កាន់ ចាន់គាន៖ វីរកងទ័ពដ៏អង់អាចក្លាហានបានស្លាប់ដើម្បីប្រយុទ្ធការពារជាតិ

កាន់ ចាន់គាន៖ វីរកងទ័ពដ៏អង់អាចក្លាហានបានស្លាប់ដើម្បីប្រយុទ្ធការពារជាតិ (រូបថតពីបណ្តាញទំនាក់ទំនងសង្គម)

ការបូជាជីវិតរបស់អនុសេនីយ៍ទោវីរកងទ័ព កាន់ ចាន់គាន[1] បានបន្សល់ទុកនូវការសោកស្ដាយ និងការបាត់បង់ដ៏ធំធេងបំផុត។ វីរកងទ័ពដ៏អង់អាចក្លាហានបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការការពារបូរណភាពទឹកដី និងការពារអធិបតេយ្យជាតិពីការឈ្លានពានរបស់សត្រូវលើសមរភូមិមុខ គួរឱ្យ​ស្ញប់​​ស្ញែងជាទីបំផុត។ ការបាត់បង់វីរកងទ័ព ចាន់គាន មិនត្រឹមតែជាទុក្ខធំចំពោះក្រុមគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវធនធានយោធាដ៏សំខាន់ម្នាក់របស់កម្ពុជា។

កាលពីថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០២៥ មានជម្លោះដ៏ក្ដៅ​គគុក​នៅ​តំបន់​ព្រំដែន​​ ​​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។ វីរកងទ័ពចាន់គាន ជា​នាយទាហានខ្មែរ​​ម្នាក់​បានទៅ​ប្រចាំការនៅ​តំបន់មុំបី ដែលជា​ទីតាំង​ជួរ​មុខ​ដ៏​គ្រោះថ្នាក់​មុនពេលមានសង្គ្រាមជាច្រើនខែមកហើយ ភារកិច្ច​របស់​គាត់គឺ​ការពារ​ទឹកដី​មាតុភូមិ​ដោយ​ភាព​ក្លាហាន​មោះមុត។

នៅវេលា​ម៉ោង​ប្រហែល ១០:៣០ នាទី​ព្រឹក សភាពការណ៍​បាន​តានតឹង ហើយនៅម៉ោងប្រហែល៣រសៀល មានសំឡេង​ផ្ទុះ​គ្រាប់​កាំភ្លើង និង​គ្រាប់​ផ្លោង​​រំពង​ពេញ​ព្រៃ។ វីរកងទ័ព ចាន់គាន និង​មិត្ត​ក្នុង​ក្រុម​បាន​ប្រយុទ្ធ​គ្នា​ដោយ​ឥត​ខ្លាច​ញញើត និងមានការ​​បាញ់​តបត​ទៅ​វិញ​ទៅមក ​ អារម្មណ៍​ភ័យខ្លាច​នៅក្នុង​លេណដ្ឋានត្រូវ​បាន​បាត់ដែលជំនួស​មកវិញនូវ​កាតព្វកិច្ចយោធា និង​ក្ដី​ស្រឡាញ់​ជាតិមាតុភូមិ។

វីរកងទ័ពចាន់គាន មានអាយុ៣៨ឆ្នាំ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប​។ ឪពុកឈ្មោះ ស្មិន កើត, ម្តាយឈ្មោះគុណ សំអូន និងមានបងប្អូនចំនួន៦នាក់ ក្នុងនោះគាត់ជាកូនច្បងក្នុងគ្រួសារ។ វីរកងទ័ព ចាន់គាន មានប្រពន្ធឈ្មោះ សេង យិន អាយុ៣៦ឆ្នាំ និងមានកូនចំនួន៤នាក់ (ស្រី២)។​ វីរកងទ័ព ចាន់គាន បានចូលបម្រើកងទ័ពតាំងពីឆ្នាំ ២០០៥ ហើយបើគិតត្រឹមឆ្នាំ ២០២៥គាត់បំពេញការងារជាកងទ័ពអស់រយៈពេលប្រមាណ២០ឆ្នាំ និងមានមុខតំណែងជាមេក្រុមប្រឆាំងជាតិផ្ទុះទី៣ វរសេនាតូចស៊ើបការណ៍ នៃយោធភូមិភាគទី៤។

វីរកងទ័ពចាន់គាន បានបំពេញភារកិច្ចជាយោធាដ៏ស្មោះត្រង់ ហើយតែងតែលះបង់ទាំងកម្លាំងកាយចិត្ត ស្មារតីប្រយុទ្ធយ៉ាងក្លាហានក្នុងកិច្ចការពារបូរណភាពដឹកដី ពីការឈ្លានពានរបស់ខ្មាំងសត្រូវ និងបានកសាងស្នាដៃល្អៗជាច្រើនតាមបទបញ្ជារបស់ថ្នាក់លើដែលបានប្រគល់ជូន។ កាលពីថ្ងៃទី២២ ខែកក្ក​ដា​ ឆ្នាំ២០២៥ វីរកងទ័ពចាន់គាន ត្រូវបានចាត់តាំងទៅប្រចាំការនៅតំបន់អានសេះ ហួសរង្វង់មូលតាអ៊ុំ។ បន្ទាប់មកនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ គាត់ត្រូវបានប្តូរឱ្យមកប្រចាំការនៅជិតរង្វង់មូលអានសេះវិញ។

នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៦ ល្ងាច វីរកងទ័ព ចាន់គាន បានជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៅតំបន់អានសេះ ដោយទទួលរងរបួសធ្ងន់ធ្ងរប៉ះទង្គិចអំបែងគ្រាប់ត្រង់ផ្នែកជង្គង់។ របួស មានជម្រៅជ្រៅរហូតដល់ឆ្អឹង និងមានទំហំធំដេររហូតដល់ទៅ ១៥ ថ្នេរ។ អំបែងគ្រាប់មួយចំណែកនៅកៀបជាប់នឹងឆ្អឹង ហើយបន្ទាប់មកអង្គភាពបានបញ្ជូន វីរកងទ័ពចាន់គាន ឲ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់អង្គភាពមួយយប់។ លុះព្រឹកឡើង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ វីរកងទ័ពចាន់គាន ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តព្រះវិហារ។ បន្ទាប់ពីសម្រាកព្យាបាលប្រមាណមួយខែ នៅមន្ទីរពេទ្យខេត្តព្រះវិហារ ​ក្រុមគ្រូពេទ្យបញ្ជាក់ថាស្ថានភាពរបួសវីរកងទ័ពចាន់គាន មានសភាពប្រសើរឡើងច្រើនលែងស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់ទៀតហើយ។ ក្រុមគ្រូពេទ្យបានបញ្ជូនវីរកងទ័ពចាន់គាន ទៅព្យាបាលបន្ត នៅមន្ទីរពេទ្យភូមិភាគ៤ វិញ ដោយតែនៅមន្ទីរពេទ្យខេត្តព្រះវិហារ មានអ្នកជំងឺច្រើនទាំងទាហាន និងប្រជាជន។ នៅមន្ទីរពេទ្យភូមិភាគ៤ វីរកងទ័ពចាន់គាន បានសម្រាកព្យាបាលប្រមាណរយៈពេលមួយខែ។ ស្ថានភាពរបួសរបស់វីរកងទ័ពចាន់គាន កាន់តែបានធូរស្រាល និងអាចដើរបានដូចដើម។ វីរកងទ័ពចាន់គាន ទទួលបានការអនុញ្ញាតពីគ្រូពេទ្យឱ្យត្រឡប់មកស្នាក់នៅអង្គភាពវិញ ប៉ុន្តែត្រូវទៅពិនិត្យ​របួស និងប្រើប្រាស់ថ្នាំនៅមន្ទីរពេទ្យវិញរៀងរាល់មួយសប្ដាហ៍ម្តង រហូតដល់របួសជាសះស្បើយទាំងស្រុង​។ វីរកងទ័ពចាន់គាន បានជាសះស្បើយ និងអាចដើរបានវិញធម្មតា ហើយអង្គភាពបានបញ្ជូនគាត់ទៅសមរភូមិជួរមុខវិញ។ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វីរកងទ័ពចាន់គាន បានត្រឡប់ទៅប្រចាំការនៅកន្លែងចាស់វិញ គឺនៅតំបន់អូរស្រឡៅ ប៉ុន្តែជាអកុសលក្រោយពេលទៅដល់អូរស្រឡៅ បានតែមួយសប្ដាហ៍ វីរកងទ័ពចាន់គាន មានជំងឺគ្រុនក្តៅខ្លាំង និងជាតិពុលជ្រាបពេញក្នុងខ្លួនយ៉ាងធ្ងន់ធ្ងរ អាការ​រោគនេះបានធ្វើឱ្យគាត់កើតជំងឺតេតានុសហើយប្រកាច់។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាយប់ វីរកងទ័ពចាន់​គាន បានស្លាប់៕

(រូបថតពីបណ្តាញទំនាក់ទំនងសង្គម)
(រូបថតពីបណ្តាញទំនាក់ទំនងសង្គម)
(រូបថតពីបណ្តាញទំនាក់ទំនងសង្គម)

[1] កិច្ចសម្ភាសជាមួយឈ្មោះ ស្មិត កើត ត្រូវឪពុក កាន់ ចាន់គាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយកែវ សុភី មជ្ឈមណ្ឌលឯកសារកម្ពុជា។


អត្ថបទដោយ កែវ សំភី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin