ខ្មែរក្រហមបានសម្លាប់មនុស្សគ្មានត្រាប្រណី

ឆ្អឹង និងលលាដ៍ក្បាល ដែលត្រូវបានរកឃើញអំឡុងឆ្នាំ(១៩៧៩-១៩៨៣)។(ប្រភព៖ ម៉ៃឡាំ/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)។

(ព្រៃវែង)៖ ប្រជាជនក្នុងរបបខ្មែរក្រហមត្រូវធ្វើការងារទាំងខ្លួនមានជំងឺ និងត្រូវធ្វើការងារធ្ងន់ៗគ្មានពេលសម្រាក ប៉ុន្តែទទួលបានរបបអាហារមិនគ្រប់គ្រាន់។ អ្នកដែលហ៊ានប្រកែកតវ៉ា និងត្រូវបានចោទប្រកាន់ថាជាខ្មាំងប្រឈមមុននឹងការនាំយកទៅសម្លាប់ដោយគ្មានត្រាប្រណី។​

ខាត់ ធូ មានអាយុ៦៧ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ នៅឆ្នាំ១៩៧០ ធូ និងគ្រួសារបានផ្លាស់ប្តូរទីលំនៅពីភូមិព្រៃខ្លា ទៅរស់នៅ និងធ្វើការនៅ​ភ្នំពេញមួយរយៈ ដើម្បីគេចចេញពីសង្គ្រាម និងការទម្លាក់គ្រាប់បែក។

នៅ​ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលខ្មែរក្រហម​ទទួលបានជ័យជម្នះលើរបប លន់ នល់ ខ្មែរក្រហម​បានបង្ខំឲ្យប្រជាជនទាំងអស់ចេញពីទីក្រុងភ្នំពេញដោយយកហេតុផលថាចេញតែ៣ថ្ងៃ ដើម្បីគេចពីការ​ទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក​។ ប្រជាជនរស់នៅទីក្រុងភ្នំពេញបានបង្ខំចិត្តចាកចេញពីទីកន្លែងដែលធ្លាប់រស់នៅយ៉ាងមានសុភមង្គល និងបានធ្វើដំណើរក្រោមកម្ដៅថ្ងៃក្តៅហែងក្នុងរដូវប្រាំងខែចេត្រ ដើម្បីឆ្ពោះទៅស្រុកកំណើតរៀងៗខ្លួននៅតាមបណ្តាល​ខេត្តនានា។

ចំណែក ធូ និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសចេញពីភ្នំពេញឲ្យទៅរស់នៅខេត្តកំពង់ចាម។ ពេលទៅដល់កំពង់ចាម ធូ ត្រូវបាន​ខ្មែរក្រហមចាត់ឲ្យរស់នៅ និងធ្វើការក្នុងកងចល័ត។ គាត់ត្រូវធ្វើការដូចជា ជីក​ប្រឡាយ កាប់ដី រែកដី លើកទំនប់ ភ្ជួរស្រែ និងការងារផ្សេងៗទៀតតាមតែអង្គការបញ្ជា។ ធូ បន្តថាគាត់បានជីកប្រឡាយពីតំបន់មួយទៅតំបន់មួយឆ្ងាយ​ៗពីកន្លែង​គាត់ស្នាក់នៅ។ គាត់ត្រូវធ្វើការហួស កម្លាំង ដើម្បីជីវិតរស់ព្រោះនៅពេលនោះគាត់ទទួលបានរបបអាហារតិចតួចប៉ុណ្ណោះ។

ធូ ធ្លាប់ឃើញឈ្លបខ្មែរក្រហមសម្លាប់ប្រជាជនដោយគ្មានក្តីអាណិតមេត្តាគ្រាន់តែ​ប្រជាជនធ្វើការងារមិនសម្រេចបានតាមផែនការរបស់អង្គការកំណត់។ ធូ និយាយថា៖ “របបខ្មែរក្រហមបានចាត់ទុកប្រជាជនខ្លួនឯងគឺជាទាសករ។ អ្នកដែលហ៊ានប្រកែកតវ៉ា ឬនិយាយមិនល្អពីអង្គការនឹងត្រូវនំាយកទៅរៀនសូត្រ ឬសម្លាប់ចោល។ អ្នកជំងឺស្រាលៗត្រូវទៅធ្វើការងារដើម្បីទទួលបានរបបអាហារ។”

រឿងរ៉ាវដែល ធូ ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការហូបអាហារមិនគ្រប់គ្រាន់ និងហេតុការណ៍ដែលគាត់ឃ្លានខ្លាំងពេកបានទៅលួចស្ករអង្គការបាន១ដុំ​ដើម្បីហូប។ នៅពេលឈ្លបខ្មែរក្រហមតាម​ទាន់ ក៏ជាន់ស្ករនោះនឹងដីព្រមទាំងគម្រាមសម្លាប់គាត់ទៀតផង ប្រសិនបើប្រព្រឹត្តកំហុសនេះម្តងទៀត។

ធូ នៅក្នុងរបបខ្មែរក្រហមក៏ធ្លាប់ឃើញយុវជនធ្វើការក្នុងកងចល័តជាមួយ ឈឺមិនអាចទៅធ្វើការកើតហើយ​ត្រូវអង្គការឈប់​ផ្តល់របបអាហាររហូតធ្វើឲ្យយុវជននោះធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ រហូត​បាត់បង់ជីវិត​ដោយគ្មានការអើពើពីខ្មែរក្រហម។ និងបានស្លាប់ដោយគ្មានការគិតគូរពីរបបខ្មែរក្រហម។

ក្រោយពីរបបខ្មែរក្រហមដួលរលំ ធូ និងគ្រួសារបានធ្វើដំណើរ ត្រលប់​ពីខេត្តកំពង់ចាម ដើម្បីមករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។

បច្ចុប្បន្នដោយសារតែ ធូ មានអាយុច្រើន និងធ្លាប់ធ្វើការងារធ្ងន់ក្នុងរបបខ្មែរក្រហមគាត់មានជំងឺប្រចាំកាយច្រើនមុនដូចជា ជំងឺក្រពះ ជំងឺពោះវៀន ជំងឺលើសសម្ពាធឈាម និងជំងឺឈឺសន្លាក់ដៃ ឈឺសន្លាក់ជើងជាដើម។ គាត់បានស្នើឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាជួយគាត់លើបញ្ហាពិនិត្យ និងថែទាំសុខភាព។

សម្ភាសន៍ដោយ ថន ធារ៉ា ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin