កងសិប្បកម្មធ្វើនង្គ័ល, រនាស់ និងបង្គី

(ខេត្តព្រៃវែង) កែវ សុង មានអាយុ៨១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សុង មានឪពុកឈ្មោះ កែវ សន និងប្រពន្ធ ឈ្មោះ ព្រំ សាម។ កាលពីកុមារភាព សុង រៀនបានត្រឹមថ្នាក់ទី៥ (សង្គមចាស់) នៅអនុវិទ្យាល័យអង្គឌួង ស្ថិតក្នុងក្រុងព្រៃវែង នាឆ្នាំ១៩៦១។ ក្រោយមក សុង បានរៀបការមានគ្រួសារ ហើយក្នុងរបប លន់ នល់ ពីឆ្នាំ១៩៧០-១៩៧៥ ការរស់នៅរបសគាត់ និងគ្រួសារបានជួបប្រទះទុក្ខលំបាកដោយសារក្នុងភូមិមានការប្រយុទ្ធគ្នារវាងកងទ័ពរំដោះខ្មែរក្រហម និងទាហាន លន់ នល់ ព្រមទាំងមានការទម្លាក់គ្រាប់បែក​របស់យន្តហោះអាមេរិកាំងដើម្បីសម្លាប់កងទ័ពយៀកកុង។ ប្រជាជនបានផ្លាស់ប្តូរកន្លែងរស់នៅពីភូមិមួយទៅភូមិមួយទៀតដើម្បីសុវត្ថិភាព ធ្វើឲ្យខ្វះខាតជីវិភាពដោយសារគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការប្រកបរបររកស៊ី និងធ្វើស្រែចម្ការ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហមទទួលជ័យជម្នះ និងគ្រប់គ្រងអំណាចនៅទូទាំងប្រទេស។ នៅគ្រានោះ សុង កំពុងរស់នៅស្រុកកំណើតភូមិឆ្អឹងពស់ កងឈ្លបឃុំបានចាត់តាំងគាត់ឲ្យធ្វើការងារក្នុងកងសិប្បកម្មរបស់ឃុំដើម្បីធ្វើនង្គ័ល, រនាស់ និងបង្គី។ ក្រោយមកអង្គការបានប្តូរការងាររបស់ សុង មកជា​ចុងភៅនៅរោងបាយវិញ ហើយទទួលបន្ទុកចម្អិនអាហារ និងដំាបាយសម្រាប់ប្រជាជនរស់នៅសហករណ៍ឆ្អឹងពស់។ របបអាហារហូបចុករបស់សុង ទទួលបានបាយ ឬបបរដូចប្រជាជនដទៃទៀតពីរវែកសម្រាប់ពីរពេលក្នុងមួយថ្ងៃ។

សុង ធ្លាប់ឃើញការរៀបការដោយបង្ខំក្នុងរបបខ្មែរក្រហមដែលធ្វើឡើងនៅរោងបាយរួមរបស់សហករណ៍។ ប្តីប្រពន្ធចូលរួមការរៀបការមួយចំនួនត្រូវបានបង្ខិតបង្ខំ និងមួយចំនួនស្ម័គ្រចិត្ត ព្រមទាំងបានស្នើឈ្មោះនារីដែលខ្លួនស្រឡាញ់ទៅអង្គការ។ បន្ទាប់ពីរៀបការរួច ប្តីប្រពន្ធ មិនបានរស់នៅជួបជុំគ្នាយូរនោះទេ ហើយ ប្តីប្រពន្ធ ត្រូវរស់នៅបែកគ្នាទៅធ្វើស្រែ, ជីកស្រះ, និងជីកប្រឡាយ តាមទីតាំងរៀងៗខ្លួន។ ក្នុងរបបខ្មែរក្រហម សុង មិនធ្លាប់ឃើញកងឈ្លបសម្លាប់មនុស្សនោះទេ ប៉ុន្តែគាត់ធ្លាប់ឮអ្នកធ្វើការជាមួយប្រាប់ថានៅសហករណ៍មានកន្លែងសម្លាប់មនុស្សពីរកន្លែងមានឈ្មោះនៅទួលក្រាំងគ និងទួលក-គោ។ សុង ក៏ធ្លាប់ឃើញខ្មែរក្រហមប្រើប្រជាជនវាយកម្ទេចព្រះវិហារ និងពុទ្ធបដិមា ក្នុងវត្តពានរោងផងដែរ។ ក្នុងរបបខ្មែរក្រហមបងប្អូនរបស់សុង មួយចំនួន​បានបាត់ខ្លួនរហូតដល់សព្វថ្ងៃដោយសារត្រូវបានអង្គការជម្លៀសពីខេត្តព្រៃវែង ទៅកាន់ខេត្តពោធិ៍សាត់ ក្នុងឆ្នាំ១៩៧៧។ ចំណែក សុង នៅចុងឆ្នាំ១៩៧៨ ក៏ត្រូវបានកងឈ្លបជម្លៀសចេញពីភូមិផងដែរ ឲ្យទៅរស់នៅតំបន់អ្នកលឿងមួយរយៈពេលខ្លី។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ សុង បានមករស់នៅស្រុកកំណើតវិញ និងប្រកបរបរដើរទិញស្រូវពីប្រជាជន​ដើម្បីទុកលក់ឲ្យរដ្ឋ ហើយក្នុងឆ្នាំ១៩៨៩ សុង បានចូលបម្រើការងារជាក្រុមប្រឹក្សាឃុំពានរោង រហូតដល់បច្ចុប្បន្ន៕

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin