របបខ្មែរក្រហមមិនឲ្យសម្តែងក្តីស្រឡាញ់ចំពោះគ្រួសារ

មនោសញ្ចេតនាសាច់ញាតិ បងប្អូនក្រុមគ្រួសារគឺជា ភាពសិ្នទ្ធស្នាលមិនអាចកាត់ផ្តាច់បានទេ ទោះបីមានតិចក្តីច្រើនក្តី។ ខាំអន បាននិយាយថា មានតែរបបកម្ពុជាប្រជាធិបតេយ្យមួយប៉ុណ្ណោះ ដែលបានកាត់ផ្តាច់ក្តីស្រឡាញ់ចេញពីសាច់ញាតិ។ ក្តីស្រឡាញ់មាននៅតែក្នុងចិត្តប៉ុណ្ណោះនាពេលនោះ។ នៅក្នុងរបបខ្មែរក្រហម សាច់ញាតិស្ទើរតែមិនហ៊ាននិយាយរកគ្នាឬស្គាល់គ្នាផង ពីព្រោះខ្លាចអង្គការចាប់កំហុស រហូតមានពាក្យមួយឃ្លានិយាយថា (សក់អ្នកណាក្បាលអ្នកហ្នឹង)[1]។
ខាំអន ភេទប្រុស មានអាយុ៧០ឆ្នាំ ជាជនជាតិដើមភាគតិចចារ៉ាយ សព្វថ្ងៃរស់នៅតំបន់ដាច់ស្រយាលដែលមានទីតាំងនៅភូមិយ៉ាសោម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។
នៅមុខសម័យខ្មែរក្រហម បងប្អូនជនជាតិភាគតិចរស់នៅបានសុខសាន្តមានជីវភាពមធ្យមចេះស្រឡាញ់គ្នា។ នៅក្នុងសហគមន៍ជនជាតិភាគតិចនៅពេលមានរបស់របរអ្វីមួយ ច្រើនតែចែកគ្នា។ ឧទាហរណ៍ដូចជាបងប្អូនជនជាតិណាម្នាក់ចូលព្រៃចាប់សត្វឈ្លូសឬជ្រូកព្រៃបានមួយឬពីរក្បាល គេតែងយកមកចែកគ្នាហូបចុកឬជប់លៀងផឹកស្រាបឺត(ស្រាជនជាតិ)យ៉ាងសប្បាយរីករាយនៅក្នុងភូមិនិងកម្រមានជម្លោះណាស់។
ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ បានបញ្ចប់រាល់ការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់គ្រាប់បែក និងការប្រឈមអាវុធដាក់គ្នាក្នុងសង្រ្គាមស៊ីវិលផ្ទៃក្នុង ដែលអូសបន្លាយអស់រយៈពេលជិតប្រាំឆ្នាំនៅកម្ពុជា[2]។ ខាំអន និងបងប្អូនជនជាតិភាគតិចដែលឆ្លងកាត់សង្រ្គាមប្រាំឆ្នាំនឹកគិតថាប្រទេសជាតិបានប្រសើរជាងមុន។ ជាការនឹកស្មានមិនដល់ របបខ្មែរក្រហមបានចូលមកគ្រប់គ្រងអំណាចនៅក្នុងភូមិដោយមានភាពសាហាវគាបសង្កត់កាត់ផ្តាច់មនោសញ្ចេតនាសាច់ញាតិបងប្អូនក្រុមគ្រួសារថែមទាំងប្រមូលទ្រព្យសម្បត្តិឯកជនដាក់ជារបស់សមូលហភាពទាំងអស់។ ប្រជាជនរស់នៅក្នុងភូមិទាំងចាស់ទាំងក្មេង ត្រូវបានខ្មែរក្រហមឲ្យហូបចុករួម ដោយមួយថ្ងៃទទួលបានរបបអាហារពីរពេលប៉ុណ្ណោះនៅក្នុងសហករណ៍។ គ្មានការដាំបាយឯកជនតាមផ្ទះដូចសម័យដើមបានឡើយ។
ខាំអន ធ្លាប់តែប្រកបមុខរបរធ្វើស្រែចម្ការតាមរបៀបបងប្អូនជនជាតិដើមភាគតិច ដូចជាបុកស្រូវដាំនៅក្នុងព្រៃ តែនៅក្នុងរបបខ្មែរក្រហមគ្រប់គ្រង គាត់ត្រូវបានបង្ខំឲ្យដកស្ទូងតាមរបៀបបងប្អូនជនជាតិខ្មែរកណ្តាល។ នៅពេលបងប្អូនជនជាតិភាគតិចមួយចំនួនមិនសូវចេះដកស្ទូងតាមការបញ្ជាខ្មែរក្រហម គាត់តែងត្រូវបានកងឈ្លបចាប់អូសដៃចូលក្នុងវាលស្រែ ហើយស្តីបន្ទោសថា “អត់មានមាត់ អត់មានភ្នែកត្រចៀកទេ បានជាមិនចេះមើលអ្នកដ៍ទៃសោះ។” ខ្មែរក្រហមថែមទាំងបន្ថែមទៀតថា “បើអង្គការដឹងថា នរណាធ្វើការយឺតមិនទៅធ្វើពលកម្មដកស្ទូងជីកប្រឡាយកាប់គាស់ដីស្រែទេ មិនឲ្យរបបអាហារហូបទេ។” នៅក្នុងសម័យខ្មែរក្រហមមិនមានអាហារហូបគ្រប់គ្រាន់និងគ្មានថ្នាំព្យាបាលថែមទៀតផង។ ជាលទ្ធផល ប្រជាជនមួយចំនួន បានស្លាប់ដោយសារការបង្អត់អាហារធ្វើការងារលើសកម្លាំងនិងគ្មានថ្នាំ ព្យាបាលគ្រប់គ្រាន់ដោយមានតែថ្នាំអាចម៌ទន្សាយ។
ខាំអន ត្រូវអង្គការបង្ខំឲ្យទៅលើកទំនប់នៅឃុំស៊ើង និងមិនងាយបានមកជួបប្រពន្ធកូនទេ។ នៅពេលនឹកនាខ្លាំង ខាំអន ត្រូវលួចមកលេងផ្ទះនៅពេលយប់រួចត្រលប់ទៅធ្វើការងារវិញឲ្យបានទាន់ពេលវេលា។ បើអង្គការបានដឹងអំពីការលួចរត់នេះ ខាំអន ប្រាកដជាត្រូវយកទៅកសាងឬយកទៅដាក់វិន័យដោយអង្គការថ្នាក់លើ។ នៅពេលកំពុងធ្វើការងារ បើសិនជាមាននរណាជជែកគ្នាលេងត្រឹមបីទៅបួននាក់ ហើយបើកងឈ្លបឬប្រធានកងបានឃើញ ប្រាកដជាត្រូវហៅយកទៅកសាងឬយកទៅសម្លាប់ចោល។ ខាំអន បានបន្ថែមទៀតថា “មានតែរបបខ្មែរក្រហមមួយគត់នៅលើពិភពលោកយើងនេះ ដែលបានធ្វើបាបប្រជាជនខ្លួនឯងយ៉ាងសាហាវឃោរឃៅបំផុតដោយមានការធ្វើទារុណកម្មបង្អត់អាហារនិងយកទៅសម្លាប់ចោលដោយមិនបានទាំងដឹងកំហុសទៀតផង។”
នៅឆ្នាំ១៩៧៩ ខាំអន បានរស់រានមានជីវិតពីរបបខ្មែរក្រហម។ ប្រជាជនមានសិទ្ធិសេរីភាព និងកម្មសិទ្ធិឯកជនឡើងវិញ។ បងប្អូនជនជាតិភាគតិចទាំងអស់មានការសប្បាយចិត្តជាខ្លាំង។ ដោយសារប្រជាជនមានមុខរបររៀងៗខ្លួនមានទ្រព្យសម្បត្តិឯកជនឡើងវិញ។ អ្នកណារកបានច្រើនរស់នៅសុខស្រួលតាមគ្រួសារនីមួយៗ។ ថ្វីត្បិតតែ ខាំអន រស់នៅតំបន់ដាច់ស្រយាល មិនសូវជាបានដឹងព័ត៌មានច្រើន តែយ៉ាងហោចណាស់ ខាំអន បានដឹងព័ត៌មានតាមវិទ្យុនិងតាមទូរទស្សន៍ ក៏ដូចជាការនិយាយតៗគ្នាថា អំពីវត្តមានតុលាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ ខាំអន សប្បាយចិត្ត ព្រោះរបបខ្មែរក្រហមបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរណាស់មិនអាចអត់ឱនឲ្យបាន។ ជាចុងក្រោយ ខាំអន បានបន្ថែមទៀតថា៖ “សូមផ្តាំទៅក្មេងៗជំនាន់ក្រោយខិតខំសិក្សារៀនសូត្រ ជាពិសេសសិក្សាស្រាវជ្រាវពីប្រវត្តិសាស្រ្តខ្មែរក្រហម ដើម្បីជាការទប់ស្កាត់មិនឲ្យរបបមួយនេះកើតឡើងសាជាថ្មីទៀត។”
សព្វថ្ងៃ ខាំអន មានភាពចាស់ជរា មានជំងឺកាន់តែច្រើន។ កត្តានេះ បានធ្វើឲ្យជីវភាពគ្រួសារជួបប្រទះការលំបាក។ ខាំអន ជួបប្រទះជាមួយនឹងភាពក្រីក្រដោយសារប្រកបមុខរបរធ្វើស្រែចម្ការជាមួយប្រពន្ធកូនតែមួយមុខ គ្មានមុខរបរផ្សេងជួយទប់ទល់បញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ[3]។
អត្ថបទដោយ សុខ វណ្ណៈ
[1] នៅក្រោយឆ្នាំ១៩៧៩ ឮពាក្យនិយាយតៗគ្នាថា (សក់អ្នកក្បាលអ្នកហ្នឹង)
[2] ដកស្រង់ចេញពីសៀវភៅប្រត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥ដល់១៩៧៩) បោះពុម្ពលើកទី២ ដោយផេង ពង្សរ៉ាស៊ី
[3] ដកស្រង់ពីបទសម្ភាសន៍អ្នកស្ម័គ្រចិត្តកម្ពុជា លេខឯកសារ SHH07579 (Dc-cam) សម្ភាសន៍ដោយ រម៉ាស់ យ្យូន ថ្ងៃទី២២ ខែមេសាឆ្នាំ ២០២២