ឪពុកខ្ញុំជាប្រធានឃុំរំចេកក្នុងសម័យខ្មែរក្រហម

រូបភាព៖ កែវ ខេត
ប្រភពរូបភាព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឪពុកខ្ញុំឈ្មោះ ផេង បានចូលបម្រើខ្មែរក្រហមនៅក្នុងភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា តាំងពីឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៧ ឪពុកខ្ញុំត្រូវបានខ្មែរក្រហមជ្រើសតាំងឲ្យធ្វើប្រធានឃុំរំចេក។ នៅអំឡុងពេល ឪពុកខ្ញុំជាប្រធានឃុំរំចេកមានអ្នកភូមិស្រឡាញ់ចូលចិត្តគាត់ច្រើន ពីព្រោះគាត់ជាមនុស្សល្អ។ ថ្ងៃមួយឈ្មោះ សុវណ្ណ ភេទស្រី ជាអតីតជាងកាត់សម្លៀកបំពាក់រស់នៅស្រុកមេមត់ ត្រូវខ្មែរក្រហមបានជម្លៀសឲ្យមករស់នៅភូមិព្នៅ។ សុវណ្ណ មិនចេះរស់នៅក្នុងភូមិព្នៅ និងមានបំណងចង់រត់ត្រឡប់ទៅស្រុកមេមត់វិញ។ ឪពុកខ្ញុំបានប្រាប់ថា កុំចង់រត់អី ប្រយ័ត្នកងឈ្លបចាប់ និងយកទៅសម្លាប់ចោល។ ឪពុកខ្ញុំបានបន្ថែមថា បើចង់ទៅផ្ទះប្រាប់ខ្ញុំ ខ្ញុំនឹងជូនឲ្យដល់ផ្ទះ។ កូនស្រីរបស់ ហេង ឈ្មោះ កែវ ខេត[1] ភេទស្រី អាយុ ៦២ឆ្នាំ បានរៀបរាប់រឿងរ៉ាវនៅក្នុងសម័យខ្មែរក្រហមដូចខាងក្រោម៖

ឈ្មោះ កែវ ខេត ភេទស្រី អាយុ ៦២ឆ្នាំ មានស្រុកកំណើតនៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានម្តាយឈ្មោះ សៀង មិ (ស្លាប់ដោយសារជំងឺក្រោយឆ្នាំ១៩៧៩) ចំណែកឪពុកខ្ញុំមានឈ្មោះ ផេង ជាប្រធានឃុំរំចេកក្នុងរបបខ្មែរក្រហម និងត្រូវខ្មែរក្រហមសម្លាប់ក្នុងឆ្នាំ១៩៧៨។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៧ នាក់ (ប្រុសចំនួន៣នាក់ និងស្រី៤នាក់)។ ខ្ញុំមានប្ដីឈ្មោះ ហេង គឿន អាយុ៦៣ឆ្នាំ និងមានកូនចំនួន៧នាក់ (ស្រីចំនួន៥នាក់ និងប្រុស២នាក់)។

កាលពីកុមារភាពខ្ញុំមិនបានចូលរៀនទេ ដោយសារសង្រ្គាមមិនមានគ្រូមកបង្រៀននៅភូមិខ្ញុំឡើយ។ ពេលនោះគ្រួសារខ្ញុំប្រកបរបររកស៊ីធ្វើស្រែចម្ការ និងចិញ្ចឹមគោក្របី។ ចំណែកក្មេងប្រុសៗមួយចំនួនបានរៀនសូត្របន្តិចបន្តួចដោយសាររៀននៅតាមវត្តជាមួយព្រះសង្ឃ ឬបានបួសរៀន។ ចំណែកក្មេងស្រីៗមិនសូវបានរៀនសូត្រ ព្រោះមិនហ៊ានចូលរៀននៅក្នុងវត្តដូចប្រុសៗ។

នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចសីហនុ ខ្ញុំបានឮតាមឪពុកខ្ញុំប្រាប់ថា មានធ្វើបាតុកម្មទាមទារឲ្យសម្ដេចព្រះ នរោត្ដម សីហនុ មកដឹកនាំប្រទេសវិញ។ នៅក្នុងភូមិព្នៅមិនមានអ្នកទៅធ្វើបាតុកម្មនោះទេ ភាគច្រើនអ្នកនៅតាមថ្នល់ជាតិបាននាំគ្នាទៅចូលរួមធ្វើបាតុកម្ម។ កាលនោះទីតាំងធ្វើបាតុកម្មនៅជិតភូមិព្នៅមាន២កន្លែង គឺនៅស្រុកមេមត់មួយកន្លែង និងនៅស្រុកឆ្លូងខេត្តក្រចេះមួយកន្លែងទៀត។ បន្ទាប់ពីរដ្ឋប្រហារភ្លាមៗឪពុកខ្ញុំបានចូលធ្វើការងារជាមួយខ្មែរក្រហម។ មេដឹកនាំភូមិភាគបូព៌ា និងតំបន់២១ ចំនួន២នាក់ គឺ មាស សេងហុង​ ហៅ ចាន់ និង ម៉ៅ ផូ ហៅ ឆន មានស្រុកកំណើតនៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម[2]

នៅក្នុងឆ្នាំ១៩៧០នេះដែរ ក៏ទាហានអាមេរិកាំងបានចូលមកទម្លាក់គ្រាប់បែកនៅក្នុងភូមិព្នៅ។ នៅថ្ងៃដំបូងមានយន្តហោះឆ្វែលលើភូមិព្នៅ៣ ទៅ៤ដង ហើយនៅថ្ងៃបន្ទាប់យន្តហោះបានមកទម្លាក់គ្រាប់បែកនៅតាមព្រៃជាយភូមិព្នៅតែម្តង។ ប្រជាជននៅក្នុងភូមិភ័យខ្លាចក៏នាំគ្នាចេញពីផ្ទះទៅរស់នៅក្នុងព្រៃ។ ចំណែកគ្រួសារខ្ញុំបានជីករណ្ដៅត្រង់សេសម្រាប់លាក់ខ្លួនកុំឲ្យទាហានអាមេរិកាំងឃើញ។ ខ្ញុំធ្លាប់ឃើញកងទ័ពវៀតកុងចូលមកក្នុងភូមិព្នៅដែរ តែមិនបានធ្វើបាបប្រជាជននោះឡើយ។ កងទ័ពវៀតកុងគ្រាន់តែដើរឆ្លងកាត់តាមផ្លូវចូលទៅក្នុងព្រៃលាក់ខ្លួនវិញ។ នៅក្នុងភូមិព្នៅទាហានអាមេរិកកាំងទម្លាក់គ្រាប់បែកចំនួនពីរលើក និងបណ្តាលឲ្យអ្នកភូមិព្នៅចំនួនមួយគ្រួសារបានត្រូវគ្រាប់បែកបេ៥២ធ្លាក់ចំរណ្តៅត្រង់សេស្លាប់ទាំងអស់។ ចំណែកគ្រួសារខ្ញុំ និងអ្នកភូមិដទៃទៀតនៅក្នុងរណ្តៅត្រង់សេបានឮសម្លេងគ្រាប់បែកបេ៥២ខ្ទរញ័ររញ្ជួយដីតែម្តង។ បន្ទាប់មកអ្នកភូមិបាននាំគ្នាចេញពីភូមិទៅលាក់ខ្លួនក្នុងព្រៃក្បែរៗភូមិ ពេលស្ងប់ស្ងាត់សម្លេងយន្តហោះម្តងៗ ទើបអ្នកភូមិនាំគ្នាចូលមករស់នៅតាមផ្ទះរៀងៗខ្លួនវិញ។ ចំណែកគ្រួសារខ្ញុំមិនទាន់ហ៊ានចូលនៅក្នុងភូមិទេ គឺឪពុកខ្ញុំមកភូមិមុន ដើម្បីពិនិត្យមើសសភាពការរួច ទើបមកប្រាប់ប្រពន្ធកូនឲ្យចូលទៅក្នុងភូមិ។ ពេលលាក់ខ្លួនក្នុងព្រៃម្តងៗមានរយៈពេលប្រហែលមួយសប្តាហ៍។ ចំណែកម្ហូបអាហារគ្រួសារខ្ញុំត្រៀមរួចជាស្រេចពេលចេញពីផ្ទះ យើងអត់ហ៊ានដាំបាយហូបនៅពេលថ្ងៃទេ ព្រោះខ្លាចទាហានអាមេរិកកាំងឃើញផ្សែង និងភ្លើងមកទម្លាក់គ្រាប់ទៀត ទាល់តែពេលយប់ទើបគ្រួសារខ្ញុំហ៊ានដាំបាយហូប។ ទាហានអាមេរិកកាំងមានវត្តមាននៅភូមិព្នៅប្រហែលមួយឆ្នាំទើបដកចេញ។ ចំណែកកងទ័ពវៀតកុងបានដកទ័ពចេញភូមិព្នៅក្រោយទាហានអាមេរិកកាំង កងទ័ពវៀតកុងមានចំនួនច្រើនគ្រាន់តែដើរជាជួរមើលចង់ដាច់កន្ទុយភ្នែក។ បន្ទាប់មកប្រជាជនបានប្រកបមុខរបរធ្វើស្រែចំការដូចមុនវិញ ឪពុកខ្ញុំចាប់ផ្ដើមភ្ជួររាស់ដីស្រែរួចស្ទូងស្រូវ ដើម្បីប្រមូលផលស្រូវទុកហូប និងយកទៅដោះដូររបស់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាសម្លៀកបំពាក់ អំបិលប្រហុក ស្ករ ប៊ីចេងជាដើម។ នៅចន្លោះពីឆ្នាំ១៩៧០​ដល់ ឆ្នាំ១៩៧៥ មានប្រជាជនរស់នៅភូមិព្នៅជាច្រើនបានចូលបម្រើបដិវត្តន៍របស់ខ្មែរក្រហម។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនពីទីក្រុងភ្នំពេញឲ្យមករស់នៅធ្វើស្រែចម្ការនៅតាមភូមិមួយចំនួនក្នុងឃុំរំចេក តែនៅក្នុងភូមិព្នៅខ្មែរក្រហមអត់ដាក់អ្នកភ្នំពេញឲ្យរស់នៅទេ ព្រោះខ្មែរក្រហមថា ភូមិព្នៅជាភូមិមូលដ្ឋាន។ អ្នកជម្លៀសត្រូវខ្មែរក្រហមដាក់ឲ្យរស់នៅក្នុងភូមិកំពៃ ភូមិឈើខ្លឹម ភូមិរំចេក និងភូមិខ្ពប ប៉ុន្តែខ្មែរក្រហមក៏បានចាត់តាំងឲ្យអ្នកភ្នំពេញមកធ្វើការងារពលកម្មនៅភូមិព្នៅជាមួយមូលដ្ឋានដែរ។ ពេលបែកភ្នំពេញដំបូងនៅក្នុងភូមិព្នៅ ខ្មែរក្រហមអនុញាតិឲ្យប្រជាជនធ្វើការងារប្រវាស់ដៃ ជួយគ្នាទៅវិញទៅមករួចបានផលចែកគ្នាយើងហូបបាយតាមផ្ទះខ្លួនឯង។

នៅឆ្នាំ១៩៧៦ ទើបខ្មែរក្រហមរៀបចំបង្កើតជាសហករណ៍ឲ្យប្រជាជនធ្វើការងារពលកម្មរួម ដេករួម និងហូបចុករួម។ នៅក្នុងភូមិព្នៅមិនសូវពិបាកហូបចុកប៉ុន្មាននោះទេ ទោះបីខ្មែរក្រហមឲ្យហូបរួមក៏យើងអាចហូបបានគ្រប់គ្រាន់ដែរ។ ខ្ញុំបានធ្វើការងារពលកម្មជាមួយអ្នកជម្លៀសមកពីភ្នំពេញ ហើយគាត់បាននិយាយប្រាប់ខ្ញុំថាមិនបានហូបចុកគ្រប់គ្រាន់នោះទេ ភាគច្រើនតែបបរលាយជាមួយស្លឹកឈើ។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យធ្វើការងារក្នុងកងចល័ត ពេលនោះមានយុវជននៅក្នុងភូមិជាច្រើននាក់បានចូលក្នុងកងចល័ត។ កាលនោះខ្មែរក្រហមបានជ្រើសរើសស្រីៗដែលបានរៀនសូត្រឲ្យទៅធ្វើពេទ្យ។ ចំណែកប្រុសៗឲ្យធ្វើជាយោធា។ ចំណែកអ្នកអត់សូវចេះអក្សរខ្មែរក្រហមឱ្យធ្វើកងចល័តរែកដីធ្វើទំនប់។ កងចល័តខ្ញុំដំបូង ខ្មែរក្រហមឲ្យគាស់រានដីស្រែនៅក្នុងភូមិព្នៅរយៈពេលពីរខែ រួចខ្មែរក្រហមបញ្ជូនចល័តខ្ញុំទៅខាងភូមិកន្ទួតធ្វើស្រែ។ នៅភូមិកន្ទួតខ្មែរក្រហមឲ្យហូបបាយពេលព្រឹកនៅកន្លែងចុងភៅដែលបានរៀបចំទុកសម្រាប់កងចល័ត និងពេលល្ងាចមកផ្ទះហូបបាយរួមនៅក្នុងភូមិព្នៅវិញ ព្រោះពីភូមិព្នៅ និងភូមិកន្ទួតស្ថិតនៅជាប់គ្នា។ បន្ទាប់មកខ្មែរក្រហមចល័តឲ្យទៅគាស់រានស្រែនៅភូមិខ្ពប និងទៅដកស្ទូងនៅភូមិរំចេករយៈពេលកន្លះខែទើបបានត្រឡប់មកផ្ទះវិញ។ នៅឆ្នាំ១៩៧៧ ឪពុកខ្ញុំត្រូវបានខ្មែរក្រហមជ្រើសតាំងឲ្យធ្វើប្រធានឃុំរំចេក។ នៅអំឡុងពេលឪពុកខ្ញុំជាប្រធានឃុំរំចេកមានអ្នកភូមិស្រឡាញ់ចូលចិត្តគាត់ច្រើន ពីព្រោះគាត់ជាមនុស្សល្អ។ ថ្ងៃមួយឈ្មោះ សុវណ្ណ ភេទស្រី ជាអតីតជាងកាត់សម្លៀកបំពាក់រស់នៅស្រុកមេមត់ ត្រូវបានខ្មែរក្រហមជម្លៀសឲ្យមករស់នៅភូមិព្នៅ។ សុវណ្ណ មិនចេះរស់នៅក្នុងភូមិព្នៅ និងមានបំណងចង់រត់ត្រឡប់ទៅស្រុកមេមត់វិញ។ ឪពុកខ្ញុំបានប្រាប់ថា កុំចង់រត់អី ប្រយ័ត្នកងឈ្លបចាប់ និងយកទៅសម្លាប់ចោល។ ឪពុកខ្ញុំបានបន្ថែមថា បើចង់ទៅផ្ទះប្រាប់ខ្ញុំ ខ្ញុំនឹងជូនឲ្យដល់ផ្ទះ

នៅឆ្នាំ ១៩៧៨ កងទ័ពមជ្ឈិមបានចូលមក ហើយបានរុករកអ្នកធ្លាប់ធ្វើប្រធានកងតូច ប្រធានកងធំ ប្រធានឈ្លប ប្រធានឃុំ និងអ្នកចេះដឹង អតីតទាហានលន់ នល់ អ្នកមានឋានន្តរស័ក្តិយកទៅសម្លាប់។ នៅភូមិព្នៅខ្ញុំស្គាល់អតីតទាហាន លន់ នល់ ម្នាក់ឈ្មោះ ឌុល ត្រូវបានកងទ័ពមជ្ឈិមចាប់ទៅសម្លាប់ចោល។ កងទ័ពមជ្ឈិមក៏បានប្រាប់ប្រធានកងតូច ប្រធានកងធំ ប្រធានឈ្លប ប្រធានឃុំប្រមាណ៧០នាក់ឲ្យទៅរៀនសូត្រនៅផ្ទះសង្គមនិយមក្នុងភូមិព្នៅ។ ពេលទៅដល់ក្នុងផ្ទះសង្គមនិយម កងទ័ពមជ្ឈិមបានចាប់ចងស្លាបសេកទាំងអស់និងយកខ្សែភ្លើងវាយធ្វើទារុណកម្ម។ ពេលនោះមានកម្មាភិបាលចំនួន២នាក់បានលួចរត់ចេញពីផ្ទះសង្គមនិយម តែម្នាក់ត្រូវបានកងទ័ពមជ្ឈិមបាញ់សម្លាប់។ ចំណែកម្នាក់ទៀតឈ្មោះ ឈីន រស់នៅក្នុងភូមិឈើខ្លឹម បានរត់លាក់ខ្លួននៅគល់ឈើធំមួយកងទ័ពមជ្ឈិមរកមិនឃើញក៏រត់រួចទៅភូមិឈើខ្លឹមវិញ។ នៅពេលព្រឹកឡើងមានប្រជាជនភូមិព្នៅចេញទៅជម្រះស្មៅដោយបានឆ្លងកាត់ផ្ទះសង្គមនិយមបានក្រឡេកឃើញមានស្បែកជើង និងខ្សែភ្លើងជាច្រើន និងមានស្នាមឈាមនៅពេញខាងក្រោមផ្ទះ។ ពេលត្រឡប់ពីជម្រះស្មៅវិញ ក៏បានខ្សឹបប្រាប់អ្នកភូមិព្នៅតៗគ្នាថា កម្មាភិបាលថ្នាក់ភូមិ និងឃុំទាំងអស់ដែលកងទ័ពមជ្ឈិមហៅទៅរៀនសូត្រនោះត្រូវកងទ័ពមជ្ឈិមយកទៅសម្លាប់ចោលទាំងអស់។ ប្រជាជនបាននាំគ្នារត់ចេញពីភូមិចូលទៅក្នុងព្រៃដើម្បីលាក់ខ្លួន។

បន្ទាប់មកខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិព្នៅឲ្យទៅនៅភូមិសូបា ឃុំកំពាន់ ស្រុកមេមត់រយៈពេលពីរថ្ងៃក៏ខ្មែរក្រហមបញ្ជាឲ្យចេញដើរទៅមុខទៀត។ កាលនោះគ្មានអ្វីជិះនោះទេ គឺធ្វើដំណើរថ្មើរជើងទាំងអស់ អ្នកខ្លះគ្មានកម្លាំងក៏ត្រូវតែទ្រាំដើរដែរ។ ខ្ញុំដើររហូតដល់ភូមិកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ពេលមកដល់ខេត្តកំពង់ធំ ត្រូវប្រជាជននៅកំពង់ធំថាអ្នកបូព៌ាមិនសូវចូលចិត្តទេ ខ្ញុំនឹកឃើញរឿងហ្នឹងឈឺចិត្តដល់សព្វថ្ងៃ។ កាលនោះមានក្មេងៗប្រមាណជាង១០នាក់បានស្រែកច្រៀងឱ្យខ្ញុំថា អ្នកស្រុកមេមត់ជាជនក្បត់ ក្បាលយួនខ្លួនខ្មែរ។ នៅខេត្តកំពង់ធំបានរយៈពេលប្រមាណជាងមួយខែ ទើបកងទ័ពសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមចូលមករំដោះនិងបានប្រកាសថា អ្នកនៅស្រុកណាអាចត្រឡប់ទៅស្រុកនោះវិញបាន។ អ្នកនៅស្រុកមេមត់ត្រឡប់ទៅភូមិវិញទាំងអស់គ្នា។ ពេលដឹងថា បានត្រឡប់មកផ្ទះវិញនាំគ្នាសប្បាយ មិនខ្លាចការនឿយហត់ពិបាក ទោះគ្មានអី្វជិះ​ក៏នាំគ្នាដើរមករហូត ពេលឃើញស្រូវនៅតាមវាលស្រែកន្លែងណា ក៏ឈប់បូតកួរស្រូវយកមកបុកជាអង្ករទុកហូប ហើយមួយចំនួនទៀតទុកធ្វើពូជ ដើរប្រហែលជាងមួយអាទិត្យ ទើបបានមកដល់ភូមិ។ ពេលមកដល់ភូមិដំបូងមិនហ៊ានចូលផ្ទះភ្លាមៗទេ ពីព្រោះខ្លាចមានគ្រាប់បែក។ ចណែកប្រុសៗចូលទៅក្នុងភូមិត្រួតពិនិត្យមើលជាមុន ទើបស្រីៗចូលទៅតាមក្រោយ។ ពេលមកដល់ផ្ទះសម្បែងនៅធម្មតា ខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ ចំណែកអ្នកភូមិដែលភៀសខ្លួនទៅប្រទេសវៀតណាមបានត្រឡប់មកដល់ភូមិក្រោយពួកខ្ញុំ៕

អត្ថបទដោយ ឡុង ដានី

[1]  មជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ កែវ ខេត រស់នៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

[2] មជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ ហែម ឈឿន រស់នៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin