ស្ទើរបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ កែវ សាយ អាយុ៧៥ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

សាយ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានឆ្លងកាត់ការលំបាកច្រើនស្ទើរបាត់បង់ជីវិត​ដោយ​សារល្បិច​បញ្ឆោត​ឲ្យទៅរស់នៅឯខេត្តបាត់ដំបង ដោយ​ប្រាប់​ថា មានស្បៀងអាហារគ្រប់គ្រាន់។ សាយ បានរំឮករឿងរ៉ាវរបស់គាត់កាលពីអតីតកាលប្រាប់​អ្នកស័្មគ្រចិត្តកម្ពុជាថា នៅអំឡុងឆ្នាំ១៩៧០ មានរដ្ឋប្រហារ​ទម្លាក់ សម្តេចព្រះនរោត្តមសីហនុ ពេលនោះប្រទេសជាតិ​មានសង្រ្គាមផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ។

ប្រជាជនរស់នៅ​គ្មានក្តីសុខព្រោះនៅតំបន់ព្រំដែនមានការទម្លាក់គ្រាប់បែកជារឿយៗ នាំឲ្យខូចខាតទ្រព្យសម្បត្តិបំផ្លាញសាលារៀន វត្តអារាម និងបានសម្លាប់អាយុជីវិតមនុស្សសត្វ។ នៅឆ្នាំ១៩៧៥ ប្រជាជនទទួលដំណឹងថា ទីក្រុងភ្នំពេញ​ត្រូវបានរំដោះដោយកងទ័ពខ្មែរក្រហម ក៏មានអារម្មណ៍សប្បាយចិត្ត និងអបអរសាទរ ព្រោះគាត់គិតថាប្រទេសជាតិលែងមានសង្រ្គាម និងការទម្លាក់គ្រប់បែកត​ទៅ​​​ទៀត។ ផ្ទុយពីការគិតនេះទាំងស្រុងមិនយូរប៉ុន្មាន របបខ្មែរក្រហម​បានជម្លៀសប្រជាជនចេញពីទីក្រុង និងពីទីប្រជុំជនឲ្យទៅរស់នៅតំបន់ជនបទ និងឲ្យធ្វើ​ស្រែ​ចម្ការជាសមូហភាព។ បន្ថែមពីនេះទៀតប្រជាជនត្រូវធ្វើប្រវត្តិ​រូប​ពីការងារក្នុងរបបចាស់។ មានប្រជាជនមួយចំនួនត្រូវបានយកទៅសម្លាប់ដោយសារគាត់បានផ្តល់ព័ត៌មានពិតថាធ្លាប់ជាអតីត​មន្រ្តីរាជការក្នុងរបប លន់ នល់។ ប្រជាជនដែលជម្លៀសត្រូវ​បាន​ចាត់ទុកថា ជាប្រជាជនថ្មី ឬប្រជាជនបញ្ញើ ចំណែកប្រជាជនមូល​ដ្ឋានត្រូវ​បាន​ហៅថា ប្រជាជនពេញសិទ្ធិ។ ប្រជាជនមូលដ្ឋានមានសិទ្ធិជាងប្រជាជនថ្មី។ ប្រជាជនថ្មីគ្មានសិទ្ធិតវ៉ាអ្វីទាំងអស់​ របបខ្មែរក្រហមមិនបានគិតគូរប្រជាជនទាំងនោះទេ គាត់ទទួលបានរបបអាហារតិចតួច និងធ្វើការងារច្រើន។ បន្ថែម​ពីនេះទៀត​ ប្រជាជនថ្មីត្រូវបានខ្មែរក្រហមសង្ស័យថា ជាជនក្បត់ និងត្រូវធ្វើ​ប្រវត្តិរូបជាញឹកញាប់ដោយចោទថា ជាគិញសម្ងាត់ និង​​ជាខ្មាំងសត្រូវ។ សាយ ពីដំបូងទទួលបានរបបអាហារគ្រប់គ្រាន់ ក្រោយ​មករបបអាហារចេះតែថយទៅៗ។ ស្រូវបង្កបង្កើន​ផល​បានច្រើនប៉ុន្តែគេមិនឲ្យប្រជាជនហូបឆ្អែត ស្រូវ​ត្រូវបានប្រមូលទុកក្នុងសហករណ៍ និងត្រូវបានដឹកជញ្ជូនចេញ​ពីមូលដ្ឋាន។ ចំណែកសម្ភារៈ និងដំណំាហូបផ្លែផ្សេង​ៗ​​ក៏ត្រូវប្រមូល​ដាក់ជារបស់រួម។ ទោះបី​ហូប​មិន​ឆ្អែត​ក៏ សាយ មិនហ៊ានត្អូញ​ត្អែរ គឺមានតែខិតខំធ្វើការស្ទើរគ្មានពេល​សម្រាក សាយ ឲ្យដឹងថា ការងារត្រូវធ្វើមិនថាប្រុសស្រីក្មេងចាស់នោះទេគ្រប់គ្នាត្រូវធ្វើការ។

សាយ និយាយថា «ការងារមានគ្រប់ៗគ្នា ធ្វើគ្មានថ្ងៃសៅរ៍-អាទិត្យ ថ្ងៃបុណ្យទានទេ ត្រូវលើកភ្លឺស្រែ ជីក​ប្រឡាយ និងលាយជីជាដើម។ បើសិនឈឺមិនទៅធ្វើការគេមិនផ្តល់របបអាហារឲ្យទេ នឹងអាចត្រូវបានចោទប្រកាន់ថា «គ្រុនទន្សាយ គ្រុនបាយបាន និងធ្វើពុតជាឈឺអាចយក​ទៅសម្លាប់ចោលទៀតផង»។

ក្រោយមកនៅសហករណ៍ដែល សាយ រស់នៅមានការខ្វះខាតស្បៀងអាហារជាខ្លាំង។ មានអ្នកឃោសនាថា នៅខេត្តបាត់ដំបងមានអាហារហូបគ្រប់គ្រាន់។

ប្រជាជនខ្លះបានចាញ់ល្បិចបញ្ឆោតក៏ទៅតាម​ការ​ឃោស​នា។ ប្រជាជនមួយចំនួនត្រូវបានសម្លាប់តាមផ្លូវ និងខ្លះទៀតស្លាប់ពេលទៅដល់ខេត្តបាត់ដំបង។ ជាសំណាងល្អដែល សាយ និងគ្រួសារមិនបានទៅតាមការឃោសនាទើបមានជីវិតរស់​។ក្រោយពីរបបខ្មែរក្រហមដួលរលំ សាយ បានត្រឡប់ពីភូមិក្អម មករស់នៅភូមិត្រពាំងរាំងវិញ ប្រកបរបបធ្វើស្រែ​ចម្ការរហូតដល់សព្វថ្ងៃ។

សម្ភាសន៍ដោយៈ ព្រាប ច័ន្ទពិសី ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយៈ អេង សុខម៉េង 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin