ខ្ញុំត្រូវជីកទំនប់លើកប្រឡាយទាំងខ្ញុំមានជំងឺគ្រុនចាញ់
(ស្វាយរៀង) ៖ កែវ សាប៊ន អាយុ៧៦ឆ្នាំ ជាកសិករ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្នុងរបប លន់ នល់ សាប៊ន រស់នៅខេត្តស្វាយរៀងដែលជាស្រុកកំណើត។ នៅសម័យខ្មែរក្រហម សាប៊ន និងគ្រួសារ ត្រូវបានជម្លៀសទៅខេត្តព្រៃវែង និងខេត្តបាត់ដំបង។
ការជម្លៀសពីកន្លែងមួយទៅមួយមានការលំបាកលើការរស់នៅដោយសារគ្មានជម្រកត្រឹមត្រូវ និងត្រូវធ្វើដំណើរឆ្ងាយញៗ ដោយថ្មើរជើង ព្រមទាំងគ្មានអាហារបរិភោគគ្រប់គ្រាន់។
ពេលទៅដល់ខេត្តបាត់ដំបង សាប៊ន និងគ្រួសារ តំរូវឲ្យធ្វើការងារ និងស្នាក់នៅផ្សេងពីគ្នាតាមអាយុ និងកម្លាំង។ ម្តាយនៅសហករណ៍រោងបាយ កូននៅកងកុមារ ចំណែក សាប៊ន និងបងប្អូននៅក្នុងកងចល័ត។
នៅពេលថ្ងៃ សាប៊ន ន នៅពេលថ្ងៃត្រូវធ្វើការជីក រែកដី និងលើកទំនប់ នៅពេលយប់គាត់ត្រូវបោកស្រូវថែមទៀត។ ដោយសារនឹករលឹកកូនពេក សាប៊ន ដោយសារនឹករលឹកកូន គាត់ តែងតែទៅមើលកូននៅកងកុមារ។ ពេលគេដឹងក៏ដាក់ទណ្ឌកម្ម ដោយបន្ថយរបបអាហារ និងបន្ថែមការងារឲ្យធ្វើ។ ក្នុងរបបខ្មែរក្រហមការទៅសួរសុខទុក្ខសាច់ញាតិត្រូវបានហាមឃាត់ ទោះបីសមាជិកគ្រួសារមានជំងឺក៏ដោយ។ ចំណែកក្មេងតូចៗត្រូវបានមើលថែទាំដោយចាស់ៗនៅកងកុមារ។
រឿងរ៉ាវដែល សាប៊ន ចងចាំមិនភ្លេចក្នុងរបបខ្មែរក្រហម គឺពេលដែលគាត់មានជំងឺគ្រុនចាញ់ មិនទទួលបានការព្យាបាលត្រឹមត្រូវ និងគេបំរុងនាំយកទៅសម្លាប់ថែមទៀតដោយសារតែគាត់ឈឺរយៈពេលយូរមិនអាចបំពេញការងារឲ្យអង្គការបាន។ សាប៊ន បានដឹងព័ត៌មាននេះតាមរយៈអ្នកធ្វើការជាមួយ ពេលនោះគាត់ភិតភ័យយ៉ាងខ្លាំងហើយបានស្នើសុំគេទៅធ្វើការដូចធម្មតាវិញដោយប្រាប់ថា ខ្លួនបានជាសះស្បើយពីជំងឺគ្រុនចាញ់ហើយ។
របបអាហារ សាប៊ន និងគ្រួសារ ទទួលបានរបបអាហារដូចប្រជាជនផ្សេងទៀតដែរ គឺបាយឬបបរមួយវែករាងដូចក្រចកសេះពីរដងក្នុង១ថ្ងៃ។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សាប៊ន ម្តាយ និងកូនស្រី បានធ្វើដំណើរដោយថ្មើរជើងពីខេត្តបាត់ដំបងមករស់នៅខេត្តស្វាយរៀងវិញ។
បច្ចុប្បន្ន សាប៊ន មានជំងឺក្រពេះ ពោះវៀន លើសឈាម និងឈឺសន្លាក់ជង្គង់។
ជាចុងក្រោយ សាប៊ន បានផ្តាំផ្ញើឲ្យក្មេងជំនាន់ក្រោយចងចាំពីរបបខ្មែរក្រហម និងជួយទប់ស្កាត់របបនេះកុំឲ្យកើតមាននៅ្យត្រឡប់មកប្រទេប្រទេសកម្ពុជាសាជាថ្មី៕
សម្ភាសន៍ដោយ កើត សុរចនា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង