កូន១១នាក់ស្លាប់នៅបាត់ដំបង
(ស្វាយរៀង) ៖ កែវ អ៊ិន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៨១ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ អ៊ិន បានរៀបការក្នុងសម័យសង្គមរាស្រ្តនិយម និងមានកូនចំនួន១២នាក់ ។
នៅក្នុងរបបខ្មែរក្រហមទ្រព្យសម្បត្តិ និងសត្វពាហនៈគោ ក្របីរបស់ អ៊ិន ត្រូវបានអង្គការប្រមូលទុកសម្រាប់ប្រើប្រាស់រួមក្នុងសហករណ៍។
អ៊ិន មានអាយុប្រមាណជាង៣០ឆ្នាំ ត្រូវបានខ្មែរក្រហមបង្ខំឲ្យទៅរស់នៅតាមសហករណ៍ក្នុងភូមិ។ គាត់ត្រូវធ្វើការគ្រប់បែបយ៉ាងតំាងពីការងារដើរល្បាតតាមព្រំដែន រហូតដល់ការងាររុករានព្រៃ ជីក និងរែកដី ជាដើម។ គាត់បន្តថា ការងារត្រូវធ្វើនៅទីឆ្ងាយៗពីកន្លែងប្រពន្ធ និងកូនស្នាក់នៅ។ រយៈពេលបួនខែទើបអង្គការអនុញ្ញាតឲ្យមកលេងប្រពន្ធកូនម្តង។ ប្រពន្ធត្រូវធ្វើការងារដក ស្ទូង និងបុកស្រូវនៅកងចល័តនារី។ កូនៗរបស់ អ៊ិន ខ្លះរស់នៅក្នុងកងចល័ត និងខ្លះទៀតត្រូវរស់នៅក្នុងកងកុមារដែលមានចាស់ៗជាអ្នកមើលថែ។
ចុងឆ្នាំ១៩៧៨ អ៊ិន និងប្រពន្ធកូនត្រូវបានអង្គការជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅឯខេត្តបាត់ដំបង។ គាត់ត្រូវធ្វើដំណើរដោយថ្មើរជើង ជិះរថយន្ត កប៉ាល់ និងរថភ្លើងចំនួនប្រាំពីរថ្ងៃ ទើបបានធ្វើដំណើរដល់តំបន់ស្វាយដូនកែវ ខេត្តពោធិ៍សាត់ និងស្នាក់នៅមួយយប់នៅមុនពេលបន្តដំណើរដោយថ្មើរជើងទៅខេត្តបាត់ដំបង។
នៅបាត់ដំបង អ៊ិន បានជួបរឿងអកុសលដោយកូនៗចំនួន១១នាក់ ក្នុងចំណោម១២នាក់ បានស្លាប់ជាបន្តបន្ទាប់ដោយសារតែជំងឺកញ្ជ្រឹល ជំងឺរាគ ហូបមិនគ្រប់គ្រាន់ និងខ្លះទៀតត្រូវទៅធ្វើការឆ្ងាយៗបាត់ដំណឹងដល់សព្វថ្ងៃ។ នៅទីនោះ អ៊ិន ក៏បានឃើញប្រជាជនជម្លៀសមកពីភូមិភាគបូព៌ាជាមួយគាត់បានស្លាប់សមាជិកគ្រួសារស្ទើរតែទាំងអស់។ ប្រជាជនឈឺគ្មានការព្យាបាល និងយកចិត្តទុកដាក់ពីសំណាក់អង្គការនោះទេជាងនេះទៅទៀតអ្នកជំងឺខ្មែរក្រហមមិនផ្តល់របបអាហារឲ្យទេ។
រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺហេតុការណ៍ដែលកូនៗទាំង១១នាក់របស់គាត់បានស្លាប់ និងបាត់ខ្លួនម្តងម្នាក់ៗ ក្នុងរយៈពេលប្រមាណមួយខែនៅខេត្តបាត់ដំបង។ គាត់ និងប្រពន្ធបានព្យាយាមលួចលាក់អាហារ មកឲ្យកូនៗហូបដែរ ប៉ុន្តែមិនអាចជួយ។
អ៊ិន៖ «ប្រជាជនស្វាយរៀងដែលជម្លៀសទៅបាត់ដំបងគឺអង្គការចង់ឲ្យទៅស្លាប់ អ្នកដែលមានជីវិតត្រឡប់មកវិញគឺសំណាងបំផុតក្នុងជីវិត»។ មួយថ្ងៃៗឃើញតែសាកសពមនុស្សស្លាប់ដូចខ្មោចសត្វនៅតាមព្រៃ។ ខ្ញុំបានកប់សាកសពមួយថ្ងៃៗតិចបំផុតក៏មានចំនួនប្រាំនាក់។
ក្រោយរបបខ្មែរក្រហមដួលរលំគាត់ធ្វើដំណើរដោយថ្មើរជើងជាមួយប្រពន្ធ និងកូនម្នាក់ រយៈពេលបីខែទើបមកដល់ស្រុកកំណើតវិញ។
ពេលមកដល់ខេត្តស្វាយរៀង គាត់បានប្រកបរបបធ្វើស្រែ។ បច្ចុប្បន្នគាត់មានជំងឺសួត និងជំងឺបេះដូង។
សម្ភាសន៍ដោយ សៅ ចាន់ណា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤