កែវ រឿន៖ « មេក្រុមកងទ័ពខ្មែរក្រហម»

កែវ រឿន (២០១១)

រឿន គឺជាកងទ័ពខ្មែរក្រហមម្នាក់ដែលខិតខំប្រឹងប្រែងបំពេញការងារបានល្អ រហូតបានឡើងឋានៈជាមេក្រុមក្នុងកងអនុសេនាតូច។ កែវ រឿន បានរៀបរាប់ដំណើរជីវិតរបស់ខ្លួនតាំងពីនៅកងយុទ្ធជន រហូតបានក្លាយជាមេក្រុមកងទ័ពខ្មែរក្រហមដូចខាងក្រោម៖

កែវ រឿន[1] ភេទប្រុស អាយុ៧១ឆ្នាំ​ ស​ព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ រឿន មានស្រុកកំណើតនៅភូមិតាចេស ឃុំពេជ្រចង្វារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ សព្វថ្ងៃរស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លងរាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រឿន មានប្រពន្ធឈ្មោះ អ៊ូច ឡៃ អាយុ៦៧ឆ្នាំ ស​ព្វថ្ងៃមានមុខរបរធ្វើចម្ការ។ រឿន ​​មានកូន៣នាក់( ប្រុស២នាក់ ស្រី១នាក់)។ រឿន មានឪពុកឈ្មោះ កេវ នឹង (ស្លាប់)និងម្ដាយឈ្មោះ វ៉ាន់ ហ៊ុន។ រឿន មានបងប្អូន៨នាក់(ប្រុស៧នាក់ ស្រី១នាក់)។ រឿន ជាកូនទី៥នៅក្នុងគ្រួសារ។

កាលពីក្មេង​ រឿន បានរៀនត្រឹមថ្នាក់ទី១០«សង្គមចាស់» នៅសាលាវត្តលោក ​ដែលស្ថិតនៅភូមិពេជ្រចង្វារ។ រឿន ឈប់រៀននៅឆ្នាំ១៩៦៨ ដោយសារឪពុកម្ដាយមានជីវភាពក្រីក្រ ផ្ទះនៅតាមជនបទដាច់ស្រយាល សាលាដែលត្រូវទៅរៀនមានចម្ងាយឆ្ងាយប្រហែល១២គីឡូពិបាកក្នុងការធ្វើដំណើរ។ បន្ទាប់ពីឈប់រៀន រឿន បាននៅជួយធ្វើកិច្ចការផ្ទះនិងជួយធ្វើស្រែឪពុកម្ដាយ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច​ នរោត្តម សីហនុ​។ អំឡុងពេលនោះក៏ចាប់ផ្ដើមមានចលនាខ្មែរក្រហមចូលមកឃោសនាក្នុងភូមិថា លន់ នល់​ ជាអ្នកក្បត់ជាតិបានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្ដម សីហនុ​ បើប្រជាជនស្រលាញ់ សម្ដេច នរោត្ដម សីហនុ សូមចូលរួមជាមួយកងទ័ពរំដោះទាំងអស់គ្នា។​ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៧២ រឿន បានសម្រេចចិត្តចេញពីឪពុកម្ដាយចូលរួមជាមួយចលនាខ្មែរក្រហម ។ ពេលចូលធ្វើជាកងទ័ពខ្មែរក្រហមដំបូង រឿន ត្រូវបានបញ្ជូនមកអង្គភាពស្រុកលេខ១០ ស្រុកបរិបូណ៍ រយៈពេល២ខែ ក៏ផ្លាស់មកភូមិភាគបស្ចិមប្រចាំកងពលទី១វិញ ដែលគ្រប់គ្រងដោយឈ្មោះ ស៊ូ ម៉េត ប្រធានកងពល និងអនុកងពលឈ្មោះ ពេទ្យ សឿន។ ពេលដែលផ្លាស់មកកងពលទី១ រឿន នៅវរសេនាធំ១៥ មិនទាន់មានតួនាទីអ្វីទេ គឺនៅខាងយុទ្ធជននៅឡើយទេ។ នៅពាក់កណ្ដាលឆ្នាំ១៩៧២ កងពលទី១ បានដើរវាយចល័តគ្រប់កន្លែង។ រឿន នៅក្នុងកងអន្តរាគមន៍វាយចាប់ពីផ្លូវជាតិលេខ៤ រហូតមកទល់គ្នាព្រំប្រទល់ខេត្តពោធិ៍សាត់។

នៅចុងឆ្នាំ១៩៧៤ កងពលទី១ ចាប់ផ្ដើមប្រមូលកម្លាំងដើម្បីវាយចូលភ្នំពេញវិញម្ដង។ បន្ទាប់ពីប្រមូលកម្លាំងបានច្រើន កងទ័ពខ្មែរក្រហមក៏ចាប់ផ្ដើមវាយចាប់ពីផ្លូវជាតិលេខ៤ ទៅស្ថានីយរថភ្លើងសំរោង  ហើយបន្តវាយចូលទៅខាងពោធិ៍ចិនតុងប​ន្ថែមទៀត​ ចំណែកកងពលផ្សេងៗចាប់ផ្ដើមវាយពីផ្លូវជាតិលេខ៤ទៅផ្លូវជាតិលេខ៣ ខ្លះទៀតវាយចូលទៅផ្លូវជាតិលេខ២ វាយចូលរហូតរំដោះបានទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ រឿន បានបន្តថា ពេលដែលកងពលទី១ វាយចូលដល់ទីក្រុងភ្នំពេញដោយប្រើយុទ្ធសាស្រ្តវាយព័ទ្ធជុំវិញទីក្រុងភ្នំពេញ វាយដាច់កន្លែងណារំកិលចូលកន្លែងហ្នឹង វាយចូលដល់សំរោងជីកត្រង់សេនៅសំរោង​ ដោយកម្លាំងកងទ័ពខ្មែរក្រហមមានច្រើន ហើយអាវុធគ្រប់គ្រាន់ក៏វាយរំដោះទីក្រុងភ្នំពេញបាន។ ​រឿន បានបន្តទៀតថា ពេលកំពុងវាយជាមួយទាហានលន់ នល់ រឿន ត្រូវបានអំបែងគ្រាប់ផ្លោងខ្ទាតចំក្បាល​និងត្រូវជើងប​ណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ហើយក៏បញ្ជូនមកសម្រាកមន្ទីរពេទ្យរយៈពេល២ខែបានជាសះស្បើយ។ បន្ទាប់ពីទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ កងពលទី១ត្រូវបានបែងចែកជា២ផ្នែក។ ផ្នែកទី១ ត្រូវបញ្ជូនមកការពារនៅពោធិ៍ចិនតុងនិងផ្នែកទី២ បញ្ជូនទៅលង្វែកស្ថិតនៅក្នុងភូមិភាគបស្ចិម។ ក្រុមរបស់ រឿន ត្រូវបញ្ជូនមក ស្រុកព្រៃនប់ និងខេត្តកោះកុង មន្ទីរវរសេនាធំ១៥ នៅខាងព្រៃនប់មួយជួរកោះខ្យងនិងកោះសេះ។ ពេលដល់កោះកុង និងព្រៃនប់ រឿន ស្ថិតក្នុងមន្ទីរវរសេនាធំ១៥ កងពលទី១​របស់ភូមិភាគបស្ចិមដដែលដោយគ្រប់គ្រងដោយ តានាង និងតាសឿង។

នៅក្នុងឆ្នាំ១៩៧៧ ដោយការខិតខំប្រឹងប្រែងបំពេញការងារបានល្អ រឿន បានឡើងឋានៈជាមេក្រុមអនុសេនាតូច ដើម្បីការពារព្រំដែនទឹកនៅម្ដុំកោះខ្យង ពន្លិច ព្រែកចាក និងកោះថ្មី ។ ក្រៅពីការពារព្រំដែនទឹក រឿន បានរៀបចំដីដើម្បីធ្វើស្រែចម្ការ។ សម្រាប់អាហារហូបចុកគឺហូបបានគ្រប់គ្រាន់មិនមានការខ្វះខាតអ្វីទេ។ រឿន បាននិយាយថា ផលវិបាករបស់កងទ័ព កាលជំនាន់ហ្នឹងគឺមិនអនុញ្ញាតឲ្យសុំច្បាប់មកលេងផ្ទះជាដាច់ខាត។ មូលហេតុដែលមេកងនិងមេក្រុមមិនអនុញ្ញាតឲ្យកងទ័ពមកលេងផ្ទះព្រោះដោយសារតែកងទ័ពទាំងអស់មានការងារធ្វើគ្រប់គ្នាៗ អ្នកការពារគឺត្រូវការពារ អ្នកធ្វើស្រែ លើកទំនប់ និងអ្នកជីកប្រឡាយគឺត្រូវតែជីកប្រឡាយ។ ពេលដែលក្លាយជាមេក្រុមអនុសេនាតូច រឿន បាននិយាយអំពីមន្ទីរសន្តិសុខនៅកោះខ្យង ដែលមានវិន័យកងទ័ពតឹងរឹងបំផុត កងទ័ព​បើហ៊ានធ្វើខុសសីលធម៌ខូចខិលជាមួយស្រីញីដឹងតែចាប់ដាក់ខ្នោះយកទៅដាក់ឃុំឃាំងក្នុងមន្ទីរហ្នឹងតែម្ដង។ មន្ទីរសន្តិសុខនៅកោះខ្យងមានប្រវែងប្រហែល១០ម៉ែត្រ៤ជ្រុង។

នៅក្នុងឆ្ឆ្នាំ១៩៧៨ រឿន​ បានផ្លាស់ពីមេក្រុមអនុសេនាតូចមកធ្វើ​ជាមេក្រុមនៅកងអនុសេនាធំវិញម្ដងដោយសារតែមេៗរបស់ រឿន ត្រូវដកទៅខាងកើតព្រំដែនស្វាយរៀងព្រោះនៅតាមព្រំដែនមានប្រយុទ្ធគ្នាជាទាហានវៀតណាម។ នៅខាងភូមិភាគបស្ចិមមាន៣តំបន់ មានតំបន់កោះកុង កំពង់ស្ពឺ និងកំពង់ឆ្នាំង។

នៅក្នុងឆ្នាំ១៩៧៩ ពេលដែលវៀតណាមចូលមក រឿន បានរៀបចំកម្លាំងដើម្បីស្ទាក់វាយទាហានវៀតណាម ដោយកម្លាំងទាហានវៀតណាមមានច្រើន ហើយក៏វាយចូលមកខ្លាំងទប់ទល់អត់ឈ្នះក៏នាំគ្នាថយរហូតមកដល់ព្រំដែនកម្ពុជា-ថៃ ហើយក៏បន្តធ្វើដំណើរឆ្លងកាត់ភ្នំរហូតមកដល់កោះកុងខ្លងយ៉ៃ ចេញពីកោះកុងខ្លងយ៉ៃក៏ធ្វើដំណើរឆ្លងកាត់ថ្មបាំង ដងទង់ រហូតមកដល់ឡែមប៉ៃលិន ដែលគ្រប់គ្រងដោយតា ម៉ុក។ នៅចុងឆ្នាំ១៩៧៩ តា ម៉ុក បានប្រមូលកងទ័ពដើម្បីរៀបចំកម្លាំងសាជាថ្មី។ បន្ទាប់ពីប្រមូលបានច្រើនហើយ រឿន ត្រូវបាន តា ម៉ុក ផ្លាស់ឲ្យទៅនៅតាមព្រំដែនកម្ពុជា-លាវ ជួរភ្នំដងរែកមកដល់អន្លង់វែង ដើម្បីឲ្យទៅធ្វើឃ្លាំងអង្ករ។ ក្នុងឆ្នាំ១៩៨១ រឿន បានរៀបការជាមួយប្រពន្ធដែលជាអ្នកស្រុកឈូក ខេត្តកំពត។ ​ប្រពន្ធរបស់​ រឿន គឺជាអតីតកងនារីដឹងជញ្ជូនដែលបានស្គាល់គ្នានៅលើភ្នំដងរែក នៅអន្លង់វែង។

នៅក្នុងឆ្នាំ១៩៨២ រឿន បានចុះធ្វើចលនាតាមភូមិនៅក្នុងខេត្តព្រះវិហារ មួយជួរស្រុកសង្គមថ្មី មួយជួរស្វាយលើ ក៏បន្តធ្វើរហូតដល់ឆ្នាំ១៩៨៤ ក៏ដកមកតាមដងទន្លេសាប ដងស្ទឹងសែនមកខេត្តកំពង់ឆ្នាំងវិញ។ ​ពេលមកដល់កំពង់ឆ្នាំង រឿន បានមករស់នៅជាមួយ ប៉ាល អ៊ំសេង ពូថន ផល និងស៊ូ គណៈកងពល។ នៅក្នុងឆ្នាំ១៩៨៨ រឿន បានផ្លាស់ចេញពីកំពង់ឆ្នាំងមករស់នៅជាមួយប្រពន្ធនៅអូរសំរិលស្រុកសំឡូតវិញ។

នៅក្នុងឆ្នាំ១៩៩៥ រឿន និងគ្រួសារបានផ្លាស់មករស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លងរាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលដែលមករស់នៅដំបូង រឿន និងគ្រួសារមានការលំបាកជាខ្លាំងដោយសារនៅក្នុងភូមិនិងផ្លូវ៥៦ ​សម្បូរទៅដោយមីន និងគ្រាប់មិនទាន់ផ្ទុះដែលបានបង្កប់ដោយខាងទាហានវៀតណាមនិងរដ្ឋកម្ពុជានៅតាមផ្លូវ៥៦ជាច្រើន ដែលពិបាកក្នុងការធ្វើដំណើរនិងប្រកបរបរធ្វើស្រែចម្ការ។ នៅក្នុងឆ្នាំ២០០១ កងវិស្វកម្មបានចូលមកធ្វើផ្លូវជាតិ៥៦ និងCMAC បានចុះមករាវមីនជូនប្រជាជន ដែលអាចជួយឲ្យប្រជាជនងាយស្រួលក្នុងការធ្វើដំណើរនិងអាចប្រកបរបរចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ៕

អត្ថបទដោយ៖ ​ចាន់ ណារិទ្ធ


[1] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ ​ឈ្មោះ កែវ រឿន ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១១ (PTI0០៨៣)។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin