អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់បាក់នឹម រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
អ្នករស់រានមានជីវិតពីរបបខ្មែរនៅតំបន់បាក់នឹមរៀបរាប់អំពីផលវិបាកនៃសង្រ្គាមប្រជាជនរស់នៅតំបន់ភូមិបាក់នឹម ប៉ែកខាងជើងភាគច្រើន គឺជាអតីតកងទ័ពដែលធ្លាប់ប្រយុទ្ធក្នុងសម័យសង្រ្គាម និងមានមុខរបរគឺជាកងទ័ពរហូតបច្ចុប្បន្ន។ អំឡុងពេលមានការប៉ះទង្គិចជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កងទ័ពដែលរស់នៅក្នុងតំបន់បាក់នឹមម្នាក់ៗ បានត្រៀមសម្ភារះប្រើប្រាស់ មានសម្លៀកបំពាក់ ម្ហូបក្រៀម និងរបស់របរផ្សេងៗទុករួចជាស្រេច ដើម្បីរងចាំបទបញ្ជាពីថ្នាក់លើទៅបម្រើរការពារទឹកដីនៅតាមបណ្តោយព្រំដែន។
ខាងក្រោមនេះគឺជាការរៀបរាប់របស់ប្រជាជននៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត៖

ឈ្មោះ នុច ម៉ុច ភេទស្រី មានអាយុ ៨៥ ឆ្នាំ និងមានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា “ការប៉ះទង្គិចប្រដាប់អាវុធរយៈពេល៥ថ្ងៃនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្មណ៍អំពីការវាយប្រហាររបស់កងទ័ពថៃមកលើកងទ័ពកម្ពុជា។ នៅពេលទទួលបានព័ត៌មានទាក់ទងនឹងការវាយប្រហាររបស់កងទ័ពថៃមកលើកងទ័ពកម្ពុជា បានរំឭកខ្ញុំឡើងវិញនូវរឿងរ៉ាវឈឺចាប់ និងភាពលំបាកវេទនាដោយសារសង្រ្គាម ដែលខ្ញុំធ្លាប់ជួបប្រទះអស់រយះពេលជាច្រើនទស្សវត្សន៍។
ខ្ញុំមានអារម្មណ៍អាណិតដល់កងទ័ពនៅសមរភូមិ និងប្រជាជនរស់នៅតាមបណ្តោយព្រំដែន ដែលរងរបួស និងពលីដោយសារការទម្លាក់គ្រាប់បែក និងបាញ់ប្រហារដោយអាវុធធុនធ្ងន់ច្រើនប្រភេទពីសំណាក់កងទ័ពថៃមកលើទឹកដីកម្ពុជា។ នៅក្នុងក្រុមគ្រួសាររបស់ខ្ញុំក៏មានចៅប្រុសម្នាក់ធ្វើជាកងទ័ព។ ចៅប្រុសរបស់ខ្ញុំឈ្មោះ ទុយ កក្កដា មានអាយុប្រហែល២០ឆ្នាំ គឺជាសមាជិកកងទ័ពលោតឆ័ត្រយោង ៩១១ ដែលបានប្រយុទ្ធតទល់ជាមួយកងទ័ពថៃ។ ខ្ញុំមានការព្រួយបារម្ភខ្លាំង ចំពោះសុវត្ថិភាពរបស់ចៅប្រុស ដែលកំពុងឈរជើងស្ថិតក្នុងតំបន់ប៉ះទង្គិចមានស្ថានភាពតានតឹង ដែលអាចរងនូវការវាយប្រហារពីសំណាក់កងទ័ពថៃគ្រប់ពេល ។ ខ្ញុំព្រួយបារម្ភ ដោយសារពិបាកក្នុងការទាក់ទងជាមួយចៅ និងមិនសូវទទួលព័ត៌មានពីចៅរបស់ខ្ញុំនោះទេ។ ខ្ញុំអាណិតប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែនត្រូវភៀសសឹករត់ចោលផ្ទះសម្បែង បាត់បង់ទ្រព្យសម្បត្តិ គោ ក្របី ជ្រូក មាន់ទា និងស្រែចម្ការត្រូវទុកចោលព្រមទាំងសាលារៀនត្រូវបិទ។ ប្រជាជនខ្លះមិនដាច់ចិត្តទៅចោលផ្ទះសម្បែង និងសត្វចិញ្ចឹមក៏ត្រូវគ្រាប់ផ្លោងធ្លាក់ចំបណ្តាលឲ្យរងរបួស និងបាត់បង់ជីវិត។ កងទ័ព និងប្រជាជនភៀសសឹកប្រឈមមុខនឹងការខ្វះខាតអាហារ និងថ្នាំពេទ្យ។ ជាពិសេសចំពោះមនុស្សចាស់ កុមារ និងអ្នកជំងឺ។ ការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃបានផ្តល់នូវផលប៉ះពាល់ធ្ងន់ធ្ងរទៅលើអាយុជីវិតកងទ័ព និងប្រជាជន វិស័យសេដ្ឋកិច្ច, ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។”[1]

ឌិន ទូច មានអាយុ៦០ឆ្នាំ និងមានទីកន្លែងកំណើតនៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នមករស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់អំពីការយល់ឃើញទាក់ទងការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា–ថៃ ថា៖
“ បើទោះជាខ្ញុំនៅឆ្ងាយពីសមរភូមិប្រយុទ្ធ ប៉ុន្តែខ្ញុំទទួលបានព័ត៌មានផ្សេងៗតាមរយៈបណ្តាញទំនាក់ទំនងសង្គម(ហ្វេសបុក) ទាក់ទងនឹងការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ ។ តាមព័ត៌មានដែលខ្ញុំចាប់អារម្មណ៍ពីដំបូង កងទ័ពថៃបានបាញ់សម្លាប់ទាហានកម្ពុជាម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់មកបានចាប់ផ្តើមបិទច្រកព្រំដែនជាមួយកម្ពុជា។ ក្រោយមកកងទ័ពថៃដើរជាន់មីនដែលបន្សល់ទុកពីសម័យសង្រ្គាម កងទ័ពថៃបានចោទប្រកាន់មកលើភាគីកម្ពុជា និងរកលេសដើម្បីវាយប្រហារមកលើកងទ័ពកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ២០២៥ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កងទ័ពថៃបានធ្វើការពង្រីកសមរភូមិវាយប្រហារមកលើកងទ័ពកម្ពុជារហូតដល់១១ ទីតាំង ដោយប្រើយន្តហោះចម្បាំង និងសព្វាវុធធន់ធ្ងន់ជាច្រើនប្រភេទក្នុងការវាយប្រហារដណ្តើមកាន់កាប់ទឹកដីកម្ពុជា។ ការប៉ះទង្គិចនេះ បានបណ្តាលឲ្យមានការបាត់បង់ជីវិតកងទ័ព និងប្រជាជនស៊ីវិលជាច្រើននាក់ ព្រមទាំងបង្ករការខូចខាតដ៏ធំធេងចំពោះសេដ្ឋកិច្ច ការអប់រំ និងសុខមាលភាពសាធារណៈ។ ជាពិសេសផ្តល់ផលប៉ះពាល់ ចំពោះប្រជាពលរដ្ឋតាមព្រំដែនរាប់សែន ដែលត្រូវបានបង្ខំចិត្តចាកចេញពីលំនៅឋាន ដោយពុំអាចប្រកបមុខរបរចិញ្ចឹមជីវិតបាន។ ចំពោះវិស័យកសិកម្មស្រែចម្ការរាប់ម៉ឺនហិកតា និងសត្វចិញ្ចឹមត្រូវបានទុកចោល។ ចំពោះសេដ្ឋកិច្ចជាតិ រងនូវការបាត់បង់ប្រាក់ចំណូល ប្រជាជនបាត់បង់ការងាររាប់លាននាក់។ ចំពោះវិស័យសុខាភិបាល និងអប់រំ ការរត់ភៀសសឹកគឺធ្វើឲ្យប្រជាពលរដ្ឋមិនអាចចូលរួមសិក្សា ឬទទួលសេវាសុខាភិបាលបាននោះទេ។
ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា និងថៃ មិនទាន់មានសភាពធូរស្រាលនៅឡើយទេ។ កងទ័ពទាំងសងខាងនៅតែប្រឈមមុខគ្នា ដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចថា អាចមានការផ្ទុះជម្លោះឡើងវិញ។ ប្រជាជនភាគច្រើនស្ថិតក្នុងស្ថានភាពជម្លៀស និងមិនទាន់ហ៊ានត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនឡើយ ដើម្បីសុវត្ថិភាព។”[2]

ជ្រី វណ្ណា ភេទស្រី មានអាយុ៦៥ឆ្នាំ និងមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានស្រុកកំណើតស្ថិតនៅ ភូមិឈើទាលជ្រុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។
វណ្ណា បានរៀបរាប់ថា៖ “ខ្ញុំមានចៅប្រុសម្នាក់ គឺជាកងទ័ពនៅកងពលតូចថ្មើរជើងលេខ៣១ យោធភូមិភាគទី៣ បានត្រៀមខ្លួនរួចជាស្រេចក្នុងការទៅបំពេញកាតព្វកិច្ចជាកងទ័ពការពារតាមបន្ទាត់ព្រំដែនកម្ពុជា និងថៃ។ ខ្ញុំមានការព្រួយបារម្ភអំពីការបាត់បង់ជីវិតមនុស្ស និងមិនចង់ឲ្យកើតមានសង្រ្គាមរវាងប្រទេសកម្ពុជា និងថៃបន្តទៀតនោះទេ។ ខ្ញុំចង់ឲ្យស្ថានភាពវិលទៅរកសភាពធម្មតា និងបើកព្រំដែនឡើងវិញ ដើម្បីជីវភាពរស់នៅរបស់ប្រជាជនមានស្ថានភាពល្អប្រសើរឡើងវិញ។”[3]

ឃុត រ៉ុន មានអាយុ ៥៥ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា៖
“ខ្ញុំមានកូនចំនួន ៤នាក់ ដែលធ្វើការងារនៅប្រទេសថៃ។ នៅអំឡុងពេលមានការប៉ះទង្គិចតាមបណ្តោយព្រំដែនកម្ពុជា និងថៃ កូនៗរបស់ខ្ញុំបានសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ។ សង្រ្គាមលើកនេះបណ្តាលឲ្យបាត់បង់ជីវិតកងទ័ព និងប្រជាជនស៊ីវិល ប្រទេសជាតិជួបនូវវិបត្តិសេដ្ឋកិច្ច ប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនដែលមិនអាចប្រកបមុខរបរចិញ្ចឹមជីវិតបានជាពិសេសប្រជាជនរស់នៅតាមតំបន់ព្រំដែន។”[4]
អត្ថបទដោយ ផាត ពន្លក
[1] នុច ម៉ុច៖ សម្ភាសន៍ផ្ទាល់មាត់, សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅខែសីហា ឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត
[2] ឌិន ទូច៖ សម្ភាសន៍ផ្ទាល់មាត់, សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅខែសីហា ឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត
[3] ជ្រី វណ្ណា៖ សម្ភាសន៍ផ្ទាល់មាត់, សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅខែសីហា ឆ្នាំ២០២៥, មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត។
[4]ឃុត រ៉ុន ៖ សម្ភាសន៍ផ្ទាល់មាត់, សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅខែសីហា ឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត