កូនហូបកុំឲ្យគេឃើញ

កែវ សាលីម រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ កែវ សាលីម មានអាយុ៥៣ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ កែវ សាលីម កើតនៅឆ្នាំ១៩៧១។ សម័យខ្មែរក្រហមចាប់ផ្តើមពីឆ្នាំ១៩៧៥ គាត់បានចងចាំថា កាលនៅពីតូចម្តាយរបស់គាត់ត្រូវទៅបុកស្រូវ ចំណែកឯគាត់ត្រូវរងចាំនៅផ្ទះ។

ក្រុមគ្រួសាររបស់គាត់ត្រូវបានជម្លៀសចេញពីភូមិស្រែអង្គ្រង ឲ្យទៅនៅតាមសហករណ៍ភូមិត្រពាំងក្រហម។ នៅទីនោះ ខ្មែរក្រហមបានចែកផ្ទះឲ្យរស់នៅ ដែលមានចន្លោះប្រហែលដបម៉ែត្រមានផ្ទះឈើតូចៗ ដែលនៅ      ជាប់ៗគ្នា។ បងប្រុសរបស់គាត់ត្រូវបានខ្មែរក្រហមឲ្យទៅឃ្វាលគោ។

នៅពេលលឺសម្លេងជួង គាត់ត្រូវរត់ទៅយកបាយដើម្បីហូប។ ពេលដែលគាត់ទៅទាន់ក៏បានហូប និងនៅពេលដែលគាត់ទៅមិនទាន់គឺគ្មានអ្វីសម្រាប់ហូបនោះទេ។ នៅរោងបាយមានតែ​បបរលាយជាមួយស្លឹកដំឡូង ដើមចេក និងសម្លត្រកួនសម្រាប់បរិភោគ។ ឪពុកម្តាយរបស់គាត់បានលួចហូបដំឡូង ដែលបានដាំនៅជិតផ្ទះឲ្យគាត់ហូប និងលាក់សំបកដំឡូងកុំឲ្យកងឈ្លបឃើញ។ ឪពុកគាត់បានប្រាប់គាត់ថាហូបកុំឲ្យគេឃើញ។

ដោយសារការហូបចុកមិនគ្រប់គ្រាន់ ម្តាយរបស់គាត់បានបាត់បង់ទារកក្នុងផ្ទៃចំនួនពីរ ដោយសារបញ្ហាសុខភាពនៅសម័យខ្មែរក្រហម។ នៅពេលយប់ម្តាយរបស់គាត់ត្រូវទៅបុកស្រូវ ក៏ប៉ុន្តែគាត់មិនដែលបានបរិភោគគ្រប់គ្រាន់នោះទេ។

ជួលកាល សាលីម បានទៅតាមម្តាយរបស់គាត់ដោយជួយរើសកួរស្រូវ នៅពេលម្តាយរបស់គាត់កំពុងបុកស្រូវ នៅពេលនោះគាត់មានអាយុប្រហែលជា៥ឆ្នាំ។ ថ្ងៃមួយ គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យប្រមូលលាមកសម្រាប់លាយជាមួយផេះទុកឲ្យប្រជាជនយកទៅបាចដាក់តាមវាលស្រែ។ គាត់មិនអាចធ្វើមុខស្អុយនោះទេ នៅពេលប្រមូលលាមកទាំងនោះនៅចំពោះមុខខ្មែរក្រហម។

នៅសម័យខ្មែរក្រហម ប្រជាជនត្រូវបានបង្ខិតបង្ខំឲ្យរៀបការ ដោយមិនឲ្យបដិសេធឬជ្រើសរើសគូស្រករនោះទេ។ អ្នកដែលមិនធ្វើតាមខ្មែរក្រហមនឹងត្រូវយកទៅ        កសាង ឬសម្លាប់ដោយមានការបាត់ខ្លួនជាដើម។ ឪពុក  ម្តាយរបស់គាត់ត្រូវបានបែកបាក់ដោយសារត្រូវទៅធ្វើការរៀងៗខ្លួន។ ឪពុករបស់គាត់ត្រូវទៅជីកស្រះ និងទំនប់ ចំណែកឯម្តាយទៅបុកស្រូវនៅក្នុងភូមិ។

នៅពេលកងទ័ពវៀតណាមចូលមកក្នុងភូមិ ក្រុមគ្រួសាររបស់គាត់ត្រូវបានជម្លៀសចេញពីភូមិ និងហូបតែដំឡូងដើម្បីរស់នៅតាមផ្លូវ។ នៅពេលគាត់បានជួបកងទ័ពវៀតណាម គេបានចែកសាប៊ូឲ្យគាត់សម្រាប់ប្រើប្រាស់។

នៅសម័យខ្មែរក្រហម ប្រជាជនត្រូវស៊ីអត់ស៊ីឃ្លាន ទិន្នផលស្រូវដែលប្រមូលបានត្រូវទុកក្នុងឃ្លាំង ចំណែក​ឯកុមារបានត្រឹមតែបបរមួយកូនចានចង្កឹះសម្រាប់បរិភោគប៉ុណ្ណោះ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរហូតមកទល់សព្វថ្ងៃ។

អ្វីដែលគាត់ចាំមិនភ្លេចគឺមានថ្ងៃមួយឃើញបុរសម្នាក់ត្រូវបានទាហានខ្មែរក្រហមចងស្លាបសេក។ បុរសនោះបានច្រៀងផ្តែផ្តាំយ៉ាងគួរអាណិតអាសូរ។ ខ្មែរក្រហមបានយកក្រមាញាត់មាត់បុរសនោះមិនឲ្យច្រៀង និងយកទៅសម្លាប់ដោយមិនឃើញត្រឡប់មកវិញនោះទេ។ ក្រោយមកគាត់ដឹងថាបុរសម្នាក់នោះបានធ្វើខុសសីលធម៌ ដោយលួចលាក់មានស្នេហា។

ទិដ្ឋភាពបែបនេះ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់សាលីម ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងមិនចង់ឲ្យរបបនេះវិលត្រឡប់មកវិញនោះទេ៕

សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin