កែន សុផល ៖ ឈប់រៀនដោយសារចង់ទៅហ្វឹកហាត់ទាហាននៅឥណ្ឌូណេស៊ី

ខ្ញុំឈ្មោះ កែន សុផល[1] កើតនៅឆ្នាំ១៩៥១ នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សព្វថ្ងៃខ្ញុំរស់នៅភូមិឃុំដដែល។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំគឺកូនច្បងនៅក្នុងគ្រួសារ។ ឪពុកខ្ញុំគឺជាទាហានប្រចាំការនៅបន្ទាយក្នុងខេត្តកំពង់ឆ្នាំង ហើយម្តាយគឺជាមេផ្ទះ។ ឪពុកខ្ញុំកាចណាស់ នៅពេលខ្ញុំរៀនមិនចេះ គាត់តែងវាយខ្ញុំនិងឱ្យខ្ញុំទន្ទេញមេរៀនទាល់តែចេះចាំទើបគាត់ឈប់វាយ។ ក្រោយមកឪពុកពុករបស់ខ្ញុំបានយកម្តាយខ្ញុំ និងប្អូនៗខ្ញុំទៅរស់នៅខេត្តកំពង់ឆ្នាំងទាំងអស់ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះរស់នៅជាមួយអ៊ំពូមីងនៅស្រុកកំណើត។ ខ្ញុំបានរៀនរហូតដល់ថ្នាក់ទី៤ (សង្គមចាស់) នៅឆ្នាំ១៩៧១ ក៏ឈប់រៀន និងស្ម័គ្រចិត្តចុះឈ្មោះចូលធ្វើទាហានសាធារណរដ្ឋខ្មែររបស់ លន់ នល់ ព្រោះខាងកងទ័ពបានប្រកាសថានឹងបញ្ជូនអ្នកចុះឈ្មោះធ្វើទាហានទៅហ្វឹកហាត់នៅប្រទេសឥណ្ឌូនេស៊ី ហើយពេលនោះខ្ញុំក៏ចង់ទៅហ្វឹកហាត់នៅក្រៅប្រទេសដែរ។ ពេលខ្ញុំចេញពីរៀន គឺមានរថយន្ត១២បាំង រង់ចាំដឹកខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំនៅក្នុងថ្នាក់ឆ្ពោះទៅភ្នំពេញតែម្តង។ អ្នកបើករថយន្តបានដឹកខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំទៅដាក់នៅសាលាទាហាន រួចហើយចាក់សោររបងមិនឱ្យខ្ញុំដើរទៅណាឡើយ។ ខ្ញុំហ្វឹកហាត់ក្បួនយុទ្ធសាស្រ្តយោធានៅភ្នំពេញរហូតដល់ឆ្នាំ១៩៧២ ទើបត្រឡប់មកខេត្តស្វាយរៀងវិញ។ អំឡុងពេលនោះ ខ្ញុំបានរៀបការប្រពន្ធ និងមិនត្រឡប់ទៅអង្គភាពទ័ពទេ។
ខ្ញុំបានរស់នៅជាមួយប្រពន្ធរបស់ខ្ញុំរហូតដល់កងទ័ពខ្មែរក្រហម វាយរំដោះបានខេត្តស្វាយរៀងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ពេលនោះខ្ញុំទទួលដំណឹងពីអ៊ំរបស់ខ្ញុំថា ឪពុករបស់ខ្ញុំបានស្លាប់ហើយព្រោះគាត់គឺជាទាហាន លន់ នល់ ដែលជាគោលដៅសម្លាប់របស់ខ្មែរក្រហម។ ចំណែកខ្ញុំ ខ្មែរក្រហមមិនដឹងថាធ្លាប់បានចូលហ្វឹកហាត់ទាហានក្នុងរបប លន់ នល់ ទេ គឺគ្រាន់តែដឹងថាខ្ញុំធ្លាប់ជាសិស្ស។ នៅចុងឆ្នាំ១៩៧៥ ប្រធានសហករណ៍ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យទៅធ្វើការនៅខេត្តកំពង់ចាមរយៈពេលពីរឆ្នាំ ទើបបញ្ជូនខ្ញុំឱ្យមកជីកព្រែកតាស្អាង ស្ថិតនៅឃុំតាស្អាង ស្រុកស្វាយរៀង (បច្ចុប្បន្នស្រុកស្វាយជ្រំ) ខេត្តស្វាយរៀងវិញ។ ព្រែកនេះមានប្រវែង២០គីឡូម៉ែត្រ ដោយភ្ជាប់ជាមួយដៃព្រែកផ្សេងៗទៀត។ បន្ទាប់ពីជីកព្រែកតាស្អាងរួចរាល់ ប្រធានសហករណ៍បានផ្លាស់ខ្ញុំឱ្យមកធ្វើការ និងរស់នៅឃុំបាសាក់វិញ។ នៅទីនោះ ប្រធានសហករណ៍បានចាត់ខ្ញុំទៅលីជើងសសរកុដិពីមន្ទីរសន្តិសុខ ស្ថិតនៅក្នុងវត្តកោះ ភូមិតារាងបាល់ ឃុំគយត្របែក ស្រុកស្វាយរៀង មកទុកនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ព្រោះខ្មែរក្រហមបានប្តូរមន្ទីរសន្តិសុខពីវត្តកោះទៅដាក់នៅឃុំតាសួស ក្នុងស្រុកស្វាយរៀងហើយ ចំណែកព្រះវិហារវត្តកោះត្រូងកងសន្តិសុខខ្មែរក្រហមវាយកម្ទេចចោលគ្មានសល់ឡើយ។ ពេលនោះជើងសសរមួយដើម ត្រូវការមនុស្សពីរនាក់ដើម្បីលី ព្រោះជើងសសរធ្ងន់។ នៅអំឡុងពេលធ្វើការ ខ្ញុំប្រុងប្រយ័ត្នខ្លាំងណាស់ពិសេសការនិយាយស្តីដែលធ្វើឱ្យប៉ះពាល់ដល់អង្គការ ការធ្វេសប្រហែសពេលភ្ជួរស្រែដែលបណ្តាលឱ្យផាលមុតជើងគោជាដើម។ ប្រសិនបើនរណាម្នាក់បានប្រព្រឹត្តកំហុសទាំងនេះ នៅពេលប្រជុំប្រធានកងនឹងលើកឡើងដើម្បីឱ្យសមាជិកកងផ្សេងទៀតធ្វើការតិទៀន ហើយប្រសិនបើអ្នកនោះនៅតែប្រព្រឹត្តកំហុសដដែលៗទៀត ខ្មែរក្រហមនឹងហៅទៅរៀនសូត្រ ហើយបាត់ខ្លួនមិនខាន។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀសខ្ញុំពីស្រុកស្វាយជ្រំទៅជិះកប៉ាល់នៅអ្នកលឿង ក្នុងខេត្តព្រៃវែងបន្តទៅឈប់នៅទីក្រុងភ្នំពេញ។ បន្ទាប់មក ទើបខ្ញុំជិះរថភ្លើងទៅឈប់នៅចំណតរថភ្លើងស្វាយដូនកែវ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ ដំបូងខ្មែរក្រហមចាត់តាំងខ្ញុំឱ្យកាប់គាស់គល់ឈើធំៗនៅក្នុងព្រៃ ដើម្បីរានដីដាំស្រូវ និងដំណាំ ចំណែកប្រពន្ធរបស់ខ្ញុំនៅខាងក្រងស្បូវ។ ចំពោះរបបអាហារ ខ្ញុំទទួលបានតែបបរឈ្មោល (បបរខាប់) មួយឆ្នាំងលេខ៥ សម្រាប់សមាជិក១០នាក់ ហូបជាមួយសម្លល្ពៅ។ យើងបានដួសចែកគ្នាដោយក្នុងម្នាក់យើងទទួលបានបបរម្នាក់បន្តិចប៉ុណ្ណោះ ដូច្នេះខ្ញុំហូបមិនបានឆ្អែតទេ។ ដោយសារខ្វះខាតខ្លាំងពេក ពេលខ្ញុំចេញទៅការដ្ឋាននៅតាមវាលស្រែ ខ្ញុំបានលួចបេះស្លឹកស្តៅដែលកំពុងលាស់នៅអំឡុងខែតុលាមកលាយជាមួយបបរហូបបន្ថែម។ មានប្រជាជនមួយចំនួននៅក្នុងសហករណ៍ដែលស្រេកឃ្លានខ្លាំងពេក បានទៅបេះបន្លែ និងផ្លែឈើព្រៃយកមកហូបបណ្តាលឱ្យពុលរហូតដល់ស្លាប់ក៏មានដែរ។ នៅពេលឃើញសត្វជ្រូកព្រៃ ឈ្នូល ប្រើស ក្តាន់ញែង ម្តងៗ ខ្ញុំនិងសមាជិកនៅកងបាននាំគ្នាដេញវាយសម្លាប់យកមកធ្វើម្ហូប។
ការគ្រប់គ្រង និងដឹកនាំនៅសហករណ៍ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ពេលនោះតឹងតែងខ្លាំងណាស់ ព្រោះពេលប្រជាជនណាម្នាក់ប្រព្រឹត្តកំហុស ប្រធានខ្មែរក្រហមមិនបានហៅអ្នកនោះមកប្រជុំ អប់រំ និងណែនាំឡើយ គឺរាយការណ៍ទៅឈ្លបឱ្យយកអ្នកដែលបានប្រព្រឹត្តកំហុសនោះ រួមទាំងក្រុមគ្រួសារទៅសម្លាប់តែម្តង។ ថ្ងៃមួយពេលខ្ញុំកំពុងស្ទូងជាមួយបុរសម្នាក់នៅក្នុងកងចល័តជាមួយខ្ញុំនៅវាលស្រែ ស្រាប់តែប្រធានកងទាញដំបងគប់ទៅលើបុរសនោះដោយមិនបានប្រាប់ពីមូលហេតុ។ ខ្ញុំភ័យខ្លាចណាស់ពេលឃើញហេតុការណ៍នោះ។
ខ្ញុំចាំថា នៅដើមឆ្នាំ១៩៧៩ ប្រធានសហករណ៍បានចាត់ខ្ញុំឱ្យទៅជញ្ជូនស្រូវអង្ករនៅវាលស្រែទៅលាក់ទុកនៅក្នុងព្រៃ ដោយអនុញ្ញាតឱ្យខ្ញុំយកតែចានបាយ និងខោអាវតែមួយបង្វេចប៉ុណ្ណោះទៅជាមួយ។ ខ្ញុំដេកនៅរោងនៅវាលស្រែមួយយប់ដើម្បីចាំជញ្ជូនស្រូវ ដោយមានកងឈ្លបខ្មែរក្រហមនៅយាមព័ទ្ធជុំវិញ។ ខ្ញុំតក់ស្លុតខ្លាំងណាស់ ព្រោះគិតក្នុងចិត្តថាកងឈ្លបខ្មែរក្រហមនឹងបាញ់ខ្ញុំសម្លាប់ចោលមិនខាន។ សំណាងល្អ នៅថ្ងៃបន្ទាប់កងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាវាយចូលមកដល់សហករណ៍របស់ខ្ញុំធ្វើឱ្យកងឈ្លបខ្មែរក្រហមបានរត់គេចខ្លួនអស់ ចំណែកខ្ញុំបានរត់ភៀសខ្លួនឡើងទៅលើភ្នំ។ ក្រោយមក ទើបខ្ញុំធ្វើដំណើរមករស់នៅស្រុកពាមរក៍ ខេត្តព្រៃវែងមួយឆ្នាំ ដោយប្រកបរបរនេសាទត្រីដើម្បលក់ដូរចិញ្ចឹមជីវិត។ នៅឆ្នាំ១៩៨១ ខ្ញុំបានត្រឡប់មករស់នៅភូមិកំណើត នៅខេត្តស្វាយរៀងវិញ និងបានចូលធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍តារស់ ស្ថិតនៅក្នុងភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រហូតចូលនិវត្តន៍។
អត្ថបទដោយ សោម ប៊ុនថន
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរ, បទសម្ភាសន៍ សុខ ចន្រ្ទា ជាមួយ កែន សុផល រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។