ជិះទូកទៅជីកក្តួច

ខា ផាវ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ ខា ផាវ មានអាយុ ៧៥ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅក្នុង​របបខ្មែរក្រហម រាល់ព្រឹកព្រលឹម ខា ផាវ ត្រូវជិះទូកឆ្លងទន្លេដើម្បីជីកក្តួច និងទំពាំងនៅក្នុងព្រៃ។

នៅរដូវប្រាំងនាសម័យនោះ ផាវ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅជីកក្តួច និងទំពាំងឲ្យបានតាមចំនួនកំណត់។  គាត់បានលើកឡើងអំពីការលំបាកក្នុងការស្វែងរកក្តួច និងមានពេលខ្លះគាត់ត្រូវដើររកក្តួច ដោយ​មិន​បាន​បរិភោគអាហារ និង​មិនមានពេលសម្រាក។ បន្ទាប់មកគាត់ត្រូវដឹកជញ្ជូនទំពាំងនិងក្តួចទាំងនោះតាមទូក និងរទេះប្រហែលបួនទៅប្រាំយកទៅដាក់រោងសហករណ៍។ ផាវ ត្រូវជីកមួយថ្ងៃពេញ និងត្រូវដឹកចេញនៅថ្ងៃបន្ទាប់។ ក្រៅពីនោះគាត់ត្រូវជីកទំនប់ត្រពាំងច្រេះទាំងយប់ទាំងថ្ងៃ។

នៅរដូវច្រូតកាត់ ផាវ ត្រូវច្រូតស្រូវទាំងយប់ងងឹតដោយមើលមិនឃើញរហូតដល់ម៉ោង៩យប់។ ប្រជាជនទាំងចាស់ទាំងក្មេងត្រូវធ្វើការទាំងអស់។ ក្រៅពីម៉ោងរៀនតាម​ម្លប់ដើមឈើ កុមារត្រូវដកសំណាប និងប្រមូលលាមក ផេះនិងអង្កាមសម្រាប់ធ្វើជី ដើម្បីឲ្យបានទិន្នផលស្រូវបីតោនក្នុងមួយហិចតា។ ស្រ្តីមានផ្ទៃពោះត្រូវធ្វើការបុកស្រូវ និងកិនស្រូវ នៅក្រោយ និងមុនពេលសម្រាលបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ក្មេងតូចៗត្រូវផ្ញើចាស់ៗ ដោយដេកក្នុងអង្រឹង។ គាត់បន្តថា ចាស់ៗស្ទូងនៅកន្លែងណាហូបនៅរោងបាយកន្លែងនោះ។

នៅក្នុងសហករណ៍ត្រពាំងក្រហម ប្រជាជនត្រូវរស់នៅតាមផ្ទះជាជួរៗក្នុងមួយគ្រួសារផ្ទះមួយខ្នង។ ខ្មែរក្រហមតម្រូវឲ្យប្រជាជនដែលមានវ័យចំណាស់ដាំដំឡូងជុំវិញផ្ទះ និងជម្រះស្មៅ កាប់ដីនៅតាមចម្ការ។ ស្រូវ និងដំឡូងដែលដាំបានត្រូវប្រមូលទុកឃ្លាំង។ សម្ភារផ្សេងៗត្រូវទុកជារបស់រួម។ មាសពេជ្រត្រូវបានប្រមូលដោយ​អង្គការ ឬប្រជាជនត្រូវ​កប់ដីលាក់ទុក​។

នៅសម័យខ្មែរក្រហម ប្រជាជនត្រូវបានចាប់បង្ខំឲ្យរៀបការជាច្រើនគូក្នុងពេលតែមួយ ដោយមានមតិណែនាំនិងចំណាប់អារម្មណ៍ក្រោមការចាត់ចែងរបស់អង្គការ។ បន្ទាប់មកម្តាយឪពុកទាំងសងខាងទៅហូបបាយនៅរោងបាយជុំគ្នា។ របបបាយមានលាយជាមួយសម្ល ដែលមានទឹកពណ៌ខ្មៅ ក្នុងនោះមានផ្កាចាហួយ ស្លឹកកន្ទ្រោកនិងដំឡូងបន្តិចបន្តួចសម្រាប់ហូបដែលគាត់ទៅបេះជាមួយសមាជិកប្រហែលជាបួនទៅដបនាក់។

គាត់បានបន្តថា តាសន ដែលជាប្រធានក្រុមនៅសហករណ៍ត្រពាំងក្រហមនោះ បានយកបាយដែលសល់យកទៅហាលថ្ងៃដោយមិនចែកឲ្យប្រជាជនហូបបានគ្រប់គ្រាន់នោះទេ។ ថ្ងៃមួយគាត់បានលួចបាយ ដែលហាលនោះយកមកហូបដោយសារគាត់ហេវហត់យ៉ងខ្លាំង។ នៅសម័យនោះប្រជាជនមិនទុកចិត្តគ្នានោះទេ ប្រសិន​បើត្រូវបាននរណាលួចនោះ គេនឹងរាយការណ៍ប្រាប់អង្គការថា ក្បត់។ បន្ទាប់មកនឹងត្រូវបានមនុស្សមួយក្រុមសម្រុកទិតៀនពីចំណុចខ្វះខាត ឬយកកសាងដើម្បីឲ្យគាត់កែប្រែនិងបញ្ឈប់សកម្មភាពនោះភ្លាម។

ចំណែកអ្នកដែលខុសសីលធម៌វិញ នឹងត្រូវបានខ្មែរក្រហមនាំខ្លួនទៅដោយមិនឃើញត្រឡប់មកវិញនោះទេ។ ថ្ងៃមួយខ្មែរក្រហមបាននាំបង ស្វាត ឆ្លងទូកចេញពីភូមិត្រពាំងក្រហមទាំងយប់។ បងស្វាត គឺជាអ្នក​ជីកក្តួចជាមួយ​គាត់​ ត្រូវបានខ្មែរក្រហមនាំយកទៅរៀនសូត្រ ដោយ​មិនឃើញត្រឡប់មកវិញនិងមិនដឹងមូលហេតុអ្វីនោះ​​​ទេ។

នៅពេលកងទ័ពវៀតណាមចូលមក គាត់និងក្រុមគ្រួសារបានរត់ចេញពីត្រពាំងក្រហមទៅអូរគគីរតាមព្រៃ និងបន្ទាប់មកត្រឡប់មកស្រុកកំណើតវិញ។ ជាចុងក្រោយ ខា ផាវ បានលើកឡើងថា ការអប់រំនៅតាមសាលារៀន និងការនិយាយបា្រប់កូនចៅតៗគា្ននឹងជួយទប់ស្កាត់របបខ្មែរក្រហមកុំឲ្យកើតឡើងម្តងទៀត។ ខា ផាវ នៅតែចងចាំភាពអត់ឃ្លាននិងមានអារម្មណ៍ខឹងនៅពេលរំឭកពីរបបខ្មែរក្រហម ដោយនិយាយថា «មិន​​សមនោះទេ គួរណាសមតែឲ្យហូបឆ្អែត!» ចំពោះប្រជាជន​​ដែលខិតខំធ្វើការ៕

សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin