ខាន់ សុខ រំឭកអំពីបទពិសោធន៍ឆ្លងកាត់នៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ខាន់ សុខ[1]អាយុ៦៣ឆ្នាំ រស់នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ខាន់ និងម្ដាយឈ្មោះ ឡាយ មានបងប្អូនប្រសស្រីចំនួន៨នាក់ ខ្ញុំជាកូនទី៤ នៅក្នុងគ្រួសារ។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៧ចាស់ នៅសាលាបឋមសិក្សាព្រែកព្រះអង្គ។
បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ នៅក្នុងអំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមបានវាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃប្រទេសកម្ពុជា។ បន្ទាប់ពីខ្មែរក្រហមបានកាន់កាប់តាមតំបន់រំដោះហើយ ខ្មែរក្រហមបានប្រកាសប្រាប់ដល់ប្រជាជនពីចលនាបដិវត្តន៍របស់ខ្លួន។ ប្រជាជននៅតាមជនបទភាគច្រើន ក៏បន្តស្ម័គ្រចិត្តចូលបដិវត្តន៍ ដោយរត់ចូលព្រៃដើម្បីធ្វើការតស៊ូ។ នៅក្នុងពេលនោះផងដែរ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់អាមេរិកបានកើតមានឡើង។
នៅពេលដែលអាមេរិកទម្លាក់គ្រាប់បែក និងធុងសាំងម្ដងៗ ខ្ញុំតែងតែរត់ចូលរណ្ដៅត្រង់សេ ហើយនៅពេលដែលមានការទម្លាក់អ្នកស្រុកជាច្រើនត្រូវរងរបួសពេលដែលគ្រាប់បែកធ្លាក់ចំផ្ទះសំបែងភាគច្រើនត្រូវបានឆេះខ្ទេចខ្ទីអស់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ ខ្មែរក្រហមបានជម្លៀសប្រជាជនមករស់នៅតាមភូមិព្រែកព្រះអង្គដែលមានដីទំនេរឲ្យប្រជាជន១៧ មេសា រស់នៅម្ដុំៗ មិនឲ្យមានប្រជាជនមូលដ្ឋានរស់នៅជាមួយទេ។ នៅពេលដែល អង្គការត្រូវការហៅយកទៅធ្វើការនៅកន្លែងណាមួយនាំគ្នាទៅ។ ខ្ញុំបានឃើញខ្មែរក្រហមជម្លៀសប្រជាជនបន្ដបន្ទាប់ឲ្យរស់នៅតាមភូមិផ្សេងៗ។ ខ្ញុំនៅកងកុមារត្រូវធ្វើការកើបអាចម៌គោជាក្រុមមិនឲ្យដេកនៅផ្ទះទេ។ ខ្ញុំត្រូវដេកនៅតាមរោងសហករណ៍មានកងកុមារ យុវជន មនុស្សចាស់ រស់នៅជាមួយគ្នា ការងារចែកគ្នារៀងខ្លួន។
ខ្ញុំត្រូវបានខ្មែរក្រហមឲ្យធ្វើការនៅការដ្ឋានទួលឃ្លាំងលើកទំនប់បឹងធំ។ បន្ទាប់មក ខ្ញុំត្រូវបានទៅលើកទំនប់ស្រែចក សោះខ្យល់ និងត្រពាំងផ្ដៅ។ ខ្ញុំត្រូវបានខ្មែរក្រហម ឲ្យហូបបបរ១ខ្ទះត្នោតអង្ករ៣កំប៉ុង។ នៅពេលវាយជួង ត្រូវទៅឲ្យទាន់ពេល បើទៅមិនទាន់អត់បបរហូប៕
អត្ថបទដោយ សាំង ចាន់ធូ
[1] បទសម្ភាសន៍ជាមួយ ខាន់ សុខ រស់នៅភូមិហាន់ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅឆ្នាំ២០២៥, មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម