កែវ បូរ៉ែន ភ្នាក់ងារសេ-អ៊ី-អា

ចម្លើយ​សារភាព​នេះ មាន​ទំនាក់ទំនង​នឹង​សកម្មភាព​ក្បត់របស់​ កែវ បូរ៉ែន ដែលមានសកម្មភាព​ក្បត់​​នឹង​​អង្គការ​បដិវត្ដន៍​ខ្មែរក្រហម​ ដូចជា ការចូល​នឹង​អង្គការ​មនុស្សធម៌នៅខែ​មេសា ឆ្នាំ​១៩៧០, ការ​ចូល​សមាគមន៍នៅខែ​វិច្ឆិកា ឆ្នាំ​១៩៧៣ និងការចូល ​សេ.អ៊ី.អា ​នៅខែ​សីហា ឆ្នាំ​១៩៧៤។ កែវ បូរ៉ែន បាន​រៀប​រាប់​​នៅក្នុង​ចម្លើយ​សារភាព​ថា៖

«ខ្ញុំឈ្មោះដើម​ កែវ[1] សុជាតិ ហៅបូរ៉ែន អាយុ២៧ឆ្នាំ (ឆ្នាំ​១៩៧៤)  ជនជាតិខ្មែរ មានទីកន្លែង​កំណើត​​នៅភូមិ​កំពង់តាជេស ឃុំ​កំពង់​ត្រឡាច ស្រុកកំពង់​ត្រឡាច ខេត្ដកំពង់ឆ្នាំង​។ ឪពុក​ទី១​របស់​ខ្ញុំ​ឈ្មោះ ​កែវ កន ចំណែកឯ​ឪពុកទី២​ឈ្មោះ លីឈាង(ធ្វើប៉ូលីស) ហើយម្ដាយ​របស់ខ្ញុំឈ្មោះ ហ៊ិន យឹម អាយុ​៥១ឆ្នាំ។ ខ្ញុំមាន​បងប្អូនចំនួន​៣នាក់។

ខ្ញុំបាន​ចូលក្នុង​តំបន់​រំដោះ​នៅក្នុង​ខែ​មេសា ឆ្នាំ​១៩៧៤ ដោយសារ​អង្គការ​ខ្មែរក្រហម​​ចាប់​ខ្លួន​។​ ដំបូង​ខ្ញុំរស់នៅក្នុងភូមិ​ត្រពាំ១ ឃុំ​ស្រែ​អំបិល​ ស្រុក​ស្រែ​អំបិល តំបន់​៣៧ ដោយមាន រ័ត្ន ជឹម មាននាទីជា​ប្រធា​ន​​សហករណ៍ជាអ្នកទទួល​ខុសត្រូវ​។ ក្រោយមក មិត្ដសិន មាននាទី​ជាគណៈអប់រំ​យុវជន​-យុវ​នារីតំបន់​៣៧ ជាអ្នកទទួលខុសត្រូវ​ក្នុង​កងចល័ត។ ចាប់តាំង​ពីរស់នៅក្នុង​តំបន់​រំដោះមក ខ្ញុំមាន​តួនាទី​ជា​អ្នក​តំណាងយុវជនថ្មី​ផង និង​ជាយុវជន​ចល័ត​ក្នុងតំបន់​៣៧ផង។​ ចរិក របស់ខ្ញុំពីដើមមក ចូល​ចិត្ដ​ស្រី​ស្រា​​ល្បែងពាលា និងសប្បាយ​ហ៊ឺហា។ បន្ទាប់មកទៀត ខ្ញុំក៏បាន​រត់ចេញ​ពី​កងចល័ត​ ហើយរត់ទៅដល់​ក្អោង ទើប​អង្គការ​ចាប់បានខ្លួន​បាន​។​ ប្រវត្ដិ​សកម្មភាព​នៃខ្សែសង្វាក់​ចាត់តាំង​នៅក្នុង​តំបន់​ខ្មាំង​ ដំបូង​​ខ្ញុំ​បាន​​​រស់​នៅ​ក្នុង​​វត្ដ​សួង​ ក្រោមការ​ដឹកនាំ​របស់​លោកតា​ ណែន។ តាណែន បាន​អប់រំ​យើង​ខ្ញុំអំពី​ធម៌ និង​បាលី តាមសមាគមន៍​ពុទ្ធិកមហានិកាយ​[2] ហើយណែនាំ ​ខ្ញុំ​ចេះ​សន្សំទ្រព្យ ជិះជាន់​ ឲ្យយល់ដឹង​ពីវណ្ណៈអធន និង​វណ្ណៈ​មូលធន ដើម្បីកេង​ប្រវ័ញ្ច​ពី​បុគ្គល​ជុំវិញខ្លួន​យកទៅចិញ្ចឹ​ម​គ្រួសារ​ និងបងប្អូន​។​

លុះដល់ឆ្នាំ​១៩៦៤ តាណែន បានបញ្ចូលខ្ញុំទៅក្នុង​សមាគមន៍​ពុទ្ធិកមហានិកាយ​។ កាល​ជំនាន់​នោះ តាណែន បាន​អូស​ទាញសមាជិកជាព្រះសង្ឃ​​​បាន​ចំនួន២៥នាក់​។ ក្រោយមកនៅឆ្នាំ​១៩៦៥ ខ្ញុំ​ក៏​បាន​​ដាច់​ចេញពី​សមាគមន៍​ពុទ្ធិកមហានិកាយ​​ដោយ​មានទំនាស់​ផ្ទៃក្នុង។ បន្ទាប់មក ឈ្មោះ សោម វណ្ណៈ បាន​​នាំ​​សមាជិកទាំង​២៥នាក់មករស់នៅ​ជាមួយ​ខ្លួន​វិញ​ ហើយបាន​អប់រំយើងទាំងអស់គ្នាឲ្យចូលក្នុង​ក្រុម​បញ្ញាវ័ន្ត​ធម្មយុទ្ធបាលី គឺសេរីតាម​ចិត្ដ​ចង់​ និងមាន​សិទ្ធិ​ស្មើៗ​គ្នា​នៅក្នុង​ឆ្នាំ​ដដែលនោះ​។ លុះដល់ឆ្នាំ​១៩៦៨ ខ្ញុំក៏បាន​សឹកមកវិញ​ដើម្បីធ្វើការ​ងារ​ធម្មតា​ដូចប្រជាជន​ដទៃទៀត​ដែរ។​

រហូត​ដល់ខែឧសភា ​ឆ្នាំ​១៩៧០​ ខ្ញុំបាន​ទាក់ទង​ជាមួយ​ ពត សួន​ មាននាទីជា​វរសេនីយ៍ទោ សក្ដិ​បួន​កន្លះ​ ហើយបុគ្គលរូប​នេះបាន​អប់រំខ្ញុំ​ឲ្យ​ប្រឆាំង​នឹង​របប​កុម្មុយ​នីស្ដ​ ប្រឆាំង​នឹង​បដិវត្ដន៍​ដាច់ខាត​ ដោយ​បង្ហាញ​​ឲ្យ​ឃើញ​បដិវត្ដន៍ដោយ​គ្មាន​ព្រះ​ពុទ្ធ​សាសនា​ គ្មាន​ទីកន្លែង​រស់នៅ​ និងគ្មានយុត្ដិ​ធម៌​ពិត​ប្រាកដ​ឡើយ​ ដោយបានណែនាំ​ឲ្យខ្ញុំ​ចូលក្នុង​អង្គការ​មនុស្សធម៌[3]​ ដោយបង្ហាញ​ឲ្យខ្ញុំ​ឃើញថា​ សង្គមនេះ​​មាន​ព្រះ​ពុទ្ធ​​សាសនា​ យុត្ដិ​ធម៌ រុងរឿង​ រស់នៅសម្បូរ​សប្បា​យ​ ចង់ធ្វើ​អ្វី​បាន​ទាំងអស់​ នាំយើងខ្ញុំដើរ​ពង្វក់​ស្រី​ស្រា​ល្បែង​​ពាលា​គ្រប់បែប​យ៉ាង​ដោយមិន​ឲ្យ​មើល​ឃើញ​វណ្ណៈ​ក្រីក្រ​ឡើយ​។

ក្នុងចំណោម​សមាជិក​​​​​​ទាំ​​ង​​១៥០នាក់ ខ្ញុំស្គាល់តែ​៨នាក់ប៉ុណ្ណោះ ដោយរួមមាន​អ្នកបើកឡាន  អ្នក​កាន់​កាប់ខាង​បន្លែ​ និង​អង្ករ។​  នៅក្នុង​អង្គការ​មនុស្សធម៌​ យើងទទួលជ្រួត​ជ្រាប​ពី​ផែនការ​សំខាន់​ៗ​អំពីការ​ឃោសនា​​​អូសទាញ​ប្រជាជន​ឲ្យដើរ​តាម​បក្ស​សាធារណៈ​រដ្ឋ​ ដើរតាមគោលនយោបាយ ដឹកបន្លែ ដឹក​អង្ករ​ចែក​​ចាយ​​តាមជំរំ​ជនភៀស​​ខ្លួន​ និងធ្វើនយោបាយ​ប្រមូលជនភៀស​ខ្លួន ឬជន​ក្រីក្រ​ដែលនៅតាម​ទី​ជនបទ​ឲ្យ​ចូល​​រស់នៅ​ក្នុង​ជំរំ​ដែលមាន​ប្រចាំ​នៅអូរ​បែក​ក្អម​ ដើរបាក់​ត្រាក់[4]នៅទីក្រុង​ភ្នំពេញ​ និងតាមទីជន​បទ​។ យ៉ាង​ណា​មិញ ចំពោះសកម្មភាព​ជាក់ស្ដែង​របស់ខ្ញុំ​​ គឺដឹកបន្លែ​ចែកតាម​ជំរំជនភៀស​ខ្លួន​ ដើម្បី​ធ្វើ​នយោបាយ​​បោក​ប្រាស់​ឲ្យ​ខ្មែរក្រហម​ចុះ​ចូល​ ឬបង្ហាញ​ខ្លួន​នៅតាម​ជំរំ​ជាប្រចាំ​ថ្ងៃ​ ដើរឃោស​នា​​ឲ្យ​ជន​ភៀស​ខ្លួន​តាមជំរំ​ ឬនៅតាមទី​ជនបទ​ប្រឆាំង​នឹង​ខ្មែរក្រហម​​ និងយួនយៀកកុង​ដាច់ខាត​ ព្រម​ទាំ​ង​​បើក​ឡាន​​ទៅ​​ដឹ​ក​​ខ្មែរក្រហម​​ដែលទាហាន​​ចាប់​បាន​​យក​​ដាក់​គុក​។

ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​បន្ដ​បន្ទាប់មក​ នៅក្នុងខែវិច្ឆិកា ឆ្នាំ​១៩៧៣ ខ្ញុំបាន​ទៅរស់នៅ​ជាមួយ គឹង សាម៉ន មាននាទី​ជាវរសេនីយ៍ឯក​ដោយមុនពេលរំដោះ​រស់នៅក្នុង​ខេត្ដឧត្ដរមានជ័យ។​ នៅក្នុង​ឆ្នាំ​ដដែល​នោះ ខ្ញុំក៏បាន​ដាច់ចេញពី​ខ្សែរយៈ​អង្គការ​មនុស្សធម៌[5]។ ក្រោយមកទៀត គឹង សាម៉ន បាន​បញ្ជូន​ខ្ញុំ​ឲ្យ​​ទៅ​រស់នៅ​ក្នុងសមាគម​អភិវឌ្ឍន៍​សហគមន៍​ ដោយសារ​ខ្លួន​បានដឹង​ថា ខ្ញុំធ្លាប់ធ្វើការនៅក្នុង​អង្គការ​មនុស្ស​ធម៌​ស្រាប់​។ នៅក្នុងសមាគមនេះមានគ្នាចំនួន​១២នាក់​ ដែលសុទ្ធសឹង​ជាសមាជិក​សាលា​​ខេត្ដ​ឧត្ដរ​មាន​ជ័យ អនុសេនីយ៍ត្រី និងព្រិន្ទបាល​ឯក​។ ផែនការរបស់យើងនៅពេលនោះ គឺបង្កើត​ជាល្ខោន​នយោបាយ​ ដើម្បីពន្យល់ណែនាំ​ប្រជាជន​ឲ្យប្រឆាំង​នឹង​ខ្មែរក្រហមដាច់ខាត​, ដើរធ្វើ​កូដកម្ម​នៅពេល​យប់​ ដោយ​ឲ្យ​ប្រជាជន​មកទស្សនា​ល្ខោន​នយោបាយ​ ហើយកម្លាំងរបស់ខ្លួន​ដើរលួចរបស់​របរ​នៅតាមភូមិដូចជា មាន់ ទា ជ្រូក ​ដុតផ្ទះ​ប្រជាជន​ចោល បន្ទាប់មកក៏​បង្វែង​ដាន​ថាជា​ខ្មែរក្រហម​​ និង​ដើរ​ចល័តឲ្យ​ជាប់​នៅក្នុង​ចំណោម​​ប្រជាជន​ថាប្រជាជន​ណាខ្លះ​លួចជេរ ឬដៀល​អ្នកសម្ដែង​ល្ខោន​ ប្រសិនបើមាន​យើង​នឹង​ចាប់យក​ឃុំ​ឃាំង​ ហើយឲ្យ​ឪពុកម្ដាយ​យកប្រាក់មកលោះ។ ប្រសិនបើមិនមាន​ប្រាក់ទេនឹង​សម្លាប់ចោល ហើយ​ចោទ​ថា​បានចូលដៃ​ចូលជើងជាមួយខ្មែរក្រហម។​

ក្រោយមកនៅក្នុងខែ​សីហា ឆ្នាំ​១៩៧៤ ​ខ្ញុំក៏បានចូល​ សេ.អ៊ី.អា​ តាមរយៈ លី ឆៀង​ចេក​ នាទី​វរៈ​សេនីយទោ សក្ដិ៤កន្លះ បន្ទាប់ពីបានជម្លៀស​យើង​ខ្ញុំទៅកាន់​កំពង់សីលា នៅត្រង់​ស្ថានទូតក្នុងក្រុង​កំពង់​សោម​។ នៅក្នុងចំណោម​សមាជិកទាំង​៣០នាក់​របស់យើងខ្ញុំ​ ក្នុងនោះ ដែន ជាភ្នាក់ងារ​ សេ.អ៊ី.អា ក៏​បាន​ដាក់​ចេញ​នូវផែន​ការ​ឲ្យយើងបែកគ្នា​ពីក្រុងកំពង់សោម​ទៅជួបជុំគ្នានៅ​ទួល​កន្សែង ឬស្រុក​ស្រែ​អំបិល​ បន្ទាប់​​មកយើងក៏បាន​ទាក់ទង​ជាមួយ ចន្ទរង្សី (ផ្កាយបួន) នៅខាងលិចពេជ្រនិល​ ដើម្បី​ជម្រុញឲ្យកងទ័ព​ដាច់​​ខាត​របស់យើ​ងទម្លាក់អាវុធ​ចុះ​ចាញ់​កងទ័ព​បដិវត្ដន៍​ឡើយ​។ ចំណែកអាវុធ និងវិទ្យុ​នៅសេសសល់​ត្រូវ​ទាក់ទង​​អគ្គលេខាធិកា​រ សេ.អ៊ី​.អា  កប៉ាល់ទឹកនៅម៉ាយ៉ាហ្គេស ​ ដើម្បីមក​ទទួល​នៅមុខ​ពាម​ស្រែ​អំបិល​។ ចំពោះ​ស្បៀង​ អង្ករ សាច់កំប៉ុង​ ត្រី​ដែលយន្ដ​ហោះទម្លាក់​នៅខាង​ជើង​ភ្នំ​សីលាត្រូវប្រមូល​ទុក ព្រមទាំង​ប្រមូល​កម្លាំង​ជុំគ្នា​លើសពី​៥០០នាក់​បកក្បាលវាយ​កម្លាំង​បដិវត្ដន៍​នៅក្រុង​កំពង់​សោម​​ ដោយមាន​យន្ដ​ហោះ​ចម្បាំង​អេហ្វ១១១ ណុសេ១៣០ តេ២៨ចំនួន​១៥គ្រឿង និងកប៉ាល់ទឹ​ក​មួយចំនួន​សម្រាប់ជួយ​អន្ដរាគមន៍​។ កម្លាំង​សេ.អ៊ី.អា ទាំងអស់មានបំណងបំផ្លាញកម្លាំង​បដិវត្ដន៍​ប្រមាណពី១០ទៅ​១៥ភាគ​រយ​ដែរ​មុន​នឹង​ត្រៀម​រត់ទៅ​ស្រុកសៀម​​។

ទោះជាយ៉ាងនេះក្ដី ខ្ញុំបានផ្អាកសកម្មភាព​ចាប់តាំងពី​ភ្នាក់ងារ សេ.អ៊ី.អា បានដាក់ផែនការមក រហូត​ដល់​ខែ​មេសា ឆ្នាំ​១៩៧៥​ ទើបខ្ញុំ​ធ្វើសកម្មភាពបន្ដ ដោយសារ​សុខភាពមិនអំណោយផល។​ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​១៩៧៧ ទើបខ្ញុំត្រូវ​បាន​អង្គការ​បដិវត្ដន៍​ខ្មែរក្រហមចាប់ខ្លួន​ និងសួរចម្លើយ​ដូច​រៀប​រាប់​ខាងលើនេះ»៕

សរសេរដោយ សួត វិចិត្រ


ឯកសារយោង

[1] ឯកសារចម្លើយសាររបស់ កែវ បូរ៉ែន លេខJ00209 នៅក្នុងបណ្ណសារ របស់​មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ បញ្ជាក់៖ ចម្លើយសារភាព​មិនត្រូវបាន​ចាត់ទុកថា​ត្រឹមត្រូវ​ទាំងស្រុង​ទេ ដោយសារតែ​ជាចម្លើយ​ដែលកើតចេញពី​អំពើ​ទារុណកម្ម។

[2] នៅក្នុង​កំណត់ហេតុ​ដែលធ្វើឡើង​ដោយខ្មែរក្រហមបញ្ជាក់ថា សមាគមន៍​ពុទ្ធិកមហានិកាយ​ គឺបង្កើតឡើង​ដើម្បីប្រឆាំង​នឹងរបប​កុម្មុយនីស្ដ​ និងបក្សក្រហមដាច់ខាត។​

[3] អង្គការ​មនុស្សធម៌នេះ ប្រឆាំង​នឹងបដិវត្ដន៍​ខ្មែរក្រហមដាច់ខាត ដែលមានគ្នាចំនួន​១៥០នាក់ នៅត្រង់​ចំណុចអូរបែក​ក្អម ស្ទឹងមានជ័យ​ ទីក្រុងភ្នំពេញ។

[4] ការបាចត្រាក់មាន​ន័យថា ប្រសិនបើបាច​ក្នុងទីក្រុងភ្នំពេញ​មានបំណង​ចងឲ្យ​ធ្វើទាហាន ហើយបើបាច​នៅទី​ជនបទ​បានន័យថា គឺការធ្វើវិទ្ធង្សនាថាខ្មែរក្រហម​ចូលមកលួច​ ឬមកវាយនៅថ្ងៃនេះ ឬថ្ងៃនោះ។

[5] អង្គការ​សមាគមអភិវឌ្ឍន៍សហគមន៍ គឺទាក់ទងនឹង​ព្រះពុទ្ធ​សាសនា​ ដើម្បីប្រឆាំងនឹង​របប​កុម្មុយនីស្ដ​ និងបក្សក្រហមដាច់ខាត។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin