កែវ អ៊ន៖ ខ្ញុំបានឃើញទិដ្ឋភាពមនុស្សឈឺស្លាប់នៅតាមសហករណ៍

កែវ អ៊ន[1] អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិល្វែងឫស្សី ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្ដសៀមរាប។ បច្ចុប្បន្ន អ៊ន រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
អ៊ន បាននិយាយថា៖ «ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនបង្កើតចំនួន៨នាក់ នៅក្នុងគ្រួសារកសិករ។ ខ្ញុំបានរៀបការនៅក្នុងឆ្នាំ១៩៧២ ជាមួយនឹងយោធាខ្មែរក្រហមឈ្មោះ ឈាន។ បន្ទាប់មក ភូមិរបស់ខ្ញុំក៏ចាប់ផ្ដើមហេតុការណ៍ទម្លាក់គ្រាប់បែកពីសំណាក់ទាហាន លន់ នល់ ហើយបណ្ដាលឱ្យផ្ទះសម្បែង និងគោក្របីត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។
ក្រោយមកទៀត ខ្ញុំក៏ចាប់ផ្ដើមសម្រាលបានកូនប្រុស១នាក់នៅក្នុងឆ្នាំ១៩៧៥។ ស្របពេលនោះ ឪពុកម្ដាយ និងប្អូនៗរបស់ខ្ញុំក៏ត្រូវបានខ្មែរក្រហមបំបែកទៅរស់នៅ និងធ្វើការងារនៅក្នុងខេត្ដកំពង់ចាម ស្របពេលការប្រទាញប្រទង់គ្នារវាងខ្មែរក្រហម និងខ្មែរស (លន់ នល់) ធ្លាក់ក្នុងសភាពការណ៍កាន់តែខ្លាំងឡើងៗ។ ចំណែកនៅក្នុងភូមិកំណើតរបស់ខ្ញុំវិញ ខ្មែរក្រហមក៏បានបង្កើតជាសហករណ៍ និងបានប្រមូលប្រជាជនឱ្យរស់នៅ និងធ្វើការងាររួមគ្នា។ ខ្ញុំបានរស់នៅក្នុងសហករណ៍ និងធ្វើការងារប្រចាំថ្ងៃដូចជា លើកទំនប់ម្កាក់ ជីកប្រឡាយ និងលើកភ្លឺស្រែជាដើម។ កូនប្រុសរបស់ខ្ញុំ ត្រូវបានខ្មែរក្រហម បំបែក ចេញពីខ្ញុំ ដោយក្នុងមួយសប្ដាហ៍ខ្មែរក្រហមអនុញ្ញាតឱ្យខ្ញុំទៅលេងកូនប្រមាណតែពីរទៅបីដងប៉ុណ្ណោះ។
នៅក្នុងឆ្នាំដដែល ខ្ញុំ ក៏ដូចជាក្រុមគ្រួសារកងទ័ពខ្មែរក្រហមដទៃទៀត ក៏ត្រូវបានបញ្ជូនទៅកាន់ខេត្ដមណ្ដលគិរី ដើម្បីបង្កបង្កើនផលផ្គត់ផ្គង់អង្គភាពទ័ព។ ខ្ញុំទទួលបានដំណឹងថា ប្ដីរបស់ខ្ញុំក៏ឈរជើងនៅសមរភូមិនោះដែរ។ ខ្មែរក្រហមបានដឹកជញ្ជូនយើងតាមកាណូតឆ្លងកាត់ទន្លេមេគង្គក្នុងខេត្ដកំពង់ចាម។ នៅពេលនោះយើងវេទនាណាស់ ដោយសារមានកូន និងរបស់របរទៅជាមួយ។ អ្នកខ្លះមានកូន ចំណែកអ្នកខ្លះទៀតក៏មិនមានកូន។ នៅកណ្ដាលទន្លេកាណូតក៏បានបាក់ស្លាបចក្រម៉ាស៊ីនជាមួយនឹងរលកខ្លាំងអំឡុងខែកក្កដា និងសីហា។ យើងគិតថា យើងបា្រកដជាស្លាប់នៅក្នុងទឹកទន្លេជាមិនខាន។ យើងបានបន្ដដំណើរឆ្លងផុតទន្លេមេគង្គទៅដល់ខេត្ដក្រចេះ។ បន្ទាប់មក យើងបានធ្វើដំណើរដោយឡានទៅកាន់ខេត្ដមណ្ឌលគិរី។ នៅតាមផ្លូវ យើងជួបការលំបាកច្រើនណាស់ទម្រាំទៅដល់គោលដៅ ដោយសារឡានជាច្រើនជាប់ផុងតាមផ្លូវ។ ឡានទាំងនោះដឹកសុទ្ធតែប្រពន្ធកងទ័ពខ្មែរក្រហម។ ខ្មែរក្រហមបានប្រាប់យើងថាមិនបាច់យកអ្វីទៅជាមួយទេ។ ក្រោយមក ទ្រព្យសម្បត្ដិកេរ្ដិ៍ឪពុកម្ដាយ និងផ្ទះសម្បែងរបស់យើងត្រូវបានខ្មែរក្រហមយកទៅធ្វើជារបស់រួមក្នុងសហករណ៍។
នៅទីនោះ ខ្ញុំកម្របានជួបប្ដីរបស់ខ្ញុំណាស់។ គាត់បំពេញកាតព្វកិច្ចកងទ័ពនៅតាមព្រំដែនកម្ពុជា-វៀតណាម។ ការងារនៅមូលដ្ឋានខាងក្រោយរបស់ខ្ញុំគឺជីកប្រឡាយ និងបិទភ្លឺស្រែ។ ចំណែករបបអាហាររបស់យើងនៅពេលនោះ គឺចំនួន២ពេលក្នុងមួយថ្ងៃ។ នៅពេលព្រឹកយើងមិនទទួលបានអាហារហូបទេ។ នៅថ្ងៃត្រង់ និងល្ងាចទើបយើងបានអាហារហូប។ អាហាររបស់យើងគឺបាយលាយពោត ឬដំឡូង។ ចំណែកឯម្ហូបភាគច្រើនសម្ល ត្រីទន្លេ។ នៅពេលនោះសម្បូរត្រីធំៗណាស់ ដែលនេសាទបានពីទន្លេស្រែពក។ កូនរបស់ខ្ញុំមិនចេះហូបទេ ដោយកាយយកតែគ្រាប់បាយ។ យើងតែងតែនាំគ្នាជីកមើមក្ដួចធ្វើជាអាហារបន្ទាប់ពីត្រាំទឹកដើម្បីបន្សាប។ ដោយសារកន្លែងសហករណ៍របស់យើងខ្វះទឹក ក្ដួចដែលត្រាំមួយចំនួនមិនសាបជាតិពុលអស់នោះទេ ដែលឲ្យពុលពាសពេញសហករណ៍។ យើងម្នាក់ៗបាននាំគ្នាបោចស្លឹកម្ជូរ និងខ្នឹង ដើម្បីហូបបន្សាបជាតិពុល។
នៅក្នុងសហករណ៍ខ្ញុំបានឃើញទិដ្ឋភាពមនុស្សឈឺស្លាប់ ដោយកាលជំនាន់នោះយើងក៏មិនសូវយល់អំពីមូលហេតុនេះដែរ។ សម័យបច្ចុប្បន្នយើងអាចរករឿង រកហេតុ ពីព្រោះមនុស្សយល់ពីច្បាប់។ ប៉ុន្ដែជំនាន់ខ្មែរក្រហម យើងមិនយល់អ្វីនោះទេ។ កូនប្រុសរបស់ខ្ញុំក៏បានស្លាប់នៅទីនោះដែរ នៅពេលដែលយើងត្រូវបានផ្លាស់ទៅរស់នៅក្នុងភូមិជនជាតិដើមភាគតិច។ នៅទីនោះ ប្រជាជនភាគច្រើនបានស្លាប់ដោយសារជំងឺគ្រុនចាញ់ និងចាញ់ទឹកដី។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមចាប់ផ្ដើមចាប់ខ្សែរក្បត់យកទៅសម្លាប់ចោល។ នៅពេលនោះ សភាពការណ៍ចាប់ផ្ដើមមានការតឹងតែង។ កងទ័ព និងប្រជាជនធ្វើស្រែដោយកាប់ដីនឹងចប។ សូម្បីតែកាប់ដីបាក់ចប ឬបាក់នង្គ័លក៏ត្រូវបានអង្គការខ្មែរក្រហមចោទថាជាខ្មាំងដែរ។ ខ្ញុំមានការភ័យខ្លាចចំពោះសុវត្ថិភាព ដោយសារតែមានប្ដីជាកងទ័ពខ្មែរក្រហម។ ប៉ុន្ដែទោះជាយ៉ាងណា ខ្មែរក្រហមមិនបានប៉ះពាល់មកលើក្រុមគ្រួសារកងទ័ពទេ។
រហូតដល់ឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានបណ្ដេញកងទ័ពខ្មែរក្រហមចេញពីខេត្ដមណ្ឌលគិរី ហើយពេលនោះ ខ្ញុំក៏មានផ្ទៃពោះកូនស្រីរបស់ខ្ញុំម្នាក់ទៀត។ ខ្ញុំមិនអាចធ្វើដំណើរបានដោយខ្លួនឯងបាននោះទេ។ ប៉ុន្ដែដោយសារការអាណិតអាសូរ កងទ័ពខ្មែរក្រហមក៏បាននាំគ្នាសែងខ្ញុំដើម្បីបន្ដដំណើរទៅមុខទាំងអស់គ្នា រហូតដល់ខ្ញុំបានសម្រាលនៅតាមផ្លូវ។ ដោយសារស្ថានភាពលំបាកខ្លាំង កូនស្រីរបស់ខ្ញុំក៏បានស្លាប់ចោលខ្ញុំទៀតនៅអាយុបានជាងមួយខែ។ ខ្ញុំបានចាកចេញពីសពកូនរបស់ខ្ញុំទាំងក្ដុកក្ដួល ហើយបន្ដដំណើរទៅកាន់តំបន់១០០១ ក្នុងខេត្ដព្រះវិហារជាមួយនឹងកងទ័ពខ្មែរក្រហម។ ប្រជាជនជាច្រើនបានស្លាប់ដោយសារលង់ទឹកទន្លេ ជំងឺ និងខ្វះអាហារ។ នៅទីនោះ យើងបានទៅរស់នៅក្នុងទីតាំងដំបូង គឺត្រង់ចំណុចអូរធំ ដែលប្ដីរបស់ខ្ញុំក៏នៅទីនោះដែរ។ ខ្ញុំបានរស់នៅទីនោះ រហូតដល់ខ្ញុំមានកូនស្រីម្នាក់ទៀត នៅពេលស្ថានភាពរស់នៅ និងការហូបចុកបានល្អប្រសើរ។ ប៉ុន្ដែអកុសល កូនរបស់ខ្ញុំក៏បានឈឺស្លាប់ចោលខ្ញុំទៀត។ រហូតមកដល់បច្ចុប្បន្ននេះ អ្វីដែលខ្ញុំសោកស្ដាយបំផុត គឺមិនមានកូនចៅនៅជាមួយ និងភាពជរាទៅៗពីរនាក់ប្ដី»៕
អត្ថបទដោយ សួត វិចិត្រ
[1] សួត វិចិត្រ សម្ភាសន៍ជាមួយ កែវ អ៊ន នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។