កែវ សាមឿន ៖ ខ្ញុំក្លាយជាស្រ្តីមេម៉ាយចិញ្ចឹមកូនចំនួន៧នាក់បន្ទាប់ពីប្តីខ្ញុំស្លាប់

ខ្ញុំឈ្មោះ កែវ មឿន[1] អាយុ៨១ ឆ្នាំរស់នៅភូមិថ្នាញ ឃុំបាទី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ខ្ញុំមានប្តីឈ្មោះ វ៉ា កៀន និងមានកូនចំនួន៨នាក់ ក្នុងនោះបានស្លាប់អស់ម្នាក់។ បន្ទាប់ពីប្តីខ្ញុំស្លាប់ ខ្ញុំត្រូវចិញ្ចឹមកូនតូចៗរហូតដល់កូនៗរបស់ខ្ញុំរៀបការអស់ ហើយសព្វថ្ងៃខ្ញុំរស់នៅតែម្នាក់ឯងប៉ុណ្ណោះ។
ខ្ញុំមានឪពុកឈ្មោះ កែវ សេង ស្លាប់ឆ្នាំ១៩៥៣ និងម្តាយឈ្មោះ សូ ឡុង ស្លាប់នៅឆ្នាំ១៩៦៣។ ខ្ញុំមានបងប្អូនចំនួន៥នាក់ ហើយនៅរស់តែខ្ញុំម្នាក់ប៉ុណ្ណោះ។ បងប្អូនរបស់ខ្ញុំមានស្រី៤នាក់ និងប្រុសម្នាក់ប៉ុណ្ណោះគឺឈ្មោះ កែវ ប៉ូ។ ដោយសារឪពុកម្តាយខ្ញុំមានកូនប្រុសតែម្នាក់ ដូច្នេះគាត់បញ្ជូន ប៉ូ ទៅរៀននៅសាលាកូឡេស (អនុវិទ្យាល័យ) ស្ថិតនៅខាងលិចផ្សារមេសថ្ងក។ ក្រោយមក ប៉ូ បានឈប់រៀន ហើយទៅបួសជាព្រះសង្ឃនៅវត្តថ្នាញ។ ប៉ូ បួសបានរយៈពេល៣ព្រះវស្សាក៏សឹក ព្រោះខ្មែរក្រហមចូលមក និងលែងឱ្យមានព្រះសង្ឃទៀត។ ប៉ូ មកជួយធ្វើការងារឪពុកម្តាយនៅផ្ទះបានមួយរយៈ ក៏មានប្រពន្ធនៅឃុំបាវិត និងរស់នៅជាមួយគ្នារហូតដល់មានកូនម្នាក់ ទើបលែងលះគ្នា។ បន្ទាប់មក ប៉ូ បានយកប្រពន្ធមួយទៀតឈ្មោះ គុច នៅភូមិដូនម៉ើយ ក្នុងឃុំបាទី ជាមួយគ្នា។ ប៉ូ និងប្រពន្ធទីពីរមានកូនស្រីពីរនាក់ និងបានមករស់នៅជាមួយឪពុកម្តាយខ្ញុំ។ ពេលនោះ ប៉ូ បានចូលធ្វើការនៅឃុំបាទី ដែលមានប្រធានឃុំឈ្មោះ នឹម ត្រូវជាបងប្អូនជីដូនមួយរបស់ខ្ញុំ និងម្នាក់ទៀតឈ្មោះ សន ចំណែកគណៈស្រុកចន្រ្ទា ឈ្មោះ សារឿន និងឈ្មោះ ឡុច។ មួយសប្តាហ៍ ឬដប់ថ្ងៃ ទើប ប៉ូ មកលេងឪពុកម្តាយរបស់ខ្ញុំម្តង ហើយពេលខ្លះគាត់ស្នាក់នៅផ្ទះបានរយៈពេលពីរថ្ងៃទើបត្រឡប់ទៅធ្វើការវិញ។ ចំណែក ខ្ញុំបែកចេញពីឪពុកម្តាយទៅនៅជាមួយប្តីនៅផ្ទះផ្សេងស្ថិតនៅខាងត្បូងភូមិថ្នាញ ដូច្នេះយើងមិនសូវបានជួបគ្នាទេ ម្យ៉ាងទៀតខ្ញុំមានកូនច្រើនត្រូវថែទាំ។
នៅឆ្នាំ១៩៧៣ មានការទម្លាក់គ្រាប់បែក នៅជាយៗភូមិថ្នាញ ហើយយូរៗម្តងទើបមានគ្រាប់ផ្លោងធ្លាក់នៅក្នុងភូមិថ្នាញម្តង។ ថ្ងៃមួយ មានគ្រាប់ផ្លោងធ្លាក់នៅក្នុងភូមិបានបណ្តាលឱ្យប្រពន្ធ តាញ៉ិប និងសមាជិកគ្រួសាររបស់គាត់ពីរនាក់ទៀតដែលរស់នៅចុងភូមិខាងជើងស្លាប់។ ដូច្នេះ នៅរាល់ពេលមានឮសំឡេងគ្រាប់ផ្លោង និងយន្តហោះមកទម្លាក់គ្រាប់ម្តងៗ ខ្ញុំបាននាំកូនៗរកកន្លែងលាក់ខ្លួន។
នៅអំឡុងពេលវាយប្រយុទ្ធគ្នានោះ ក៏មានកងទ័ពខ្មែររំដោះចូលមក ឃោសនា និងអូសទាញប្រជាជននៅក្នុងភូមិរបស់ខ្ញុំដែរ ហើយខ្ញុំពេលនោះត្រូវបានចាត់តាំងឱ្យចាំឃ្លាំមើលអ្នកដែលចេញចូលក្នុងភូមិដើម្បីរាយការណ៍ទៅថ្នាក់លើ ដោយខ្ញុំបន្លំខ្លួនធ្វើជាអង្គុយយោលអង្រឹងកូននៅខាងមុខផ្ទះ។
ក្រោយមកទាហាន លន់ លន់ បានចូលមកចាប់ប្តីរបស់ខ្ញុំយកទៅដាក់នៅបន្ទាយទាហាន ស្ថិតនៅខាងកើតសង្កាត់បាវិតជាប់ជាមួយនឹងប្រទល់ប្រទេសវៀតណាម។ ទាហាន លន់ នល់ សួរចម្លើយ និងឃុំខ្លួនប្តីរបស់ខ្ញុំរយៈពេល២យប់ ដោយចោទប្តីរបស់ខ្ញុំថា «ចូលខ្មែររំដោះ»។ ក្រៅពីចាប់ខ្លួនប្តីរបស់ខ្ញុំ ទាហាន លន់ នល់ ក៏បានចាប់អ្នកភូមិ៥នាក់ទៅដែរ ដោយសង្ស័យថា «ចូលខ្មែររំដោះ» ដូចប្តីរបស់ខ្ញុំដែរ។ ពេលនោះ ខ្ញុំពិបាកខ្លាំងណាស់ព្រោះខ្ញុំពោះធំ ហើយត្រូវទៅតាមសួរសុខទុកប្តីដែលជាប់ឃុំនៅបន្ទាយ។ ក្រោយមកទើបទាហាន លន់ នល់ ដោះលែងប្តីរបស់ខ្ញុំ និងប្រជាជន៥នាក់ទៀតឱ្យត្រឡប់មកផ្ទះវិញ។
បន្ទាប់ពីកងទ័ពខ្មែរក្រហមទទួលជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបែងចែក ប្រជាជនឱ្យធ្វើការងារប្រវាស់ដៃ និងចែកផលស្រូវឱ្យប្រជាជនទៅតាមចំនួនសមាជិកក្នុងគ្រួសារដាំហូបនៅតាមផ្ទះរៀងៗខ្លួន។ ពេលនោះ ប្តីខ្ញុំទៅធ្វើការភ្ជួររាស់នៅជិតៗភូមិ ចំណែកកូនរបស់ខ្ញុំនៅតូចៗខ្មែរក្រហមប្រើឱ្យឃ្វាលក្របីនៅវាលស្រែ ហើយពេលល្ងាចទើបយើងត្រឡប់មកហូបបាយនៅផ្ទះវិញ។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមប្រមូលប្រជាជននៅក្នុងភូមិថ្នាញឱ្យធ្វើការងាររួម និងហូបបាយរួមនៅក្នុងសហករណ៍ ដោយចុងភៅជាអ្នកចែករបបអាហារឱ្យ។ ពេលនោះខ្មែរក្រហមបានដើររុះផ្ទះរបស់ប្រជាជនដែលប្រក់ស័ង្កសី រួចឱ្យស្បូវទៅប្រជាជនប្រក់ផ្ទះវិញ។ ខ្មែរក្រហមបានយកវត្តថ្នាញធ្វើជាកន្លែងផលិតជី (ដោយយកដើមទន្រ្ទានខែត្រ, លាមកសត្វ, លាមកមនុស្ស និងដីដំបូក ច្របល់បញ្ចូលគ្នា) និងធ្វើជាសហករណ៍សម្រាប់បែងចែកស្រូវអង្ករដល់ប្រជាជន។ មិនតែប៉ុណ្ណោះ ខ្មែរក្រហមបានវាយកម្ទេចចេតិយ និងព្រះពុទ្ធបដិមារ នៅវត្តនេះទៀតផង។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀសខ្ញុំនិងគ្រួសារ ព្រមទាំងប្រជាជនចេញពីភូមិថ្នាញ ឱ្យទៅរស់នៅខេត្តពោធិ៍សាត់ ដោយប្រាប់ថានៅទីនោះសម្បូរអាហារណាស់ និងមានបាយហូបឆ្អែត ហើយប្រសិនបើយើងដើរមិនប្រយ័ត្នផ្លែខ្នុរទុំជ្រុះធ្លាក់ចំក្បាលយើងទៀតផង។ ខ្ញុំដើរទៅដល់ស្ពានប្រសូត្រស្ថិតនៅក្នុងស្រុកប្រសូត្រ[2] (សព្វថ្ងៃស្រុកស្វាយទាប) ក៏បែកគ្នាជាមួយប្តីរបស់ខ្ញុំដែលត្រូវបានកៀរទៅទិសខាងកើតសំដៅទៅព្រំដែនប្រទេសវៀតណាម ចំណែកខ្ញុំបានធ្វើដំណើរទៅទិសខាងលិច។ ចាប់តាំងពីពេលនោះមក ខ្ញុំបានបែកពីប្តីរបស់ខ្ញុំរហូត។
ខ្ញុំដើរទៅដល់អ្នកលឿង ហើយក៏ជិះស្រឡាងបន្តទៅភ្នំពេញ។ បន្ទាប់មក ទើបខ្ញុំជិះរថភ្លើងបន្តទៅខេត្តពោធិ៍សាត់ ហើយខ្មែរក្រហមបញ្ជូនទៅនៅភូមិក្បាលឈើពុក (ស្ថិតនៅក្នុងឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់)។ នៅទីនោះ ប្រធានកងខ្មែរក្រហមបានប្រើខ្ញុំឱ្យរែកទឹកស្រោចបន្លែពីព្រលឹម រហូតដល់ម៉ោង១០ទើបបានឈប់សម្រាក។ នៅក្នុងភូមិដែលខ្ញុំរស់នៅគឺបាត់មនុស្សជាញឹកដោយមិនដឹងខ្មែរក្រហមយកទៅណាឡើយ ហើយភាគច្រើនបាត់នៅពេលយប់។ នៅដើមឆ្នាំ១៩៧៨ ប្អូនស្រីរបស់ខ្ញុំម្នាក់ឈ្មោះ កែវ សាអឿន ធ្វើការនៅកងចល័តវ័យកណ្តាល និងស្នាក់នៅរោងជិតខ្ញុំដែរ នៅធ្វើជាធម្មតានៅពេលល្ងាច ស្រាប់តែ ព្រឹកឡើងបាត់ខ្លួនតែម្តង។ នៅពេលបាត់ខ្លួនប្អូនស្រីរបស់ខ្ញុំ គ្មាននរណាម្នាក់នៅក្នុងកងហ៊ាននិយាយឈ្មោះប្អូនស្រីរបស់ខ្ញុំឡើយ ធ្វើឱ្យខ្ញុំភិតភ័យយ៉ាងខ្លាំង ព្រោះខ្ញុំមកពីខាងបូព៌ាដែលខ្មែរក្រហមចោទថាក្បត់។ ក្រៅពីប្អូនស្រីរបស់ខ្ញុំ ខ្មែរក្រហមបានយកប្រជាជនដែលធ្វើការនៅកងចល័តវ័យកណ្តាលផ្សេងទៀតទៅបាត់ដែរ ដូចជា ឈ្មោះ រ៉ា, សន និង សៀន។ នៅទីនោះ ប្រសិនបើគ្រួសារណាមានឪពុក ឬម្តាយគឺជាជនជាតិវៀតណាម និងនិយាយភាសាវៀតណាម ហើយខ្មែរក្រហមស៊ើបដឹង គឺខ្មែរក្រហមយកទៅសម្លាប់ចោលមុនគេ។
នៅពេលកងទ័ពវៀតវាយចូលមកប្រទេសកម្ពុជានៅឆ្នាំដើមឆ្នាំ១៩៧៩ ខ្ញុំបានធ្វើដំណើរមកស្នាក់នៅភ្នំពេញមួយរយៈ បន្ទាប់មកទើបបន្តដំណើរត្រឡប់មកស្រុកកំណើតវិញ។ ពេលមកដល់ផ្ទះ ខ្ញុំបាត់បង់កូនម្នាក់ ចំណែកប្តី ខ្ញុំបានទទួលដំណឹងថាបានស្លាប់នៅពេលរត់ភៀសខ្លួនទៅប្រទេសវៀតណាម។ ចាប់តាំងពីពេលនោះមក ខ្ញុំបានក្លាយជាស្រ្តីមេម៉ាយចិញ្ចឹមកូនដែលនៅរស់ចំនួន៧នាក់។ ខ្ញុំត្រូវធ្វើស្រែភ្ជួររាស់ដោយខ្លួនឯង និងដើរកាប់ឧសទូលទៅលក់នៅបាវិត ហើយឆ្លៀតពេលធ្វើនំលក់បន្ថែមទៀត។ ក្រោយមកទើបខ្ញុំទិញបានកង់មួយគ្រឿងក្នុងតម្លៃ៣៥០រៀល ព្រមទាំងទិញបានកូនជ្រូក និងមាន់ដើម្បីចិញ្ចឹម។ ខ្ញុំបានជិះកង់ទៅទិញដំឡូងនៅតាកៅ ក្នុងប្រទេសវៀតណាម យកមកស្ងោរលក់ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមទៀត។
អត្ថបទដោយ៖ សោម ប៊ុនថន ៖ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត
កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងជំរុញឱ្យមានការទទួលខុសត្រូវ, បទសម្ភាសន៍ ឡុង ដានី ជាមួយ កែវ សាមឿន រស់នៅភូមិថ្នាញ ឃុំបាទី ស្រុកចន្រ្ទា ខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៥។
[2] ទង់បដិវត្ត លេខ៦ មិថុនា ១៩៧៧ ទំព័រ ៖ ក ដល់ ញ