អ្នកធ្វើជីលេខមួយ

ឃឹម ស្រាង រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ ឃឹម ស្រាង ភេទប្រុស មានអាយុ ៧៩ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ អស់រយៈពេលជាច្រើនឆ្នាំកន្លងផុត ស្រាង នៅតែចងចាំមិនភ្លេចពីរឿងរ៉ាវដែលកើតឡើងនាសម័យខ្មែរក្រហម និងការងារ ជាអ្នកធ្វើជីលេខមួយរបស់គាត់។ ប្អូនប្រុសរបស់ ស្រាង ម្នាក់ ត្រូវបានខ្មែរក្រហមនាំយកទៅរៀនសូត្រ និងបាត់ខ្លួនរហូតមក ធ្វើឲ្យ ស្រាង យល់ថារបបខ្មែរក្រហម គឺជារបបមួយដ៏ឃោរឃៅ។

នៅឆ្នាំ១៩៧៤ ស្រាង បានសឹក និងរៀបការនៅអូររូង ខេត្តរតនគិរី។ បន្ទាប់មក ខ្មែរក្រហមបានជម្លៀស ស្រាង ចេញពីភូមិ និងចាត់តាំង ស្រាង ឲ្យធ្វើជីលេខមួយនៅសហករណ៍ត្រពាំងក្រហម។ ខ្មែរក្រហមចាត់ទុក ស្រាង ជាអ្នកវណ្ណៈពិសេស និងសួរគាត់ថា៖  “តើធ្វើជីលេខមួយបានដែរឬទេ?”។ ដើម្បីរស់ ស្រាង បានឆ្លើយថា៖ “បាន” ទាំងគាត់មិនដែលធ្វើជីពីមុនមក។

ជារៀងរាល់ព្រឹក ស្រាង ត្រូវក្រោកពីព្រឹកនៅម៉ោង ៤ទៀបភ្លឺ ដើម្បីប្រមូលលាមកមនុស្សតាមផ្ទះ។ ស្រាង ត្រូវបររទេះគោ និងដឹកលាមកទាំងនោះទៅដាក់ឃ្លាំង នៅឯភូមិពីរ (សហករណ៍ត្រពាំងក្រហម)។ នៅឃ្លាំង ស្រាង ត្រូវដុតអង្កាម, ដំដីដំបូក និងយកប៉ែលចូកផេះ ដើម្បីលាយជាមួយលាមក។ បន្ទាប់ពីលាយរួច ស្រាង ត្រូវដឹកជីទាំងនោះ ទៅបាចដាក់តាមវាលស្រែ។ ក្រៅពីធ្វើជីលេខមួយ ស្រាង ក៏ត្រូវទៅដកដំឡូងដែលអាចមានរយៈពេលរហូតដល់២៥ថ្ងៃ ឬទៅជីកប្រឡាយ, ជីកស្រះ, កាប់ឈើ, ដឹកកណ្ដាប់ស្រូវ និងលើកទំនប់នៅត្រពាំងស្រែអង្គ្រង។

នៅពេលល្ងាច ស្រាង ត្រូវប្រជុំជីវភាព ដោយកសាង ឬទិតៀនសមាជិកក្នុងក្រុមទៅវិញទៅមក។ ក្នុងក្រុមរបស់ ស្រាង មានប្រធានម្នាក់ និងសមាជិកបីនាក់រួមទាំង ស្រាង ទទួលបន្ទុកធ្វើជីលេខមួយ។ នៅពេល ស្រាង កំពុងធ្វើជីនៅឃ្លាំង មានយោធាដែលជាជនជាតិភាគតិចចុះមកពិនិត្យ និងពិសោធក្រុមរបស់ស្រាង។ ដូច្នេះ ស្រាង មិនហ៊ាននិយាយថា ស្អុយ នោះទេ។ ជួនកាល គាត់ត្រូវទូលលាមកទាំងនោះទៀតផង។ ចំណែកប្រពន្ធរបស់គាត់ ត្រូវទៅដកស្ទូង ហើយកូនទាំងពីររបស់គាត់ ត្រូវដាក់​ឲ្យស្ត្រីវ័យចំណាស់មើលថែ។ នៅពេលយប់ ទើប ស្រាង បានជួបជុំគ្រួសារ។

ក្រុមធ្វើជីរបស់ ស្រាង ត្រូវហូបបាយនៅរោងបាយនៅភូមិពីរ ដែលមានដំឡូងស្ងោរ និងបាយដំណើប។ ស្រាង បន្តថា ការហូបចុក គឺមិនគ្រប់គ្រាន់នោះទេ។ អ្នក​បររទេះដឹកកណ្ដាប់ស្រូវ តែងលួច​បោះដំឡូងឲ្យគាត់ហូប។ ស្រាង បានយកដំឡូងនោះកប់ក្រោមដីដំបូក ឬផេះ ទុកហូប។

ជាចុងក្រោយ ស្រាង យល់ថាការកាត់ទោសមេដឹកនាំក្នុងរបបខ្មែរក្រហម អាចជួយទប់ស្កាត់របបមួយនេះមិនឲ្យត្រលប់មកវិញ និងបានផ្តល់យុត្តិធម៌ដល់រូបគាត់។ សព្វថ្ងៃ ស្រាង មានជំងឺក្រពះពោះវៀនជា​ជំងឺប្រចាំកាយ៕

សម្ភាសដោយ ឡាយ កូរ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin