អតីតទាហានសម័យ លន់ នល់
(ស្វាយរៀង) ៖ កែន សុផល អាយុ៧០ឆ្នាំ ជាគ្រូបង្រៀនចូលនិវត្តន៍ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុករំដួល ខេត្តស្វាយរៀង។ គាត់ បានឈប់រៀនត្រឹមថ្នាក់ទី៤នៅឆ្នាំ១៩៧១ ក្នុងរបប លន់ នល់ ដោយសារពេលនោះសាលាបិទទ្វា និងមានការទម្លាក់គ្រាប់បែក។
នៅមុនរបបខ្មែរក្រហម សុផល ធ្វើជាទាហាន លន់ នល់ រស់នៅភ្នំពេញ។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គាត់ត្រូវបានជម្លៀសទៅកាន់ខេត្តកំពង់ចាម។ គាត់នៅទីនោះបានមួយរយៈ គាត់ត្រូវបានជម្លៀសបន្តទៅស្រុករំដួល ខេត្តស្វាយរៀង។ នៅស្វាយរៀងគាត់ត្រូវជីកព្រែកស្អាង និងក្រោយមកគេប្រើឲ្យទៅសែងសរសរព្រះវិហារដែលគេបានវាយកម្ទេចយកមកទៅធ្វើផ្ទះឲ្យប្រជាជនស្នាក់នៅ។ នៅទីនេះគាត់ ក៏បានឃើញខ្មែរក្រហមបំផ្លិចបំផ្លាញព្រះពុទ្ធបដិមារករ និងបានវាយកម្ទេចព្រះវិហារ និងបានយកបរិវេណវត្តធ្វើជាមន្ទីរឃុំឃាំងមនុស្ស។
ឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀស សុផល ទៅភូមិភាគពាយ័ព្យ ក្នុងស្រុកបាកាន(លើ) ខេត្តពោធិ៍សាត់។ នៅទីនោះគាត់ត្រូវភ្ជួរស្រែ គាស់គល់ឈើ និងជីកប្រឡាយ តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោងប្រាំពីរយប់។ សុផល បន្តថាគាត់ក៏ដូចជាប្រជាជនបូព៌ាដទៃទៀតមិនហ៊ាននិយាយស្តីអ្វីផ្តេសផ្តាសទេ សូម្បីតែជួបអ្នកស្គាល់គ្នាក៏មិនហ៊ានសួរនាំគ្នាច្រើនដែរ ព្រោះខ្លាចនិយាយខុសដឹងដល់អង្គការគេយកទៅសម្លាប់ចោល។ រៀងរាល់បីថ្ងៃម្តង សុផល ត្រូវចូលរួមប្រជុំដើម្បីធ្វើស្វ័យទិតៀនគ្នាទៅវិញទៅមក អ្នកដែលមិនសូវសកម្មការងារនឹងត្រូវបានរាយការណ៍ប្រាប់ថ្នាក់ដឹកនាំសហករណ៍ ត្រូវបានយកទៅរៀនសូត្រ។
សុផល បន្តថា នៅខេត្តពោធិ៍សាត់ ការងារលំបាកជាងនៅខេត្តស្វាយរៀង ប្រជាជនក៏ប្រឈមមុខនឹងការនាំយកទៅសម្លាប់ចោលផងដែរ តាមរយៈការធ្វើប្រវត្តិរូបជាញឹកញាប់ គាត់បានលាក់ប្រវត្តិរូបជាអតីតទាហាន លន់ នល់ មកជាប្រជាជនធម្មតា។ ចំណែករបបអាហារវិញទទួលបានបបរមួយថ្ងៃមួយថ្នាំងហូបគ្នា១០នាក់ សម្រាប់ពីរពេល។ សុផល បន្តទៀតថា ប្រជាជនជម្លៀសមកពីភូមិភាគបូព៌ាជាប្រជាជនថ្មីគ្មានសិទ្ធិដូចប្រជាជនមូលដ្ឋានទេ ការងារត្រូវធ្វើច្រើនជាងគេ និងទទួលបានរបបអាហារតិចជាងគេ។
សុផល ធ្លាប់ឃើញទាហានខ្មែរក្រហមវាយសម្លាប់ប្រជាជនមកពីស្រុកជាមួយគាត់នៅកន្លែងធ្វើការដោយសារធ្វើការមិនគ្រប់តាមផែនការរបស់គេ។
ក្នុងរបបខ្មែរក្រហម សុផល បានបាត់បង់ឪពុក ដោយសារគាត់ធ្វើជាទាហានក្នុងរបប លន់ នល់ និងប្អូនស្រី ស្លាប់ដោយសារតែជំងឺ និងហូបមិនគ្រប់គ្រាន់។
ក្រោយរបបខ្មែរក្រហម សុផល និងប្អូនបានវិលត្រឡប់ពីខេត្តពោធិ៍សាត់មករស់នៅស្រុកកំណើតវិញ។ នៅឆ្នាំ១៩៨១ សុផល បានធ្វើជាគ្រូបង្រៀន នៅសាលាបឋមសិក្សាពោធិ៍តារស់ និងបានចូលនិវត្តន៍។
សុផល បានគាំទ្រតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារឲ្យមួយជីវិត។ ការសម្រេចនេះជាយុត្តិធម៌ផ្លូវចិត្តមួយដែលគាត់ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដទៃទៀតអាចទទួលយកបាន ព្រោះអំពើឃោរឃៅពីអតីតកាលត្រូវបាន តុលាការរកឃើញថា បានប្រព្រឹត្តិខុសទៅនឹងច្បាប់។
បច្ចុប្បន្ន សុផល មានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។
សម្ភាសន៍ដោយៈ សុខ ចន្ទ្រា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយៈ អេង សុខម៉េង