កែវ ឡុត៖ សម្របខ្លួនដើម្បីរស់

កែវ ឡុត រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ កែវ ឡុត មានអាយុ ៨០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៦៨ ឡុត បានសឹកនិងធ្វើជាស្មៀនឃុំស្រែអង្គ្រង។ នៅឆ្នាំ១៩៧០ ឡុត បានរៀបការ។  នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជននៅស្រែអង្គ្រង ទៅកាន់សហករណ៍ត្រពាំងក្រហម។ ខ្មែរក្រហម បានចាត់តាំងអ្នកដើរតាមបដិវត្តន៍របស់ខ្លួន ឲ្យគ្រប់គ្រងតាមមូលដ្ឋាន ដោយអ្នក​ទាំងនោះ ភាគច្រើនជាអ្នកមិនបានសិក្សារៀនសូត្រពីមុនមក។

ខ្មែរក្រហមបានប្រើប្រាស់វត្តអារាមជាទីស្នាក់ការ។ ព្រះពុទ្ធសាសនា និងវប្បធម៌ត្រូវបានលុបបំបាត់ ឯទ្រព្យសម្បត្តិទាំងអស់ត្រូវទុកជារបស់រួម។ ផ្ទះឈើនៅក្នុងភូមិ ត្រូវរុះរើស ដើម្បីយកឈើមកសាងសង់ផ្ទះតូចៗនៅក្នុងសហករណ៍ត្រពាំងក្រហម។ ការរស់នៅនិងការហូបចុក ត្រូវបានកំណត់ដោយអង្គការ ដោយប្រជាជនគ្មានសិទ្ធិតវ៉ាអ្វីទាំងអស់។ មនុស្សចាស់ដែលយល់ដឹងអំពី ថ្នាំឫសឈើបុរាណ ត្រូវទៅជីករកឫសទាំងនោះដើម្បីធ្វើថ្នាំ។ ការសម្រាលកូន​ក្នុងរបបនេះ ប្រព្រឹត្តទៅដោយ​លំបាកលំបិន ពីព្រោះថា​ស្ត្រីជាម្តាយ ឲ្យសម្រាលកូនដោយ​ខ្លួនឯង និងគ្មានឱសថព្យាបាល ឬការពិនិត្យត្រឹមត្រូវនោះទេ។

នៅដំណាក់កាលមួយដ៏លំបាក និងដោយសារឪពុកក្មេកជាមន្ត្រីរដ្ឋកាលចាស់ កែវ ឡុត ត្រូវសម្របខ្លួន និងធ្វើតាមខ្មែរក្រហមដើម្បីរស់។ ប្រពន្ធរបស់គាត់ ស្ទើរតែនឹងត្រូវសម្លាប់ដោយសារប្រកែកជាមួយប្រធានក្រុមអំពីរឿងកណ្ដាប់ស្រូវ។ ប្រពន្ធរបស់គាត់ត្រូវធ្វើការយ៉ាងលំបាក និងមិនអាចលួចអ្វីហូបបាននោះទេ ដោយសារថាត្រូវរស់នៅជាក្រុម ហើយមានមនុស្សជាច្រើនដែលចាំឃ្លាំមើល និងរាយការណ៍ពីគ្នាទៅវិញទៅមក។

នៅពេលកំពុងបោកស្រូវ ក្រុមរបស់គាត់ដែលមានសមាជិក៥នាក់ បានដាក់វេនគ្នាលួចដំឡូងហូប។ នៅពេលនោះ គាត់បានជីកដីកប់ដំឡូងនិងគ្របចំបើងពីលើដើម្បីដុត ព្រមទាំងបាន​កុហកខ្មែរក្រហមថា ធ្វើនេះដើម្បីកម្តៅខ្លួននៅអំឡុងពេលខែរងា។

យោងតាម ឡុត របប​អាហារ​សម្រាប់​មនុស្ស​បីនាក់ គឺទទួលបាន​ត្រឹម​អង្ករមួយកំប៉ុងប៉ុណ្ណោះក្នុង​មួយថ្ងៃ។ ជួនកាល ប្រជាជន​ទទួល​បាន​ត្រឹម​បាយលាយជាមួយគល់ចេក ដំឡូង ឬបបរ។ ប្រជាជន ត្រូវចាប់ផ្តើមធ្វើការងារសង្គមនិយមចាប់ពីម៉ោង៤ភ្លឺរហូតដល់ម៉ោង១១យប់ និងសម្រាកតែពេលថ្ងៃត្រង់និងពេលសម្រាន្តនាពេល​យប់​ប៉ុណ្ណោះ។  ឡុត ត្រូវលើកប្រព័ន្ធភ្លឺស្រែ ធ្វើបង្គី និងដាំដំឡូង។ ដំឡូងដែលដាំខ្លួនឯងដោយផ្ទាល់ដៃ គឺមិនអាចបេះហូបបានជាដាច់ខាត។

ឡុត ត្រូវរស់នៅដោយគ្មានទំនាក់ទំនងជាមួយអ្នកជិតខាង។ ចំណែកក្រុមគ្រួសាររបស់​ឡុតវិញ ត្រូវរស់នៅដាច់ដោយឡែក ដោយគាត់ត្រូវទៅធ្វើការជាមួយជនជាតិភាគតិច ដែលតាមដានគាត់ជានិច្ច។ អ្នកដែលតាមដានទាំងនោះជាមនុស្សឃោរឃៅ ដែលជ្រើសរើសដោយគណៈស្រុកគ្រប់គ្រងមន្ទីរស៣២ នៃតំបន់១០២។

ប្រជាជនមកពីស្រែអង្គ្រងជាង៤០នាក់ ស្ថិតនៅក្នុងបញ្ជី ឈ្មោះត្រូវ​សម្លាប់ ដែលក្នុងនោះ ឡុត​ស្គាល់​មនុស្ស​មួយចំនួនដូចជាឈ្មោះ តាម៉ៅ, តាយឹម, តាសែប, តាយាន់, តាសាន, បងចាន់ និងអាខ្លី ត្រូវបានវាយសម្លាប់នៅតាមប្រឡាយ។ អ្នកទាំងនោះ ពីមុនមក ធ្លាប់ធ្វើជាកងឈ្លប និងគណៈឃុំខ្មែរក្រហម។ ខ្មែរក្រហមសម្លាប់អ្នកទាំងនោះដើម្បីបំបាត់ដាន។

នៅសម័យខ្មែរក្រហម មនុស្ស​ម្នា​ រស់នៅដោយគ្មានមនោសញ្ចេតនាឪពុកម្ដាយនិងកូន ហើយកុមារទាំងអស់ត្រូវស្ដាប់តាមអង្គការ។  កងកុមារត្រូវឃ្វាលគោ, ជញ្ជូនកណ្ដាប់ស្រូវ, ធ្វើជីផ្សំពីលាមកលាយជាមួយដីដំបូក និងលើកទំនប់នៅតាមការដ្ឋាន។ នៅការដ្ឋាន ថែមទាំងមានការរៀបការដោយបង្ខំ ដោយគ្មានឪពុកម្ដាយបានដឹងនោះទេ។

នៅឆ្នាំ១៩៧៩ ពេលប្រទេសត្រូវបានរំដោះចេញពីរបបខ្មែរក្រហម ឡុត ត្រូវសម្រាន្តក្រោមម្លប់ដើមស្វាយដោយសារគ្មានផ្ទះសម្បែង និងបន្តធ្វើដំណើរទៅភ្នំដងរែក និងរស់នៅទីនោះអស់រយៈពេលជាង៥ខែ។ នៅភ្នំដងរែក មនុស្សជាច្រើនបានបាត់បង់ជីវិតដោយសារការលំបាក។ ប្រពន្ធរបស់គាត់ជាអ្នកពកូន ចំណែកគាត់ជាអ្នកលីសម្ភារដូចជាភួយ និងឆ្នាំង។ ឡុត ត្រូវចាប់ផ្តើមជីវិតថ្មីពីបាតដៃទទេ។

នៅឆ្នាំ១៩៨២ ឡុត ត្រូវបានបង្រៀនដោយជំនាញការវៀតណាម អំពីការគ្រប់គ្រងក្នុងមូលដ្ឋាន និងក្រោយមកក្លាយជាប្រធានឃុំ។ នៅឆ្នាំ១៩៨៦ ឡុត ទទួលខុសត្រូវនិងគ្រប់គ្រងកងទ័ពកង៥ ដែលមានមនុស្សជាង៤៧០នាក់។

នៅឆ្នាំ២០០៧ ឡុត ក៏បានចូលរួមតាមដានដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម និងទស្សនកិច្ចសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីចងចាំនិងស្វែងរកយុត្តិធម៌សម្រាប់ក្រុមគ្រួសាររបស់គាត់ដែលរងគ្រោះនាសម័យកម្ពុជាប្រជាធិបតេយ្យ៕

សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin