គា យ៉េប ៖ ម្តាយខ្ញុំស្លាប់ដោយសារអត់អាហារនៅក្នុងជំនាន់ខ្មែរក្រហម

គំនរលលាដ៍ក្បាល និងឆ្អឺងជនរងគ្រោះនៃរបបខ្មែរក្រហម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

គា​ យ៉េប[1] ភេទ​ស្រី​ អាយុ​៧៣ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ក្នុងភូមិ​ផ្អាវ​ ស្រុក​អន្លង់​វែង​ ​ខេត្ត​ឧត្តរ​មាន​ជ័យ​។ យ៉េប​ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​យាង​ត្បូង​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។

យ៉េប បាននិយាយថា៖ “កាល​ពី​កុមារ​ភាព ​ខ្ញុំ​មិន​បាន​រៀន​សូត្រ​ឡើយ​​ ព្រោះ​គ្រួសារ​ខ្ញុំ​មាន​ជីវភាព​ខ្វះ​ខាត​។​ ខ្ញុំ​ មាន​បង​ប្អូន​បង្កើត​​ចំនួន​៣នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​ពីរ​នៅ​ក្នុង​គ្រួសារ​។​ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ ​មិន​ទាន់​មាន​សាលា​រៀននៅ​ឡើយ​​ទេ ព្រោះ​​ស្ថាន​ភាពភូមិ​របស់​ខ្ញុំ​សុទ្ធ​តែ​ព្រៃ​ និង​ដាច់​ស្រយាល​ខ្លាំង​។​ ឪពុក​ម្ដាយ​​ខ្ញុំ​ ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ ​ដើម្បី​ចិញ្ចឹម​ជី​វិត​។​ ​​​​​​​ការ​រស់​នៅ​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​ គឺ​ប្រជាជន​នៅ​ទី​នេះ​មានជីវភាព​​ក្រី​ក្រ​ រួម​ទាំង​ជួប​នូវ​ទុក្ខ​លំបាក​ជា​ច្រើន​ ដោយ​សារ​នៅ​សម័យ​នោះ​មិន​ទាន់​មាន​សម្បូរ​ឧបករណ៍ ឬ​គ្រឿង​ចក្រ​​ប្រើ​ប្រាស់គ្រប់​គ្រាន់​​នោះ​ទេ​។​ ​ជំនាន់​នោះ​ ​ប្រជាជន​​ភាគ​ច្រើន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ ឬ​បររទេះ​គោ​សម្រាប់ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​។​

កាល​ណោះ​ ​ភូមិ​ផ្អាវ​មិនសូវ​​​មាន​ប្រជាជន​រស់​នៅ​ច្រើន​ប៉ុន្មាន​នោះ​ទេ​ គឺមាន​តែ​បង​ប្អូន​ជីដូន​ជីតា​ដែល​ជា​ម្ចាស់​ស្រុក​នៅ​តាំង​ពីយូ​រ​យាមក​ហើយ​។​ នៅ​ពេល​មាន​បុណ្យ​ទាន​ម្ដងៗ​ ខ្ញុំ​ រួម​ទាំង​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ភូមិ​ផ្អាវ មាន​​ស្រី​មាន​​ប្រុស​​​ តែង​តែនាំ​គ្នា​​ដើរពី​ភូមិ​ផ្អាវ​មក​​ស្រុក​អន្លង់​វែង ​ដើម្បី​ទិញ​សម្លៀក​បំពាក់​ រួម​ទាំង​អំបិល​ ស្ករ​ ប៊ី​ចេង​ និង​គ្រឿង​បរិ​ភោគ​មួយ​ចំនួន​ទៀត​​ សម្រាប់​រៀប​ចំ​កម្ម​វិធី​​។​ រី​ឯ​ នៅ​រដូវ​ចូល​ឆ្នាំ​ ប្រជាជន​នៅ​ក្នុង​ភូមិ​ខ្ញុំ​ បបួល​គ្នា​មក​កំសាន្ត​​បុណ្យ​ចូល​ឆ្នាំ​នៅ​ក្នុង​ស្រុក​អន្លង់​វែង​រយៈ​ពេល​២ទៅ​៣​ថ្ងៃ​ទើប​ត្រលប់​ទៅ​ភូមិ​ស្ថាន​វិញ​​។​ ការ​ធ្វើ​ដំណើរ​នាពេល​នោះ​ ខ្ញុំនិង​ប្រជាជន​គ្មាន​ការ​បារម្ភ​រឿង​ចាប់​ជំរិត​ ឬជួប​ចោរ​ប្លន់​នោះទេ។​ ​ ប្រជាជន​ខ្លាច​តែ​ម្យ៉ាងទេ ​គឺ​ខ្លាច​ដើរ​ជួប​ហ្វូង​សត្វ​ខ្លា​និង​ដំរី​ ដែល​តែង​តែ​ដើរ​ឆ្លង​កាត់​ផ្លូវ។​ ​

នៅ​ក្នុង​ឆ្នាំ​១៩៦៧​ ​ប្រជាជន​​ដែល​រស់​នៅ​ក្នុង​ភូមិ​ផ្អាវ និយម​​ដើរ​​បរ​បាញ់​សត្វ​ព្រៃ​ធ្វើ​ជា​អាហារ​។ នៅ​ជំនាន់​នោះ​ សម្បូរ​ម្ហូប​អាហារ​ត្រី​សាច់​ណាស់ ​មិន​ខ្វះ​ខាត​ទេ​។​​ ប្រជាជន​ ស្រឡាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន​បង្កើត​ និង​មាន​ការ​​ចែក​រំលែក​អាហារ​ហូប​ចុក​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​។​​ ចំពោះ​ការ​ធ្វើ​ស្រែ​ចម្ការ​ប្រជាជន​​ប្រើ​ប្រាស់​ឧបករណ៍ដូច​ជា​ ​​ចបកាប់​ ចប​ជីក ដើម្បី​ធ្វើ​ដី​ដាំ​ស្រូវ​ រួម​ទាំង​ដាំ​បន្លែ​ជា​ដើម​។​ នៅ​ពេល​មាន​កម្ម​វិធី​​រៀប​ការ​កូន​ប្រុស​កូន​ស្រី​នៅ​ក្នុង​ភូមិ​ គឺ​មិន​មាន​ការ​រៀប​ចំ​អ្វី​ធំ​ដុំ​ឡើយ។​ ចាស់ៗ​ធ្វើ​ពិធី​សែន​ផ្ទឹម​​ប្រាប់​ដូន​តា​​ និង​មាន​ការ​ចង​ដៃសង្កត់​ព្រលឹងកូន​ប្រុស​ស្រី​ ចាត់​ទុក​ជា​ការ​រួច​រាល់​ក្នុង​ពិធី​រៀប​ការ​។​

ក្នុង​ចន្លោះឆ្នាំ​​​១៩៧២ ដល់ឆ្នាំ​​១៩៧៣​ មាន​ការ​ទម្លាក់​គ្រាប់​បែក​នៅ​ក្នុង​ភូមិ​ត្រពាំង​ល្បើក​​ ធ្វើ​ឲ្យ​ប្រជាជន​នៅ​ភូមិ​ក្បែរៗ​គ្នា​ រត់​គេច​ខ្លួន​ទាំង​អស់​។​ កាល​ណោះ​ គ្រួសារ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​រត់​គេច​ខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ មិន​ហ៊ាន​ត្រលប់​ចូល​ក្នុង​ភូមិ​វិញ​ឡើយ​​។​ រហូត​ដល់​ដើម​ឆ្នាំ​១៩៧៤​ ខ្មែរ​ក្រហម​បាន​ចូល​មក​ដល់​ក្នុង​ស្រុក​អន្លង់​វែង​ និង​បាន​ប្រមូល​ប្រជាជន​គ្រប់​ភូមិ​​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ទាំង​អស់​ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​គ្នា​។​ អ្នកភូមិ​ដែល​ត្រូវ​ចាក​ចេញ​​ទៅ​រស់​នៅ​ក្នុង​ព្រៃ​ជា​មួយ​ខ្មែរ​ក្រហម​ រួមមាន​ភូមិ​ផ្អាវ,​ ​ឬស្សី,​ រំចេក,​​ តា​ដេវ​, លំទង,​ អន្លង់​វែង​ និង​ត្រពាំង​តាវ​។​ ​

អំឡុង​ពេល​នោះ​ ខ្ញុំ​រៀប​ការ​ និង​មាន​ផ្ទៃ​ពោះ​ប្រាំ​ខែ​ទៅ​ហើយ​។​ បន្ទាប់​ពី​ខ្ញុំ​រស់​នៅ​ក្នុង​ព្រៃ​បាន​មួយ​រយៈ​ ខ្មែរ​ក្រហម​ក៏​ជម្លៀស​ប្រជាជន​​ដែល​ប្រមូល​បាន​ទាំង​អស់​​ឲ្យធ្វើ​ដំណើរ​ទៅកាន់​​ស្រុក​ក្រឡាញ់​ ក្នុង​ទឹក​ដី​ខេត្ត​​សៀម​រាប​។​ នៅ​ពេលដែលខ្ញុំ​បាន​​​ទៅ​ដល់​ទី​នោះ​​ ខ្ញុំ​ក៏​បន្ត​រស់​នៅ​​រហូត​ដល់​កូន​ខ្ញុំ​មាន​អាយុ​ពីរ​ខួប ​ទើប​ខ្មែរ​ក្រហម​បញ្ជូន​​​ខ្ញុំ​ទៅ​ធ្វើ​ស្រូវ​​វស្សា និង​ស្រូវ​ប្រាំង​​។ ចំណែក​ឯការ​រស់​នៅពេល​នោះ ​​យើង​នៅ​ជា​សហករណ៍​ហូប​រួម​​ ប៉ុន្តែ​​​ស្នាក់​នៅ​ផ្ទះ​ដាច់ៗ​ពី​គ្នា​។​ ​​

ការ​ងារ​នៅ​អំឡុង​ពេល​នោះ​ ស្រី​ៗ​ត្រូវ​ទៅ​ធ្វើ​ការ​លើក​ទំនប់​ជីក​ប្រឡាយ​នៅ​ស្ពាន​ស្រែង​ ចំណែក​ឯ​បុរស​ ត្រូវ​ទៅ​ភ្ជួរ​រាស់​ និង​ចូល​ជា​កង​ទ័ព​។​ ​ កាល​ណោះ ​ប្ដី​ខ្ញុំ​មិន​បាន​នៅ​ជាប់​ជា​មួយ​ខ្ញុំ​ឡើយ​ គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សមរភូមិ​មុខ​។​ ចំពោះ ​ការ​ហូប​ចុក​ មាន​ការ​ខ្វះ​ខាត​ជា​ខ្លាំង។​ ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​ទទួល​បាន​បបរ​ចំនួន​ពីរ​កូន​ចាន​តែ​ប៉ុណ្ណោះ​។​ ខ្ញុំ​ទទួល​បាន​បបរ​ហូប​នៅ​ពេល​ព្រឹក​មុន​ចេញ​ទៅ​ធ្វើ​ការ​ និង​នៅ​ពេលរសៀល​បន្ទាប់​ពី​បញ្ចប់​ការ​ងារ​នៅ​ការដ្ឋាន​។​​​ ម្ដាយ​​ខ្ញុំ​ ​បាន​ស្លាប់​​នៅ​ក្នុង​ស្រុក​ក្រឡាញ់​ ​ដោយ​សារ​ខ្វះ​ខាត​អាហារ​ហូប​ចុក​។​

រហូត​ដល់​ឆ្នាំ​១៩៧៩​ នៅ​ពេល​ដែល​កង​កម្លាំង​រដ្ឋា​ភិបាល​កម្ពុជា​ រួម​ជា​មួយ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​កម្ពុជា​បាន​វាយ​ចូល​មក​រំដោះ​ដល់​ស្រុក​ក្រឡាញ់​ ខ្ញុំ​​បាន​រត់​ទៅ​បៃតាប់​ជា​មួយ​ប្រជាជន​ជា​ច្រើន​នាក់​ផ្សេង​ទៀត​។​ ចំណែក​ឯ​ប្រជាជន​មួយ​ចំនួន​ធំ ​បាន​រត់​ភៀស​ខ្លួនទៅ​តាម​កង​ទ័ព​ខ្មែរ​ក្រហម​ឡើង​ទៅ​លើ​ភ្នំ​ដង​រែក​។​ អំឡុង​ពេល​នោះ ​ខ្ញុំ​បាន​បែក​ពី​ប្ដី​របស់​ខ្ញុំ​ ដោយ​គាត់​បាន​បាត់​ខ្លួន ​គ្មាន​ដំណឹង​ទាល់​តែ​សោះ​។​ លុះ​ក្រោយ​មក​ ទើប​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា​ប្ដី​ខ្ញុំ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។​​ ខ្ញុំ​ក៏​បាន​បន្ត​រស់​នៅ​បៃតាប់​ រហូត​ដល់​ឆ្នាំ​១៩៩៨។​ នៅ​ពេល​តំបន់​អន្លង់​វែង ​បាន​ធ្វើ​សមាហរណកម្ម​បញ្ចប់​សង្គ្រាម ​ទើប​ខ្ញុំ​ធ្វើ​ដំណើរ​មក​កាន់​ភូមិ​យាង​ត្បូង​ ដើម្បី​ស្វែង​រក​លំនៅ​ស្ថាន​ និង​ដី​ធ្លី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​៕”

អត្ថបទដោយ មេក វិន


[1] មេក វិន សម្ភាសន៍ គា យ៉េប នៅក្នុងភូមិយាង​ត្បូង ឃុំអន្លង់វែង ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ​ នៅ​ក្នុង​ឆ្នាំ​២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin