កិ ស្មាន់ ជាចំបួរអារក្ខបន្តពីម្តាយ រស់នៅក្នុងភូមិក្ដុលលើ

កិ ស្មាន់ (២០២៤)

យោងតាមឯកសារនៅរបស់មជ្ឈមណ្ឌលឯកសារម្ពុជា បទសម្ភាសន៍ ជាមួយលោកយាយ កិ ស្មាន់ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានរៀបរាប់ថា ចំបួរអារក្សឬ អារក្សចំបួរ គឺ ជាការស្នងបន្តគ្នាពី ជីដូន ជីតា តគ្នារហូតមកដល់កូនចៅជំនាន់ក្រោយ ដែលជាប់ខ្សែអារក្ស (ប្រជាជននៅក្នុងភូមិក្ដុលលើហៅថា អារក្សតពូជ)។ លោកយាយបានរៀបរាប់ថា៖

នាងខ្ញុំឈ្មោះ កិ ស្មាន់[1] ភេទស្រី អាយុ៨០ឆ្នាំ ជាជនជាតិដើមភាគតិចស្ទៀង មានទៅកន្លែងកំណើតនៅក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅក្នុងភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ម្ដាយខ្ញុំឈ្មោះ សាន ជាជនជាតិដើមភាគតិចស្ទៀង មានទៅកន្លែងកំណើតនៅក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ស្លាប់ដោយសារចាស់ជរានៅក្នុងភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ក្រោយពេលរំដោះឆ្នាំ១៩៧៩។ ម្ដាយខ្ញុំចេះ និយាយភាសាស្ទៀង ប៉ុន្តែនិយាយភាសាស្ទៀងខានដែលសំដៅដល់ភាសាស្ទៀងមួយប្រភេទដែលនិយាយបានតែ នៅក្នុង គ្រួសារ , ភូមិឃុំ ឬនៅក្នុងតំបន់ខ្លួនរស់នៅ។ ឪពុកខ្ញុំឈ្មោះ កិ ជាជនដើមភាគតិចស្ទៀង មានទីកន្លែង កំណើតនៅក្នុងភូមិកញ្ជិត ឃុំឡុកថាញ់ ស្រុកឡុកនិញ ខេត្តប៊ិញភឿក(ទឹកដីខ្មែរកម្ពុជាក្រោម)។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ក្នុងនោះមានស្រីចំនួន២នាក់ និងប្រុសចំនួន២នាក់ ហើយខ្ញុំជាកូនទី៣នៅក្នុងគ្រួសារ។ ខ្ញុំស្វាមីឈ្មោះ ម៉ៅ ជិន អាយុ៩០ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើតនៅក្នុងភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំមានកូនចំនួន៤នាក់ (ស្រី២នាក់)។

កាលពីកុមារភាពខ្ញុំបានរៀនសូត្របន្តិចបន្តួច ក្នុងសម័យសង្គមរាស្រ្តនិយម នៅសាលាវត្តក្ដុល (វត្តចាស់ដែលបច្ចុប្បន្នមានទីតាំងនៅក្នុង ភូមិក្ដុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ)។ ខ្ញុំចូលរៀនអាយុ១០ឆ្នាំជាង មាន លោកគ្រូបង្រៀនជាព្រះចៅអធិការវត្តក្ដុល មានឈ្មោះថា ព្រះតេជព្រះគុណប៉ាង។ ក្នុងមួយថ្ងៃរៀនបាន២ទៅ ៣ម៉ោងប៉ុណ្ណោះ។ ខ្ញុំរៀនបានមួយឆ្នាំ ព្រះតេជព្រះគុណប៉ាងសុគត ហើយខ្ញុំក៏ឈប់រៀន។

ខ្ញុំឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ ក្នុងភូមិក្ដុលលើកាលនោះប្រជាជននិយាយភាសាស្ទៀង៩០%។ បើនិយាយទៅមានតែចាស់ៗលោកតា លោកយាយ ឬ ឪពុកម្ដាយខ្ញុំទេដែលគាត់និយាយប្រាស្រ័យទាក់ទងគ្នានៅក្នុង ភូមិនិងនៅក្នុងគ្រួសារជាភាសាស្ទៀងខានទេ។ ចំពោះក្មេងៗអាយុប្រហាក់ប្រហែលខ្ញុំ ក៏ប្រើប្រាស់ភាសាស្ទៀងដែរ ប៉ុន្តែប្រើប្រាស់បានបន្តិចបន្តួចមិនសូវបានល្អ លុះពេលនិយាយស្ទៀងទៅចាល់ ក៏ប្ដូរមកនិយាយភាសាខ្មែរវិញ។

កាលពីក្មេង ម្ដាយខ្ញុំជាចំបួរអារក្សដែលជាសំណឹងតពូជ។ ខ្ញុំមិនដឹងថាអារក្សចំបួរនេះ កើតឡើងមកពីពេលណាទេ ព្រោះពេលដែលខ្ញុំដឹងក្ដីឡើង ខ្ញុំឃើញម្ដាយខ្ញុំជាសំណឹងអារក្សហើយ។ ប៉ុន្តែសម័យម្ដាយខ្ញុំស្រួលណាស់ កាលនោះ ពេលត្រូវការប្រជាជនអាចពឹងពាក់គ្នាម្ដងម្នាក់បានមិនសូវចុះថវិកាប៉ុន្មានទេ។ ម្ដាយខ្ញុំមិនសូវកាន់ឬរៀបចំ បាយសីជាប្រចាំនោះទេ ទាល់តែមានក្រុមគ្រួសារណាឈឺ ទើបរៀបចំនិងលេងភ្លេងអារក្ស។ ភូមិ ក្ដុលលើក៏មានភ្លេងអារក្សមួយក្រុមដែរ។ ពេលម្ដាយខ្ញុំរៀបបាយសីម្ដងៗ ខ្ញុំឃើញមានប្រដាប់ប្រដាច្រើន ដោយសារខ្ញុំនៅតូចទើបពេកទើបមិនសូវស្គាល់អស់។ បើតាមខ្ញុំចាំបាន មានស្លឹកចេក ធាងចេក កូនចេក ផ្កា ធូប ទៀន និងមានគ្រឿងព្រះពិស្ណុការផ្សេងទៀត។ ម្ដាយខ្ញុំទៅរកក្រុមភ្លេងអារក្សមកលេង។ ពេលលេងហើយអ្នកជំងឺក៏បានធូរស្រាកស្រាន្តភ្លាមតែម្ដង។ ពេលភ្លេងកាន់តែជាន់ខ្លាំង ខ្ញុំឃើញម្ដាយខ្ញុំឬហៅថាសំណឹងនោះរាំកាន់តែស្អាត ហើយតាមមើលទៅដូចរាំមិនចេះហត់សោះឡើយ។ ក្រុមភ្លេងអារក្សនេះ ត្រូវចាប់ផ្ដើមលេងនៅពេលព្រលប់ៗ ពីម៉ោងប្រហែលជា៧ទៅ៨ រហូតដល់ម៉ោង១២ទើបសម្រាករហូតដល់ម៉ោង៣ទៅ៤ក្រុមភ្លេងងើបមកលេងទៀត។ កាលនោះភាគច្រើនភ្លេងអារក្សលេងចំនួនបីថ្ងៃ។

ខ្ញុំរៀបការអាយុ១៨ឆ្នាំ ពេលនោះប្ដីខ្ញុំជាអ្នកបើកឡានឈ្នួលដឹកប្រជាជនដែលធ្វើដំណើរពីក្រចេះទៅភ្នំពេញ។ កាលនោះខ្ញុំបានជិះឡានប្ដីខ្ញុំទៅស៊ីឈ្នួលឆ្ការព្រៃនិងកាប់កូនឈើធ្វើផ្លូវនៅស្នួល។ ខ្ញុំស៊ីឈ្នួលបានប្រាក់កម្រៃ ក្នុងមួយថ្ងៃ២៥រៀល។ ក្រៅពីការងារស៊ីឈ្នួលកាប់កូនឈើ ពេលទំនេរខ្ញុំជួយធ្វើស្រែចម្ការពុកម៉ែ។ ខ្ញុំនិងប្ដីបានស្គាល់គ្នាតាំងពីពេលនោះមក។ នៅឆ្នាំ១៩៦៧ ខ្ញុំបានរៀបការនៅក្នុងភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់។ ខ្ញុំបានរស់នៅជាមួយឪពុកម្ដាយនៅក្នុងភូមិក្ដុលលើធ្វើស្រែចម្ការនៅផ្ទះ ចំណែកប្ដីខ្ញុំនៅតែបន្តមុខរបរបើកឡាន។

នៅក្នុងភូមិក្ដុលលើ មានឧបករណ៍ភ្លេងអារក្ស និងមានលោកតា លោកយាយ ចេះលេងភ្លេងអារក្សច្រើន។ អារក្សនេះមិនសំដៅទាល់តែថាយើងជាចំបួរអារក្សទេ។ ទោះបីជាមិនជាប់ខ្សែអារក្សក៏ដោយក៏កាច់យើងបានដែរ ដូចជាយើងដើរទៅក្នុងព្រៃនិយាយខុសមាត់ក អារក្សឬអ្នកតា ធ្វើឲ្យឈឺមើលមិនជាក៏មាន ហើយប្រជាជននៅក្នុងភូមិក្ដុលលើនេះ មានជំនឿណាស់ទៅលើគ្រូទស្សន៍ទាយ បើទៅរកមើលថាខុសអារក្ស គ្រូទាយប្រាប់ហើយថាត្រូវរៀបអី្វខ្លះ។ នោះពេលត្រឡប់មកវិញអុជធូប សន្យាជាមួយអារក្សទៅថាប៉ុន្មានឆ្នាំធ្វើឲ្យ បើ៣ឆ្នាំ ពេលគ្រប់៣ឆ្នាំធ្វើឲ្យអារក្សទៅ។

នៅសម័យលន់ នល់ ប្ដីខ្ញុំ បើកឡានដឹកឈើធំៗទៅទម្លាក់នៅថ្មគ្រែ និងដឹកប្រជាជនដែលធ្វើដំណើរពីភ្នំពេញទៅក្រចេះពីក្រចេះមកភ្នំពេញ។ ពេលធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៧០ ក្នុងភូមិក្ដុលលើមានប្រជាជនទៅចូលរួមធ្វើ បាតុកម្មដែរ ប៉ុន្តែទៅដោយស្ម័គ្រចិត្តមានឡានទាហានមកដឹកយកទៅធ្វើបាតុកម្មនៅជីរោទ៍។ ប្រជាជនដែលទៅធ្វើ បាតុកម្ម ភាគច្រើនមិនឃើញមានយកអ្វីទៅទេ ហើយទៅមួយថ្ងៃពីរថ្ងៃត្រឡប់មកវិញធ្វើស្រែចម្ការធម្មតា។ បន្ទាប់មកគ្រួសារខ្ញុំផ្លាស់ទៅនៅ ភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំទៅតាមប្ដីដឹកឈើបាន៤ខែទើបត្រឡប់ មកស្រុកវិញ។ លុះពេលត្រឡប់មករស់នៅក្នុងភូមិក្ដុលលើវិញ ខ្ញុំឃើញវៀតកុងចូលមកពេញក្នុងភូមិ ចាប់មាន់ទារ ប្រជាជន យកទៅស៊ី។ បន្ទាប់មកឃើញអាមេរិកចូលមកក្នុងភូមិដោយចូលមកបើករថក្រោះតាមផ្លូវ​និងមានកាំភ្លើង តូចនិងធំ។ វៀតកុងបោះជុំរំនៅតាមព្រៃចម្ការ។ ចំពោះវៀតកុងច្រើនតែដាំបន្លែ ដាំស្ពៃ និងដំឡូង ហើយពេល​ព្រឹកឡើងប្រជាជនទៅសុំ។

ពេលអាមេរិកទម្លាក់គ្រាប់ខ្ញុំជីកលេណដ្ឋានសម្រាប់ទុកលាក់ខ្លួន លេណដ្នាននេះមានទំហំ៣គុណ៤ម៉ែត្រ នៅក្នុងភូមិក្ដុលលើពុំមានការទម្លាក់គ្រាប់បែកទេ ទម្លាក់តែជាយៗភូមិប៉ុណ្ណោះ។ ប្រជាជននៅធ្វើស្រែចម្ការបាន ប៉ុន្តែត្រូវធ្វើដោយលួចលាក់ពេលស្ងាត់ការទម្លាក់គ្រាប់បែក។ អាមេរិកកាំងទម្លាក់គ្រាប់បែកពេលដែលឃើញវៀតកុងប៉ុណ្ណោះ។ ពេលអាមេរិកកាំងទម្លាក់គ្រាប់បែកខ្លាំង ក្រុមគ្រួសារខ្ញុំរត់ទៅកូនក្រពើរយៈពេល១០ថ្ងៃ ពេលដាំបាយឃើញផ្សែងក៏អាមេរិកកាំងទម្លាក់គ្រាប់បែកដែរ។ ពេលស្ងាត់ការទម្លាក់គ្រាប់បែកខ្ញុំ ត្រឡប់មករស់នៅក្នុងភូមិក្ដុលលើវិញ។ ពេលនោះ ប្រជាជនចាប់ផ្ដើមធ្វើការងារយកវេគ្នាម្ដងម្នាក់ ដោយទទួលផលបានដាក់ជង្រុកស្រូវតាមផ្ទះ។ អំឡុងពេលនោះប្រជាជននៅក្នុងភូមិក្ដុលលើបានហូបបាយឆ្អែតគ្រប់គ្រាន់។ ការធ្វើស្រែចំការប្រវាស់ដៃគ្នារបស់ប្រជាជននៅក្នុងភូមិបានរយៈពេលប្រហែល១ឆ្នាំ ក៏មានការផ្លាស់ប្ដូរពីការដាក់ជង្រុកស្រូវតាមផ្ទះមកដាក់ជង្រុករួម និងបានប្រមូលទ្រព្យសម្បត្តិឯកជនមកដាក់ជារបស់រួម ឬសមូហភាព។

នៅឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមចូលមកដល់ ខ្មែរក្រហមបានចាត់តាំងឲ្យប្រជាជនហូបបាយរួម និងត្រូវធ្វើការងាររួមគ្នានៅក្នុងភូមិក្ដុលលើ។ នៅក្នុងភូមិក្ដុលលើ មានរោងបាយមួយ ពេលព្រឹកហូបបបរ និងពេលថ្ងៃហូបបាយ។ ប្រជាជនធ្វើការងារធម្មតា អង្គការមិនសូវដាក់កម្រិតទេ។ ក្នុងសម័យខ្មែរក្រហមខ្ញុំមានកូន៣ហើយ លុះពេលខ្ញុំទៅធ្វើការងារខ្ញុំយកកូនទៅផ្ញើជាមួយយាយៗមើលកុមារ។ ក្នុងមួយថ្ងៃខ្ញុំឲ្យកូនបៅបាន៣ដង មុនពេលទៅធ្វើការឲ្យបៅម្ដងឲ្យឆ្អែត។ លុះពេលថ្ងៃឡើងពីធ្វើការ ឲ្យបៅម្ដងទៀត និងពេលរសៀលត្រឡប់ពីធ្វើការឲ្យបៅម្ដងទៀត។ ប្ដីខ្ញុំត្រូវអង្គការឲ្យធ្វើការងារស្រែចម្ការជាមួយប្រជាជនធម្មតា ហើយមាន ពេលខ្លះត្រូវទៅមើលគោ និងក្របី។ ចាប់តាំងពីរបបខ្មែរក្រហមចូលមក នៅក្នុងភូមិក្ដុលលើលែងសូវនិយាយភាសាស្ទៀងហើយ ព្រោះអង្គការមិនឲ្យនិយាយទេ អង្គការខ្លាចនិយាយបបួលបក្សពួកប្រឆាំងនិងអង្គការ។ បើអង្គការឮថាគ្រួសារណានិយាយស្ទៀងអង្គការ និងយកទៅកសាង។ ចំណែកក្រុមភ្លេងអារក្សក៏លែងមានការប្រគុំទៀតដែរ។ ចំពោះការហូបចុកមុនដំបូងនៅក្នុងភូមិក្ដុលលើបានហូបបាយ ប៉ុន្តែយូរៗទៅហូបតែបបរលាយជាមួយបន្លែរ សុទ្ធតែទឹក ក្នុងមួយឆ្នាំងខ្ទះដាក់អង្ករប្រហែល៣កំប៉ុងទឹកដោះគោ អ្នកភូមិហូបបបរក្នុងមួយថ្ងៃតែ២ដង ។

នៅឆ្នាំ១៩៧៧ អង្គការបានជម្លៀសក្រុមគ្រួសារខ្ញុំទៅឃុំស្វាយជ្រះ។ អង្គការឲ្យខ្ញុំតម្បាញកន្ទេល និង មើលកូនឲ្យប្រជាជនក្នុងភូមិ។ ប្ដីខ្ញុំទៅធ្វើការងារតាមអង្គការចាត់តាំង។ ពេលនៅទីនោះ ខ្ញុំបានហូបបរមួយវែកៗ ក្នុងមួយពេលនិងមួយថ្ងៃពីរពេល។ ក្នុងបបរនោះមានលាយបន្លែ ត្រកួន ទំពាំង ពោត និងគ្រាប់អង្ករមានមួយគ្រាប់ៗ។ ខ្ញុំទៅនៅស្វាយជ្រះហូបចុកមិន គ្រប់គ្រាន់ ធ្វើឲ្យមានជំងឺហើមសាច់។

បន្ទាប់មកគ្រួសារខ្ញុំជម្លៀសទៅម្លេច អង្គការឲ្យធ្វើការងារក្នុងក្រុមមុខព្រួញប្រព័ន្ធភ្លឺស្រែ។ នៅម្លេចកាន់តែយ៉ាប់ខ្លាំង ព្រោះអង្គការ មានច្បាប់មួយថាទាល់តែធ្វើការងារទើបបានបាយហូប។ ខ្ញុំឃើញមនុស្សស្លាប់ច្រើនណាស់ ដោយសារអត់បាយ។ ខ្ញុំនៅម្លេច បានប្រហែល១ឆ្នាំ  អង្គការជម្លៀសខ្ញុំមកស្វាយជ្រះវិញ។ ខ្ញុំមកត្បាញនៅកន្លែងដដែល តែអង្គការឲ្យត្បាញកន្ទេលទ្រាំង។ របៀបធ្វើកន្លេលស្លឹកទ្រាំង មុនដំបូងត្រូវកាប់កំពូលទ្រាំង មកចៀយកទ្រនុងចេញ ហើយយកទៅ ហាល២ទៅ៣ថ្ងៃ រួចយកចងបាច់ដុំៗ កុំឱ្យបាក់ ចាក់ព្រឹក ឬល្ងាចកុំឲ្យស្លឹកទ្រាំងនោះក្រៀម រួចយកទៅត្បាញ។ ខ្ញុំត្បាញកន្ទេលក្នុងមួយថ្ងៃ បានមួយ ជូនកាលពីរថ្ងៃបានមួយ។ បន្ទាប់មកគ្រួសារខ្ញុំចេញពីស្វាយជ្រះ មកថ្មគ្រែនិងឡើងជិះកាណូតចុះមកស្ទឹងត្រង់ និងទៅរស់នៅចំការលើមួយរយៈ ទើបវៀតណាមរំដោះឆ្នាំ១៩៧៩។ ខ្ញុំធ្វើដំណើរមកកំពង់ចាម ខ្ញុំស្នាក់នៅកំពង់ចាមបានមួយយប់ លុះពេលព្រឹកឡើង ក៏បានធ្វើដំណើរមកទន្លេរបិទ។ ខ្ញុំបានធ្វើដំណើរដោយថ្មើរជើងរហូតមកដល់ក្រែកបានឈប់សម្រាកដើរបោសស្រូវដី ទុកយកមកបុកដាំហូបពេលធ្វើដំណើរមកដល់ផ្ទះ។ ខ្ញុំធ្វើដំណើររហូតមកដល់ក្ដុលលើ ឃើញថាក្នុងភូមិក្ដុលលើមានសុទ្ធតែ ព្រៃ។

ពេលត្រឡប់មកដល់ភូមិវិញភ្លាមៗ អ្នកភូមិមិនទាន់រៀបចុះក្រុមភ្លេងអារក្សទេ ពីព្រោះត្រូវស្វែងរកស្បៀងផ្គត់ផ្គង់ជីវភាព។ ក្រោយពីម្ដាយខ្ញុំទទួលមរណៈភាពទៅអារក្សមកនៅជាមួយខ្ញុំ បានធ្វើឲ្យខ្ញុំឈឺខ្លាំង រហូតពេលរកគ្រូទស្សន៍ទាយទៅដឹងថាអារក្សមកកាន់នឹងខ្ញុំ។ ខ្ញុំអុជធូបសន្យាជាមួយអារក្សទើបបានជា។ ខ្ញុំមិនសូវកាន់ដិតដល់ដែរ ទាល់តែក្រុមគ្រួសារមានជំងឺទើបរៀបអារក្សជូន។ ខ្ញុំជាចំបួរអារក្ស មិនសូវដឹងពីឧបករណ៍ភ្លេងប៉ុន្មានទេ។ ខ្ញុំដឹងតែពីការរៀបចំបាយសី៣ថ្នាក់ដល់៩ថ្នាក់ ឧបករណ៍រៀបចំមានធាងចេក កូនចេក ស្លា ម្លូ លាជ ធូប ធម៌កូនចេក១គូ ធម៌ធាងចេក១គូ ទៀន សា្រស ជមតូច១គូ(ជមព្រៃ) និងជមធំមួយគូ។ ជមតូចឬជមព្រៃខុសពីជមធំ ដោយជមធំមានសរសេរអក្សរ។ ជមតូចមិនសរសេរអក្សរ ហើយម្យ៉ាងទៀតជម ព្រៃធ្វើឡើងសម្រាប់អារក្សព្រៃ ជមទាំងពីរនេះ ធ្វើមកពីកំពូលទ្រាំង ដែលកាប់យកមកចៀរទ្រនុងចេញ រួចយក ទៅហាល រួចសរសេរលើនោះ។ កំណល់មានមាន់ស្ងោរមួយ បាយដំណើប ចេកមួយស្និត អង្ករមួយកូនចាន  ក្រមាមួយ និងទៀនកែងស្នែងក្របី១គូ។ បន្ទាប់មក ខ្ញុំទៅរកក្រុមភ្លេងអារក្សឲ្យមកលេងទៅតាមការសន្យាមួយយប់ឬ៣យប់។ បើសិនជា អារក្សទើបតែចូលស្ថិតថ្មីៗត្រូវលេងភ្លេងចំនួន៣យប់ ដើម្បីឲ្យអារក្សនោះបានរាំឆ្អែតសប្បាយចិត្ត។ បើអារក្សនោះ ចូលកាន់យូរ ហើយយើងអាចសុំលេងភ្លេងត្រឹមតែមួយយប់បាន។ ពេលក្រុមភ្លេងចាប់ផ្ដើមលេង ខ្ញុំដឹងខ្លួនធម្មតា ប៉ុន្តែបទភ្លេងកាន់ តែជាន់ខ្លាំង អាក្សចូលសំណឹង ខ្ញុំលែងដឹងខ្លួនឯងហើយ ញ័រអស់ទាំង ខ្លួនប្រាណ។ បើសិនរៀបបាយសីខុសមិនត្រូវចិត្តអារក្ស ពេលអារក្សចូលនិងត្រូវយកបាយសីនោះបោះចោល ហើយក្រុម ភ្លេងចាប់ផ្ដើមរៀបចំសារថ្មី។

សព្វថ្ងៃខ្ញុំឈប់រៀបបាយសីទៀតហើយ លុះត្រាតែខ្ញុំតែក្រុមគ្រួសារខ្ញុំឈឺ ទើបទៅរកគ្រូមើល។ បើគ្រូថាអារក្សធ្វើ ខ្ញុំក៏សន្យារៀបអារក្សឲ្យថាលេងមួយយប់ឬ៣យប់ជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំអុជធូបសុំអារក្សត្រឹម រៀបកូនធម៌៣ទៅ៤ជើង សុំសេចក្ដីសុខ ព្រោះឥឡូវវាគ្មានភ្លេងអារក្សទេ៕

អត្ថបទដោយ វី ស៊ីថា


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា បទម្ភាសន៍ជាមួយ កិ ស្មាន់ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin