កែវ វី៖ អង្គការបញ្ជូនទៅលត់ដំនៅព្រៃស

នៅឆ្នាំ១៩៧៧ អង្គការ ដាក់ យោធាក្នុងកងពល១២ទាំងអស់ឲ្យជាប់និន្នាការនយោបាយ។ វី ស្ថិតក្នុងចំណោមយោធាននោះ ហើយត្រូវអង្គការបញ្ជូនទៅ លត់ដំនៅមន្ទីរពៃ្រសដែលមានប្រធានឈ្មោះ ហ៊ុយ។ ខាងក្រោមនេះជាសាច់រឿងរបស់ កែវ វី៖
កែវ វ៉ាន់ ហៅ កែវ វី[1] ភេទស្រី អាយុ៤៩ឆ្នាំ មានទីកន្លែងកំណើតស្ថិតនៅភូមិខ្ពប ឃុំខ្ពប ស្រុក២០ តំបន់២៥។ បច្ចុប្បន្នរស់នៅក្នុងភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ឪពុកខ្ញុំឈ្មោះកែវ កែន អាយុ៧២ឆ្នាំ និង ម្ដាយឈ្មោះញ៉ែ វ៉ាន ៦៧ឆ្នាំ។ ខ្ញុំមានប្អូន៨នាក់ (ស្លាប់២នាក់)។ ខ្ញុំជាកូនទី១ នៅក្នុងគ្រួសារ។ ប្ដីរបស់ខ្ញុំឈ្មោះគុណ អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ខ្ញុំមានកូន៥នាក់។
កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ ព្រោះឪពុកម្ដាយមានជីវភាពខ្វះខាត។ ខ្ញុំជួយធ្វើកិច្ច ការងារផ្ទះ និងជួយមើលថែទាំប្អូនៗដើម្បីឲ្យឪពុកម្ដាយរបស់ខ្ញុំទៅធ្វើការងារ។
នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុពីតំណែងដោយឧត្តមសេនីយ៍ លន់ នល់ ។ ក្រោយមកខ្ញុំឃើញមានយន្ដហោះ សហរដ្ឋអាមេរិច ដែលគាំទ្ររបប លន់ នល់ បានហោះមកទម្លាក់គ្រាប់បែកនៅតាមភូមិ។ អំឡុងពេលនោះមាន ប្រជាជនមួយចំនួនបានស្លាប់។
នៅខែកញ្ញា ឆ្នាំ១៩៧៣ អង្គការបានស្នើតាមរយៈបងហេង ជាប្រធានភូមិបឹងខ្ពប ដើម្បីជ្រើសរើសយុវជន និងយុវនារីឲ្យធ្វើជានារីក្រហម។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧៣ ខ្ញុំស្ម័គ្រចិត្តចូលធ្វើបដិវត្ត។ អង្គការ បានបញ្ជូនខ្ញុំទៅហ្វឹកហ្វាត់នៅ ឃុំអណ្ដូងក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ខ្ញុំនៅក្នុងកងពល១២ ប្រធានកងពលឈ្មោះ ពីន និងបងឡាយ។ ខ្ញុំនៅអណ្ដូងក្រាំងយ៉ូវ រយៈពេល៦ខែ អង្គការឲ្យខ្ញុំទៅរៀនវគ្គនយោបាយ។ ពេលខ្ញុំត្រឡប់មកវិញ អង្គការបានប្ដូរខ្ញុំទៅនៅជិតវត្តវិហារកំបោរ ស្ថិនៅភូមិរាយដប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ការងាររបស់ខ្ញុំគឺ យកបាយឲ្យកងកម្លាំងនៅសមរភូមិ។ ខ្ញុំត្រៀមនៅឃ្លាំងស្រុកលើកដែក ខេត្តកណ្ដាល ហើយទាហាន លន់ នល់ វាយជាមួយយោធាខ្មែរក្រហមនៅ ឃុំពាមរាំង ស្រុកលើកដែក។ ខ្ញុំនៅឃុំពាមរាំង បានជាច្រើនខែ។
នៅឆ្នាំ១៩៧៥ ខ្ញុំបានទៅសមរភូមិប្រយុទ្ធជាមួយទាហាន លន់ នល់ តាមច្រកព្រែកតូចទៅដល់ក្រុងតាខ្មៅ។ ខ្ញុំនៅក្នុងកងពលលេខ១២ ប្រធានកងពលឈ្មោះ ពីន និងឈ្មោះ ឡាយ។ នៅថៃ្ងដែលខ្មែរក្រហមវាយបានទីក្រុងភ្នំពេញ ខ្ញុំសង្កេតឃើញថា ពុំសូវមានផ្ទុះអាវុធទេ ព្រោះទាហាន លន់ នល់ នាំគ្នាដាក់អាវុធព្រមចុះចាញ់។
ពេលនោះខ្ញុំឃើញមានប្រជាជនជម្លៀសចេញពីទីក្រុងភ្នំពេញជាបណ្ដើរៗ។ ខ្ញុំបានទៅនៅផ្សារអូ ឡាំពិក។ អង្គការចាត់តាំងខ្ញុំឲ្យទៅបោសសម្អាតផ្ទះប្រជាជន។ ប្រធានក្រុមខ្ញុំប្រាប់ថាឲ្យជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញឲ្យអស់ ដើម្បីងាយស្រួលធ្វើការងារ។ បន្ទាប់មកខ្ញុំទៅបោសសម្អាតផ្ទះប្រជាជននៅផ្សាអូឡាំពិក ហើយសំរាមដែលប្រមូលតាមផ្ទះអង្គការឲ្យដឹកទៅចាក់ចោលនៅស្ទឹងមានជ័យ។
នៅឆ្នាំ១៩៧៧ អង្គការបានចាប់ប្រធានកងពលឈ្មោះណាត និងឈ្មោះពីន និងបានដាក់កងពល ១២ ឲ្យជាប់និន្នាការនយោបាយទាំងអស់គ្នា។ អង្គការបញ្ជូនខ្ញុំឱ្យទៅធ្វើការលត់ដំ នៅមន្ទីរពៃ្រស ដែលមានប្រធានឈ្មោះហ៊ុយ។ អង្គការចាត់តាំងឱ្យខ្ញុំធ្វើស្រែ។ នៅទីនោះខ្ញុំគ្មានអាហារ ហូបគ្រប់គ្រាន់ទេ។ ចំណែកយុវជន មួយចំនួនដែលធ្វើការងារមិនបានតាមផែនការ ខ្ញុំឃើញអង្គការបញ្ជូនចេញតាមរថយន្តជារៀងរាល់ល្ងាច យុវជន ដែលឡើងឡានទាំងនោះ ខ្ញុំមិនដែលឃើញបានត្រឡប់មកវិញទេ។
នៅពេលកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចូលមកខ្ញុំបានរត់ទៅដល់ខេត្ដពោធិ៍សាត់ និងបន្ដរត់ឡើងភ្នំជាច្រើនកនែ្លង។ ខ្ញុំរស់នៅក្នុងពៃ្រលំបាកវេទនា ដោយឃើញសភាពការណ៍មិនល្អក៏ សមេ្រចចិត្ដរកផ្លូវត្រឡប់មកស្រុកកំណើតវិញ។
អត្ថបទដោយ វី ស៊ីថា
[1] លេខឯកសារ KDI0476 , តម្កល់នៅមជ្ឈមណ្ឌលឯកកម្ពុជា, បទសម្ភាសន៍កែវ វ៉ាន់ ហៅវី , សម្ភាសន៍ដោយ ផាន់ សុខជា, ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៣។