ចងចាំមិនភ្លេចពីភាពនឿយហត់

ខា ឡាវ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ ខា ឡាវ មានអាយុ ៨០ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ខា ឡាវ និងក្រុមគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិអង្គ្រងឲ្យទៅរស់នៅសហ​ករណ៍ត្រពាំងក្រហម។

នៅទីនោះ ខា ឡាវ ត្រូវធ្វើស្រែដើម្បីទទួលបានបាយហូប។ មនុស្សធំទទួលបានបាយចានធំបន្តិច ចំណែកក្មេងៗ​​​ បានបាយមួយចានចង្កឹះតូចប៉ុណ្ណោះ។ ខ្មែរក្រហមបានចែកបាយលាយជាមួយស្លឹកដំឡូង គល់ចេកនិងបន្លែបង្ការផ្សេងៗ សម្រាប់ឲ្យប្រជាជនហូបនៅតាមរោងបាយ។ ចំណែកនៅរដូវស្ទូង គាត់ទទួលបានបាយ និងសម្លត្រឹមមួយចម្អែតប៉ុណ្ណោះ។

ប្រជាជនទាំងអស់នៅក្នុងសហករណ៍ត្រពាំងក្រហមត្រូវហូបរួម និងធ្វើការរួម ដោយគ្មានពេលសម្រាក។ អ្នកដែល​​​មានផ្ទៃពោះត្រូវធ្វើការរហូតដល់គ្រប់ខែទើបបានសម្រាក​នៅផ្ទះ។ អ្នកដែលសម្រាលកូនរួច ត្រូវទៅបុកស្រូវ និងបេះបន្លែបង្ការនៅជិតរោងបាយ។  ខ្មែរក្រហមមិនឲ្យប្រជាជនបានទំនេរនោះទេ។ ប្រជាជនណាមិនធ្វើការគឺមិនមានបាយហូប។ បន្ទាប់ពីធ្វើពលកម្មដូចជា ជីកទំនប់ ជញ្ជូនដីដាក់តាមទំនប់ និងស្ទូងអស់មួយថ្ងៃ ខា ឡាវ ត្រូវបន្តចុះទៅដកសំណាបនៅពេលយប់។

ក្រោយពីសម្រាកហូបបាយ និងងូតទឹករួចនៅម៉ោងប្រហែលជា៧យប់ គាត់ត្រូវបន្តទៅដកសំណាបរហូតដល់ម៉ោង៩យប់ ទើបបានទៅយកកូនដែលផ្ញើនៅជាមួយមនុស្ស​វ័យចំណាស់នៅរោងកុមារត្រឡប់មកផ្ទះ។ នៅសម័យ​ខ្មែរក្រហម ខា ឡាវ មានកូនចំនួនបីនាក់។

ចំណែកកងកុមារ ត្រូវធ្វើការរួម និងរស់នៅរួមដោយមានគ្រូបង្រៀនម្នាក់។ ការរៀបការនៅសម័យនោះ គឺមានការ​រៀបចំបាយសម្លឲ្យហូបបន្ទាប់ពីការណែនាំ និងប្តេជ្ញាចិត្តនៅចំពោះមុខអង្គការ។ គាត់បន្តទៀតថា មានអ្នកខ្លះត្រូវ​បានខ្មែរក្រហមចាប់បង្ខំឲ្យរៀបការជាច្រើនគូក្នុងពេលតែមួយជាដើម។

ជារៀងរាល់ល្ងាចនៅសម័យនោះ មានការប្រជុំដោយលើកពីគុណសម្បត្តិ ឬទោសកំហុសរបស់សមាជិកនៅក្នុងក្រុម។ អ្នកដែលទៅប្រជុំមិនទាន់ពេល ឬធ្វើការយឺតយ៉ាវត្រូវបានកសាងឬជេរស្តីដោយសមាជិកនិងប្រធានក្រុម។ ថ្ងៃមួយ គាត់ទៅប្រជុំមិនទាន់ពេល គាត់ត្រូវប្រាប់អ្នកទាំងអស់គ្នាអំពីមូលហេតុ និងស្នើសុំឲ្យគេនិយាយពីចំណុចខ្វះខាតដើម្បីឲ្យគាត់បានកែប្រែ ដោយនិយាយថា «មិត្តសុំជួយកសាងពីចំណុចខ្វះខាតរបស់ខ្ញុំ»។

នៅពេលមានជំងឺ គាត់ពុំមានថ្នាំសម្រាប់ព្យាបាលនោះទេ។ ដោយឡែកអ្នកត្រូវបាននាំខ្លួនទៅរៀន គឺមិនបាន    ត្រឡប់មកផ្ទះវិញនោះទេ។ ខា ឡាវ បានបញ្ជាក់ថា «ទៅរៀនៗ​នោះ បាត់រហូតហើយ»។

ជាចុងក្រោយ ដោយសារតែវ័យចំណាស់ ខា ឡាវ ពុំសូវ​ចងចាំពីរឿងរ៉ាវបានច្រើនពីសម័យខ្មែរក្រហមនោះទេ ប៉ុន្តែអ្វីដែលគាត់ចងចាំមិនភ្លេចនោះគឺ ការនឿយហត់ពីសម័យ​នោះ៕

សម្ភាសដោយ ឡាយ កូរ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin