អតីតកងចល័តនៅក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ ខៃ ហៀង ភេទស្រី មានអាយុ៧២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
ខ្មែរក្រហមបានបំផ្លាញផ្ទះរបស់គាត់ចោល ដោយយកទៅធ្វើជារោងបាយសម្រាប់សហករណ៍។ ប្រជាជនមានសម្លៀកបំពាក់តែមួយសម្រាប់ និងក្រមាពណ៌ក្រហមមួយ និងស្បែកជើងកងឡានមួយសម្រាប់។
សម្លៀកបំពាក់របស់គាត់គឺជា សាច់ក្រណាត់មិនបានស្អាត និងមាំល្អនោះទេ ព្រោះគាត់ត្រូវពាក់ទៅធ្វើការជារៀងរាល់ថ្ងៃ មិនមានពេលវេលាដើម្បីបោកហាលឲ្យស្ងួតឡើយ មានពេលខ្លះគាត់ត្រូវពាក់សម្លៀកបំពាក់ទាំងសើមទៅធ្វើការ។
អង្គការបានជម្លៀស ហៀង ឲ្យទៅរស់នៅផ្ទះរបស់ជនជាតិខ្មែរអ៊ិស្លាម ហើយបានជម្លៀសជនជាតិអ៊ិស្លាមទៅនៅតំបន់ផ្សេង។ ទៅដល់ទីនោះគាត់បានចិញ្ចឹមមាន់ទា ដាំដំណាំ បន្លែផ្លែឈើជាច្រើន ប៉ុន្តែគាត់មិនដែលទទួលបានផលហូបឡើយ។
នៅពេលដែលបានផលគឺកងសហករណ៍រោងបាយប្រមូលយកទៅទាំងអស់។ គាត់មិនបានហូបអាហារគ្រប់គ្រាន់នោះទេ គឺបានត្រឹមតែបបរដែលមានសភាពរាវខ្លាំង។ ដោយសារភាពខ្វះខាតអាហារសម្រាប់ហូប គាត់ចេញទៅខាងក្រៅលួចល្ហុង ចេក និងដំណាំផ្សេងៗ ដើម្បីហូបចម្អែតក្រពះ។
ក្នុងរបបខ្មែរក្រហម គាត់ធ្វើការក្នុងកងចល័ត អង្គការបានឲ្យគាត់ស្ទូងស្រូវ។ ដីមួយហិចតា ត្រូវតែស្ទូងឲ្យរួចរាល់ដោយសមាជិក១៥រូប ក្នុងរយៈពេលមួយថ្ងៃ។ ទិន្នផល ស្រូវដែលទទួលបាន ភាគច្រើនអង្គការបានយកឡានដឹកនាំចេញទៅក្រៅ ដើម្បីដោះដូរយកអាវុធមកវិញ។
នៅពេលដែល ហៀង មានជំងឺ គាត់មិនហ៊ានឈប់សម្រាកយូរថ្ងៃឡើយ ព្រោះខ្លាចអង្គការបង្អត់អាហារ។ ហៀង បានប្រាប់បន្ថែមថា គាត់ធ្លាប់បានឃើញឆ្អឹងសាកសពដែលអង្គការបានសម្លាប់ហើយដាក់នៅក្នុងអណ្ដូងទឹក។ នៅពេលយប់ៗឡើងតែងតែមានសត្វខាំពាំឆ្អឹងរបស់សាកសពឡើងមកលើដី។
ដោយសារតែមានសាកសពច្រើនក្នុងអណ្ដូងបណ្ដាលឲ្យមានក្លិនស្អុយជាខ្លាំង ទើបអង្គការបានយកប្រេងទៅចាក់ដុតសាកសព ចោល។ ទោះបីជាអង្គការព្យាយាមដុតសាកសពទាំងនោះចោលយ៉ាងណាក្ដី ក៏សាកសពទាំងនោះឆេះមិនអស់ដែរ គឺនៅតែបន្សល់ក្លិនស្អុយភាយចេញមកខាងក្រៅ។
នៅក្នុងរបបនោះ អង្គការបានបង្ខំឲ្យយុវនារីជាច្រើនរូបរៀបការជាមួយកងទ័ពសមរភូមិមុខ។ កងទ័ពទាំងនោះមានអ្នកខ្លះពិការដៃ ពិការជើង អ្នកខ្លះទៀតពិការភ្នែក។ ការចាប់បង្ខំនោះ គឺមិនមាននរណាហានប្រកែកឡើយ ប្រសិនជាមានអ្នកប្រកែកមិនព្រមទទួលយក អង្គការនឹងយកទៅកសាង ឬយកទៅសម្លាប់ចោល។
អង្គការបានឲ្យ ហៀង រៀបការជាមួយមនុស្សដែលគាត់មិនដែលស្គាល់។ ហៀង មិនព្រមរៀបការតាមដែលអង្គការចាត់តាំងឲ្យឡើយ។ ដោយគ្រាន់តែគាត់ដឹងដំណឹងថា គាត់នឹងត្រូវរៀបការ គាត់បានរត់ចេញពីតំបន់ដែលគាត់រស់នៅនោះ ទៅកាន់តំបន់ផ្សេង។ គាត់មិននឹកស្មានថាគាត់អាចមានជីវិតមកដល់បច្ចុប្បន្ននេះឡើយ ព្រោះគាត់ហ៊ានប្រឆាំងនឹងបញ្ជារបស់អង្គការដែលបានចាត់ឲ្យគាត់រៀបការ៕
សម្ភាសន៍ដោយ យ៉ុង ផល្លីន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ