ដុំដី និងបាញ់ស្នា[2] ដាក់លើដំបូលមន្ទីរសេដ្ឋកិច្ចនោះ។ ពេលនោះយោធាខ្មែរក្រហម បានបាញ់បកមកវិញ បណ្ដាលឲ្យត្រូវចំទ្រូងរបស់ តាល ស្លាប់នៅនឹងកន្លែង។ សមាជិកទាំងអស់បាននាំគ្នាសែងសាកសពរបស់ តាល មកកប់នៅមាត់ទឹកអូរច្បារ រួចត្រលប់ទៅមន្ទីរវិញ។ នៅតាមផ្លូវ ឃីម និងសមាជិកបានប្រទះឃើញពំនូកស្រូវ បណ្ដោយប្រហែល២០ម៉ែត្រ និងទទឹងមួយម៉ែត្រកន្លះ មានកម្ពស់ត្រឹមក នៅវាលស្រែភូមិត្រាច។ មើលជុំវិញទីនោះមិនមានមនុស្ស អ្នកទាំងអស់នោះបាននាំគ្នាយកភ្លើងដុតបំផ្លាញស្រូវទាំងអស់នោះចោល។ ឈានចូលដល់ថ្ងៃថ្មី ឃីម បានយកអង្ករត្រលប់ទៅព្រៃអារឈើវិញ ហើយនៅទីនោះគាត់បានកសាងខ្សែបានចំនួនពីរនាក់ឈ្មោះ លាង និង សាត។
នៅខែវិច្ឆិកា ឆ្នាំ១៩៧៦ ឃីម និងសមាជិកចំនួនប្រាំបីនាក់ទៀត នាំគ្នាទៅលបស្ដាប់ការប្រជុំរបស់ខ្មែរក្រហម និងបានធ្វើសកម្មភាពបាញ់ស្នាទៅលើដំបូលមន្ទីរសេដ្ឋកិច្ចស្រុកច្បារដូចជាលើកមុនដែរ។ ចូលដល់ខែមករា ឆ្នាំ១៩៧៧ ងុន បានហៅ ឃីម, ភ្អើញ, អណ្ដឺ, អន់ នយ, តឹក, ពគ្រះ និង យើត បើកការប្រជុំមួយនៅម៉ោង១០ព្រឹក ក្នុងព្រៃក្រោមដើមអង្រ្គងខាងកើតផ្ទះរបស់ ងុន។ ខ្លឹមសារនៅក្នុងការប្រជុំមានបីចំណុចសំខាន់គឺ ទីមួយ៖ លើកឡើងពីសកម្មភាពមិនជោគជ័យលើយោធាខ្មែរក្រហម។ ទីពីរ៖ និយាយពីការស្វែងរកគន្លឹះធ្វើយ៉ាងណាយកឈ្នះអង្គការ និងបានលើកពីផែនការអប់រំប្រជាជនឲ្យខិតខំបង្កបង្កើនផលដើម្បីមានស្បៀងធ្វើសង្រ្គាម។ មិនត្រឹមតែប៉ុណ្ណោះ ងុន បានណែនាំឲ្យសមាជិកព្យាយាមកសាងកម្លាំងបន្ថែម។ ទីបី៖ ងុន បានចាត់តាំង ភ្អើញ និង អណ្ដឺ ឲ្យបន្តដឹកនាធ្វើសកម្មភាពតាមផែនការចាស់ដែលបានកំណត់មក។ នៅខែមីនា ឆ្នាំ១៩៧៧ ងុន បានចាត់តាំងឲ្យ ឃីម និងសមាជិកចំនួនប្រាំមួយនាក់ ធ្វើសកម្មភាពអុកឡុកនៅមន្ទីរស្រុកច្បារម្ដងទៀត។ ដល់ខែមិថុនា អង្គការខ្មែរក្រហម បានចាត់តាំងឲ្យ ឃីម ទៅអារឈើនៅភ្នំលហ៊ាល់រយៈពេលពីរខែ លុះដល់ពេលកំណត់គាត់បានត្រលប់ទៅភូមិវិញ។ បន្ទាប់ពីមកដល់ភូមិរយៈពេលមួយថ្ងៃ ងុន បានហៅ ឃីម ទៅប្រជុំនៅផ្ទះរបស់ខ្លួន ជាមួយនឹង អណ្ដឺ និង ភ្អើញ។ ងុន បានលើកផែនការឲ្យអ្នកទាំងបីរត់ចូលព្រៃ ប៉ុន្តែគាត់មិនយល់ស្រប ព្រោះតែនៅក្នុងព្រៃគឺមិនមានស្បៀងគ្រប់គ្រាន់សម្រាប់បរិភោគ ដូច្នេះហើយ ងុន ក៏បានណែនាំឲ្យអ្នកទាំងនោះខិតខំបង្កបង្កើនផលបន្ថែមទៀតដើម្បីមានស្បៀងសម្រាប់ការភៀសខ្លួន។
បន្ទាប់ពីការប្រជុំចុងក្រោយនោះបញ្ចប់បានរយៈពេល១០ថ្ងៃកន្លងផុតទៅ កក់ ឃីម ត្រូវបានអង្គការចាប់ខ្លួនថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៧៧។ នៅក្នុងចម្លើយសារភាពរបស់ ឃីម បានរៀបរាប់ពីកម្លាំងក្បត់ដែលរួមសកម្មភាពជាមួយគ្នាមានសរុបទាំងអស់ចំនួន៣៦នាក់៕
អត្ថបទដោយ នេន ស្រីមុំ
[1] ឯកសារ D02699 ស្ដីពីចម្លើយសារភាពសកម្មភាពក្បត់របស់ កក់ ឃីម ក្រោមការសួរចម្លើយរបស់ឆ្មាំសួរចម្លើយឈ្មោះ ឈុន ស៊ីថន។ ប្រវត្ដិសកម្មភាពក្បត់របស់ កក់ ឃីម ជាប្រជាជននៅសហករណ៍ស្រែធំ ស្រុកច្បារ តំបន់១០៥។ នៅឆ្នាំ១៩៦៧ ឃីម ចូលធ្វើគិញតាមដានរក ខ្មែរក្រហមនៅភូមិស្រែធំ តំបន់១០៥។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ឃីម ជាប្រធានក្រុមឈ្លបនៅឃុំស្រែធំ។ ឃីម ធ្វើសកម្មភាពជាខ្មែរសដោយពង្រីកកម្លាំងខ្មែរសនៅតាមសហករណ៍ និងស៊ើបយកការណ៍ពីកម្មាភិបាលរបស់បដិវត្ដន៍ទៅរាយការណ៍ឲ្យខ្មែរស រហូតដល់ឆ្នាំ១៩៧៥។ នៅខែកក្កដា ឆ្នាំ១៩៧៥ អង្គការបានចាត់តាំងឲ្យធ្វើជា ប្រជាជនវិញនៅឃុំស្រែធំ។ ឃីម បានប្រមូលកម្លាំងបក្ខពួកក្បត់ ធ្វើសកម្មភាពអុកឡុក ដុតបំផ្លាញស្រូវ លួចលបបាញ់កម្មាភិបាលបដិវត្ដន៍ ហើយធ្វើសកម្មភាពក្បត់ជាហូរហែរហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៧៧ ត្រូវអង្គការចាប់ខ្លួន។ កំណត់ចំណាំ៖ “រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះមិនអាចសន្និដ្ឋានបានថាចម្លើយរបស់ កក់ ឃីម ពិត ឬយ៉ាងណានោះទេ”។
[2] យោងតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត. (២០០៨). រក្សាសិទ្ធិដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ. ពាក្យ ស្នា (ន.) អាវុធមួយប្រភេទ ធ្វើដោយឈើ មានត្រពងមានដៃ មានខ្សែបន្លោះ មានកៃតម្លោះបាន មានព្រួញស្លាបសម្រាប់ដាក់ផ្គាប់យឹតបាញ់។