កង តុន៖ ខ្ញុំពកូនឈរយំ

(កំពង់ស្ពឺ)៖ កង តុន ភេទស្រី មានអាយុ ៦៧ឆ្នាំ មានស្រុកកំណើត និងរស់នៅក្នុងភូមិកែស្រែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ តុន មានឪពុកឈ្មោះ ម៉ៅ, ម្ដាយឈ្មោះ នឿន, និងមានបងប្អូនបីនាក់ ក្នុងនោះប្អូនប្រុសម្នាក់ ឈ្មោះ ម៉េត បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។
អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ តុន បានចូលរៀនមួយអស់រយៈពេលខ្លីនៅភូមិត្រពាំងរាំង ដែលនៅជិតផ្សារឈូក។ ក្រោយមក តុន បានឈប់រៀន និងធ្វើស្រែចម្ការ។
នៅឆ្នាំ១៩៧៣ តុន បានចាកចេញពីផ្ទះ និងស្ម័គ្រចិត្តចូលធ្វើជាកងទ័ពខ្មែរក្រហម ដោយរែកស្បៀងទៅឲ្យជួរមុខដែលប្រយុទ្ធនៅភូមិក្រាំងយ៉ូវ។ មិនយូរប៉ុន្មាន តុន បានហាត់ប្រើប្រាស់កាំភ្លើង និងចូលប្រយុទ្ធនៅភូមិស្រែអំពិល ខាងទន្លេមេគង្គ។
នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ តុន បានធ្វើជាពេទ្យនៅទីនោះ ដោយមិនបានរៀនវិជ្ជាពេទ្យនោះទេ។ តុន បាននាំប្អូនពីរនាក់មករស់នៅជាមួយ ដោយសារខ្លាចប្អូនត្រូវគេធ្វើបាប។ ប្អូនស្រីឈ្មោះ ភណ្ឌ ធ្វើការនៅក្នុងកងនារី និងប្អូនប្រុសឈ្មោះ ម៉េត ធ្វើការខាងបោសសម្អាតនៅមន្ទីរពេទ្យ។ ចំណែក ម្ដាយរបស់តុន ត្រូវខ្មែរក្រហមជម្លៀសទៅរស់នៅភូមិ១០៨។ តុន និយាយថា ខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់បានទៅសួរសុខទុក្ខម្ដាយនោះទេ។ តុន និយាយថា បងប្អូន គឺខ្មែរក្រហមមិនអនុញ្ញាតឲ្យរស់នៅជាមួយគ្នានោះ ដូច្នេះ តុន ត្រូវបានខ្មែរក្រហមទិតៀន។ ក្រោយមក ប្អូនប្រុសត្រូវខ្មែរក្រហមដឹកយកទៅ និងបាត់ខ្លួនរហូតមក។
នៅមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ តុន បានរៀបការជាមួយប្តីឈ្មោះ ញ៉ែម រឿន ដែលជាកងទ័ពខ្មែរក្រហម និងក្រោយមកអ្នកទាំងពីរមានកូនប្រាំពីរនាក់ ក្នុងនោះស្រីបួននាក់។ មុនពេលរៀបការ តុន ថាគាត់ត្រូវបានខ្មែរក្រហមស្រាវជ្រាវប្រវតិ្តរូប។ បន្ទាប់ពីរៀបការអស់រយៈពេលមួយសប្តាហ៍ ប្តីរបស់តុន ត្រូវខ្មែរក្រហមបញ្ជូនទៅសមរភូមិមុខនៅផ្លូវជាតិលេខ៧ នៅភូមិជប់។ ចំណែក តុន បន្តធ្វើការ និងរស់នៅក្នុងមន្ទីរពេទ្យ។ តុន រៀបរាប់ថានៅមន្ទីរពេទ្យមានការហូបចុកគ្រប់គ្រាន់ និងមានថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាល។
ក្រោយមក កុ្រមពេទ្យត្រូវបានខ្មែររំសាយ តុន ដែលកំពុងពពោះ និងប្អូនស្រី បានធ្វើដំណើរទៅកំពង់ចាមដើម្បីទៅជួបប្តីរបស់គាត់។ នៅល្ងាចម៉ោង៥ តុន បានឡើងកាណូតចេញពីមុខព្រះបរមរាជវាំង និងព្រឹកឡើង គាត់ទៅដល់ទន្លេបិទ។ តុន បានបន្តដំណើរទៅស្នាក់នៅភូមិអូររាំងឪ ជិតផ្ទះរបស់កម្មាភិបាលឈ្មោះ សោ ភឹម អស់រយៈពេលមួយសប្តាហ៍តែមិនបានជួបប្តីនោះទេ។ បន្ទាប់មក តុន បានមកសម្រាលកូនដោយការភ័យខ្លាច នៅជិតកន្លែងដុតសព ក្នុងក្រុងកំពង់ចាម។
នៅចុងឆ្នាំ១៩៧៨ ក្រោយពី តុន សម្រាលកូនរួច នៅពេលនោះ កងទ័ពវៀតណាមបានវាយសម្រុកចូលប្រទេសកម្ពុជា។ នៅពេលកំពុងចលាចល និងបាត់ប្អូនស្រីដែលជាសាច់ញាតិតែម្នាក់គត់ តុន បានពកូនឈរយំ និងឡើងឡានចេញពីអូររាំងឪទៅអ្នកលឿង។ នៅអ្នកលឿង តុន បានឃើញប្អូនស្រី និងអូសដៃប្អូនមកជាមួយ។ តុន បានធ្វើដំណើរទៅដល់តាខ្មៅ និងសម្រាកនៅស្ពានតាខ្មៅ។
នៅឆ្នាំ១៩៧៩ តុន បានធ្វើដំណើរត្រលប់មកភូមិកំណើតវិញ និងជួបបងធម៌ ទើបគាត់បានដឹងដំណឹងអំពីប្តីរបស់គាត់។ តុន និងប្តីបានជួបជុំ និងប្រកបរបរធ្វើស្រែចម្ការនៅភូមិកំណើតរហូតមកទល់បច្ចុប្បន្ន។ តុន និយាយថា គាត់និងប្តីត្រូវតស៊ូលំបាក ទើបអាចរស់រានមានជីវិតពីរបបខ្មែរក្រហម៕
សម្ភាសដោយ កេង ភត្រ្តា ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥

