ប្រធានកងធំដឹកជញ្ជូន ស្រុកចន្ទ្រា តំបន់២៣

កែវ ប៉ូ ជាប្រធានកងធំដឹកជញ្ជូនឃុំប្រទី បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ កែវ សាមឿន ត្រូវជាបងស្រី អាយុ ៦៥ឆ្នាំ។[1] ខាងក្រោមនេះគឺជាការរៀបរាប់របស់បងស្រី ពីប្រវត្តិរូបសង្ខេបរបស់ប៉ូ៖
ប៉ូ មានឪពុកឈ្មោះ កែវ សេង និងម្តាយឈ្មោះ សូ ឡុង អ្នកទាំងពីរបានស្លាប់ដោយសារជំងឺក្នុងរបបសង្គមរាស្រ្តនិយម។ ប៉ូ ជាកូនប្រុសតែម្នាក់ក្នុងគ្រួសារ ដែលមានបងស្រី៣នាក់ និងប្អូនស្រីម្នាក់។ ក្នុងរបបខ្មែរក្រហមបងស្រីម្នាក់បាត់ខ្លួន, ម្នាក់ស្លាប់ និងក្មួយពីរនាក់ស្លាប់ដោយសារជំងឺ និងអត់អាហារនៅខេត្តពោធិ៍សាត់។
ក្នុងវ័យសិក្សា ប៉ូ បានបួស និងរៀនត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅវត្តថ្នាញ ឃុំប្រទី។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មានរដ្ឋប្រហាររបសស់ឧត្តមសេនីយ៍ លន់ នល់ ទម្លាក់សម្តេច ព្រះនរោត្តមសីហនុ ពីតំណែងនៅពេលនោះ បងស្រីរបស់ប៉ូ បានបង្ខំប៉ូ ឲ្យលាចាកសិក្ខាបទព្រោះភ័យខ្លាចមានគ្រោះថ្នាក់ដោយសារប្រទេសជាតិជ្រួលច្រលំ។ បន្ទាប់មក ប៉ូ ត្រលប់មកផ្ទះ និងជួយធ្វើស្រែចម្ការបងស្រី នៅស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៣ ប៉ូ បានរៀបការប្រពន្ធជាមួយនារីម្នាក់រស់នៅឃុំបាវិត (បច្ចុប្បន្នក្រុងបាវិត)។ នៅឆ្នាំ១៩៧៣ ក្នុងភូមិថ្នាញមានការទម្លាក់គ្រាប់បែកពីយន្តហោះសហរដ្ឋអាមេរិក ដែលគាំទ្ររបប លន់ នល់ ដើម្បីសម្លាប់ទាហានវៀតកុង (វៀតណាមខាងជើង) ដែលគាំទ្រចលនាខ្មែរក្រហម និងមកលាក់ខ្លួនតាមតំបន់ព្រំដែនប្រទេសកម្ពុជា និងវៀតណាម។ នៅពេលទម្លាក់គ្រាប់បែកបានបណ្តាលឲ្យសមាជិកមួយគ្រួសាររបស់ឈ្មោះតាញ៉ិប ស្លាប់។
នៅចុងឆ្នាំ១៩៧៣ ប៉ូ បានចូលបម្រើការងារនៅសាលាឃុំ។ ប៉ូ បំពេញការងារបានរយៈពេលខ្លី ក៏ទៅចូលរួមជាមួយកម្លាំងតស៊ូខ្មែរក្រហមជាមួយយុវជន-យុវនារី។ កាលណោះ បងស្រីនិយាយថា ប៉ូ ទៅចូលរួមក្នុងចលនាបដិវត្តដោយស្ម័គ្រចិត្ត ប៉ុន្តែបើផ្អែកតាមកាលៈទេសៈ ប៉ូ និងយុវជន-យុវនារី គ្មានសិទ្ធិសម្រេចចិត្តព្រោះវាជារបត់សង្គម និងប្រទេសជាតិមានសង្រ្គាមមនុស្សពេញកម្លាំងត្រូវចេញទៅតស៊ូដើម្បីរំដោះប្រទេស។ នៅឆ្នាំ១៩៧៤ ប៉ូ មកលេងប្រពន្ធកូន និងស្នាក់នៅផ្ទះរយៈពេលពីរ ទៅបីថ្ងៃ បានត្រលប់ទៅចូលរួមជាមួយចលនាខ្មែរក្រហមវិញ។ បងស្រី មិនបានដឹងថា ប៉ូ មានតួនាទីអ្វីក្នុងចលនាបដិវត្តន៍នោះទេ គ្រាន់តែបានឃើញប្អូនមានសម្លៀកបំពាក់ពណ៌ខ្មៅយ៉ាងសមរម្យ។
នៅខែមេសា ឆ្នាំ១៩៧៥ ពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច បងស្រីបានបាត់ដំណឹងប្អូនមិនឃើញត្រលប់មកលេងប្រពន្ធកូន និងបងប្អូនដូចមុនទៀតទេ។ ចំណែកប្រពន្ធកូន និងបងប្អូនរបស់ប៉ូ ត្រូវបានអង្គការឲ្យរស់នៅសហករណ៍រួមគ្នា ប៉ុន្តែពេលដំបូងអង្គការមិនទាន់តម្រូវឲ្យប្រជាជនជនហូបរួមនោះទេ អង្គការបានចែកស្រូវឲ្យហូបតាមគ្រួសារ។ រហូតដល់ឆ្នាំ១៩៧៦ ទើបអង្គការលុបបំបាត់កម្មសិទ្ធិឯកជន និងប្រមូលទិន្នផលស្រូវពីប្រជាជនយកទុកក្នុងឃ្លាំងសហករណ៍ ព្រមទាំងតម្រូវឲ្យប្រជាជនហូបអាហាររួមគ្នានៅរោងបាយ។ បងប្អូនរបស់ប៉ូទាំងអស់ ត្រូវកងឈ្លបខ្មែរក្រហមតម្រូវឲ្យទៅធ្វើការនៅការដ្ឋានជាមួយក្រុមមនុស្សពេញកម្លាំងចល័តទៅឆ្ងាយពីភូមិ, ខ្លះត្រូវជីកប្រឡាយ, លើកទំនប់ និងខ្លះទៀតត្រូវភ្ជួរស្រែ ដកស្ទូង និងរែកសំណាបជាដើម។។ កូនរបស់ប៉ូ រស់នៅក្នុងកងកុមារ និងប្រពន្ធធ្វើការក្នុងក្រុមចល័តភូមិ។
អំឡុងរបបខ្មែរក្រហមបងប្អូន និងប្រពន្ធ បានសួរព័ត៌មានពីអ្នកធ្លាប់ចូលរួមធ្វើបដិវត្តន៍ជាមួយប៉ូ ប៉ុន្តែគ្មានដំណឹងរហូតដល់ពេលបច្ចុប្បន្ន។ បងស្រីប៉ូ គិតថាប្អូនបានស្លាប់ក្នុងរបបខ្មែរក្រហម ព្រោះតែមិនឃើញត្រលប់មកផ្ទះរយៈពេលជាង៣០ឆ្នាំ (គិតត្រឹមថ្ងៃសម្ភាសន៍) តាំងពីថ្ងៃដែលរបបខ្មែរក្រហមដួលរលំ។ ជារៀងរាល់ឆ្នាំពេលមានពិធីបុណ្យភ្ជុំបិណ្ឌ ឬចូលឆ្នាំ បងប្អូន តែងតែឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ប៉ូ ដែលបានបាត់ខ្លួន។
បើយោងតាមឯកសារប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងរបស់ឈ្មោះ កែវ ប៉ូ, អាយុ៣៤ឆ្នាំ, ភេទប្រុស, ជាជនជាតិខ្មែរ, មានប្រពន្ធឈ្មោះ យ៉ង កុច និងមានកូនចំនួនបីនាក់។[2] មុនពេលចាប់ខ្លួន ប៉ូ ជាប្រធានកងធំដឹកជញ្ជូនឃុំប្រទី ស្រុកចន្ទ្រា និងត្រូវបានឃុំខ្លួននៅផ្ទះលេខ៤៣ បន្ទប់ធំ៤។ ប៉ូ មានកម្ពស់១,៥១ ម៉ែត្រ និងប្រវែងដងខ្លួន០,៨០ ម៉ែត្រ។ ប៉ូ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧៨ និងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៧៨ ត្រូវបានរបបខ្មែរក្រហម កម្ទេច (សម្លាប់) នៅគុកទួលស្លែង។[3]
ចំណែកប្រពន្ធ និងកូនរបស់ប៉ូ ត្រូវបានខ្មែរក្រហមជម្លៀសទៅតំបន់ដូនម៉ើយ ជាប់ព្រំដែនកម្ពុជា និងវៀតណាម។ ប្រពន្ធកូនរបស់ប៉ូ បានបាត់ដំណឹងរហូតដល់បច្ចុប្បន្ន។ នៅឆ្នាំ១៩៧៧ដដែល បងប្អូនរបស់ប៉ូ ត្រូវខ្មែរក្រហមជម្លៀសពី ស្រុកចន្ទ្រា តំបន់២៣ ឲ្យទៅរស់នៅឯខេត្តពោធិ៍សាត់។ បងប្អូនរបស់ប៉ូ បានធ្វើដំណើរដោយថ្មើរជើងចេញពីស្រុកចន្ទ្រា ទៅដល់ស្ពានប្រសូត្រ កងឈ្លបខ្មែរក្រហមបានចាប់ខ្លួនបងថ្លៃប្រុសម្នាក់របស់ប៉ូ ដោយចោទប្រកាន់ថាក្បត់ និងចូលដៃជាវៀតណាម ចាប់ពីពេលនោះមកបងថ្លៃប្រុសរបស់ប៉ូ បានបាត់ដំណឹងរហូត។ បងប្អូនរបស់ប៉ូ ពេលធ្វើដំណើរដល់តំបន់អ្នកលឿង ខ្មែរក្រហមបានបង្ខំឲ្យធ្វើដំណើរតាមស្រឡាងជាមួយប្រជាជនជម្លៀសផ្សេងទៀតបន្តទៅក្រុងភ្នំពេញ។ នៅក្រុងភ្នំពេញសម្រាកបានមួយយប់ ខ្មែរក្រហមឲ្យធ្វើដំណើរតាមរថភ្លើង ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់។ ពេលរថភ្លើងឈប់នៅចំណត បងប្អូនរបស់ប៉ូ និងអ្នកជម្លៀសពីភូមិភាគបូព៌ាមួយចំនួន អង្គការតម្រូវឲ្យទៅរស់នៅ តំបន់ឈើពុក ខេត្តពោធិ៍សាត់។ នៅឈើពុក បងប្អូនរបស់ប៉ូ បានឃើញប្រជាជនជម្លៀសមកជាមួយបានស្លាប់យ៉ាងច្រើន ដោយសារគ្មានអាហារហូបគ្រប់គ្រាន់, ធ្វើការងារធ្ងន់, បាត់ខ្លួន និងមួយចំនួនត្រូវបានកងឈ្លបចាប់ដោយចោទថាជាប់ពាក់ព័ន្ធនឹងអំពើក្បត់អង្គការ។ បងស្រីរបស់ប៉ូ និយាយថាការរស់នៅខេត្តពោធិ៍សាត់ មានការលំបាកខ្លាំងទាំងលក្ខខណ្ឌការងារ និងស្បៀងអាហារ។ អំឡុងពេលរស់នៅខេត្តពោធិ៍សាត់ បងស្រីម្នាក់ និងក្មួយរបស់ប៉ូពីរនាក់ បានស្លាប់ដោយសារគ្មានអាហារហូប និងជំងឺ។
ក្រោយរបបខ្មែរក្រហមដួលរលំបងប្អូនរបស់ប៉ូ បានយកអង្ករ, អំបិល និងប្រហុក ពីសហករណ៍ឈើពុក និងបាននាំគ្នាធ្វើដំណើរដោយថ្មើរជើងត្រលប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្នបងស្រីរបស់ប៉ូ ប្រកបរបរធ្វើនំ និងធ្វើកន្ទេលលក់ ដើម្បីចិញ្ចឹមជីវិត៕
អត្ថបទដោយ អេង សុខម៉េង
[1] ឯកសារ SVI 0005, ឡុង ដានី សម្ភាសជាមួយ ឈ្មោះ កែវ សាមឿន មានអាយុ ៦៥ ឆ្នាំ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០០៥ ដែលត្រូវជាបងស្រីរបស់ឈ្មោះ កែវ ប៉ូ បច្ចុប្បន្នរស់នៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង, បទសម្ភាសចំនួន២០ទំព័រ, មជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឯកសារ K02623 TSL Box ៣, ឈ្មោះ កែវ ប៉ូ កើតនៅភូមិថ្នាញ ឃុំប្រទី ស្រុកចន្ទ្រា តំបន់២៣ ភូមិភាគបូព៌ា។ ប៉ូ មុនឆ្នាំ១៩៧៧ជាប្រធានកងតូច ហើយនៅឆ្នាំ១៩៧៨ ក្លាយជាប្រធានកងធំដឹកជញ្ជូន ឃុំបាទី ស្រុកចន្ទា។
[3] ឯកសារបញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅមន្ទីរស-២១ “ឆ្នាំ១៩៧៦-១៩៧៨” មជ្ឈមណ្ឌលឯកសារកម្ពុជា, តំណភ្ជាប់៖ https://d.dccam.org/Archives/Documents/Confessions/pdf/List_Executed%20S-21%20Prisoners_1975-1978%20_Kh.pdf, នៅលេខរៀង៨៩៦៦, ទំព័រ៥៣៨ មានឈ្មោះ កែវ ប៉ូ ជាប្រធានកងធំដឹកជញ្ជូនឃុំប្រទី ស្រុកចន្ទា្រ តំបន់២៣ ភូមិភាគបូព៌ា។