កៅ សំអូន ហៅ សារ៉ាវុធ ប្រធានរោងចក្របាវដូនទាវ

កៅ សំអូន ហៅ សារ៉ាវុធ[1] ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៧៧ រួចបញ្ជូនមកកាន់មន្ទីរសន្តិសុខស-២១[2]។ តាមរយៈឈ្មោះ ចិន សឿន ជាអ្នកសង្ខេបចម្លើយសារភាពរបស់ សារ៉ាវុធ ជូនថ្នាក់លើ និង ជាអ្នកសួរចម្លើយផ្ទាល់[3] បានបញ្ជាក់ថា ខ្លួនបានសួរសង្កត់ឱ្យ សារ៉ាវុធ និយាយអំពីបញ្ហាក្បត់, បញ្ជាក់ពីមូលហេតុនាំឱ្យជាប់ខ្សែសង្វាក់ពីមួយទៅមួយ និង បញ្ជាក់ឈ្មោះអ្នកដែលបានជាប់ទាក់ទងធ្វើសកម្មភាពកសាងកម្លាំងក្បត់ក្នុងជួរបដិវត្តន៍។ លើសពីនេះ ចិន សឿន ក៏សង្កត់សួរនាំរកកម្លាំងទាក់ទងក្រៅប្រទេស និងចុងក្រោយរកស្វែងរកផែនការ និង មេដឹកនាំ ដើម្បីឱ្យអង្គការចាប់ខ្លួន ឬឈានដល់ការកម្ទេចបក្ខពួកទាំងស្រុង។
ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ កៅ សំអូន ហៅ សារ៉ាវុធ ដែលបានដកស្រង់ចេញពីចម្លើយសារភាពឯកសារ J០០១៥២ មានដូចជា៖
កៅ សំអូន ហៅ សារ៉ាវុធ អាយុ២៧ឆ្នាំ (ក្នុងឆ្នាំ១៩៧៧) កើតនៅភូមិដង្កោទាប ឃុំអូម៉ាល់ ស្រុកបាត់ដំបង តំបន់៣។ តាំងពីតូចមក សារ៉ាវុធ ត្រូវរស់នៅជាមួយជីដូនឈ្មោះ ហុង។ រហូតដល់អាយុ៩ឆ្នាំ ក៏ចូលរៀននៅសាលាវត្តកំផែង។ ក្នុងឆ្នាំ១៩៦៨សារ៉ាវុធ រៀនបានត្រឹមថ្នាក់ទី១០(សង្គមចាស់) ក៏ឈប់រៀន។ ក្រោយពីឈប់រៀនសារ៉ាវុធ ក៏ចេញមករកស៊ីជាមួយឪពុកខាងស្រុកភ្នំសំពៅ។ ឪពុក សារ៉ាវុធ មានមុខរបរកាប់ឧសលក់នៅស្រុកភ្នំសំពៅ។ ស្ថិតនៅភ្នំសំពៅ ឈ្មោះ យ៉ន មានតួនាទីជាទាហានប្រចាំនៅអូរអំបោះ បានមកអប់រំ សារ៉ាវុធ ឱ្យបានឃើញពីបុណ្យស័ក្តិ និង ប្រាក់ខែរបស់ខ្លួន បើសិនជាចូលធ្វើការងារជាមួយ យ៉ន។ សារ៉ាវុធ ក៏ធ្លាក់ចូលក្នុងការអូសទាញពី យ៉ន។ នៅចុងឆ្នាំ១៩៦៨ យ៉ន ក៏បានចាត់តាំងឱ្យ សារ៉ាវុធ ចូលធ្វើជាគិញដើម្បីស៊ើបការណ៍រកកងទ័ពខ្មែរក្រហម រស់នៅទីតាំងណា? ឬ តំបន់ណាខ្លះ?ដើម្បីយកព័ត៌មានមករាយការណ៍ជូន យ៉ន។ ក្រៅពី សារ៉ាវុធ, យ៉ន ក៏បានចាត់តាំងឈ្មោះ ឡៃ, សុខ, ទូច និងវឿន ដែលអ្នកទាំងបួននេះសុទ្ធតែជាទាហាន ឱ្យធ្វើការជាគិញរួមគ្នា។ ភារកិច្ចគិញ មានដូចជា តាម ដានស៊ើបការណ៍រកខ្មែរក្រហម ដែលចូលមកបង្កប់ក្នុងភូមិឃុំ និង តាមដានអ្នកភូមិដែលយកអង្ករទៅឱ្យកម្លាំងខ្មែរក្រហម។ បើមានដំណឹងពីខាងលើ គឺអ្នកទាំងប្រាំ ត្រូវរាយការណ៍ទៅឱ្យ យ៉ន ភ្លាម។
នៅឆ្នាំ១៩៦៩ សារ៉ាវុធ នៅតែបន្តទាក់ទងខ្សែចាស់របស់ខ្លួនដដែល ដើម្បីសហការគ្នា តាមដានខ្មែរក្រហម និង អ្នកភូមិដែលមានទំនោរទៅខាងខ្មែរក្រហមនៅស្រុកអណ្តើកហែប[4] (បច្ចុប្បន្នស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង)។ ពេលនោះ សារ៉ាវុធ និង បក្ខពួក បានរាយការណ៍ជូន យ៉ន ដើម្បីឱ្យកម្លាំងចុះមកធ្វើសកម្មភាពចាប់ប្រជាជនចំនួនពីរនាក់រស់នៅភូមិអណ្តូង ស្រុកអណ្តើកហែប ដែលបានផ្ដល់ជាអង្ករឱ្យកម្លាំងខ្មែរក្រហមរស់នៅភ្នំក្រូច។ បន្ទាប់មកទៀត យ៉ន ក៏រាយការណ៍ទៅថ្នាក់ខេត្តឱ្យចាប់កម្លាំងខ្មែរក្រហមមានឈ្មោះ សាន់ ជាកម្មាភិបាលភូមិអណ្ដើកហែប និង សួន ជាមេឃុំ និង ផាត់ ជាមេ១០០ខ្នង ជាអ្នកផ្ដល់កាំភ្លើងឱ្យខ្មែរក្រហមនៅឃុំស្នឹង យកទៅឃុំឃាំងនៅខេត្តបាត់ដំបង។
ក្រោយថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បក្ខពួករបស់ សារ៉ាវុធ ដូចជា ឡៃ, ទូច និង សុន ដែលមាន តួនាទីជាទាហានស្រាប់ ត្រូវផ្លាស់ទៅប្រចាំការនៅផ្លូវជាតិលេខ៥។ ដោយសារខ្វះកម្លាំង យ៉ន បានណែនាំ សារ៉ាវុធ និង វឿន ឱ្យភ្ជាប់ខ្សែទាក់ទងកម្លាំងថ្មីឈ្មោះ រុន មានតួនាទីជាប៉ូលីសប៉ុស្ដិ៍ឃុំស្នឹង ស្រុកភ្នំសំពៅ។ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៧០ រុន ក៏បានណែនាំឱ្យ សារ៉ាវុធ ស្គាល់នឹងភ្ជាប់ខ្សែរយៈមួយទៀតឈ្មោះ ហ៊ន អតីតជាទាហាននៅរោងចក្រស្ករកំពង់គល់ និងជាគិញឱ្យឈ្មោះ សារ៉េត ចាងហ្វាងរោងចក្រស្ករ បច្ចុប្បន្នជាប្រធានរោងចក្រស្ករ កំពង់គល់។ ខែសីហា ឆ្នាំ១៩៧០ សារ៉ាវុធ និង ហ៊ន បានចូលមកនៅក្នុងកងចល័តរបស់ស្រុកបាត់ដំបង តាមការចាត់តាំងពីឈ្មោះ រ៉េន មានតួនាទីជាយោធាកងពលទី២។ ដល់ខែតុលា ឆ្នាំ១៩៧០ សារ៉ាវុធ ក៏ចូលជាកម្លាំង សេ-អ៊ី-អា ដោយមាន ហ៊ន ជាអ្នកឧទ្ទេសនាម, ឈ្មោះ សាយ ជាអ្នកទទួលស្គាល់ចូលក្នុងអង្គភាព សេ-អ៊ី-អា និង ឈ្មោះស៊ុយ មានតួនាទីជាលេខាតំបន់៤ ជាសាក្សី និងមានសមាជិកផ្សេងៗទៀតធ្វើការទទួលស្គាល់ចូលក្នុង សេ-អ៊ី-អា។ ក្នុងពិធីបញ្ចូលជាកម្លាំង សេ-អ៊ី-អា រួច សារ៉ាវុធ ក៏បានស្គាល់ឈ្មោះ ឡឹង និង ភាព ដែលមានតួនាទីនៅខាងផ្នែកទទួលរទេះភ្លើងបាត់ដំបង។ បន្ទាប់ពីក្លាយជាសមាជិក សេ-អ៊ី-អា សារ៉ាវុធ ក៏ទទួលភារកិច្ចឱ្យស៊ើបរកមន្ទីររបស់អង្គការខ្មែរក្រហម កន្លែងឃ្លាំងគ្រាប់ និង ទីតាំងបោះទ័ពធំៗ។ នៅពេលបានព័ត៌មានពីចំណុចទាំងបីនេះ គឺត្រូវរាយការណ៍ឱ្យ ហ៊ន ដើម្បីរៀបចំផែនការទាក់ទងយន្តហោះមកកម្ទេច។
ក្នុងអំឡុងសង្រ្គាមរយៈពេល៥ឆ្នាំ ពីឆ្នាំ១៩៧០ដល់១៩៧៥ សារ៉ាវុធ នៅតែបន្តទាក់ទងជាមួយ ហ៊ន, ភាព និង ឡឹង ជាប់រហូត។ ដូចជាសកម្មភាពពេលវាយនៅសមរភូមិភ្នំបាសាក់ សារ៉ាវុធ ក៏បានភ្ជាប់ខ្សែទាក់ទងជាមួយឈ្មោះ សឿន ហៅ ហុច បច្ចុប្បន្នលេខាវរសេនាធំ កងរថក្រោះ កាំភ្លើងធំ ភូមិភាគពាយ័ព្យ។ ខ្លឹម មានតួនាទីជាយោធាវរសេនាធំ កងពលទី១។ តេន មានតួនាទីជាយោធាវរសេនាធំ កងពលទី២។ សារឹម មានតួនាទីជាលេខាវរលេខាធំកងពលទី២។ ភឺ មានតួនាទីទទួលបន្ទុកគមនាគមន៍ភូមិភាគ និង រ៉េន មានតួនាទីជាសមាជិកវរសេនាធំកងពលទី២។ បន្ទាប់ពីនេះក៏បន្តផែនការរារាំងបក្ស ពេលកំពុងប្រយុទ្ធគ្នានៅសមរភូមិ ពេលមានយុទ្ធជនស្លាប់ រារាំងមិនឱ្យយកសព ឬ អ្នករបួស មកបន្ទាយ និងធ្វើយ៉ាងម៉េចឱ្យកងទ័ពរត់ចោលខ្សែត្រៀម។ មួយវិញទៀត គឺចាំលួចបាញ់កងសែង និង អ្នកដឹកជញ្ជូន។
នៅខែឧសភា ឆ្នាំ១៩៧៥ សារ៉ាវុធ ត្រូវអង្គការចាត់តាំងឱ្យទៅធ្វើការនៅរោងចក្របាវដូនទាវ។ ទោះបីជានៅខាងដូនទាវ ក៏ សារ៉ាវុធ នៅតែបន្តទាក់ទង ហ៊ន។ រីឯ ហ៊ន ក៏ឱ្យ សារ៉ាវុធ ភ្ជាប់ខ្សែទាក់ទង សេ-អ៊ី-អា ឈ្មោះ ផុន មានតួនាទីជាអនុសេនាធំ និងជាអ្នកទទួលខុសត្រូវគ្រឿងម៉ាស៊ីននៅរោងចក្របាវដូនទាវ ដើម្បីរួមគ្នាធ្វើសកម្មភាពបំផ្លិតបំផ្លាញគ្រឿងខ្ចៅខ្ចង ម៉ាស៊ីននៅក្នុងរោងចក្រ និងធ្វើឱ្យខូចខាតសរសៃអំបោះអស់ជាច្រើន។ ចុងឆ្នាំ១៩៧៥ សារ៉ាវុធ បានបន្តកសាង អប់រំកម្លាំងកម្មករក្នុងរោងចក្របានចំនួន៤នាក់ ដូចជា៖ បក់ ជាកម្មករពន្លត់ភ្លើងអគ្គិសនី, រ៉េត ជាកម្មករពន្លត់ភ្លើងអគ្គិសនី, ខន ជាកម្មករផ្នែកខាងការ៉ាស់ឡាន និង វិន ជាកម្មករផ្នែកចិញ្ចឹមជ្រូក។
នៅឆ្នាំ១៩៧៦ អង្គការបានដក សារ៉ាវុធ ឱ្យទៅធ្វើការនៅខាងដាំដើមក្រចៅ។ ស្ថិតនៅស្រែក្រចៅ សារ៉ាវុធ ក៏ភ្ជាប់ទាក់ទងជាមួយឈ្មោះ ផុន។ ក្រោយមកអ្នកទាំងពីរក៏នាំគ្នាទៅជួប ហ៊ន នៅទីតាំងរោងចក្របាវដូនទាវដើម្បីទទួលផែនការឱ្យបំផ្លិចបំផ្លាញគ្រាប់ក្រចៅខូចអស់១០០ហិកតា ធ្វើឱ្យខូចត្រាក់ទ័រអស់ប្រាំគ្រឿង និង រារាំងផែនការកុំឱ្យអង្គការដាំក្រចៅបានចំនួន១៤០០ហិកតា។ ដល់ខែឧសភា ឆ្នាំ១៩៧៦ ហ៊ន បានស្នើសុំដក សារ៉ាវុធ ឱ្យមកកាន់រោងចក្របាវដូនទាវវិញ។ មកដល់រោងចក្របាវដូនទាវ ហ៊ន បានណែនាំឈ្មោះ ទីម ប៉ង, ប៉ែន ថ្លៃ, ចាន់ ថន, ហ៊ីម, ស្មាត់ (ជនជាតិចាម) , និត, គូលេន និង ជាម ឱ្យធ្វើសកម្មភាពបំផ្លិចបំផ្លាញម៉ាស៊ីនភ្លើង ស្ពឺតម្បាញ និង កាត់ខ្សែភ្លើងជាបន្តបន្ទាប់។ នៅខែធ្នូ ឆ្នាំ១៩៧៦ សារ៉ាវុធ និង បក្ខពួក បានទទួលផែនការពី សាយ ដោយមានខ្លឹមសារ ឱ្យត្រៀមធ្វើរដ្ឋប្រហារនៅខែមីនា ឆ្នាំ១៩៧៧, ត្រូវប្រមូលស្រូវលាក់ សម្រាប់ផ្គត់ផ្គង់ពេលធ្វើរដ្ឋប្រហារ, រៀបចំកម្លាំង ធ្វើវិច្ឆេទកម្មបណ្ដើរៗ និង ចុងក្រោយត្រូវទាក់ទងខាងប្រទេសថៃនិងបក្ខពួក អ៊ិន តាំ នៅភ្នំម៉ាឡៃ។
ក្រោយពីទទួលផែនការរួច នៅខែមករា ឆ្នាំ១៩៧៧ សារ៉ាវុធ និង បក្ខពួក បានធ្វើសកម្មភាពដុតចម្ការអំពៅឆេះអស់ប្រាំរយហិកតា។ ធ្វើឱ្យខូចម៉ាស៊ីនឡានមួយគ្រឿង។ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួន សាយ និងបក្ខពួកមួយចំនួនទៀត យកទៅដាក់ឃុំនៅសាលាសាកលបាត់ដំបង រយៈពេល២៨ថ្ងៃ។ បន្ទាប់មកខែមីនា ឆ្នាំ១៩៧៧ អង្គការបានដក សារ៉ាវុធ ឱ្យទៅធ្វើស្រែនៅសហករណ៍រដ្ឋរំចេក រួចអង្គការក៏ចុះចាប់ខ្លួន។
អត្ថបទដោយ មីន សាណាស់
[1] ឯកសារលេខ J00152 អំពីកំណត់ហេតុចម្លើយសារភាពរបស់ កៅ សំអូន ហៅ សារ៉ាវុធ មានចំនួន១៣ទំព័រ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] មន្ទីរសន្តិសុខស-២១ ជាគុកសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់ ចំពោះអ្នកទោសដែលត្រូវបញ្ជូនមកដល់ទីតាំងនេះ។ អក្សរ «ស» តំណាងឱ្យពាក្យ សន្តិសុខ ចំណែកលេខ «២១» ជាកន្ទុយលេខអាយកូមពីរខ្ទង់ចុងក្រោយរបស់ សមមិត្ត ណាត ជាអតីតប្រធានមន្ទីរស-២១។
[3] អ្នកសួរចម្លើយក្នុងមន្ទីរស-២១ ប្រើប្រាស់វិធីសាស្រ្តជាច្រើនដើម្បីទទួលបានចម្លើយសារភាព។ ការសួរចម្លើយត្រូវធ្វើទារុណកម្មដ៏ឃោរឃៅ មានដូចជា វាយដោយដៃ ដំបង មែកឈើ ខ្សែភ្លើង ឬ ឆក់ដោយខ្សែភ្លើង អុចបារី យកម្ជូកចាក់ចូលក្នុងសាច់ និងមានផ្សេងៗជាច្រើនទៀត។
[4]ស្រុកអណ្ដើកហែប បច្ចុប្បន្នផ្លាស់មកជាឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។