ការបែងចែកក្រុមប្រជាជនក្នុងរបបខ្មែរក្រហម

គា ស៊ត អាយុ៧២ឆ្នាំ រស់ភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ស៊ត គឺជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៩នាក់។ នៅវ័យកុមារ ស៊ត ចូលរៀននៅសាលាបឋមសិក្សាគៀនជ្រៃ ប៉ុន្តែឈប់រៀនត្រឹមថ្នាក់ទី៥ចាស់ ដើម្បីមកជួយការងារស្រែចម្ការជាមួយឪពុកម្ដាយវិញ។
នៅឆ្នាំ១៩៦៤ ស៊ត បួសជាព្រះសង្ឃនៅវត្តគៀនជ្រៃ ហើយប៉ុន្មានខែក្រោយមក ក៏លាចាកសិក្ខាបទដើម្បីព្យាបាលជំងឺ។ នៅពេលនោះ ស៊ត មានអាយុ១៦ឆ្នាំ។ នៅឆ្នាំ១៩៦៩ ស៊ត រៀបការប្រពន្ធ និងមានកូនស្រីម្នាក់ ប៉ុន្តែជាអកុសលកូនស្រីនោះស្លាប់បន្ទាប់ពីកើតបានប៉ុន្មានខែតែប៉ុណ្ណោះ។
នៅចុងឆ្នាំ១៩៧០ កងទ័ពរំដោះខ្មែរក្រហមចូលមកដល់ភូមិរអាងលើ។ នៅពេលនោះ កងទ័ពរំដោះខ្មែរក្រហមមានចំនួន១០នាក់ ដើម្បីមកស៊ើបការណ៍នៅក្នុងមូលដ្ឋានអំពីទាហានលន់ នល់។ សមមិត្ត ឌី និងសមមិត្ត វ៉នគឺជាប្រធានកងទ័ពរំដោះខ្មែរក្រហម។
នៅឆ្នាំ១៩៧២ ទាហានលន់ នល់ បង្កើតបន្ទាយទាហានឈរជើងកំពង់ពពិល និងកងការពារស្វាយត្រាត ដើម្បីការពារអ្នកភូមិ ពីការវាយប្រហាររបស់កងទ័ពរំដោះខ្មែរក្រហម។ ស៊ត ត្រូវបានជ្រើសចូលក្នុងកងការពារស្វាយត្រាត នេះផងដែរ។ ប៉ុន្តែនៅឆ្នាំ១៩៧៣ លោក អ៊ិន តាំ ចៅហ្វាយខេត្តកំពង់ចាម ចេញនិន្នាការប្រមូលអាវុធពីកងការពារភូមិវិញ ដោយសារតែមានការព្រួយបារម្ភអំពីអ្នកភូមិចូលរួមជាមួយកងទ័ពរំដោះប្រឆាំងទាហានលន់ នល់។ នៅចន្លោះឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ភូមិកំណើតរបស់ស៊ត ត្រូវបានរំដោះដោយកងទ័ពរំដោះខ្មែរក្រហម។ ស៊ត និងគ្រួសារ ត្រូវបានផ្លាស់ទៅរស់នៅ និងធ្វើស្រែនៅលើភ្នំកោះត្រែងនិងបន្តទៅល្ពាក។
នៅឆ្នាំ១៩៧៥ ស៊ត និងគ្រួសារ ត្រូវបានបញ្ជូនមកភូមិវិញ។ មិនយូរប៉ុន្មានផង ស៊ត ត្រូវបានចាត់តាំងទៅធ្វើការនៅកងចល័តសហករណ៍។ ចាប់តាំងពីពេលនោះមក ស៊ត រស់នៅបែកពីគ្រួសារ។ នៅពេលដែលខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសនៅខែមេសា ឆ្នាំ១៩៧៥ ប្រជាជនមកពីភ្នំពេញ និងទីរួមខេត្តកំពង់ចាម ត្រូវបានជម្លៀស និងដើរឆ្លងកាត់ភូមិរបស់ស៊ត។ ខ្មែរក្រហមបង្កើតឡើងការបែងចែកវណ្ណៈថ្មី២គឺ«ប្រជាជនមូលដ្ឋាន»និង«ប្រជាជនថ្មី»។[1]
ស៊ត បានដឹងអំពីការបែងចែកប្រជាជនដោយអង្គការផងដែរ និងពន្យល់បន្ថែមអំពីការបែងចែកក្រុមប្រជាជននៅមូលដ្ឋាន រួមមាន៖
ក្រុមទី១ គឺជាប្រជាជនចាស់ (ហៅថាពួកប្រជាជន៧០) ដែលត្រូវបានកងទ័ពរំដោះខ្មែរក្រហមរំដោះចាប់តាំងពីឆ្នាំ១៩៧០។
ក្រុមទី២ គឺជាប្រជាជនកណ្ដាល (ហៅថា ពួកប្រជាជន៧៣) ដែលត្រូវបានកងទ័ពរំដោះខ្មែរក្រហមរំដោះនៅឆ្នាំ១៩៧៣។
ក្រុមទី៣ គឺជាប្រជាជនថ្មី (ហៅថាពួកប្រជាជន៧៥) ដែលត្រូវបានកងទ័ពរំដោះខ្មែរក្រហមជម្លៀសមកភូមិ និងត្រូវបានសម្លាប់ច្រើនជាងគេ។ មិនមានប្រជាជន៧៥ មកពីទីក្រុងភ្នំពេញនោះទេ គឺមានតែប្រជាជនមកពីទីរួមខេត្តកំពង់ចាម។[2]
ក្នុងចំណោមក្រុមប្រជាជនទាំងនេះ ប្រជាជនថ្មី (ពួកប្រជាជន៧៥) ទទួលរងគ្រោះខ្លាំងជាងគេ គឺត្រូវបានសម្លាប់ជាបន្តបន្ទាប់។ ការសម្លាប់ប្រជាជនថ្មី កើតឡើងកាន់តែខ្លាំងឡើងៗ គឺនៅពេលដែលកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចូលមកគ្រប់គ្រងនៅឆ្នាំ១៩៧៧ ដើម្បីអនុវត្តគោលនយោបាយបន្សុទ្ធកម្ម។[3] មេភូមិរអាងលើ រួមមាន សមមិត្ត សុភុន និងសមមិត្ត សុភី ត្រូវបានសម្លាប់ក្នុងអំឡុងពេលនេះដែរ។ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី ចូលមកកាន់តែច្រើនឡើង និងបន្តតាមចាប់ប្រធានកង និងមេភូមិចាស់យកទៅសម្លាប់ចោល។ សមមិត្ត ផា គឺជាអ្នកមើលទៅការតាមចាប់សម្លាប់ប្រជាជន នៅមូលដ្ឋានឃុំរអាង។
ក្រោយមកទៀត សមមត្តិ ផា ត្រូវបានផ្លាស់ចេញនិងជំនួសដោយសមមិត្ត ឡេង ដែលមកពីភូមិភាគនិរតីដូចគ្នាដែរ។ សមមត្តិ ឡេង គឺមានចរិតស្លូត។ នៅពេលដែលគាត់គ្រប់គ្រង ការកាប់សម្លាប់មិនសូវកើតឡើងនោះទេ។ នៅឆ្នាំ១៩៧៩ ស៊ត ឃើញកងទ័ពខ្មែរក្រហម ដែលចាញ់សង្រ្គាម បានបោះកំាភ្លើងចោល និងខ្លះទៀតបានរត់ភៀសខ្លួនទៅទិសខាងលិច៕
ដោយ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
[1] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេនដល័រ, គ្រីស្ដូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅប្រទេសកម្ពុជា ឆ្នាំ២០២០), ទំព័រ៤០-៤១
[2] គា ស៊ត, «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម», សម្ភាសន៍ដោយ ស៊ាង ចិន្ដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[3] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេនដល័រ, គ្រីស្ដូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅប្រទេសកម្ពុជា ឆ្នាំ២០២០), ទំព័រ៤៨-៥៨០